នយោបាយ

មេធាវីមិនទាន់ត្រៀមខ្លួន បន្តនីតិវីធីការពារលោក កឹម សុខា ខណៈសល់ជាង ២០ថ្ងៃ ដល់ពេលជំនុំជម្រះ

ភ្នំពេញ៖ នៅសល់តែជាង ២០ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃកំណត់ជំនុំជម្រះក្ដី លោក កឹម សុខា ប៉ុន្តែសហមេធាវីការពារក្កីឲ្យលោកកឹម សុខា មិនទាន់បានត្រៀមលក្ខណៈអ្វីថា នឹងបន្តនីតិវិធី ដើម្បីឡើងការពារកូនក្ដីខ្លួននៅឡើយទេ ។

ការដែលក្រុមមេធាវីអះអាងបែបនេះ ដោយសារមកដល់ពេលនេះ មិនទាន់មានឃើញដីការកោះហៅ របស់តុលាការ ។

លោក ផែង ហេង មេធាវីម្នាក់ក្នុងចំណោមមេធាវី ៤រូបផ្សេងទៀត បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ថា “មកទល់ម៉ោងនេះ ខ្ញុំអត់ទាន់បានទទួលដីការកោះហៅពីតុលាការឡើយ ។ អីចឹងខ្ញុំអត់ដឹងថា ត្រូវឡើងទៅ ឬក៏យ៉ាងម៉េច ព្រោះយើងអត់មានដីការអញ្ជើញផងហ្នឹង ។ បើយើងដឹងថា សាច់ញាតិ ឧទាហរណ៍ថា បុណ្យឬក៏ការអី ប៉ុន្តែបើគេមិនហៅ មិនមានលិខិតអញ្ជើញ ឮតែគឺចាក់មេក្រូដើរទៅម៉េចកើត” ។

លោកបន្តថា ចំពោះរឿងដីការកោះហៅនេះដែរ លោកក៏បានសួរកូនក្ដី និងសួរទៅក្រុមមេធាវីផ្សេងទៀត ប៉ុន្តែមិនមានអ្នកណាម្នាក់បានទេ។

កាលពីថ្ងៃ៩ ធ្នូ សាលាដំបូងរាជធានីភ្នំពេញ បានកំណត់ជំនុំជម្រះក្តីលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រោយសាលាឧទ្ធរណ៍បានទាត់ចោលបណ្ដឹងក្រុមមេធាវីលោក កឹម សុខា ដែលប្ដឹងជំទាស់ដីកាបញ្ជូន សំណុំរឿងទៅជំនុំជម្រះដែល ចេញដោយចៅក្រមស៊ើបសួរ តុលាការក្រុងភ្នំពេញ ។

សូមបញ្ជាក់ថា លោក កឹម សុខា ក្រោយពីមានការចោទប្រកាន់ប្រព្រឹត្តអំពើក្បត់ជាតិ លោកត្រូវបានបញ្ជូន ទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំប្រមាណជា១ឆ្នាំ បន្ទាប់មកត្រូវបញ្ជូនមកឃុំក្នុងផ្ទះ១ឆ្នាំទៀត ទើបតុលាការបន្ធូរបន្ថយលក្ខន្តិកៈច្បាប់ ហើយក៏បានជួបណ្តាអង្គទូតជាបន្តបន្ទាប់ ៕

ដោយ៖ ធី លីថូ

To Top
×