នយោបាយ

មនុស្សជំនិត រំលឹកពាក្យទូន្មានលោក កឹម សុខា តស៊ូផ្លូវនយោបាយ ខណៈសល់ ២ថ្ងៃទៀត នឹងជំនុំជម្រះក្តីក្បត់ជាតិ

ភ្នំពេញ៖ លោក មុត ចន្ថាដែលគេដឹងថា ជាមនុស្សជំនិត និងបច្ចុប្បន្ននាយខុទ្ទកាល័យរបស់លោក កឹម សុខា នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០នេះ បានធ្វើការក្រើនរំលឹក នូវពាក្យដំបូន្មានលោកកឹម សុខា ៣ឃ្លា ក្នុងការតស៊ូផ្នែកនយោបាយ។

សាលាដំបូងរាជធានីភ្នំពេញប្រកាសថា នឹងបើកសវនាការជាសាធារណៈនៅសាលសវនាការទី១ ដើម្បីជំនុំជម្រះ លើសំណុំរឿងព្រហ្មទណ្ឌលោក កឹម សុខា ដែលជាប់ចោទពីបទសន្និដ្ឋិភាព ជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០។ ក្នុងសវនាការនោះ នឹងអនុញ្ញាតឲ្យអ្នកចូលស្តាប់ត្រឹមតែ ៣០នាក់ប៉ុណ្ណោះ។

ពាក្យទូន្មានរបស់លោកប្រធាន កឹម សុខា ក្នុងការតស៊ូតាមផ្លូវនយោបាយគឺ៖ សូមកុំយកក្បាលជល់ថ្ម, សូមកុំបង្កបញ្ហា និងសូមដោះស្រាយបញ្ហាដោយសន្តិវិធី។

លោក មុត ចន្ថាបានលើកឡើងក្នុងហ្វេសប៊ុកថា ពាក្យស្លោកទូន្មានទាំង៣នេះ គឺលោកបានដាស់តឿន ដល់មន្រ្តីក្រោមឱវាទត្រូវធ្វើយ៉ាងចៀសវាងឲ្យបាននូវ ការប្រើប្រាស់កម្លាំងបាយ និងមធ្យោបាយហិង្សាជាដាច់ខាត ក្នុងការតស៊ូតាមផ្លូវនយោបាយ។

លោកថា “ការតស៊ូនយោបាយរបស់យើង គឺតាមរយៈគណបក្សនយោបាយស្របច្បាប់ ដើម្បីចូលរួមប្រកួតប្រជែងនៅក្នុងដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងប្រជាធិបតេយ្យ ហើយយើងត្រូវប្រកួត លើគោលនយោបាយ និងកម្មវិធីនយោបាយ ដោយមិនត្រូវប្រើប្រាស់ ពាក្យពេជ្រជេរប្រមាថ លាបពណ៌ ចោទប្រកាន់ មួលបង្កាច់ និងរើសអើងជាតិសាសន៍ដែលបង្កជាបញ្ហា ជម្លោះ និងការឈឺចាប់” ។

លោកបន្ថែមថា សំខាន់ជាងនេះ ការដោះស្រាយបញ្ហាត្រូវធ្វើឡើងដោយសន្តិវិធី ហើយថា គ្មានបញ្ហាណាដែលអាចត្រូវដោះស្រាយបានដោយហិង្សាឡើយ។ លោកប្រធាន កឹម សុខា បានគូសបញ្ជាក់ថា «អំពើហិង្សានាំឲ្យជាតិ និងប្រជាពលរដ្ឋខ្មែរ គឺជាអ្នកចាញ់ និងជាអ្នកខាតបង់» ៕

To Top