នយោបាយ

កម្ពុជា ធ្វើកំណត់ទូត តវ៉ាទៅវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា

ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានលើកឡើងថា កម្ពុជាបានធ្វើកំណត់ទូតតវ៉ា ទៅកាន់ភាគីវៀតណាម ដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពាន លើខ្សែបន្ទាត់ព្រំដែន ដែលមិនទាន់ឯកភាពគ្នា (តំបន់ស)ខណៈភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ក្នុងនោះបាន រុះរើ តង់ ចេញវិញ ចំនួន៣កន្លែង នៅសស់ ២៨កន្លែងទៀតមិនទាន់ រុះរើចេញនៅឡើយទេ ។

សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យ នៅតាមបន្ទាត់ព្រំដែន ឃើញថា ខាងភាគីវៀតណាម បោះតង់ចំនួន៩កន្លែង នៅក្នុងតំបន់មិនទាន់ឯកភាពគ្នា ។

ពាក់ព័ន្ធបញ្ហានេះដែរ លោក កុយ គួង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី២១ ឧសភានេះថា កម្ពុជា បានធ្វើកំណត់ទូតតវ៉ា ទៅភាគីវៀតណាម កាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០កន្លងទៅ ។

លោកបន្ថែមថា ខ្លឹមសារនៃកំណត់ទូតហ្នឹង បានបញ្ជាក់ថា វត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយព្រំដែន មិនទាន់បានឯកភាពគ្នា គឺបានរំលោភចំណុចទី៨ នៃ សេចក្ដីប្រកាស រួមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ ទី៥ ប្រការ៣ នៃសន្ធិសញ្ញា បំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ ការចរចា ដោយភាគីកម្ពុជា និងវៀតណាម ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា «ក្នុងកំណត់ទូតនោះផងដែរ នៅចំណុច២ គឺយើងបានស្នើឲ្យភាគីវៀតណាម រុះរើតង់ទាំងអស់ និងដកកម្លាំងចេញពីតំបន់ខាងលើ គឺតំបន់ដែលមិនទាន់បាន កំណត់ព្រំដែនច្បាស់លាស់ ហើយនិងបញ្ឈប់នូវ រាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រ នៅក្នុងតំបន់ទាំងអស់នោះ ឲ្យនៅដូចសភាពដើម រហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរ កំណត់ច្បាស់លាស់នូវ ខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ទាំងនោះ» ។

លោកបញ្ជាក់បន្ថែមថា «ក្នុង កំណត់ទូតនោះដែរ ក៏យើងបានស្នើ ឱ្យភាគី វៀតណាមធានាថា សកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាត នៅក្នុងពេលអនាគត ដើម្បីរក្សាភាពជា អ្នកជិតខាងល្អ មិត្តភាព ជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ» ។

លោកថ្លែងថា ពាក់ព័ន្ធនឹងការបោះតង់ របស់ភាគីវៀតណាម ក្នុងតំបន់ដែលមិនទាន់ឯកភាពគ្នា លើខ្សែបន្ទាត់ព្រំដែននោះ កន្លងមកតាមរបាយការណ៍ គឺភាគីវៀតណាម បានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើកដែក/ ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម ។ លោកថា កន្លងមកនេះភាគី វៀតណាម បានរុះរើតង់ចេញវិញចំនួន៣កន្លែងប៉ុណ្ណោះ ហើយនៅសស់២៨កន្លែង ទៀត ដែលមិនទាន់ រុះរើចេញ ។

សូមរំលឹកថា កម្ពុជា-វៀតណាម មាន ព្រំដែនគោក រួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះ ភាគីទាំងពីរ បានបោះបង្គោលព្រំដែន សម្រេចបាន ៨៤% នៃខ្សែព្រំដែនរួម ខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ ដោយ៖ ខា ដា

To Top