នយោបាយ

ប្រធានរដ្ឋសភា ពេញចិត្តចំពោះប្រទេសស៊ុយអ៊ែត ដែលបានជួយអភិវឌ្ឍន៍ SME នៅកម្ពុជា

ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឲ្យលោក ប៊ីចូន ហេកម៉ាគ ឯកអគ្គរដ្ឋទូតថ្មី ប្រទេសស៊ុយអែត ប្រចាំនៅកម្ពុជាចូល ជួបសម្តែងការគួរសមសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានសម្តែងការពេញចិត្ត និងគាំទ្រ ចំពោះលទ្ធផលជាផ្លែផ្កាដែល រាជរដ្ឋាភិបាលប្រទេសកម្ពុជានិងស៊ុយអ៊ែត រួមសហការគ្នានាពេលកន្លងមក។ 

សម្តេចប្រធានរដ្ឋសភា បានកោតសរសើរដល់ប្រទេស ស៊ុយអ៊ែត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍ ស៊ីដា (SIDA) បានចូលរួមជួយអភិវឌ្ឍ វិន៍ស័យសហគ្រាសខ្នាតតូច និងមធ្យម (SME)ដល់កម្ពុជា ។

ក្នុងជំនួបនាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូឆ្នាំ២០១៩ នៅវិមានរដ្ឋសភា សម្តេច ហេង សំរិន បានមានប្រសាសន៍បន្តថា ក្នុងអាណត្តិនៃបេសកកម្មការទូត របស់លោក ប៊ីចូន ហេកម៉ាគ សម្តេចសង្ឃឹមថា ស៊ុយអ៊ែតនឹងបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការស្អិតរមួតជាមួយកម្ពុជា ជាពសេស លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ ទេសចរណ៍ និងវប្បធម៌ ជាដើម។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានស្នើរដ្ឋាភិបាល ស៊ុយ អ៊ែត បន្តជួយបណ្តុះបណ្តាល ធនធានមនុស្ស និងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា បានបន្ត ការសិក្សាថ្នាក់ឧត្តមសិក្សានៅ ស៊ុយ អ៊ែត។

សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា កម្ពុជា ត្រូវការធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ឲ្យ កាន់តែមានការរីកចម្រើនបន្ថែមទៀត។

លោក ប៊ីចូន ហេកម៉ាគ បានគំាទ្រចំពោះប្រសាសន៍លើកឡើង របស់សម្តេចប្រធានរដ្ឋសភា និងបានគូសបញ្ជាក់ពី ជំនួយនានាដែលប្រទេសស៊ុយអ៊ែតបានជួយមកដល់កម្ពុជា នាពេលកន្លងមក មានដូចជាគំាទ្រដល់ដំណើរការតុលាការ កាត់ទោសមេដឹកនាំខ្មែរក្រហម សកម្មភាពមនុស្សធម៌ វិស័យអប់រំ វិស័យកសិកម្ម ជាដើម។

លោកឯកអគ្គរដ្ឋទូត បានអបអរសាទរចំពោះ កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍ ដ៍រឹងមាំរបស់ប្រទេសកម្ពុជា ជាពិសេសការកាត់បន្ថយភាពក្រីក្រជារៀងរាល់ឆ្នាំ។ ប្រទេសស៊ុយអ៊ែតសន្យា បន្តគាំទ្រដល់កម្ពុជា។ លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា កម្ពុជានិងស៊ុអ៊ែតជាដៃក្នុងការដោះស្រាយញ្ហារួមមួយចំនួន ដែលមានដូចជាការប្រែប្រួលអាកាសធាតុ និងការជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាព។

ក្នុងនាមរដ្ឋសភា សម្តេច ហេង សំរិន បានសម្តែង ក្តីរីករាយនិងស្វាគមន៍ ចំពោះបេសកកម្មការទូតរបស់លោក ប៊ីចូន ហេកម៉ាគ។រដ្ឋសភាកម្ពុជា គាំទ្រ និងសន្យាធ្វើកិច្ចសហការ ឲ្យបានពេញលេញ ដើម្បីឲ្យបេសកកម្មការទូតរបស់លោក នៅកម្ពុជា ទទួលបានជោគជ័យ៕

To Top