នយោបាយ

សមាជិកសភាអាមេរិក សន្យាថា គោរពអធិបតេយ្យភាព និងមិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងកម្ពុជា

ភ្នំពេញ៖ សមាជិកសភាសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានបញ្ជាក់ថា នឹងជួយជំរុញឲ្យទំនាក់ទំនង រវាងសហរដ្ឋអាមេរិក-កម្ពុជា កាន់តែល្អប្រសើរថែមទៀត ជាពិសេសសន្យាគោរពអធិបតេយ្យភាព មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង របស់កម្ពុជាឡើយ ។ នេះបើតាមការអះអាងរបស់លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរតេសខ្មែរ ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២២ មករានេះ សមាជិកសភាអាមេរិក បានលើកឡើងថា យើងមានកិច្ចប្រជុំមួយ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ទាក់ទងនឹងការជជែកពិភាក្សាគ្នា ដោយត្រឹមត្រូវ មានការជជែកវែកញែកគ្នា ជាពិសេសបានជជែកគ្នា ទាក់ទងនិងរឿងដែលកង្វល់ កាលពីអតីតកាល ។ សម្រាប់នៅសហរដ្ឋអាមេរិក មានគណបក្ស ២ដែលបានធ្វើការរួមគ្នាយ៉ាងល្អ ហើយយើងមើលឃើញ ពីគំរូប្រជាធិបតេយ្យ នៅអាមេរិក ទោះមានបញ្ហាខ្វែងគ្នា ក៏យើងតែងតែធ្វើការជាមួយគ្នាបានយ៉ាងល្អ ។

សមាជិកសភាអាមេរិកបន្តថា “យើងតែងតែធ្វើការជាមួយគ្នា ទោះបីនៅគណបក្ស ផ្សេងគ្នាក៏ដោយ ប៉ុន្តែយើងបានជជែកគ្នាទាក់ទងនិង ប្រយោជន៍សម្រាប់ប្រជាជនរបស់អាមេរិក ។ យើងក៏បានជជែកគ្នា ពីការព្រួយបារម្ភរបស់អាមេរិក ទាក់ទិននិងអធិបតេយ្យភាពកម្ពុជា ដែលពេលថ្មីៗនេះយើងបានលើកឡើង ពីច្បាប់របស់កម្ពុជា “។

ទន្ទឹមគ្នានោះដែរលោក កុយ គួង បានប្រាប់អ្នកសារព័ត៌មានថា ភាគីទាំងពីរបានពិភាក្សាគ្នា ប្រកបដោយផ្លែផ្កា ដោយធ្វើយ៉ាងណាជំរុញទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក ឲ្យកាន់តែមានភាពស៊ីជម្រៅ និងរឹងមាំបន្ថែមទៀត ។ ភាគីអាមេរិក បញ្ជាក់ថា កន្លងមករដ្ឋាភិបាល និងរដ្ឋាភិបាល ធ្វើការងារជាមួយគ្នា ប៉ុន្តែពេលនេះមិនត្រឹមតែរដ្ឋាភិបាលទេ គឺសភាអាមេរិកក៏មានចេតនា យ៉ាងខ្លាំងក្នុងការលើកស្ទួយ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល់គ្រប់វិស័យ រវាងកម្ពុជា-អាមេរិក ។

លោកបន្តថា “ភាគីទាំងពីរក៏បានពិភាក្សាគ្នាថា តើត្រូវធ្វើយ៉ាងណាទៀត ដើម្បីឲ្យប្រទេសទាំងពីរ កាន់តែមានទំនាក់ទំនង ល្អប្រសើរ ទោះយ៉ាងណាក៏ដោយ ពាក់ព័ន្ធបញ្ហានេះអាមេរិក បានសន្យាថា នឹងគោរពអធិបតេយ្យភាពកម្ពុជា “។

លោកបន្ថែមថា ទាក់ទិននិងបញ្ហាដែលថា កម្ពុជាអនុញ្ញាតឲ្យមាន មូលដ្ឋានទ័ពបរទេសលើទឹកដីកម្ពុជានោះ លោកឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ទៅកាន់ភាគីអាមេរិកថា នេះគ្រាន់តែជាពាក្យចចាមអារាមទេ ហើយកន្លងមកសម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ច្បាស់ថា កម្ពុជាមិនអនុញ្ញាតឲ្យ មានមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន ជាដាច់ខាត ។ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅទីក្រុងបាងកក ប្រមុខការទូកម្ពុជា ក៏បានបញ្ជាក់ច្បាស់ដែរថា នេះគ្រាន់តែជាពាក្យចចាមអារាម ។

លោក កុយ គួង បញ្ជាក់ថា ភាគីទាំងពីរក៏បានពិភាក្សាគ្នា ពីដំណើរការសវនាការក្ដី របស់លោក កឹម សុខា ផងដែរ ។ លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ដំណើរការសវនាការក្ដីលើលោក កឹម សុខា គឺប្រព្រឹទ្ធទៅដោយតម្លាភាព ច្បាស់លាស់ ជាពិសេសក៏មានការចូលរួមស្ដាប់ពីតំណាងស្ថានទូត បក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាល ប្រមាណជា ៥៨រូបផងដែរ ។

ចំពោះទំនាក់ទំនងរវាងកម្ពុជា-អាមរិក លោក កុយ គួង គូសបញ្ជាក់ថា កម្ពុជាបង្ហាញនូវ បំណងរឹងមាំច្បាស់លាស់ ក្នុងការធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ។ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំទី១ ក្នុងប្រទេសអាស៊ាន ដែលឆ្លើយតបជាវិជ្ជមាន ចំពោះលោកប្រធានាធិបតី ដូ ណាល់ត្រាំ នូវការអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ ទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាមេរិក ដែលនឹងធ្វើនៅថ្ងៃទី១៤ ខែមីនាខាងមុខនេះ ។

អ្នកនាំពាក្យថ្លែងថា អ្វីដែលសំខាន់ភាគីអាមេរិក បញ្ជាក់ថា មិនមែនត្រឹមតែចេតនា ខាងរដ្ឋការរបស់លោក ត្រាំទេ សូម្បីតែសភាទាំងពីរគណបក្ស មានជំហរដូចគ្នាគែចង់ឲ្យ ទំនាក់ទំនងរវាងកម្ពុជា-អាមេរិក កាន់ប្រសើរឡើង ជាក់ស្ដែងសមាជិកសភា ៣រូប ដែលមកជួបលោកឧបនាយករដ្ឋមន្ត្រី ១រូបមកបក្សប្រជាធិបតេយ្យ និង២រូបទៀតមកពីបក្សសាធារណរដ្ឋ សុទ្ធតែមានជំហរដូចគ្នាថា ទោះបីមកពីបក្សផ្សេងគ្នា ក៏ចង់ឲ្យអាមេរិកមានទំនាក់ទំនង កាន់តែប្រសើរជាមួយកម្ពុជា ៕

ដោយ៖ ខា ដា

To Top