ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត នៅព្រឹកថ្ងៃអង្គារទី៧ ខែមករា ឆ្នាំ២០២០នេះ បាននិងកំពុងអញ្ជើញចូលរួម ប្រារព្ធពិធីអបអរសាទរខួប៤១ឆ្នាំ នៃថ្ងៃជ័យជម្នះ៧មករា (៧មករា ១៩៧៩-៧មករា ២០២០) ប្រារព្ធធ្វើឡើងនៅ មជ្ឈមណ្ឌលកោះពេជ្រ ដែលនឹងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាង៥ម៉ឺននាក់។
យោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថាការប្រារព្ធពិធី អបអរសាទរថ្ងៃជ័យជម្នះ ៧ មករា ថ្ងៃនេះ គឺបង្ហាញអោយឃើញនូវ ស្មារតីចងចាំជានិច្ច ចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់វីរកម្មាភិបាល យុទ្ធជនយុទ្ធនារីនៃរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជាដែល បានធ្វើការលះបង់យ៉ាងធំធេង ក្នុងការប្រយុទ្ធផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត និង ការពារការរស់ឡើងវិញរបស់កម្ពុជា៕