នយោបាយ

សម្តេច ហេង សំរិន ចូលរួមកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ APPF លើកទី២៨ នាទីក្រុងកង់បេរ៉ា

ភ្នំពេញ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានAPPF លើកទី២៧ នៅព្រឹកថ្ងៃទី១៣ ខែមករានេះ បានដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ ដែលរៀបចំធ្វើឡើងនៅវិមានរដ្ឋសភា ប្រទេសអូស្រ្តាលី ក្នុងទីក្រុងកង់បេរ៉ា មុនពិធីបើកកិច្ចប្រជុំប្រចំាឆ្នាំ លើកទី២៨ ជាផ្លូវការ។

យោងតាមគេហទំព័រ ហ្វេសប៊ុករបស់សម្ដេច ហេង សំរិន បានឲ្យដឹងបន្ថែមថា កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៨ ដែលសភាប្រទេសអូស្រ្តាលី ធ្វើជាម្ចាស់ផ្ទះនាពេលនេះ ដំណើរការពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ មករាក្រោមមូលបទ “ភាពជាដៃគូសភាសម្រាប់ ឆ្នាំ២០២០ និងឆ្នំាបន្តបន្ទាប់”។

កិច្ចប្រជុំគណៈកម្មាធិការ ប្រតិបត្តិជាកិច្ចប្រជុំដ៏សំខាន់ ដើម្បីអនុម័តលើរបៀបវារៈ ដំណើរកិច្ចប្រជុំប្រចំាឆ្នាំទំាងស្រុង។ សមាជិកគណៈកម្មការប្រតិបត្តិ APPF ចូលរួម មានប្រទេសអូស្រា្តលី សាធារណកូរ៉េ រុស្ស៊ី ជប៉ុន ចិន ឡាវ ម៉ាឡេស៊ី ហ្វីជី ណូវែលហ្សឡង់ និងកាណាដា។

ចំណែកសភាប្រទេសកម្ពុជា ត្រូវបានសភាប្រទេសអូស្រ្តាលី ជាម្ចាស់ផ្ទះកិច្ចប្រជុំ អញ្ជើញឱ្យចូលរួមក្នុងគណៈកម្មាធិការប្រតិបត្តិនេះ ដើម្បីចែករំលែក បទពិសោធន៍ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំកិច្ចប្រជុំ APPF លើកទី២៧។ ជោគជ័យទំាងខ្លឹមសារកិច្ចប្រជុំ និងជោគជ័យទំាងការរៀបចំ រួមនឹងការដឹកនាំកិច្ចប្រជុំ គឺជាអ្វីដែលសភាអូស្រ្តាលីរំពឹងថា នឹងជាបទពិសោធន៍មួយល្អពីកម្ពុជា ដែលសមាជិក APPF ផ្សេងទៀត អាចរៀនសូត្រដើម្បីរៀបចំកិច្ចប្រជុំ APPF ទទួលបានភាពជោគជ័យ បន្តបន្ទាប់ទៅមុខទៀត។

សភាប្រទេសអូស្រ្តាលីទទួល ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំប្រចាំឆ្នាំ APPF លើកទី២៨ នៅពេលនេះគឺបន្តពីសភាកម្ពុជា ដែលបានធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ APPF លើកទី២៧ កាលពីដើមឆ្នាំ២០១៩ នៅខេត្តសៀមរាប៕

To Top