បច្ចុប្បន្នភាព ចម្លើយសម្រាប់សំនួរខាងលើនេះ ប្រព័ន្ធផ្សព្វផ្សាយ The Times Of India បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនានេះថា ភាពតានតឹង និងការប្រឈមមុខដាក់គ្នា ខាងកងកម្លាំងយោធា នៅតាមព្រំដែន រវាងប្រទេសចិន និងឥណ្ឌា មិនអាចបញ្ចប់បាន ដោយងាយនោះទេ ដោយសារបញ្ហាគន្លឹះ នៅមិនទាន់ដោះស្រាយនៅឡើយ ។
បញ្ហាគន្លឹះ ដែលប្រទេសទាំងពីរ មិនទាន់ដោះស្រាយ និងជាបញ្ហា ដែលនាំអោយកងទ័ព នៃប្រទេសទាំងពីរប៉ះទង្គិចគ្នានោះ គឺតំបន់ព្រំដែនចិន-ឥណ្ឌា ប្រវែងជាង៣៥០០គីឡូម៉ែត្រ ដែលភាគីទាំងពីរចាត់ទុកថា ជាតំបន់ស ឬតំបន់ព្រំដែន មិនទាន់ដាច់ស្រេច ដោយខាងឥណ្ឌា ជាប់តំបន់កាស្មៀរ និងនៅខាងចិនជាប់ស៊ីនជាំងនិងទីបេ ។
មូលហេតុ ដែលនាំអោយ តំបន់ព្រំដែនចិន-ឥណ្ឌា មិនទាន់ត្រូវបាន ចែកគ្នាដាច់ស្រេច គឺដោយសារប្រទេសឥណ្ឌា បានចាញ់សង្គ្រាមយ៉ាងជូចត់ កាលពីឆ្នាំ១៩៦២កន្លងទៅ ដែលនាំអោយតំនប់នេះ ក្លាយជាតំបន់ស និងជាតំបន់ប្រទាញប្រទង់គ្នាមិនចេះ ដោយចិនបានអះអាងថា ជាទឹកដីរបស់ខ្លួន ហើយឥណ្ឌា ក៏បានអះអាងដូចចិនដែរ ។
តាមពិតទៅ ភាពស្ងប់ស្ងាត់ និងការមិនប៉ះទង្គិចគ្នា រវាងកងទ័ពប្រទេសទាំងពីរ រយៈកាលកន្លងមក គឺដោយសារតែប្រទេសចិន និងឥណ្ឌា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៨៨កន្លងទៅ ដែលប្រទេសទាំងពីរ មានកិច្ចព្រមព្រៀង ដោះស្រាយជម្លោះ តាមព្រំដែនជាមួយគ្នា ដោយមិនប្រើប្រាស់អាវុធ ។
ដូច្នេះហើយ បានជាកងទ័ពនៃប្រទេសទាំងពីរ បានពើបប្រយុទ្ធគ្នា ដោយប្រើកម្លាំងបាយ កាលពីថ្ងៃអង្គារ ទី១៦ ខែមិថុនានេះ ដោយប្រើកណ្តាប់ដៃដាល់គ្នា វាយដោយដំបង និងគប់ដុំថ្ម ប៉ុន្តែកងទ័ពនៃប្រទេសទាំងពីរ មិនបានប្រើអាវុធទេ ទោះបីជាកងកម្លាំងយោធា នៃប្រទេសទាំងពីរ មានអាវុធគ្រប់ដៃ និងមានគ្រឿងយុទ្ធោបករណ៍ធុនធ្ងន់ និងធុនស្រាល គ្រប់ប្រភេទទាំងសងខាងក៏ដោយ ។
ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតជម្លោះ នៅតាមព្រំដែនរវាងប្រទេសចិន និងឥណ្ឌា គឺដោយសារប្រទេសឥណ្ឌា ដែលជាសម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក បានមើលឃើញពីការពង្រីក និងការបង្កើនឥទ្ធិពលល របស់ប្រទេសចិន ទាំងខាងនយោបាយ សេដ្ឋកិច្ច និងខាងយោធាផងដែរ ក្នុងតំបន់ ដែលជាសម្ពាធលើឥណ្ឌា ជាពិសេសសម្ពាធនៅតំបន់ព្រំដែន ។
