នយោបាយ

ទស្សនៈនិងមតិ៖ អាមេរិក ធ្វើពុតជាស្រលាញ់ កឹម សុខា សោះអង្គើយដាក់ សម រង្ស៊ី!

ដោយ៖ ទុំ សុមាល័យ

ភ្នំពេញ៖ សហរដ្ឋអាមេរិក ក្នុងពេលថ្មីៗនេះ បានប្ដូរយុទ្ធវិធីរបស់ខ្លួន ចំពោះនយោបាយនៅកម្ពុជា ដោយក្នុងនោះសហរដ្ឋអាមេរិក ដាក់ចេញនូវយុទ្ធវិធី គំរាម បំបែកបំបាក់ ដើម្បីគ្រប់គ្រង ចុងក្រោយផលប្រយោជន៍របស់ខ្លួន។

យោងតាមការចុះផ្សាយ របស់វិទ្យុ អាស៊ីសេរី (RFA) នៅយប់ថ្ងៃ២៨ មករា ២០២១ អោយដឹងថាឯកអគ្គរដ្ឋសហរដ្ឋអាមេរិក ចេញមុខរិះគន់ចំៗ ចំពោះអាជ្ញាធរកម្ពុជា ដែលផ្អិបទុកសំណុំរឿង អតីតមេបក្សប្រឆាំង លោក កឹម សុខា ដោយមិនកំណត់ពេលសាវនាការ។

វិទ្យុអាស៊ីសេរី (RFA) បានផ្សាយថា តំណាងរដ្ឋាភិបាលសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បន្តទទូចអោយរដ្ឋាភិបាលភ្នំពេញ ផ្ដល់សិទ្ធធ្វើនយោបាយ ដល់អតីតមេបក្សប្រឆាំងលោក កឹម សុខា ឡើងវិញ។ការអំពាវនាវនេះ ក្រោយពីមានជំនួប របស់ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ដោយបានទៅជួបលោក កឹម សុខា ដល់គេហដ្ឋានផ្ទាល់ របស់លោកតែម្ដង កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ក្រោយពេលសហរដ្ឋអាមេរិក មានប្រធានាធបតីថ្មី មកពីគណប្សប្រជាធិបតេយ្យ គឺលោក ចូ ប៉ៃដិន (Joe Biden ) ។

លោក ប៉ាទ្រីក ម័រហ្វី បានគូសបញ្ជាក់នៅលើបណ្ដាញធ្វីតធ័រ (Twitter) ថា សហរដ្ឋអាមេរិកចង់ឃើញលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយ ហើយប្រជាពលរដ្ឋខ្មែរអាចចូលរួម នៅក្នុងដំណើរការនយោបាយ បានដូចដើមឡើងវិញ។ លោក ប៉ាទ្រីក ម័រហ៊្វី មានប្រសាសន៍ភ្ជាប់ទៅនឹងរឿងក្តីលោក កឹម សុខា ដែលតុលាការផ្អឹបទុកនោះថា យុត្តិធម៌ដែលយឺតយ៉ាវ មានន័យស្មើនឹងគ្មានយុត្តិធម៌យ៉ាងដូច្នេះដែរ។

ចំណែកលោក កឹម សុខា វិញ លោកបានសរសេរលើហ្វេសប៊ុក (Facebook) ថា លោកអរគុណដល់សហរដ្ឋអាមេរិកដែលទទួលស្គាល់គុណតម្លៃរបស់លោក ក្នុងការងារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហរដែលលោកប្រកាន់ខ្ជាប់ គឺគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយបញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋខ្មែរ។ លោក កឹម សុខា ថ្លែងទៀតថា ទោះជាលោកមិនមានសិទ្ធិសេរីភាពពេញលេញក៏ដោយ ក៏លោកនៅតែខ្វាយខ្វល់ ចុះជួប និងជួយដល់ពលរដ្ឋរងគ្រោះតាមលទ្ធភាពដែលលោកអាចធ្វើបាន។ មេបក្សប្រឆាំងរូបនេះបន្ថែមថា លោកសង្ឃឹមថា សហរដ្ឋអាមេរិកនឹងបន្តជួយដល់ពលរដ្ឋខ្មែរលើវិស័យនានា ដូចដែលសហរដ្ឋអាមេរិកធ្លាប់បានធ្វើ ដោយផ្សារភ្ជាប់ជីវភាពរស់នៅ និងសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ។

