នយោបាយ

វិភាគ: បណ្តាប្រទេសនៅតំបន់អាស៊ី បារម្ភខ្លាចធ្លាក់ក្នុងសង្គ្រាមត្រជាក់ថ្មី នៅពេលខាងមុខ

បច្ចុប្បន្នភាព

ប្រព័ន្ធផ្សព្វផ្សាយ South China Morning Post បានចុះផ្សាយថា បណ្តាមេដឹកនាំនៅប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជាមេដឹកនាំនៅបណ្តាប្រទេសជុំវិញពិភពលោក បានបង្ហាញនូវក្តីបារម្ភយ៉ាងខ្លាំង ដោយខ្លាចប្រទេសរបស់ខ្លួនធ្លាក់ចូលទៅក្នុងសង្គ្រាម ត្រជាក់ថ្មី ។

សូមបញ្ជាក់ជូនថា សង្គ្រាមត្រជាក់ មិនមែនជាសង្គ្រាមប្រយុទ្ធគ្នា ដោយអាវុធនោះទេ ប៉ុន្តែសង្គ្រាមនេះមានគ្រោះថ្នាក់ ដល់បណ្តាប្រទេសនៅលើពិភពលោកជាងសង្គ្រាមដោយអាវុធទៅទៀត និងធ្លាប់កើតមានកាលពីអតីតកាល ម្តងរួចមកហើយ ។

សង្គ្រាមត្រជាក់ ជាសង្គ្រាមប្រកួតប្រជែងអំណាច និងដណ្តើមឥទ្ធិពលគ្នារវាងប្រទេសមហាអំណាចនៅលើពិភពលោក ទាំងផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងទាំងកងកម្លាំងយោធា ផងដែរ ។

ក្នុងសង្គ្រាមត្រជាក់ ប្រទេសមហាអំណាចបានប្រើប្រាស់យុទ្ធសាស្ត្រគ្រប់បែបយ៉ាង ដើម្បីទាក់ទាញការគាំទ្រពីប្រទេសមហាអំណាចដូចគ្នា និងប្រទេសតូចតាចនៅលើពិភពលោក ឬអាចនិយាយបានថា ព្យាយាមយកប្រទេសតូចជាសម្ព័ន្ធមិត្តរបស់ខ្លួន ។

កាលពីមុនសង្គ្រាមលោកលើកទី២ ពិភពលោកបានស្គាល់នូវពាក្យថា អាណានិគមន៍ គឺប្រទេសខ្លាំងបានដាក់អំណាចត្រួតត្រា របស់ខ្លួនលើប្រទេសតូចតាច ហើយនៅពេលបច្ចុប្បន្ននេះ ប្រទេសសម្ព័ន្ធមិត្តត្រូវបានប្រើជំនួសប្រទេសក្រោមអាណានិគមន៍ ។

សូមរំលឹកជូនថា ក្រោយពីសង្គ្រាមលោកលើកទី២ត្រូវបានបញ្ចប់ កាលពីឆ្នាំ១៩៤៥កន្លងទៅ ប្រទេសមហាអំណាច២នៅលើពិភពលោក គឺសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត បានបញ្ឆេះសង្គ្រាមត្រជាក់ឡើងយ៉ាងពេញទំហឹង ។

មនុស្សរាប់លាននាក់នៅលើពិភពលោក បានបាត់បង់ជីវិតក្នុងសង្គ្រាមត្រជាក់រវាងមហាអំណាចទាំង២ និងប្រទេសជាច្រើនបានទទួលរងគ្រោះដោយផ្ទាល់ និងដោយប្រយោល ពីសង្គ្រាមត្រជាក់នោះ ហើយសង្គ្រាមត្រជាក់នោះ បានស្ងប់ស្ងាត់ទៅវិញស្ទើរតែទាំងស្រុង ក្រោយអតីតសហភាពសូវៀត បានដួលរលំកាលពីឆ្នាំ១៩៩៩កន្លងទៅ ។

