នយោបាយ

ឈានចូលថ្ងៃទី២ សវនាការសំណុំរឿងលោក កឹម សុខា ភ្ជាប់ជាមួយការរឹតបន្តឹងសន្តិសុខ ពេញបរិវេណតុលាការ

ភ្នំពេញ៖ តុលាការបានបន្តសវនាការសំណុំរឿង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ទន្ទឹមនឹងកងកម្លាំងចម្រុះ បានដាក់ពង្រាយជាធម្មតាដូចសវនាការថ្ងៃទី១ ដែរ ។

បាតុភាពទូទៅថ្ងៃទី១ នៃសវនាការរឿងក្តីនេះ ឃើញថា មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ពោលគឺ ដំណើរការនីតិវិធី ដើរដោយរលូន គ្មានការរារាំង ឬរាំងស្ទះអ្វីឡើយ ។ 

ក្រឡេកមើលក្រុមអ្នកសារព័ត៌មានវិញ អ្នកដែលបានចុះឈ្មោះមុន គឺបានចូលស្តាប់ក្នុង បន្ទប់សវនាការដោយផ្ទាល់ ។ ចំណែក អ្នកមិនបានចុះឈ្មោះ គឺបានត្រៀមឈរ នៅបរិវេណម្ខាងទៀត ខាងមុខតុលាការដើម្បីរង់ចាំយកព័ត៌មាន ។

លោក កឹម សុខា ត្រូវបានតុលាការចោទប្រកាន់ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬ ហៅថា ទោសក្បត់ជាតិ ឃុបឃិតគ្នាជាមួយបរទេស ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលកម្ពុជា ។

ទោះបីយ៉ាងណា ជុំវិញការចោទប្រកាន់នេះ លោក កឹម សុខា បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ថា លោកមិនប្រព្រឹត្តដូចការចោទប្រកាន់ទេ ដោយសុំឲ្យតុលាការទម្លាក់ បទចោទប្រកាន់នេះចោលវិញជាស្ថាពរ ។

សវនាការរឿងក្តីដ៏ក្តៅគគុកនេះ នឹងអាចពន្យាពេលជាច្រើនថ្ងៃបន្តទៀត ដោយសារតែ មានអ្នកពាក់ព័ន្ធជាច្រើន ដែលនឹងត្រូវផ្តល់សក្ខីកម្មដល់តុលាការ ៕

To Top