ភ្នំពេញ ៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានលើកឡើងថា ក្នុងនាមលោកជាប្រធានត្រូវដឹកនាំ គ.ជ.ប ឲ្យបានល្អ។ក្នុងលោកបង្ហាញអត្ថន័យថា «គំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ»។
ក្នុងពិធីសំណេះសំណាល និងផ្សព្វផ្សាយការងារ បោះឆ្នោតជូនដល់មន្ដ្រីលេខាធិការដ្ឋានរៀបចំការបោះ ឆ្នោត ល.ខ.ប ខេត្តតាកែវ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០ លោក ស៊ិក ប៊ុនហុក មានប្រសាសន៍ថា«ខ្ញុំចុះមកនេះ ខ្ញុំមិនមែនមកបោកប្រាស់មន្រ្តី ឬនរណាឲ្យដើរផ្លូវខុសទេ ហើយភាពជោគជ័យរាល់កិច្ចការទាំង ឡាយ ទាំងពួង គឺស្ថិតនៅលើមេដឹកនាំ ។ បើមេដឹកនាំល្អ គឺល្អហើយ ហើយមេដឹកនាំអាក្រក់ដូច ប៉ុល ពត នឹងនាំគ្រោះថ្នាក់ដល់ជាតិ និងមាតុភូមិ ដូច្នេះខ្ញុំជាមេ ជាប្រធាន គ.ជ.ប ខ្ញុំត្រូវដឹកនាំ គ.ជ.ប ឲ្យបានល្អ មាន ន័យថាគំនិតខ្ញុំគិតល្អ វាសនាស្រុកទេសខ្ញុំក៏ល្អដែរ»។
លោកបន្ដថា ហេតុអ្វីបានជាលោកត្រូវចុះទូទាំងប្រទេស? លោកបកស្រាយថា លោកចុះមកធ្វើការកែទម្រង់ គឺលោកត្រូវស្វែងយល់ឲ្យឃើញថា តើគេកំពុងតែត្រូវការអ្វីនៅតាមលេខាធិការដ្ឋាន រាជធានី-ខេត្ត រៀបចំការបោះឆ្នោតនេះ? ធ្វើម៉េចឲ្យមានប្រក្រតី ភាព នៃការបោះឆ្នោត? ការងារបច្ចេកទេស យ៉ាងម៉េច? ហើយតើត្រូវប្រយ័ត្នប្រយែងយ៉ាងម៉េចខ្លះ បើទោះបីធ្វើបានហើយ ។ ប៉ុន្តែចំណុចដែលនៅ សេសសល់ គឺត្រូវការជួយពីថ្នាក់កណ្ដាល ម្ល៉េះហើយថ្នាក់ក្រោមនេះ គឺត្រូវខិតខំធ្វើឲ្យបានធ្វើម៉េចឲ្យការបោះឆ្នោតនៅពេលដែលចប់ទៅ មានសន្តិភាព និងស្ថិរភាពស្រុកទេស៕ ដោយ ៖ អេង ប៊ូឆេង