នយោបាយ

នាយករដ្ឋមន្រ្តី ជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតសិក្សាស្រាវជ្រាវពី ភូមិសាស្រ្ត យុទ្ធសាស្រ្ត នយោបាយនិងសេដ្ឋកិច្ច (វីដេអូ)

នាយករដ្ឋមន្រ្តី ជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតសិក្សាស្រាវជ្រាវ

នាយករដ្ឋមន្រ្តី ជំរុញឲ្យថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតសិក្សាស្រាវជ្រាវពី ភូមិសាស្រ្ត យុទ្ធសាស្រ្ត នយោបាយនិងសេដ្ឋកិច្ចhttps://www.dap-news.com/politic/2020/01/31/29525/

Posted by Dap_News_Website on Friday, January 31, 2020

ភ្នំពេញ៖ ដោយសម្លឹងឃើញពិភពលោកបច្ចុប្បន្ន មានការប្រែប្រួលនិងស្មុគស្មាញ ដែលកំពុងស្ថិតក្នុងដំណាក់កាល អន្តរកាល ឆ្ពោះទៅរកប្រព័ន្ធពហុប៉ូល ដ៏សាំញ៉ាំក្នុងនោះតួអង្គចាស់-ថ្មី រដ្ឋនិងមិនមែនរដ្ឋ កំពុងប្រកួតប្រជែងគ្នា យ៉ាងតានតឹង ដើម្បីគ្រប់គ្រងចាត់ចែង និងការតម្រង់ទិស របស់ពិភពលោក រវាងប្រទេសមហាអំណាចនោះ សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញនិងលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតខ្មែរ សិក្សាស្រាវជ្រាវពី ភូមិសាស្រ្ត យុទ្ធសាស្រ្ត នយោបាយនិងសេដ្ឋកិច្ចបន្ថែមទៀត។

ថ្លែងក្នុងពិធីបិទសន្និបាតបូក សរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២០ របស់ក្រសួងការបរទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ពិភពលោកដែល មានការប្រទាញប្រទង់ ដោយការប្រកួតតតាំងគ្នា រវាងប្រទេសមហាអំណាចធំៗ ដែលបានប្ដូរភាពជាដៃគូពីមុន មកជាការប្រជែងនិងប្រឆាំងគ្នា។ ក្នុងបរិបទនេះគ្មានអ្នកណា អាចបដិសេធបានទេថា ការប្រជែងគ្នា រវាងមហាអំណាចធំបំផុតទាំងពីរ ជះឥទ្ធិពលនិងប៉ះពាល់ដោយផ្ទាល់ ដល់ដំណើរការ និងការតម្រង់ទិសរបស់ពិភពលោក។

សម្ដេចបន្តថា ស្ថានភាពនេះបានស្តែងចេញ តាមការសើរើឡើង វិញនូវរបៀបរបប ពិភពលោកបើកចំហរមួយ ដែលត្រូវបានបង្កើតឡើង ក្រោយសង្រ្គាមលោកលើកទី២ ហើយដែលទោះជាមិនល្អឥតខ្ចោះក៏ដោយ ក៏បានជួយរក្សាសន្តិភាព និងវិបុលភាពដល់ពិភពលោក អស់រយៈពេលជាង ៧០ឆ្នាំមកហើយដែរ។ ក្រោមសណ្តាប់ធ្នាប់អន្តរជាតិនេះ ស្ថាប័នពហុភាគីជាច្រើន ត្រូវបានបង្កើតឡើងដើម្បី ជួយរក្សាសន្តិភាព បញ្ចៀសសង្គ្រាម រក្សានីតិរដ្ឋអន្តរជាតិ និងដោះស្រាយជំលោះនានាតាមការចរចា។

