នយោបាយ

លោក គង់ គាំ ៖ ទំនិញគ្រប់មុខEU តម្រូវឲ្យបង់ពន្ធ២០% គឺរងផលប៉ះពាល់តិចតួច

ភ្នំពេញ ៖ អ្នកនយោបាយជើងចាស់ របស់អតីតគណបក្សសង្រ្គោះជាតិ លោក គង់ គាំ បានលើកឡើងថា សហភាពអឺរ៉ុប (EU) កាត់ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ(EBA)ត្រឹម២០% គឺបានទទួលរងផលប៉ះពាល់តិចតួច ឬទុកដូចជាធម្មតាបំផុត ។

លោកបានលើកឡើង ក្នុងហ្វេសប៊ុកថា ការព្រួយបារម្ភក្រោយដក EBA កម្ពុជាត្រូវបង់ពន្ធ១០០%លើទំនិញ ដែលខ្លួននាំចូលទៅសហភាពអឺរ៉ុប ប៉ុន្តែសេចក្តីសម្រេចជាក់ស្តែង របស់គណៈកម្មការអឺរ៉ុបនៅថ្ងៃ១២ ខែកុម្ភៈ ឆ្នាំ២០២០ (ឲ្យទំនិញពីកម្ពុជានាំចូលទៅអឺរ៉ុប ប្រមាណ៨០%រួចពន្ធ គឺមិនបង់ពន្ធដដែល)។ ចំពោះទំនិញប្រមាណ២០% ដែលតម្រូវឲ្យបង់ពន្ធ (ជាផលិតផលកាត់ដេរ ជាស្បែកជើង ជាសម្ភារៈធ្វើដំណើរ និងស្ករ)។

លោកថា “ការបង់ពន្ធប៉ុននេះ ចំពោះរាជរដ្ឋាភិបាល ក្រុមហ៊ុនវិនិយោគ ផលិតករ កម្មករ និងអ្នកទិញដែលរងផលប៉ះពាល់ គឺតិចតួច ឬទុកដូចជាធម្មតាបំផុត” ។

លោកបង្ហាញថា កម្ពុជាមានការជឿជាក់ថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប នៅតែបន្តភាពជាដៃគូ ជួយឲ្យរាជរដ្ឋាភិបាលបង្កើនសមត្ថភាព និងបំពេញគោលការណ៍ប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស សមស្របឆ្ពោះទៅឆ្នាំ២០៣០ ដែលកម្ពុជាអាចឈានទៅ សម្រេចគោលដៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ ៕

To Top