ជាឧទាហរណ៍ ប្រទេសកូរ៉េខាងត្បូង និងខាងជើង ត្រូវបានបែងចែកជា២ផ្នែកដាច់ដោយឡែកពីគ្នារហូតដល់ពេលបច្ចុប្បន្ននេះ ក៏ដោយសារសង្គ្រាមត្រជាក់រវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀតដែរ ។

ក្រោយឆ្នាំ១៩៤៥ សហរដ្ឋអាមេរិកបានចាប់យកកូរ៉េខាងត្បូង ដោយដាក់ពង្រាយកងកម្លាំងយោធារបស់ខ្លួននៅកូរ៉េខាងត្បូង ហើយអតីតសហភាពសូវៀត បានចាប់យកកូរ៉េខាងជើង និងបានដាក់ពង្រាយកងកម្លាំងយោធា របស់ខ្លួននៅកូរ៉េខាងជើងដែរ ។

នៅពេលបច្ចុប្បន្ននេះ ទោះបីជាអតីតសហភាពសូវៀត បានដួលរលំទៅហើយក៏ដោយ ក៏នៅមានប្រទេសរុស្ស៊ីជាអ្នកតំណាងដែរ ដែលនៅតែប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ដោយមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ។

ក្រុមអ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ បានលើកឡើងថា សង្គ្រាមត្រជាក់ថ្មី គឺជាសង្គ្រាមត្រជាក់ដែលបញ្ឆេះឡើងដោយសហរដ្ឋអាមេរិក និងប្រទេសចិន ទោះបីជាមេដឹកនាំរបស់ប្រទេសទាំង២ បានបដិសេធមិនធ្វើសង្គ្រាមត្រជាក់ជាមួយគ្នាក៏ដោយ ។

ក្រុមអ្នកជំនាញដដែល បានបន្តថា ចិន និងអាមេរិក បានបង្ហាញពីបំណងធ្វើសង្គ្រាមត្រជាក់ថ្មីជាមួយគ្នាយ៉ាងពិតប្រាកដនៅក្នុងមហាសន្និបាតលើកទី៧៥ឆ្នាំនៃអង្គការសហប្រជាជាតិ តាមរយៈការវាយប្រហារគ្នារវាងមេដឹកនាំនៃប្រទេសមហាអំណាចទាំងពីរ ។

កាលពីថ្ងៃ​ពុធ ទី២៣ ខែកញ្ញា ​ជា​ថ្ងៃ​ទី២នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ ដែលត្រូវបានរៀបចំឡើងក្នុង​រយៈពេល១សប្តាហ៍ ​ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ហើយមេដឹកនាំពិភពលោកបានចូលរួមតាម Video Conference ។

តែទោះជាយ៉ាងនេះក្តី សុន្ទរកថារបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃប្រទេសសមាជិកទាំង១៩៣ប្រទេសត្រូវចាក់ផ្សាយជាបន្តបន្ទាប់នៅក្នុងមហាសន្និបាត ដែលជាក់ស្តែងកាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា សុន្ទរកថារបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកអង់តូនីញ៉ូ ហ្គោតេរ៉េស ត្រូវបានចាក់ផ្សាយនៅក្នុងមហាសន្និបាត ។

បន្ទាប់មក សុន្ទរកថារបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សុន្ទរកថារបស់លោកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន និងសុន្តរកថារបស់ប្រធានាធិបតីអ៊ីរ៉ង់ លោក ហាសាន រ៉ូហានី ត្រូវបានចាក់ផ្សាយ ប៉ុន្តែសុន្ទរកថារបស់លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង ទេដែលបានធ្វើឲ្យកក្រើកខ្លាំង និងខ្ចរខ្ចាយនៅផ្ទៃក្នុង និងនៅក្រៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិ ។

