នយោបាយ

រដ្ឋាភិបាលកូរ៉េ នឹងជួយរៀបចំប្រព័ន្ធ e-government ដល់រាជរដ្ឋាភិបាលកម្ពុជា

ភ្នំពេញ៖ លោកសាស្រ្តាចារ្យ អាញ់ មូនស៊ុក ស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េ បានបង្ហាញបំណងយ៉ាងមុតមាំ ជួយដល់រាជរដ្ឋាភិបាលកម្ពុជារៀបចំប្រព័ន្ធ e-government ខណៈ ការិយាល័យ e-government របស់កូរ៉េបានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញអ៊ីហ្កាវើមិននេះរួចរាល់ហើយ ។ នេះបើយោងតាម AKP ។

ក្នុងជំនួបពិភាក្សាការងារ ជាមួយលោកសាស្រ្តាចារ្យអាញ់ មូនស៊ុក ប្រធាននៃគណៈកម្មាធិការប្រឹក្សាយោបល់ ដែលនៅក្រោមប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េ និងសមាជិកមួយចំនួន រួមទាំងអគ្គនាយកនៃការិយាល័យ e-government និងប្រធាននៃភ្នាក់ងារសង្គមព័ត៌មានជាតិ រួមទាំងអ្នកឯកទេសមួយចំនួនទៀត នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ នេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងសេចក្ដីរីករាយ ដែលបានជួបស្ថាបនិកនៃ e-government របស់ប្រទេសកូរ៉េហើយសម្ដេចជម្រាបថា បច្ចុប្បន្ននេះ កម្ពុជាក្រោមការដឹកនាំរបស់សម្ដេច កំពុងជំរុញ e-government ហើយសង្ឃឹមថាកូរ៉េ អាចបន្តជួយរាជរដ្ឋាភិបាល លើ e-governmentនេះ។

លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឲ្យដឹងថា លោកសាស្ត្រាចារ្យ អាញ់មូនសុក បានលើកឡើងបទពិសោធន៍ខ្លះរបស់រដ្ឋាភិបាលកូរ៉េ ជាពិសេសកន្លងមកនេះគឺខាងការិយាល័យ e-government របស់កូរ៉េ បានចុះកិច្ចព្រមព្រៀង ជាមួយក្រសួងមហាផ្ទៃកម្ពុជា ពាក់ព័ន្ធនឹងការជំរុញអ៊ីហ្កាវើមិននេះ ហើយរដ្ឋាភិបាលកូរ៉េចង់ជំរុញ កិច្ចសហប្រតិបត្តិការរវាងកូរ៉េ និងកម្ពុជាពាក់ព័ន្ធនឹងការងារ e-government នេះ មិនតែប៉ុណ្ណោះ លោកសាស្រ្តាចារ្យបញ្ជាក់ថា ប្រធានាធិបតីរបស់កូរ៉េ ក៏មានឆន្ទៈខ្ពង់ខ្ពស់ខ្លាំង ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

ជាការឆ្លើយតបសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើឲ្យភាគីកូរ៉េផ្ដល់នូវចែករំលែក បទពិសោធន៍ជាក់លាក់ ពាក់ព័ន្ធនិង e-government នេះជាមួយកម្ពុជាតែម្ដង។

លោកសាស្ត្រាចារ្យអាញ់មូនស៊ុក នឹងអញ្ជើញទៅកម្ពុជា ដើម្បីជួយក្នុងការបណ្ដុះបណ្ដាល ក៏ដូចជាការរៀបចំផែនការមេសម្រាប់ e-government ផងដែរ។

ឆ្លៀតក្នុងនេះដែរលោកសាស្ត្រចារ្យ ក៏បានមានប្រសាសន៍ថា ប្រធានាធិបតីកូរ៉េថ្លែងអំណរគុណ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលមានគំនិតផ្ដួចផ្ដើមនៅក្នុង ការឱ្យមានកិច្ចប្រជុំកំពូលមេគង្គកូរ៉េ , លោកសាស្ត្រាចារ្យបន្ថែមទៀតដែលថា នៅក្នុងប្រទេសកូរ៉េគឺមានភ្នាក់ងារ សង្គមព័ត៌មានជាតិរបស់កូរ៉េ និងជាស្ថាប័នទទួលខុសត្រូវមួយ ក្នុងការជួយដល់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាបណ្ដុះបណ្ដាលលើវិស័យ IT ។
ជារួមក្រោយពិការសិក្សា នឹងពិភាក្សារួចហើយនោះគឺ ខាងរដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ ជាជំនួយឥតសំណងដល់ប្រទេសកម្ពុជា ក្នុងការពាក់ព័ន្ធនឹងអ៊ីហ្កាវើមិននេះ ក្នុងការបណ្ដុះបណ្ដាល និងការរៀបចំផែនការមេ និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យ e-government។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ដែរថា ពាក់ព័ន្ធនឹង e-gavement នេះរាជរដ្ឋាភិបាលកម្ពុជា ក៏ធ្វើការបានមួយចំនួនធំដែរហើយ ហើយអ្វីដែលសម្ដេចចង់បាននោះ គឺការបណ្ដុះបណ្ដាលការរៀបចំផែនការមេ ការចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង eaga ភូមិន្ទពីកូរ៉េដល់ប្រទេសកម្ពុជា ហើយជាពិសេសទៀតក្នុងការបណ្ដុះបណ្ដាល មន្ត្រីមុននឹងរៀបចំផែនការមេ ឬផែនទីចង្អុលផ្លូវ ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលផ្នែកអ៊ីហ្គាវើមិននេះ។

សម្ដេចតេជោក៏បានស្នើសុំឲ្យខាងភាគីកូរ៉េ ស្វែងយល់ពីស្ថានភាពនៃអាយធីក៏ដូចជា e-goverment នៅប្រទេសកម្ពុជា មុននឹងការរៀបចំ ផែនការមេនេះក្នុងការបណ្ដុះបណ្ដាល ធនធានមនុស្សផងដែរ។

លើសពីនេះទៀតលោកសាស្រ្តាចារ្យ បានមានប្រសាសន៍ដែរថា e-government នេះអាចជួយរដ្ឋាភិបាលកម្ពុជា ជាច្រើននៅក្នុងគ្រប់វិស័យទាំងអស់ ជាពិសេសធ្វើយ៉ាងណាឲ្យមន្ត្រីរាជរដ្ឋាភិបាល ជាមន្ត្រីរាជការអាចរៀនសូត្រឱ្យ បានច្រើនដើម្បីចូលរួមការអនុវត្តនៅ e-governmentនេះ ។ ជារួមសម្ដេចតេជោនាយករដ្ឋមន្ត្រី​ បានស្វាគមន៍ជាពិសេស​ នៅក្នុងការរៀបចំការបណ្ដុះបណ្ដាល ការរៀបចំផែនការមេ ហើយនិងស្វាគមន៍ចំពោះជំនួយពីកូរ៉េ ក្នុងការបណ្ដុះបណ្ដាលផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យe-government ប្រទេសកម្ពុជាមានការរីកចម្រើនមួយកម្រិតធំទៀត​៕

To Top