នយោបាយ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពាវនាវឲ្យមេដឹកនាំ ពិភពលោកចាត់ទុកវ៉ាក់សាំង ជំងឺកូវីដ១៩ ជាទំនិញរួម របស់មនុស្សជាតិ

ភ្នំពេញ ៖នៅចំពោះមុខបណ្ដាមេដឹកនាំពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងជំងឺកូវីដ-១៩ជាទំនិញរួមរបស់មនុស្សជាតិនៅលើពិភពលោក ខណៈស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជាមិនមានភាពធ្ងន់ធ្ងរទេដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលពីខាងក្រៅតែប៉ុណ្ណោះ។

ក្នុងមហាសន្និបាទ នៃក្ដីសង្ឃឹមក្រោមប្រធានបទ «ការកសាង និងបង្កើតជាតិយើង នៅក្នុងពិភពលោក ក្រោយវិបត្តិកូវីដ-១៩ ការពឹងពាក់អាស្រ័យ គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃស កល» នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ជំងឺកូវីដ-១៩បាននិង កំពុងគំរាមកំហែងដល់របៀបរស់នៅប្រចាំថ្ងៃ ទំនៀមទម្លាប់ ជីវភាព អាយុជីវិត សេដ្ឋកិច្ច និងសង្គមទាំង មូលនៅបណ្ដាប្រទេសនៅលើសកលោកទាំងមូល។មកដល់បច្ចុប្បន្នគ្មាននរណាដឹងថា ពេលណាវិបត្តិជំ ជំងឺនេះនឹងបញ្ចប់នោះឡើយ ហើយក៏គ្មានអ្នកណាអាចទស្សន៍ទាយអំពីផលប៉ះពាល់នៃជំងឺនេះមកលើ គ្រប់ទិដ្ឋភាពនៃជីវភាពរស់នៅរបស់សង្គមជាតិនីមួយៗ ទាំងសេដ្ឋកិច្ច នយោបាយ និងរបៀបរបបសង្គម បានជាក់ច្បាស់នោះដែរ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «សម្រាប់កម្ពុជាយើងអាចវាយតម្លៃបានថា ស្ថានភាពជំងឺ កូវីដ-១៩ មិនមានភាពធ្ងន់ធ្ងរទេដោយសារមិនមានការឆ្លងនៅក្នុងប្រទេស មានតែករណីនាំចូលពី ខាងក្រៅ និងពុំទាន់មានការស្លាប់បាត់បង់ជីវិតម្នាក់នៅឡើយទេ។ដូចប្រទេសដទៃដែរ កម្ពុជាបានដាក់ ចេញនូវវិធានការជាច្រើនប្រកបដោយភាពម៉ឺងម៉ាត់ ដាច់ខាត និងហ្មត់ចត់បំផុត ដើម្បីទប់ស្កាត់ការរីករា លដាលនៃជំងឺកូវីដ-១៩ ដោយបានចែកជាបីសមរភូមិ ៖ទី១-ការទប់ស្កាត់មិនឲ្យមានការបន្ដនាំជំងឺចូល មកកម្ពុជា ,ទី២-ការទប់ស្កាត់នូវការរីករាលដាលនៅក្នុងប្រទេស និងទី៣-ការព្យាបាលអ្នកដែលបានឆ្លង ជំងឺកូវីដ-១៩»។

ជាងនេះទៀត សម្ដេចតេជោ យល់ថា ការប្រយុទ្ធជំងឺកូវីដ-១៩នេះ ក៏ដូចជា ការស្ដារឡើងវិញនូវសង្គម សេដ្ឋកិច្ចក្រោយពីវិបត្តិនៃជំងឺនេះ គឺមិនអាចដោះស្រាយត្រឹមកម្រិតប្រទេសនីមួយៗបានឡើយ។កិច្ចការ នេះទាមទារនូវការពង្រឹងកិច្ចសហប្រតិបត្តិការជាអន្ដរជាតិលើគ្រប់វិស័យឲ្យកាន់តែស៊ីជម្រៅ និងទូលំទូ លាយ។បានន័យថា សកលលោកទាំងមូលត្រូវតែពួតដៃគ្នាប្រែក្លាយការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ទៅជា សមរភូមិរួម ។ក្នុងស្មារតីនេះ សម្ដេចតេជោ បានចែករំលែកនូវទស្សនៈមួយចំនួនដូចខាងក្រោម ៖

