ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ ជូនដំណឹងដល់សាធារណជន ដែលមានបំណងចូលរួម ស្តាប់សវនាការលោក កឹម សុខា មកទំនាក់ទំនងជាមួយ លេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួម ចាប់ពីថ្ងៃទី១០-១៤ ខែមករា ឆ្នាំ២០២០ ត្រឹមវេលាម៉ោង១១ និង៣០នាទីព្រឹក
យោងតាមសេចក្ដីជូនដំណឹង របស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី៩ មករា បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាប ជូនសាធារណជនជាតិ និងអន្តរជាតិឱ្យបានជ្រាបថា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៨ និង៣០នាទីព្រឹក សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជាសាធារណៈ នៅសាលសវនាការទី១ ដើម្បីជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌ
លេខ៤៧៧៧ ចុះថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ដែលមានជនជាប់ចោទឈ្មោះ កឹម សុខា ភេទប្រុស សញ្ជាតិខ្មែរ កើតថ្ងៃទី២៧ ខែមិថុនា ឆ្នាំ១៩៥៣ ជាប់ចោទពីបទ សន្និដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ។
សាលារាជធានីភ្នំពេញបញ្ជាក់ថា ដោយហេតុថា សាលសវនាការនេះអាចទទួល សាធារណជនចូលរួមស្តាប់ បានត្រឹមចំនួនប្រមាណជាង ៣០នាក់ តែប៉ុណ្ណោះ ហើយដើម្បីឱ្យដំណើរការសវនាការប្រព្រឹត្តទៅបានរលូន ធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ សាធារណជនដែលមានបំណងចូលរួមស្តាប់សវនាការនេះ អញ្ជើញមកទំនាក់ទំនង ជាមួយលេខាធិការដ្ឋានរដ្ឋបាល នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចុះឈ្មោះ និងទទួលយកប័ណ្ណចូលរួម ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ត្រឹមវេលាម៉ោង១១ និង៣០នាទីព្រឹក។