បច្ចុប្បន្នភាព
ក្រុមយុវបាតុកររាប់ពាន់នាក់ បានចេញធ្វើបាតុកម្មយ៉ាងកកកុញ នៅទីលានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃសៅរ៍ ទី១៨ ខែកក្កដានេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលនៃប្រទេសនេះ ដែលលំអៀងទៅរករបបរាជានិយម ។
នេះជាលើកដំបូងហើយ ចាប់តាំងពីរដ្ឋប្រហារ កាលពីឆ្នាំ២០១៤កន្លងទៅ ដែលក្រុមយុវបាតុកម្ម ដែលមានអាយុក្រោម៣០ឆ្នាំ និងពាក់អាវខ្មៅ បានចេញធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលមិនមែន ជាក្រុមបាតុករអាវលឿង ឬអាវក្រហមនោះទេ ។
ក្បួនបាតុកម្ម របស់ក្រុមយុវប្រជាបាតុករអាវខ្មៅ ក៏ត្រូវបានរៀបចំធ្វើឡើង ស្របពេលដែលប្រទេសនេះ មានការឆ្លងរាលដាលវីរុសCovid-19 ដល់ជាង៣២៥០នាក់ និងមនុស្សស្លាប់ ដោយសារវីរុសនេះ បានកើនឡើងដល់ជិត ៦០នាក់ហើយនោះ ។ គេកត់សម្គាល់ឃើញថា ក្បួនបាតុកម្មរបស់ក្រុមយុវបាតុករនេះ ហាក់ដូចជាមិនមានមេកើយ ឬមាននិន្នាការនយបាយ ទៅខាងណាច្បាស់លាស់នោះទេ ដោយក្រុមយុវបាតុករ បានស្រែករិះគន់រដ្ឋាភិបាល ដែលមាននិន្នាការទោរទន់ ទៅរករាជានិយម ។
ក្រុមយុវបាតុករ បានស្រែកឃោសនា ដោយបរិហារ និងរិះគន់លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាអូចា ដែលទើបជាប់ឆ្នោត ក្នុងអាណត្តិថ្មីកាលពីឆ្នាំ២០១៩កន្លងទៅ និងបានទាមទារ អោយនាយករដ្ឋមន្ត្រីរូបនេះ ចុះចេញពីតំណែង ។
ក្រុមបាតុករ បានស្រែកតាមឧបករណ៍បំពងសម្លេងថា រដ្ឋាភិបាលមិនខ្វល់ពីយើងទេ ហើយច្បាប់ ដែលត្រូវបានតាក់តែងឡើង ដោយសមាជិសភារបបយោធា គឺគាំទ្រតែអ្នកមាន និងមិនខ្វល់ខ្វាយ ពីប្រជាកសិករក្រីក្រនោះទេ ដែលក្រុមយុវជនត្រូវតែប្រឆាំង ។
ក្រុមបាតុករខ្លះស្រែកថា ពលរដ្ឋថៃត្រូវតែទទួលបាន លទ្ធិប្រជាធិបតេយ្យ មានសេរីភាព និងទទួលបានការយកចិត្តទុកដាក់ ពីរដ្ឋាភិបាល ដោយកងកម្លាំងប៉ូលីស មិនអាចប្រើកម្លាំងបាយទាំងកម្រោល ទៅបង្ក្រាបក្រុមបាតុករស្លូតត្រង់នោះទេ ។
ក្រៅតែពីការបណ្តេញ នាយករដ្ឋមន្ត្រីថៃ អោយលាលែងចេញពីតំណែង និងរិះគន់រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចា ក្រុមយុវបាតុករ ក៏បានបរិហារ ចំពោះច្បាប់ព្រហ្មទណ្ឌ១១២ ដែលបានចែងការពារយ៉ាងមុតមាំ របបរាជានិយម និងរាជវង្សថៃ ។
ក្រុមយុវបាតុករ បានស្រែកទាមទារ អោយធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ដោយរំលាយច្បាប់ ប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ដែលជាច្បាប់តឹងតែងបំផុតលើពិភពលោក និងមានគោលដៅ ការពារតែព្រះចេស្តារ ព្រះមហាក្សត្រតែប៉ុណ្ណោះ ។
ច្បាប់ព្រហ្មទណ្ឌ១១២ បានចែងថា ជនណាហ៊ានរិះគន់ ឬប៉ះពាល់ព្រះចេស្តារ របស់ព្រះមហាក្សត្រ នឹងត្រូវជាប់ទោស ក្នុងពន្ធនាគាររយៈពេល១៥ឆ្នាំ ប្រសិនបើត្រូវបានរកឃើញថា ជនសង្ស័យពិតជាបានប៉ះពាល់ ព្រះចេស្តារព្រះមហាក្សត្រមែន ។
