នយោបាយ

វិភាគ ៖ ចំណាត់ការក្តៅ របស់លោក ត្រាំ លើអ៊ីរ៉ង់ ធ្វើអោយអ៊ីរ៉ង់ ចំណេញ ថាមពល នុយក្លេអ៊ែរ

បច្ចុប្បន្នភាព

ក្រុមអធិការកិច្ច សព្វាវុធអង្គការសហប្រជាជាតិ (United Nation Weapon Inspectors) bបានចេញរបាយការណ៍មួយ កាលពីថ្ងៃពុធ ទី១៦ ខែធ្នូនេះ ស្តីអំពីការរីកចម្រើន ផ្នែកសព្វាវុធ និងថាមពលនុយក្លេអ៊ែរ របស់ប្រទេសអ៊ីរ៉ង់ ដោយសារចំណាត់ការក្តៅ របស់លោក ត្រាំ ។

ប្រភពដដែលបានបន្តថា ចំណាត់ការក្តៅ របស់ប្រធានាធិបតីជិតផុតអាណត្តិ សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាឡើងវិញ និងការដាក់សម្ពាធ ផ្នែកយោធាលើអ៊ីរ៉ង់ មិនបានទទួលផលចំណេញអ្វីទេពីអ៊ីរ៉ង់ ។

ផ្ទុយទៅវិញ អ៊ីរ៉ង់បានឆក់ឱកាស នៃភាពតានតឹងជាមួយអាមេរិក ផលិតគ្រាប់កាំជ្រួចផ្លោង និងមីស៊ីល បាលីស្ទិក ជាច្រើនប្រភេទ និងបានបាញ់សាកល្បង ជាញឹកញាប់ដោយយកលេស លើចំណាត់ការក្តៅរបស់លោក ដូណាល់ ត្រាំ ។

ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) បានបរិយាយនៅក្នុងរបាយការណ៍ទី២ របស់ខ្លួនថា ប្រទេសអ៊ីរ៉ង់មានបរិមាណ ស្តុកសារធាតុអ៊ុយរ៉ានីញ៉ូម ដែលបានចម្រើនរួចហើយ ប្រមាណ២១០៥គីឡូក្រាម ពោលគឺស្មើនឹង១០ដងនៃបរិមាណសារធាតុអ៊ុយរ៉ានីញ៉ូម ដែលអ៊ីរ៉ង់ អាចមានសិទ្ធិស្តុកទៅតាមការចែង នៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ។

ការស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងបរិមាណលើសកំណត់ក្នុងកិច្ចព្រមព្រៀងបែបនេះ គឺដោយសារអ៊ីរ៉ង់ខឹងនឹងអាមេរិក ដែលត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ច លើខ្លួនសាជាថ្មី ដែលអ៊ីរ៉ង់ធ្លាប់បានប្រកាសពីចេតនា កាត់បន្ថយ ការគោរព កិច្ចសន្យារបស់ខ្លួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ដោយបានត្រលប់ទៅបង្កើនបរិមាណស្តុកអ៊ុយរ៉ានីញ៉ូម ដែលចម្រើនរួច និងបង្កើនអត្រាចម្រើនធាតុអ៊ុយរ៉ានីញ៉ូម ឲ្យកាន់តែខ្ពស់ជាងមុន ។

ចំណែកសមាគមគ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិក បានវាយតម្លៃថា ដើម្បីអាចផលិតអាវុធនុយក្លេអ៊ែរបាន ប្រទេសអ៊ីរ៉ង់ អាចត្រូវការសារធាតុអ៊ុយរ៉ានីញ៉ូម ដែលចម្រើនរួចហើយ ក្នុងអត្រា ៣,៦៧% ប្រមាណ១០៥០គីឡូក្រាម ហើយបន្ទាប់មកទៀត អ៊ីរ៉ង់ត្រូវការបង្កើនអត្រាចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមដល់ទៅ៩០% ដើម្បីអាចផលិតបានអាវុធនុយក្លេអ៊ែរ ។
ក្រុមអ្នកជំនាញផ្នែកនុយក្លេអ៊ែរ បានលើកឡើងថា ប្រទេសអ៊ីរ៉ង់ត្រូវការពេលវេលាយូរឆ្នាំថែមទៀត ទម្រាំអាចមានសមត្ថភាពអាចផលិត អាវុធនុយក្លេអ៊ែរបាន ប៉ុន្តែអ៊ីរ៉ង់បានអះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនមានគោលដៅស៊ីវិល និងគ្មានមហិច្ឆតាចង់ផលិតអាវុធមហាប្រល័យ ទៅតាមការចោទប្រកាន់របស់អាមេរិកនោះទេ ។

