បច្ចុប្បន្នភាព
ចាប់តាំងពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ននេះ ប្រទេសចិន និងអង់គ្លេស ហាក់ដូចជាមើលមុខគ្នាមិនសូវចំ ដោយសារបញ្ហារវាងប្រទេសទាំងពីរ បានកើតឡើងជាបន្តបន្ទាប់ ដែលធ្វើអោយចិនអាក់អន់ចិត្ត នឹងអង់គ្លេសកាន់តែខ្លាំង ។
បញ្ហារវាងប្រទេសទាំងពីរនេះ មាន៣ចំណុចសំខាន់ គឺអង់គ្លេសបានរិះគន់ចិន ពីការរំលោភបំពានសិទ្ធមនុស្សធ្ងន់ធ្ងរ ចិនក្រសោបយកអំណាចទាំងស្រុង លើទីក្រុងហុងកុង និងអង់គ្លេសមានគម្រោង បញ្ជូននាវាដឹកយន្តហោះចម្បាំង ទៅកាន់មហាសាគរប៉ាស៊ីហ្វិក ។
បញ្ហាថ្មីបំផុតដែលនាំអោយចិន និងអង់គ្លេសមើលមុខគ្នាមិនចំ គឺបន្ទាប់ពីរដ្ឋមន្ត្រីការបរទេស របស់ចក្រភពអង់គ្លេស លោក ដូមីនិក រ៉ាប់ (Dominique Raab) បានរិះគន់រដ្ឋាភិបាលចិន ដែលបានបង្ក្រាបយ៉ាងចាស់ដៃ ទៅលើជនជាតិភាគតិច អ៊ួយហ្គើ (Uygur) ។
អ៊ួយហ្គើ (Uygur) គឺជាជនជាតិដើមភាគតិច កាន់សាសនាឥស្លាម នៅខេត្តស៊ីជាំង ប្រទេសចិន ដែលកងកម្លាំងរដ្ឋាភិបាលចិន បានបង្ក្រាបក្រោមហេតុផលថា ជនជាតិភាគតិចនេះ ព្យាយាមបំបែកទឹកដី និងរៀបចំការវាយប្រហារភេរវកម្ម នៅប្រទេសចិន ។
ជាការឆ្លើយតបវិញ នៅក្នុងសន្និសិទកាសែត កាលពីថ្ងៃចន្ទ ទី២០ ខែកក្កដានេះ លោក វ៉ាង វ៉េនប៊ីន (Wang Wenbin) អ្នកនាំពាក្យ ក្រសួងការបរទេសចិន បានលើកឡើងថា សម្តីចោទប្រកាន់ទាំងអម្បាលម៉ាន របស់លោក Dominique Raab គឺជាពាក្យកុហក និងប្រឌិត ដើម្បីបង្កាច់បង្ខូចរដ្ឋាភិបាលចិន ។
លោក Wang Wenbin បានបន្ថែមមថា ការបង្ក្រាបលើជនជាតិភាគតិចមូស្ល៊ីម អ៊ួយហ្គើ នៅខេត្ត ស៊ីនជាំង មិនមែន ជារឿងរំលោភសិទ្ធិមនុស្សអ្វីឡើយ តែវាជារឿងប្រយុទ្ធប្រឆាំងនឹង អំពើហិង្សា អំពើភេរវកម្ម និងការបះបោរបំបែកទឹកដីរបស់ចិន ។
សូមបញ្ជាក់ជូនថា ស៊ីនជាំងគឺជាខេត្ត នៅភាគខាងលិចប្រទេសចិន ដែលមានប្រជាជនរស់នៅ ប្រមាណ២៥លាននាក់ ដែលភាគច្រើន ជាអ្នកកាន់សាសនាឥស្លាម និងបានពើបប្រទះនឹងបញ្ហា មិនចុះសម្រុងជាមួយអំណាចកណ្តាលចិន ជាច្រើនឆ្នាំមកហើយ ។ នៅខេត្តនេះ ជារឿយៗតែងតែមានអំពើភេរវកម្ម ដែលធ្វើឡើងដោយជនជ្រុលនិយម ប្រឆាំងរដ្ឋាភិបាលចិន ហើយចាប់តាំង ពីការឡើងកាន់អំណាច របស់លោកស៊ី ជីនពីង ចិនបានពង្រឹងអំណាចយ៉ាងណែន នៅក្នុងខេត្តស៊ីនជាំងនេះ ។
ចំណុចទី២ ពាក់ព័ន្ធនឹងរឿងទីក្រុងហុងកុងវិញ ក្នុងនាមជាអតីត អាណាព្យាបាលហុងកុង អង់គ្លេសបានបរិហារយ៉ាងចាស់ដៃលើចិន ដែលបានដាក់អោយចូលជាធរមាន នូវច្បាប់សន្តិសុខជាតិថ្មី សម្រាប់ទីក្រុងហុងកុងអនុវត្ត ដែលជាច្បាប់ បំផ្លាញស្វ័យភាពទីក្រុងហុងកុង ។
