ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបលើកទី៧២ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ ឆ្នាំ២០២០នេះ លោក ជិន ម៉ាលីន បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធ មិនគួរយកទិវានេះ និយាយញុះញង់ បំផ្លើស បំភ្លៃខុសពីការពិត ដោយដាក់សម្ពាធ លើតុលាការ ដែលជាស្ថាប័នឯករាជ្យ ឲ្យដោះលែង ឬទម្លាក់ចោលបទចោទ ចំពោះជនជាប់ចោទ កំពុងស្ថិតក្នុងដំណើរការ នីតិវិធីរបស់តុលាការ ។
លោក ជិន ម៉ាលីនបានថ្លែងបន្តថា អ្វីដែលគួរធ្វើនិងមិនគួរធ្វើ សម្រាប់គ្រប់ភាគីពាក់ព័ន្ធ ក្នុងថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ ធ្នូ នេះ គឺគួររួមគ្នាថ្លែងសារ និងធ្វើសកម្មភាពដែលជាប្រយោជន៍ដល់សង្គម ជាពិសេសសារ ដែលមានន័យជាការអប់រំ ពលរដ្ឋឲ្យយល់ដឹងពី សិទ្ធិនិងច្បាប់ និងការអនុវត្តសិទ្ធិសេរីភាព ត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងការអនុវត្ត សិទ្ធិដោយបំពាន បះពាល់សិទ្ធិសេរីភាពអ្នកដ៏ទៃ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដែលអាចនាំឲ្យមានការប្រឈមមុខ តាមផ្លូវច្បាប់ ជាយថាហេតុណាមួយ ។
លោកថា មិនគួរឆ្លៀតប្រើប្រាស់ទិវានេះជារបៀបវារៈនយោបាយ ក្នុងការរិះគន់និងបន្តុះបង្អាប់រដ្ឋាភិបាល និងសមត្ថកិច្ច ដោយថ្លែងសារនយោបាយដែល មានចរិតជាការញុះញង់ បំផ្លើស បំភ្លៃ ខុសពីការពិត និងមានខ្លឹមសារផ្ទុយ ពីរដ្ឋធម្មនុញ្ញនិងច្បាប់ របស់កម្ពុជានោះទេ ដូចជាការដាក់សម្ពាធ លើតុលាការ ដែលជាស្ថាប័នឯករាជ្យ ឲ្យធ្វើការដោះលែង ឬទម្លាក់ចោលបទចោទ ចំពោះជនជាប់ចោទ ដែលកំពុងស្ថិតក្នុងដំណើរការ នីតិវិធីរបស់តុលាការ ជាដើម។ល។”។
លោកបន្ថែមថា ទង្វើនិងសកម្មភាព ក្នុងការការពារដោយបំពានច្បាប់ ចំពោះជនដែលបាន ប្រព្រឹត្តល្មើស ទៅនឹងច្បាប់បែបនេះ មិនមែនជាកិច្ចគាំពារ និងលើកស្ទួយ សិទ្ធិមនុស្សនោះទេ តែផ្ទុយទៅវិញ បាននិងកំពុងលើកទឹកចិត្ត មនុស្សឲ្យកាន់តែ ធ្វើសកម្មភាព បំពានច្បាប់ ដោយមិនមានការញញើត ខ្លាចរអា និង រៀងចាល ។
លោកថា ដែលចំណុចទាំងអស់នេះ អាចបង្កជាហានិភ័យធ្ងន់ធ្ងរ ដល់សង្គម។
ជាញឹកញាប់ឃើញថា សហគមន៍អន្តរជាតិ និងអតីត មន្រ្តីបក្សប្រឆាំង តែងតែស្នើឲ្យតុលាការទំលាក់ បទចោទប្រកាន់នានា មកលើលោកកឹម សុខានិងអតីតបក្សប្រឆាំងមួយចំនួនទៀត ដែលសំណុំរឿង ស្ថិតក្នុងដៃតុលាការ ៕