ដើមចមនាំអោយកើតរឿង

ដើមចមនាំអោយកើតរឿង គឺដោយសារមេដឹកនាំកំពូលរបស់សហរដ្ឋអាមេរិក​ និងមេដឹកនាំរបស់ប្រទេសចិន បានវាយប្រហារគ្នាដោយពាក្យសម្តីយ៉ាងខ្លាំងនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ដោយបង្ហាញពីភាពមិនចុះសម្រុងគ្នា ។

មានសំណុំរឿងច្រើនណាស់ដែលសហរដ្ឋអាមេរិកក្នុងជំនាន់លោក ដូណាល់ ត្រាំ និងប្រទេសចិន បាននិយាយមិនចុះសម្រុងគ្នា និងមានការយល់ឃើញខុសគ្នា ទោះនៅក្នុងទំនាក់ទំនងទ្វេភាគី ឬពហុភាគី ទោះនៅក្នុងរឿងរឿងសេដ្ឋកិច្ច ឬរឿងភូមិសាស្រ្តនយោបាយ ។

ខ្លឹមសារចំនួន១ភាគ៣នៃសុន្ទរកថារបស់ លោក ត្រាំ គឺសំដៅវាយប្រហារចិនដោយផ្ទាល់ ដោយលោក ត្រាំ បានហៅវីរុសCovid-19 ថាជាវីរុសចិន និងបានអំពាវនាវឲ្យអង្គការសហប្រជាជាតិទម្លាក់ការទទួលខុសត្រូវលើប្រទេសចិន ចំពោះរឿងផ្ទុះវីរុសនេះឡើង ។

នៅក្រោយការចាក់ផ្សាយសុន្ទរកថារបស់ លោក ត្រាំ បានប៉ុន្មាននាទី គឺជាការចាក់ផ្សាយសុន្ទរកថារបស់ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ដោយលោក ស៊ី បានឆ្លើយបកនឹងលោក ត្រាំ វិញដោយមិននិយាយចំឈ្មោះអាមេរិកថា ចិនគ្មានបំណងចូលក្នុងសង្រ្គាមត្រជាក់ និងអំពាវនាវកុំឲ្យយករឿងវីរុសCovid-19ជារឿងនយោបាយ ។

លោក ស៊ី ជីនពីង ហាក់មិនសូវឆេវឆាវ និងហាក់មិនបានវាយបកចាស់ដៃត្រង់ៗលើលោកត្រាំទេ ប៉ុន្តែចិនក៏មិនបានឈរឱបដៃដើម្បីស្តាប់ការវាយប្រហាររបស់ លោក ដូណាល់ ត្រាំដើម្បីជាការកំសាន្តដែរ ។

ក្រោយសុន្ទកថារបស់លោក ស៊ី ជីនពីង ភ្លាម ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក ហ្សាង ជុន បានចេញមុខជម្រះបញ្ជីភ្លាមជាមួយ លោក ដូណាល់ ត្រាំ ដោយបានចាត់ទុកការចោទចិនរបស់លោកត្រាំថាជា ការចោទគ្មានមូលដ្ឋានត្រឹមត្រូវ ។

លោក ហ្សាង ជុន បានថ្លែងថា ខណៈដែលពិភពលោកកំពុងខ្នះខ្នែងប្រឆាំងនឹងកូវីសCovid-19 អាមេរិកបែរជាកំពុងសាយភាយវីរុស​ នយោបាយនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ ទៅវិញ ។

បើមានអ្នកណាម្នាក់ជាអ្នកទទួលខុសត្រូវក្នុងរឿងវីរុសCovid-19 គឺគ្មានអ្នកណាក្រៅពីអាមេរិកនោះទេ ដែលគ្មានការទទួលខុសត្រូវ ដោយទុកបណ្តោយឲ្យមានពលរដ្ឋអាមេរិកស្លាប់រហូតដល់ជាង២០ម៉ឺនាក់រួចហើយ ៕ ប្រែសម្រួលៈ អ៊ី ជិន

To Top