ចំណែកខាងរដ្ឋាភិបាលវិញ ធ្លាប់បាននិយាយថា វាអាស្រ័យទៅលើតុលាការ ព្រោះវាជាឆន្ទានុសិទ្ធ របស់តុលាការ និងបញ្ជាក់អំពីឯករាជ្យភាព របស់តុលាការផងដែរ។

ដោយឡែកព័ត៌មានមិនផ្លូវការ ផ្សេងទៀត បានអោយដឹងថា ដំណើរការកាត់ទោស លោក កឹម សុខា អាចនឹងចាប់ផ្ដើមបន្តសារជាថ្មី នៅឆ្នាំ២០២៤។

អ្នកវិភាគបាននិយាយថា សហរដ្ឋអាមេរិក នៅពេលនេះ ពុំមែនសហរដ្ឋអាមេរិក ក្រោយការផ្ដួលរំលំ សហភាពសូវៀត នោះឡើយ។ សហរដ្ឋអាមេរិកនៅពេលនេះ ត្រូវប្រកួតប្រជែង ជាមួយមហាយក្សចិន ដែលគេរំពឹងថា ប្រទេសចិននឹងក្លាយជា មហាអំណាចទី១ នៅលើពិភពលោក ក្នុងពេលខាងមុខ។ ម្យ៉ាងទៀតសម្រាប់ពិភពលោក បច្ចុប្បន្នការប្រកួតប្រជែងគ្នា រវាងមហាអំណាចទាំងពីរ តាមរូបភាព BRI(គំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់) និង Indo-Pacific (យុទ្ធសាស្រ្តសេរីបើកចំហរ) ។

អ្នកវិភាគបាននិយាយថា រដ្ឋាភិបាលកម្ពុជា ជាប្រទេសស្ថាបនិក បង្កើត BRI រីឯអតីតមេដឹកនាំបក្សប្រឆាំង បង្កើតឡើង ដោយសហរដ្ឋអាមេរិក។

បច្ចុប្បន្ននេះ BRI មានឥទ្ធិពលខ្លាំង ទាំងក្នុងក្របខណ្ឌពិភពលោក និងតំបន់ ជាក់ស្ដែងកម្ពុជាទទូលបាន មនុញ្ញផល យ៉ាងច្រើន រីឯ Indo-Pacific បង្កើតឡើងនូវតែរឿងក្ដៅក្រហាយ ញុះញុង ក្រោមលេសអោយខ្មែរគោរព កិច្ចព្រមព្រៀងក្រុងប៉ារីស ២៣ តុលា ១៩៩១ គោរពសិទ្ធមនុស្ស និងនយោបាយពហុបក្ស តែនោះគ្រាន់តែជាលេស ធាតុពិតគឺគេផ្ដួលអំណាច រដ្ឋាភិបាលភ្នំពេញ ដើម្បីផលប្រយោជន៍ គេតែប៉ុណ្ណោះ។

អ្នកវិភាគបាននិយាយទៀតថា សហរដ្ឋអាមេរិកបានយល់ នូវស្ថានការទាំងអស់នេះ ថារដ្ឋាភិបាលកម្ពុជា មានទំនាក់ទំនងដែកថែបជាមួយចិន ដូច្នេះសហរដ្ឋអេមេរិក ប្ដូរយុទ្ធវិធី ដៃម្ខាងព្យាយាមសម្របសម្រួល ជាមួយរដ្ឋាភិបាលភ្នំពេញ ដើម្បីប្រយោជន៍ និងដៃម្ខាងទៀតបំបែកបំបាក់ លើកម្ខាងទំលាក់ម្ខាង ដើម្បីគ្រប់គ្រង។បច្ចុប្បន្ននេះ សហរដ្ឋអេមេរិកទុកក្រុម សម រង្ស៊ី មួយអង្លើរ នៅក្រៅប្រទេស ហើយមកឈឺឆ្អាលលោក កឹម សុខា ដើម្បីអោយក្រុមនេះ បង្កើតបក្ស សម្រាប់ការបោះឆ្នោតខាងមុខ ដើម្បីអោយស្របទៅតាម គោលការណ៍ របស់លោកខាងលិច រួចហើយទីបំផុត សហរដ្ឋអាមេរិក ត្រូវទាមទារផលប្រយោជន៍ពីខ្មែរ។

អ្នកវិភាគនិយាយថា អាមេរិកគ្មានខ្មែរនៅក្នុងយុទ្ធសាស្រ្ត (កែវភ្នែក) ទេ បន្តិចទៀតសហរដ្ឋអាមេរិក នឹងរករឿងនៅសមុទ្ររាម តារាសាគរ ទន្លេមេគង្គ…៕

To Top