ទី១-ការរាតត្បាតនៃជំងីកូវីដ-១៩ បាននាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្ដុំ និងកិច្ចដំណើរការនៃច្រវាក់ផ្គត់ផ្គង់ សកលជាដើម ដែលប្រការទាំងអស់នេះកំពុងតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះជីវិតសង្គម និងការ ធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជាសកលសំដៅ គាំទ្រពហុភាគីនិយមរឹតតែមានភាពចាំបាច់ស្រួចស្រាលឡើងថែមទៀត។ក្នុងស្មារតីនេះ ទន្ទឹមនឹងការ រង់ចាំភាពជោគជ័យដំបូងបំផុតនៃការផលិតវ៉ាក់សាំង កម្ពុជាសូមអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (global common goods) ដែលប្រជាជនគ្រប់រូប នៅគ្រប់ទិសទីអាច ទទួលបាន។

ទី២-ត្រូវជៀសវាងការរើសអើងពូជសាសន៍ និងការប្រកាន់ជំហរស្ដីបន្ទោស ដែលល្បែងទម្លាក់កំហុសដ៏អាក្រក់មួយនាំដល់ការបែកបាក់សាមគ្គីភាពខណៈដែលពិភពលោកទាំងមូលកំពុងខិតខំរួបរួមគ្នាប្រយុទ្ធ ប្រឆាំងនឹងជំងឺរាតត្បាតនេះ។ក្នុងស្មារតីមនុស្សធម៌ និងសាមគ្គីភាពអន្ដរជាតិកម្ពុជាបានអនុញ្ញាតឲ្យនាវា ទេសចរណ៍ Westerdam ដែលផ្ទុកអ្នកដំណើរចំនួនជាង២២០០នាក់ចូលចតកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។កម្ពុជាមិនត្រឹមតែបាន និងកំពុងព្យាបាលពលរដ្ឋខ្មែរប៉ុណ្ណោះទេ ប៉ុន្ដែក៏បានជួយព្យាបាល ទាំងជនបរទេសផងដែរ។

ទី៣-ជាទិសដៅទៅមុខ ពិតជាមានភាពចាំបាច់ជាយុទ្ធសាស្ដ្រ ក្នុងការត្រៀមខ្លួនឲ្យបានល្អក្រោយអំឡុង ពេលវិបត្តិកូវីដ-១៩។ដើម្បីសម្រេចបាននូវគោលដៅនេះ គួររៀបចំផែនការស្តារ ឡើងវិញប្រកបដោយ ភាពជាក់លាក់មួយ ដោយដាក់ចេញនូវសេណារីយ៉ូមួយចំនួនសម្រាប់បើកឲ្យ ដំណើរការជា បណ្តើរៗ នូវការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសក្នុងតំបន់ និងការស្តារឡើងវិញ នូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិនេះ ។

ទី៤-ត្រូវបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញសាកលភាវូនីយកម្មនិងពង្រឹងយន្តការ ពហុភាគីនិយម ដើម្បីធានានូវបរិយាកាសអនុគ្រោះសម្រាប់លើកស្ទួយកំណើនសេដ្ឋកិច្ច កាត់បន្ថយភាព ក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ជាពិសេសត្រូវធានាថា យន្តការកិច្ចសហប្រតិបត្តិការនៅតែរក្សាបាននូវស្មារតីបើកចំហ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការ ពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈ នៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និង សម្រេចបាននូវរបៀបវារៈសកលនៃការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។និងទី៥-ការកសាង និងថែរក្សាសន្ដិភាព និងសន្ដិសុខនៅលើសកលលោកទាំងមូល គឺជាមូលដ្ឋានគ្រឹះ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ។ដូច្នេះការកសាង និងថែរក្សាឲ្យខាងតែបាននូវសន្ដិភាព និងសន្ដិ សុខ គឺជាអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ។សន្ដិភាពមិនអាចសម្រេចបានមកដោយឯកឯង នោះទេ។ត្រូវជំរុញការចេះស្រឡាញ់គ្នាទៅវិញទៅមក ផ្តល់គុណតម្លៃ និងការគិតគូរខ្ពស់ដល់មនុស្ស ជាតិ រួមរស់ជាមួយគ្នាដោយសន្តិភាព និងសុខដុម និងគោរពភាពចម្រុះ នៃជំនឿសាសនា និងវប្បធម៌នៅក្នុង និងរវាងសង្គមជាតិនីមួយៗ។

ឆ្លៀតឱកាសនោះដែរ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានអំពាវនាវឲ្យប្រមុខដឹកនាំទាំងអស់រួមគ្នាសំដែង នូវសុឆន្ទៈ និងការទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមជាសកលនេះ និង ដើម្បីរក្សា បាននូវបរិយាកាសអនុគ្រោះប្រកបដោយសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាសម្រាប់ការរីកចម្រើន និងវិបុលភាពសម្រាប់ប្រជាជាតិលើសកលលោក។កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការរួមចំណែកជាមួយដែគូពាក់ព័ន្ធទាំងអស់ ដើម្បីគោលដៅដ៏ពិសិដ្ឋនេះ៕ដោយ ៖ អេង ប៊ូឆេង

To Top