នយោបាយ

ព្រឹទ្ធសភាកំណត់ថ្ងៃ ៩ធ្នូ ប្រជុំអនុម័តច្បាប់ថវិកា ឆ្នាំ២០២០ ដែលគ្រោងចំណាយ ៨ពាន់លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ បានកំណត់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៩ខាងមុខ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់សំខាន់ ២ផ្សេងទៀត ។

លោក ម៉ម ប៊ុននាង សមាជិក និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយកិច្ចប្រជុំអចិន្ត្រៃយ៍ថា សេចក្តីព្រាងហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០ ធ្វើឡើងក្នុងគោលបំណង ធ្វើការអភិវឌ្ឍសង្គមឈានដល់ប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។

លោកបញ្ជាក់ថា «ថវិកាឆ្នាំ២០២០ មានគោលដៅគ្រប់គ្រងដល់និរន្តរភាព នៃប្រតិបត្តិការថវិការបស់រដ្ឋ និងដំណើរការរីកចម្រើននៃការ កែទម្រង់ស៊ីជម្រៅនៃសេដ្ឋកិច្ចជាតិ ក្នុងការត្រៀមខ្លួនទប់ទល់ និងឆ្លើយតប្រកបដោយប្រសិទ្ធភាព ចំពោះរាល់បញ្ហាខាងក្នុង និងខាងក្រៅប្រទេស» ។

លោក ម៉ម ប៊ុននាងបន្តថា ថវិកាឆ្នាំ២០២០ នឹងក្លាយជាគោលដៅដ៏មាន ប្រសិទ្ធភាពដែលអាចជួយដល់ រាជរដ្ឋាភិបាលឲ្យសម្រេចបាន គោលដៅជាយុទ្ធសាស្ត្ររបស់ជាតិ សំដៅឲ្យបានពេញលេញ នូវគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់កម្ពុជា ។

សេចក្តីព្រាងច្បាប់ ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដែលចំនួន៧ជំពូក និង១៥មាត្រា នឹងគ្រោងចំណាយជាង ៨ពាន់លានដុល្លារ ត្រូវបានសមាជិករដ្ឋសភាចំនួន ១០៨រូប បានអនុម័តជាឯកច្ឆ័ន្ទហើយ នៅព្រឹកថ្ងៃទី២៦ វិច្ឆិកា ៕

ដោយ ស សំណាង

To Top
×