នយោបាយ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ២ថ្ងៃ នៅវៀតណាម

ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ មករានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន ចាប់ពីពីថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២០ នៅខេត្តញ៉ាចាង សាធារណរដ្ឋសង្គមនិយមវៀតណាម ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ កាលពីថ្ងៃទី១៤ មករា បានឲ្យដឹងថា ការអញ្ជើញទៅចូលរួមកិច្ចប្រជុំចង្អៀត របស់ប្រមុខការទូតខ្មែរ គឺតបតាមការអញ្ជើញរបស់លោក ផាម ប៊ិញមិញ (Pham Binh Minh) ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីការបរទេសវៀតណាម ។

ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» កិច្ចប្រជុំចង្អៀតនេះ ជាវេទិកាមួយសម្រាប់ រដ្ឋមន្រ្ដីការបរទេសអាស៊ាន ធ្វើការផ្លាស់ប្តូរការយល់ឃើញ និងគំនិតទៅលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានឆ្នាំ២០២៥ និងលើកកម្ពស់បន្ថែមទៀតនូវការឯកភាព សមាហរណកម្ម និងការតភ្ជាប់ អត្តសញ្ញាណរួមរបស់អាស៊ាន ព្រមទាំងការចូលរួមជាមួយនឹងសហគមន៍ពិភពលោក និងសមត្ថភាពស្ថាប័ន។

ក្នុងនាមជាប្រធានអាស៊ាន នៅឆ្នាំ២០២០ ប្រទេសវៀតណាម បានលើកឡើងនូវចំណុច អាទិភាពចំនួន៥ ដែលផ្តោតសំខាន់ទៅលើការ លើកកម្ពស់ការចូលរួមចំណែក ដ៏សកម្មរបស់អាស៊ាន ក្នុងការថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាពតំបន់ ការជំរុញឲ្យកាន់តែខ្លាំង នូវសមាហរណកម្មសេដ្ឋកិច្ច និងការតភ្ជាប់អាស៊ាន ការលើកកម្ពស់អត្តសញ្ញាណអាស៊ាន និងការយល់ដឹងអំពីសហគមន៍អាស៊ាន ការពង្រឹងភាពជាដៃគូ សកលរបស់អាស៊ាន ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងការបង្កើនប្រសិទ្ធភាព និងសមត្ថភាពស្ថាប័នរបស់អាស៊ាន៕

To Top