ច្បាប់សន្តិសុខជាតិថ្មី ដែលរដ្ឋាភិបាលចិន បានដាក់អោយប្រជាពលរដ្ឋ នៅទីក្រុងហុងកុងអនុវត្តនេះ ត្រូវបានចែង៤ចំណុចសំខាន់ ទី១ការប្រយុទ្ធប្រឆាំងនឹងចលនាបះបោរ ឬសកម្មភាពអបគមន៍ ទី២ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវនិយម ទី៣ការបង្ក្រាបសកម្មភាពវិទ្ធង្សនា និងទី៤ការបង្ក្រាបលើសកម្មភាព ឃុបឃិតជាមួយកម្លាំងបរទេសណាមួយ ។
ចាប់ពីថ្ងៃនេះតទៅ ប្រសិនបើបុគ្គលណាមួយ ឬក្រុមណាមួយ ហ៊ានបំពានលើខ្លឹមសារទាំង៤ចំណុច ក្នុងច្បាប់សន្តិសុខជាតិថ្មីនេះ បុគ្គលនោះ ឬក្រុមនោះ នឹងត្រូវជាប់ពន្ធនាគារអស់មួយជីវិត ឬយ៉ាងហោចណាស់ ក៏ជាប់ពន្ធនាគាររយៈ៣ឆ្នាំដែរ ប្រសិនបើក្រុមអាជ្ញាធរទីក្រុងហុងកុង រកឃើញថា បុគ្គលនោះ ឬក្រុមនោះ ពិតជាបានរំលោភច្បាប់សន្តិសុខជាតិនេះមែន ។
លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិន បានចុះហត្ថលេខាលើ ច្បាប់សន្តិសុខជាតិថ្មីនេះ កាលពីថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០នេះ សម្រាប់ដាក់អោយប្រជាពលរដ្ឋ នៅទីក្រុងហុងកុងអនុវត្ត និងបានចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។
ចំណុចទី៣ ពាក់ព័ន្ធនឹងការបញ្ជូន នាវាដឹកយន្តហោះចម្បាំង ទៅកាន់មហាសាគរប៉ាស៊ីហ្វិក លោក លីវ សៀវមីង (Liu Xiaoming) អគ្គរដ្ឋទូតរបស់ប្រទេសចិន ប្រចាំទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានព្រមានមេដឹកនាំរបស់ចក្រភពមួយនេះ កុំអោយបញ្ជូននាវាចម្បាំង ទៅកាន់មហាសាគរប៉ាស៊ីហ្វិក ទៅតាមគម្រោងរបស់ខ្លួន ។
ការព្រមានរបស់លោក លីវ សៀវមីង ត្រូវបានធ្វើឡើង ក្រោយពីកាសែតThe Times បានចុះផ្សាយថា ក្រសួងការពារជាតិអង់គ្លេស មានគម្រោងនឹងបញ្ជូននាវា ដឹកយន្តហោះចម្បាំងប្រភេទ HMS Queen Elizabeth ទៅកាន់មហាសាគរប៉ាស៊ីហ្វិក ។
ដំណើរបេសកកម្ម របស់នាវាដឹកយន្តហោះចម្បាំង HMS Queen Elizabeth ទៅកាន់មហាសាគរប៉ាស៊ីហ្វិក គឺដើម្បីចូលរួម ធ្វើលំហាត់សមយោធាជាមួយប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ក្នុងក្របខណ្ឌសម្ព័ន្ធមិត្តអន្តរជាតិប្រឆាំងចិន ។
លោក លី សៀវមីង បានព្រមានថា អ្វីដែលអង់គ្លេស មានគម្រោងនឹងធ្វើនេះ មិនមែនជាវិធីដើរតួសំខាន់នោះទេ ហើយការភ្ជាប់ខ្លួន ជាមួយសហរដ្ឋអាមេរិកដើម្បីប្រឆាំងចិន នឹងមិនមានផលប្រយោជន៍ សម្រាប់អង់គ្លេស នៅពេលខាងមុខនោះដែរ ។
ដើមចមនាំអោយកើតរឿង
ដើមចមនាំអោយកើតរឿង គឺដោយសារចក្រភពអង់គ្លេស បានលូកដៃចូលច្រើនក្នុងបញ្ហា របស់ប្រទេសចិន ទាំងបញ្ហាពាក់ព័ន្ធនឹងជនជាតិ អ៊ួយហ្គើ បញ្ហានៅទីក្រុងហុងកុង និងការប្រជែងអំណាច នៅតំបន់អាស៊ីប៉ាស៊ីហ្វិកថែមទៀត ៕
ដោយ៖ អ៊ី ជិន