ពាក់ព័ន្ធជាមួយនឹង របៀបរបបអន្តរជាតិ សម្ដេចបានលើកឡើងថា របៀបរបបអន្តរជាតិ ដែលផ្អែកលើច្បាប់ និងប្រព័ន្ធពហុភាគី និយមនេះកំពុងរងសម្ពាធយ៉ាងធ្ងន់ធ្ងរ ។ សម្ដេចថា ត្រង់នេះក៏មានការដេញដោលគ្នាច្រើន លើនិយមន័យនៃពាក្យ “របៀប របបអន្តរជាតិ ដែលផ្អែកលើច្បាប់” មិនខុសពីការដេញដោល គ្នាអំពីពាក្យ និយាមអន្តរជាតិ (International Standard) នោះឡើយ។ ព្រោះថា តើអ្នក ណាជាអ្នកបង្កើតនិងកំណត់ស្តង់ដារ និងរបៀបរបបអន្តរជាតិនោះ ហើយតើ ស្តង់ដារ និងរបៀបរបបនោះ ដាក់ឱ្យអ្នកណាជាអ្នកអនុវត្ត? ពេលខ្លះ អ្នកបង្កើត ប្រែក្លាយទៅជាអ្នកបោះបង់ទៅវិញ នៅពេលដែលស្តង់ដាររបៀបរបបនោះលែងផ្តល់ ឬ ប្រែទៅជាផ្ទុយនឹង ផលប្រយោជន៍ខ្លួន។

សម្ដេចគូសបញ្ជាក់ថា យ៉ាងណាក៏ដោយ ការងាកចេញពីពហុភាគីនិយម ដែលមានន័យស្មើនឹង ការបោះបង់ចោល ការទទួលខុសត្រូវ ជាអន្តរជាតិរបស់ខ្លួននោះ គឺជាមូលដ្ឋានចំបងនៃការរំជើបរំជួល បច្ចុប្បន្ននេះ។ ដើម្បីផលប្រយោជន៍ជាតិ និងផល ប្រយោជន៍ខ្លួនឯង មេដឹកនាំប្រទេសខ្លះ បានសម្រេចដកខ្លួនចេញ ពីអង្គការ ចាត់តាំង និងកិច្ចព្រមព្រៀង អន្តរជាតិសំខាន់ៗ ជាច្រើនមាន៖ កិច្ចព្រមព្រៀង ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក(TPP) កិច្ចព្រមព្រៀងទីក្រុង Paris ស្តីពីការប្រែ ប្រួលអាកាសធាតុ អង្គការ UNESCO ផែនការសកម្មភាពគ្រប់ជ្រុងជ្រោយរួម ស្តីពីបញ្ហានុយក្លែអ៊ែរ នៅអឺរ៉ង់ សន្ធិសញ្ញាស្តីពីកម្លាំងអាវុធនុយក្លេអ៊ែរ រយៈមធ្យម និងពីក្រុមប្រឹក្សា សិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ជាដើម។ ពាណិជ្ជកម្មសេរី និងយុត្តិធម៌ត្រូវគំរាមដោយរូបភាពថ្មីៗ នៃការគាំពារ និយម។ ជាលទ្ធផលសង្គ្រាមពាណិជ្ជកម្ម ដែលបានកើតឡើងនោះ បានបង្ក ភាពមិនច្បាស់លាស់ និងហានិភ័យជាច្រើនដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និង ហិរញ្ញវត្ថុតំបន់ និងពិភពលោក។ ទោះបីមានការចុះហត្ថលេខាលើ “ដំណាក់ កាលទីមួយ ” រវាងមហាអំណាចសេដ្ឋកិច្ចធំបំផុត ទាំងពីរ នៃពិភពលោកក៏ដោយ ក៏ប្រធានបទធំៗ នៅមិនទាន់បានដោះស្រាយ នៅឡើយ តួយ៉ាងការការពារកម្ម សិទ្ធិបញ្ញា ការផ្ទេរបច្ចេកវិទ្យា សហគ្រាសរដ្ឋ ការបើកទីផ្សារជាដើម។ សង្គ្រាមពាណិជ្ជកម្ម ក៏បានរាលដាលដល់សង្គ្រាមបច្ចេកវិទ្យា សន្តិសុខ និងការពារជាតិ។ ទី២)_សម្ពាធមកលើប្រព័ន្ធ នៃរបៀបរបប ដែលផ្អែកលើពហុភាគីនិយម និងច្បាប់អន្តរជាតិនេះ បានប៉ះពាល់ បន្តដល់ប្រទេសនានា ដែលតូចជាង ខ្សោយជាង ទោះបីក្នុងកំរិតនិងរូបភាពខុសគ្នា ក៏ដោយ។ ពិតហើយ កម្ពុជាមានឥទ្ធិពល តិចតួចប៉ុណ្ណោះ ក្នុងការកសាងរបៀប របបអន្តរជាតិ ប៉ុន្តែមិនមែនបានន័យថា យើងមិនអាចជួយអ្វីបានសោះនោះទេ ។

