នយោបាយ

ក្រសួងយុត្តិធម៌ ៖ កម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនប្រព្រឹត្តល្មើសច្បាប់ ពុំមានអ្វីចម្លែកឡើយ

ភ្នំពេញ ៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា កម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនប្រព្រឹត្តល្មើសច្បាប់ ពុំមានអ្វីចម្លែកឡើយ ហើយអាជ្ញាធរប្រទេសណាក៏ដោយ មានកាតព្វកិច្ចអនុវត្ត នូវមុខការរបស់ខ្លួនដែរ។

លោក គឹម សន្ដិភាព បានសរសេរនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ ថា «អាជ្ញាធរមានសមត្ថកិច្ច ក្នុងប្រទេសណាក៏ដោយ គឺមានកាតព្វកិច្ចអនុវត្តនូវមុខការរបស់ខ្លួន ក្នុងការ បង្រ្កាបបទល្មើស និងអនុវត្តរាល់សេចក្តីសម្រេចរបស់តុលាការ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខសាន្តរបស់ ប្រជាពលរដ្ឋ!។ ការដែលកម្ពុជាអនុវត្តច្បាប់របស់ខ្លួន ចំពោះជនដែល ប្រព្រឹត្តល្មើសច្បាប់ ក៏ពុំមានអ្វីចម្លែកនោះដែរ!»។

លោក គឹម សន្ដិភាព បានលើកឡើងបែបនេះ ស្របពេលលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើលិខិតទៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ឲ្យចាត់វិធានការតាមច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុត ចំពោះ ទណ្ឌិត សម រង្ស៉ី ដែលប្រមាថ យ៉ាងធ្ងន់ធ្ងរចំពោះអង្គព្រះមហាក្សត្រកម្ពុជា។

ក្នុងលិខិតរបស់រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្ញើបែប នេះបន្ទាប់ពី ទណ្ឌិត សម រង្ស៉ី បានបង្ហោះសារ តាមបណ្តាញសង្គម Facebook កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ដោយមានខ្លឹមសារថា «ឥឡូវនេះ ហ៊ុន សែន ស្ងាត់ជ្រាបក្នុងរឿងនេះ (រឿងរៃអង្គាសលុយ ពីប្រជាពលរដ្ឋ ដើម្បីទិញវ៉ាក់សាំង ចាក់បង្ការជំងឺកូវីដ-១៩) ហើយគាត់ត្រៀមសងលុយសប្បុរសជន ដែលចាញ់បោកគាត់ មានទាំងស្តេចទីងមោងផងដែរ»៕

To Top