នយោបាយ

លោក ពេជ្រ ស្រស់ ៖ ក្រុម សម រង្ស៊ី និង មូរ សុខហួរ កំពុងប្រើល្បិច បោកបញ្ឆោតដើម្បីប្រមូលលុយ ពីអ្នកគាំទ្រដែលងប់ងល់

ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរកំពុងបណ្ដាក់សេណារីយោគ្នាយ៉ាងស៊ីសង្វាក់ក្នុងគោលបំណងប្រមូលលុយពីអ្នកគាំទ្រងប់ងុលរបស់ខ្លួន ហើយបោកបញ្ឆោតអ្នកនៅក្នុងស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ។

លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះបន្ទាប់ពី លោកស្រី មូរ សុខហួរកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន កាលពីថ្ងៃទី១៥ ខែមករា ទៅដល់ទីក្រុង Los Angels សហរដ្ឋអាមេរិក នៅថ្ងៃ ទី១៦ ខែមករានិងបន្តដំណើរទៅកាន់ព្រលានយន្តហោះ Los Angels ដើម្បីហោះមកកាន់ប្រទេសសិង្ហបុរី ដោយប្រកាសថានឹងបន្តដំណើរមកកម្ពុជាប៉ុន្តែលោកស្រីត្រូវបានបុគ្គលិកព្រលានយន្តហោះបញ្ជាក់ថាមិនមានឯកសារគ្រប់គ្រាន់ក្នុងការហោះចេញពីសហរដ្ឋអាមេរិកនោះទេ។

ក្នុងលិខិតចំហរជុំវិញក្រុមអ្នកនយោបាយជើងមិនជាប់ដីដែលតែងតែប្រើល្បិចកលបោកប្រាស់មកលើប្រជាពលរដ្ឋខ្មែរ  លោកពេជ្រ ស្រស់ បានលើកឡើងថាយើងទាំងអស់គ្នាបានដឹងហើយថា មានក្រុមអ្នកនយោបាយពហុសញ្ជាតិនៅក្រៅប្រទេសមួយចំនួន បើនិយាយឱ្យចំទៅគឺ លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ ព្រមទាំងបក្ខពួកមួយដំបរស្វាតែងតែបោកបញ្ឆោតអ្នកគាំទ្រខ្លួន និងសាធារណជន នៅកលល្បិចដដែលៗ ហើយពួកនោះចែកគ្នាដើរតួជាអ្នកក្លាហានចូលស្រុកខ្មែរ ប៉ុន្តែមិនដែលឃើញធ្វើតាមការសន្យាម្ដងណាឡើយ។

លោកពេជ្រ ស្រស់ បញ្ជាក់ថា” ទាំងតួឯក និងតួរង (លោក សម រង្ស៉ី និងលោកស្រី មូរ សុខហួរ) កំពុងបណ្ដាក់សេណារីយោគ្នាយ៉ាងស៊ីសង្វាក់ក្នុងគោលបំណងប្រមូលលុយពីអ្នកគាំទ្រងប់ងុលរបស់ខ្លួន ហើយបោកបញ្ឆោតអ្នកនៅក្នុងស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ទាំងពួកនោះដឹងច្បាស់ហើយថា ការចូលទៅប្រទេសណាមួយគឺត្រូវមានលិខិតចេញ-ចូលត្រឹមត្រូវ (VISA) តែពួកនោះគ្មាន (VISA) ចូលស្រុកខ្មែរទេ ថែមទាំងប៉ាស្ទ័រ ខ្មែរក៏ត្រូវបានបិទទៀត ចុះហេតុអ្វីបានជាត្រូវពួកនោះកញ្ជ្រោលខ្លាំងម៉្លេះ អំពីការចូលមកស្រុកខ្មែរនេះ? ទង្វើនេះសបញ្ជាក់ឱ្យឃើញថាជាទង្វើបោកប្រាស់សុទ្ធសាធជាពិសេសជាទង្វើធ្វើពាណិជ្ជកម្មលើអ្នកគាំទ្រងប់ងុលមួយចំនួន និងបោកបញ្ឆោតសតិអារម្មណ៍មហាជនយ៉ាងគឃ្លើនផងដែរ”។

លោកពេជ្រ ស្រស់ បានអំពាវនាវដល់ជនរួមជាតិ ជាពិសេសបងប្អូនលង់ខ្លួនជឿលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ដែលមានពហុសញ្ជាតិទាំងនោះ សូមភ្ញាក់រលឹកឡើងពីព្រោះថា លោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ កំពុងតែបោកប្រាស់ពួកគេដោយមិនអាចប្រកែកបានឡើយ។ ដូច្នេះពួកលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរ ព្រមទាំងបក្ខពួក គឺគ្មានថ្ងៃបន្តជីវិតនយោបាយ បានទៀតឡើយ៕

To Top