ភ្នំពេញ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសម្ដែងការគាំទ្រចំពោះ រាជរដ្ឋាភិបាលដែលមានគម្រោង ញែកតួនាទី មន្រ្តីបក្ស និងរាជរដ្ឋាភិបាល ឲ្យចេញពីគ្នា ដើម្បីធានាតម្លាភាពវិស័យនយោបាយ និងការបម្រើតួនាទីមុខងារសាធាណៈ ។
ប្រធានគណបក្សយុវជន សម្ដែងការគាំទ្របែបនេះ ក្រោយពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិងកំពុងធ្វើការសិក្សា ដើម្បីញែកតួនាទី និងភារកិច្ចរបស់ក្រុមការងារមន្រ្តី នៃគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យដាច់ចេញពីគ្នា កុំឲ្យមានការច្រឡំគ្នាទៀត។
លោក ពេជ្រ ស្រស់ បានសរសេរនៅលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩នេះថា «ជារឿងដ៏ត្រឹមត្រូវបំផុត ដែលក្រសួងមហាផ្ទៃមានចេតនាបែងចែក តួនាទីមន្រ្តីបក្សនយោបាយ និងមន្រ្តីបម្រើរដ្ឋាភិបាល ដើម្បីធានាបានតម្លាភាពក្នុងវិស័យនយោបាយ និងការបម្រើតួនាទី ក្នុងមុខងារសាធាណៈ»។
លោកបន្ដថា បច្ចុប្បន្ននេះមានសាលា ឃុំ-សង្កាត់ មួយចំនួនរកមេឃុំមិនឃើញទេ ប៉ុន្តែបើទៅរកនៅទីស្នាក់ការបក្ស គឺ ឃើញមេឃុំនៅទីនោះ ។ ដូច្នេះ ធ្វើឲ្យពលរដ្ឋមួយចំនួន ទើសទាល់ណាស់ពីព្រោះថា ពលរដ្ឋមួយចំនួនមិនមាននិន្នាការ ខាងបក្សកាន់អំណាចទេ ក៏ប៉ុន្តែដើរចូលទៅស្នាក់ការបក្សកាន់អំណាច ដើម្បីស្វែងរកមេឃុំ។
ប្រធានគណបក្សបញ្ជាក់ថា ការបែងចែកតួនាទីឲ្យដាច់ស្រលះបែបនេះគឺជាការកែទំរង់ ឲ្យអំណាចមុខងារ សារធាណៈស្ថិតក្នុងអំណាចរបស់ពលរដ្ឋ គឺមិនស្ថិតនៅលើអំណាច បក្សទៀតឡើយ៕
ដោយ៖ អេង ប៊ូឆេង