ក្បួនបាតុកម្មរបស់ក្រុមយុវបាតុករ ត្រូវបានធ្វើឡើង ចំពេលដែលប្រទេសថៃ កំពុងទទួលរងផលប៉ះពាល់ ផ្នែកសេដ្ឋកិច្ច និងវិបត្តិការងារ ដែលកើតឡើង ដោយសារការឆ្លងរាលដាលវីរុស Covid-19 នៅទូទាំងប្រទេស ។ ដោយសារ ការឆ្លងរាលដាលវីរុសCovid-19 បានធ្វើអោយកំណើនសេដ្ឋកិច្ចថៃ ធ្លាក់ចុះក្នុងរង្វង់១០% នៅឆ្នាំ២០២០នេះ ដែលធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដល់ប្រជាពលរដ្ឋថ្នាក់កណ្តាល និងថ្នាក់ក្រោម ព្រមទាំងយុវជន ដែលបញ្ចប់ការសិក្សា និងគ្មានការងារធ្វើ ។
វិស័យទេសចរណ៍នៅប្រទេសថៃ ក៏ដូចជានៅប្រទេសនានា នៅជុំវិញពិភពលោកដែរ គឺមិនដំណើរការទេ ខណៈដែលមានការ ឆ្លងរាលដាលវីរុសCovid-19 ដែលអាជីវកម្មពាក់ព័ន្ធ នឹងទេសចរណ៍ប្រមាណ១ភាគ៣ នឹងត្រូវបិទទ្វារជាអចិន្ត្រៃយ៍ ហើយក្រុមនិស្សិតរាប់ម៉ឺននាក់ ដែលបានបញ្ចប់ការសិក្សា កាលពីឆ្នាំ២ឥ១៩កន្លងទៅ កំពុងដើរទាត់ខ្សល់ និងមិនមានការងារធ្វើទេ ដោយសាររដ្ឋាភិបាល បានបិទសេដ្ឋកិច្ច ដោយសារវីរុសCovid-19 ។
ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតរឿង គឺដោយសាររាជាណាចក្រថៃ ដែលបានក្លាយជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ចាប់តាំងពីឆ្នាំ១៩៣២ ក្រោយចលនាបដិវត្តប្រជាជន ដែលពេលនេះហាក់ កំពុងដើរថយក្រោយ ទៅរកទំនោរត្រឡប់ ទៅរករបបរាជានិយមផ្តាច់ការវិញ ។
អ្នកតាមដានការវិវឌ្ឍន៍នយោបាយថៃ បានមើលឃើញថា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ កំពុងអូសទាញប្រទេសនេះ អោយក្លាយទៅជារបបដឹកនាំ អោយព្រះមហាក្សត្រវិញ តាមរយៈការការពារ របស់ក្រុមឧត្តមសេនីយ៍ខាងយោធា និងប៉ូលីស ។
ការឆ្លងរាលដាលវីរុស Covid-19 បានធ្វើអោយប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ច ការអត់ការងារធ្វើ នៅក្នុងប្រទេសនេះ រួមផ្សំនឹងប្រវត្តិមិនល្អ របស់ប្រមុខដឹកនាំរដ្ឋាភិបាល ដែលជាអតីត មេដឹកនាំយោធាស្រាប់ផង បានរុញច្រានអោយក្រុមយុវបាតុករចេញធ្វើបាតុក ។
សន្និដ្ឋាន៖ តើក្រុមយុវជនថៃ អាចនឹងចេញធ្វើបាតុកម្មទ្រង់ទ្រាយធំទេនៅពេលខាងមុខ ?
ចម្លើយទៅនឹងសំនួរនេះ គឺទំនងជាមិនអាចទេ ដោយសារនៅពេលបច្ចុប្បន្ននេះ ការឆ្លងរាលដាលវីរុស Covid-19 កំពុងហក់ឡើងខ្ពស់ នៅលើពិភពលោក ហើយប្រទេស ក៏នៅតែមានការឆ្លងថ្មីនៃវីរុសនេះ ស្ទើររាល់ថ្ងៃដែរ ដែលជាប្រការត្រូវចៀស វាងការជួបជុំ ។ ម្យ៉ាងទៀត ថ្វីត្បិតតែរដ្ឋាភិបាលថៃ កើតចេញពីការបោះឆ្នោតក៏ដោយ ក៏រដ្ឋាភិបាលនេះ ជាអតីតមេដឹកនាំយោធា ដូច្នេះរដ្ឋាភិបាលនេះ អាចនឹងបង្ក្រាបក្រុមបាតុករ ដោយមិនញញើតដៃទេ ប្រសិនបើក្រុមបាតុករ ចេញធ្វើបាតុកម្មដោយបំពានបម្រាម ៕
ដោយ៖ អ៊ី ជិន