ចាប់តាំងពីលោក ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ ក្នុងឆ្នាំ២០១៨ និងបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មី ប្រឆាំងអ៊ីរ៉ង់មក កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយប្រទេសមហាអំណាច៥+១ មានសុខភាពទន់ខ្សោយយ៉ាងខ្លាំង ដោយសារអ៊ីរ៉ង់ មិនគោរពតាមកិច្ចព្រមព្រៀងទាំងស្រុង ។

ប្រទេសមហាអំណាចទាំង៥ គឺជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអចិន្ត្រៃយ៍ របស់អង្គការសហប្រជាជាតិ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងងង់គ្លេស បូករួមទាំងប្រទេសអាល្លឺម៉ង់មួយទៀត ដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ។

មូលហេតុ គឺមកពីអ៊ីរ៉ង់បានសងសឹក ដាក់សហរដ្ឋអាមេរិកវិញតាំងពីខែឧសភា ឆ្នាំ ២០១៩កន្លងទៅ ដោយផ្តើមមិនគោរពពាក្យសន្យាមួយចំនួន ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀង ជាពិសេសគឺបង្កើនការស្តុក និងការចម្រើនធាតុអ៊ុយរ៉ានីញ៉ូម លើសអត្រាកំនត់ ។

លើសពីនេះ និងក្រោយពីមានឃាតកម្មសម្លាប់អ្នកជំនាញ នុយក្លេអ៊ែរអ៊ីរ៉ង់ លោក Mohsen Fakhrizadeh កាលពីដំណាច់ខែវិច្ឆិកា អ៊ីរ៉ង់បានបង្កើនការផ្គើន ដាក់សហគមន៍អន្តរជាតិ មួយកម្រិតទៀតដោយដំឡើងឧបករណ៍ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ចំនួន៣បន្ថែមនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរ Natanz ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសអ៊ីរ៉ង់ បន្តមហិច្ឆិតាផលិតអាវុធនុយក្លេអ៊ែរ គឺដោយសារប្រទេសនេះ ព្យាយាមបង្កើនឥទ្ធិពលរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា មាននៅប្រទេសអ៊ីរ៉ាក់ ស៊ីរី លីបង់ ប៉ាឡេស្ទីន និងប្រយេមែនជាដើម ដែលជាប្រទេសក្នុងតំបន់តែមួយ ។

ការបង្កើនឥទ្ធិពលអ៊ីរ៉ង់ បានធ្វើអោយប៉ះពាល់យ៉ាងខ្លាំងដល់ឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តក្នុងតំបន់នេះដែរ ដែលនាំអោយសហរដ្ឋអាមេរិក ព្យាយាមជាន់ពន្លិចអ៊ីរ៉ង់ មិនអោយងើបរួច ។

អ៊ីរ៉ង់មិនលិចតាមការជាន់ឈ្លី របស់អាមេរិកទេ ដោយសារប្រទេសនេះ ជាមហាសេដ្ឋីប្រេងឥន្ធនៈ និងជាប្រទេសមានជីវភាពធូរធា ដែលអាចរើបម្រះ បានពីការជាន់ពន្លិច របស់សហរដ្ឋអាមេរិក រហូតដល់បច្ចុប្បន្ននេះ ។

អ្នកជំនាញផ្នែកនយោបាយអន្តរជាតិ បាននិយាយថា ប្រសិនបើអ៊ីរ៉ង់មានអវុធនុយក្លេអ៊ែរ អាមេរិក និងសម្ព័ន្ធមិត្ត នឹងមិនអាចប៉ះពាល់អ៊ីរ៉ង់បានទេ ហើយឥទ្ធិពល របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ នឹងគ្របដណ្តប់ពេញតំបន់មជ្ឈិមបូព៌ា ៕
ដោយ ៖ អ៊ី ជិន

To Top