ការបង្កើនឥទ្ធិពល របស់ប្រទេសចិននេះហើយ ដែលនាំអោយប្រទេសឥណ្ឌា ចង់បង្កើនកម្លាំង អភិវឌ្ឍន៍ផ្លូវថ្នល់ ផ្លូវដែក និងស្ពាន ដែលជាយុទ្ធសាស្ត្រធ្វើយ៉ាងណា ឱ្យកងកម្លាំងយោធារបស់ខ្លួន អាចទៅដល់តំបន់ព្រំដែន ជាប់ជម្លោះជាមួយប្រទេសចិន ហើយការអភិវឌ្ឍន៍ របស់ឥណ្ឌានេះហើយ ដែលជាកត្តាបំផុសកំហឹង ពីកងទ័ពរបស់ប្រទេសចិន ។
ម្យ៉ាងវិញទៀត ការប៉ះទង្គិចគ្នានៅតាមព្រំដែននេះ បានកើតឡើង ដោយសារមេដឹកនាំប្រទេស នៃទាំងពីរសុទ្ធតែជាអ្នកជាតិនិយមខ្លាំង ដែលមិនខ្លាចនឹងបង្ហាញសាច់ដុំ ការពារព្រំដែនរបស់ខ្លួន ដែលជាការបង្ខិលមតិសាធារណៈ ក្នុងស្រុកអោយកើតមានគំនិតជាតិនិយម និងការពារទឹកដីរបស់ខ្លួនដ៏មោះមុត ។
សន្និដ្ឋាន៖ ជម្លោះចិន-ឥណ្ឌា អាចជាហានិភ័យ នៃសង្គ្រាមនុយក្លេអ៊ែរទេ ?
ចម្លើយទៅនឹងសំនួរនេះ គឺមិនអាចជាហានិភ័យ នៃសង្គ្រាមនុយក្លេអ៊ែរទេ ដោយសារតែទាំងចិន និងឥណ្ឌា គឺជាប្រទេសមហាអំណាចនុយក្លេអ៊ែរដូចគ្នា ហើយមេដឹកនាំ នៃប្រទេសទាំងពីរ ពិតជាយល់ច្បាស់ ពីមហន្តរាយដ៏ធំធេង ដែលកើតចេញ ពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលអាចសម្លាប់មនុស្ស រាប់សិបលាននាក់ ក្នុងមួយប្រព្រិចភ្នែក ។
រាល់ការបង្កហេតុជាមួយឥណ្ឌា ទំនងជាគ្មានហានិភ័យទេ សម្រាប់ចិន ព្រោះចិនមានទាហានច្រើនណាស់ ដែលឥណ្ឌាមិនអាចប្រៀបបានឡើយ ដែលឥណ្ឌាគ្មានមធ្យោបាយ ធ្វើសង្គ្រាមប្រដាប់អាវុធ ជាមួយប្រទេសជិតខាង ដូចយ៉ាងចិននេះបានឡើយ។
ម្យ៉ាងទៀត ប្រទេសទាំងពីរ មានទំនាក់ទំនងសេដ្ឋកិច្ច ជាមួយគ្នាល្អណាស់ ដែលគ្មានភាគីណាមួយ ហ៊ានប្រថុយ ឱ្យខាតប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេង ដោយជ្រើសរើស យកសង្គ្រាមនោះទេ ប៉ុន្តែការប៉ះទង្គិចគ្នា គឺចៀសមិនរួចទេ ។
ផលប៉ះពាល់
ប្រសិនបើកងកម្លាំងយោធា របស់ប្រទេសចិន និងឥណ្ឌា នៅតែបន្តប៉ះទង្គិចគ្នា ឬប៉ះទង្គិចគ្នាដោយអាវុធ នៅពេលខាងមុខ ផលប៉ះពាលធ្ងន់ធ្ងរជាងគេ លើប្រទេសទាំងពីរ គឺផ្នែកសន្តិសុខ សេដ្ឋកិច្ច និងផ្នែកការទូត ហើយប្រទេសទាំងពិបាក នឹងស្តារទនាក់ទំនងនេះ អោយប្រសើរឡើងវិញណាស់ ៕
ដោយ៖ អ៊ិន ជិន