ជុំវិញករណីនេះ សម្ដេចតេជោបានជំរុញ ឲ្យប្រទេសក្នុងតំបន់អាស៊ាន ជាពិសេសប្រទេសកម្ពុជាផ្ទាល់ ដកបទពិសោធន៍ពីប្រទេសអឺរ៉ុប មកដើម្បីពង្រឹងអាស៊ានផងដែរ។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានលើកឡើងអំពី ការដាក់ចេញនូវយុទ្ធសាស្រ្ត របស់ប្រទេសមហាអំណាចមួយ ចំនួនផងដែរ ដូចជាការដាក់ចេញ នូវយុទ្ធសាស្រ្ត ឥណ្ឌូប៉ាស៊ីហ្វិក របស់ប្រទេសមហាអំណាចអាមេរិក និងផ្លូវមួយខ្សែក្រវាត់មួយ (BRI) របស់ប្រទេសមហាអំណាចចិនផងដែរ។ ពាក់ព័ន្ធនឹងការដាក់ចេញ នូវយុទ្ធសាស្រ្តទាំងនេះ សម្ដេចតេជោហ៊ុន សែន បានជំរុញនិងលើកទឹកចិត្តឲ្យ ថ្នាក់ដឹកនាំក្រសួង និងមន្រ្តីការទូតខ្មែរ សិក្សាស្រាវជ្រាវពី ភូមិសាស្រ្ត យុទ្ធសាស្រ្ត នយោបាយនិងសេដ្ឋកិច្ចបន្ថែមទៀត។

សម្ដេចបានគូសបញ្ជាក់ថា “ខ្ញុំសុំលើកទឹកចិត្ត ថ្នាក់ដឹកនាំក្រសួង មន្រ្តីការទូតយើងទាំងអស់បន្តប្រឹងប្រែង បង្កើនចំណេះដឹងលើកកំពស់សមត្ថភាព វិភាគស្រាវជ្រាវព័ត៌មាន ពិសេសេពាក់ព័ន្ធនឹងភូមិសាស្រ្តនយោបាយ យុទ្ធសាស្រ្ត និងភូមិសាស្រ្តសេដ្ឋកិច្ច”។

សូមបញ្ជាក់ថា នៅថ្ងៃ១១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងដាណាងភាគកណ្ដាលនៃប្រទេសវៀតណាម លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសដាក់ ចេញនូវផែនការ ឥណ្ឌូប៉ាស៊ីហ្វិក (សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន អូស្រ្តាលី) ដែលគេអាចហៅម្យ៉ាងបានថា ជាណាតូនៅអាស៊ីដើម្បីទប់ទល់ទៅនឹង BRI របស់ចិន។ ការប្រកាសរបស់លោកដូណាល់ ត្រាំ បានធ្វើឡើងនៅក្នុងឱកាស លោកចូលរួមក្នុងកិច្ចប្រជុំAPECលើកទី២០ នាទីក្រុងដាក់ណាំប្រទេសវៀតណាម។ ចំណែកប្រទេសចិនបានដាក់ចេញ នូវយុទ្ធសាស្រ្ត BRI ដែលប្រកាសដោយលោកប្រធានាធិបតីចិន ស៊ី ជិនភីង ប្រធានាធិបតីចិននៅឆ្នាំ ២០១៣ នៅប្រទេសកាហ្សាក់ស្ថាន។ កម្ពុជាជាប្រទេសមួយក្នុងចំណោម ៧០ប្រទេស ដែលបានទទួលយកនិងអនុវត្ត កិច្ចសហប្រតិបត្តិការជាមួយចិន លើគោលនយោបាយផ្លូវមួយខ្សែក្រវាត់មួយ (BRI) នេះ ហើយភាគីទាំងពីរបាន ផ្លាស់ប្ដូរទស្សនៈនយោបាយ BRI និងចតុកោណនៅក្នុងដំណើរ ទស្សនកិច្ចរបស់សម្ដេចតេជោ ហ៊ុន សែន នៅខែមករា ឆ្នាំ២០១៩ នាទីក្រុងប៉េកាំង ៕

ដោយ៖ បាន ធារ៉ូ

To Top