បច្ចុប្បន្នភាព: ប្រព័ន្ធផ្សព្វផ្សាយ CNA បានចុះផ្សាយ នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈនេះថា ប្រមុខដឹកនាំយោធា ដ៏មានឥទ្ធិពលរបស់សហភាពមីយ៉ានម៉ា លោក មីន អ៊ុង លាំង (Min Aung Hlain) បានព្រមានដល់បុគ្គលិក បម្រើការងារនៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល អោយចូលបម្រើ ការងាររបស់ខ្លួនវិញ ដោយកុំទៅចូលរួម ធ្វើបាតុកម្ម ។
នេះគឺជាលើកដំបូងហើយ សម្រាប់ប្រមុខដឹកនាំកំពូល កងកម្លាំងយោធារូបនេះ ដែលបានចេញនូវការព្រមាន ជាសាធារណៈ តាមកញ្ចក់ទូរទស្សន៍ ចាប់តាំងពីបានធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលស៊ីវិល របស់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១នេះ ។
ការព្រមាន របស់លោក មីន អ៊ុង លាំង ត្រូវបានធ្វើឡើងខណៈដែលក្រុមបាតុករ កាន់តែច្រើន ប្រមាណជាង១០ម៉ឺននាក់ ដែលបាតុករមួយចំនួន ជាបុគ្គលិកបម្រើការងារ នៅតាមក្រុមហ៊ុនឯកជន និងតាមស្ថាប័ននានា របស់រដ្ឋាភិបាល បានចូលរួមធ្វើបាតុកម្មនៅទូទាំងប្រទេស ចាប់តាំងពីក្រោយថ្ងៃដែល កងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ។
លោក ច ទីន ស្វេ (Kyaw Tint Swe) សមាជិកគណៈកម្មការព័ត៌មាន របស់របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) បាននិយាយថា បុគ្គលិកនៅក្រសួងសុខាភិបាល ក្រសួងអប់រំ និងបុគ្គលិកនៅស្ថាប័នមួយចំនួនទៀត បានចេញទៅធ្វើបាតុកម្ម ជាមួយប្រជាពលរដ្ឋ មកពីគ្រប់មជ្ឈដ្ឋាន នៅទូទាំងប្រទេស ។
លោក ច ទីន ស្វេ បានបន្ថែមថា ការចេញធ្វើបាតុកម្ម របស់បុគ្គលិករដ្ឋ និងឯកជន បានធ្វើអោយចរន្តការងារ មួយចំនួននៅក្នុងស្ថាប័នរដ្ឋ និងឯកជន មានភាពរអាក់រអួល យ៉ាងខ្លាំង ជាពិសេស គឺអ្នកជំងឺនៅតាមមន្ទីរពេទ្យនានា នៅក្នុងប្រទេសនេះ កំពុងប្រឈមដោយគ្មាន ក្រុមគ្រូពេទ្យគ្រប់គ្រាន់ សម្រាប់ព្យាបាលអ្នកជំងឺ ខណៈដែលសាលារៀនខ្លះ ត្រូវបានបិទទ្វារ ដោយសារគ្រូបង្រៀន បានចេញទៅធ្វើបាតុកម្ម ។
អ្នកជំនាញខាង កិច្ចការនយោបាយ នៅតំបន់អាស៊ី-អាគ្នេយ៍ បាននិយាយថា ក្រោយពីកងកម្លាំងយោធា បានធ្វើរដ្ឋប្រហារ ប្រទេសនេះ កំពុងប្រឈមមុខនឹង វិបត្តិធំៗ៤យ៉ាង គឺវិបត្តិនយោបាយ វិបត្តិសន្តិសុខ វិបត្តិសេដ្ឋកិច្ច និងវិបត្តិសុខភាព ដែលកើតចេញ ពីការឆ្លងរាលដាលវីរុសCovid-19នៅទូទាំងប្រទេស ។
អ្នកជំនាញដដែលបានបន្តថា វិបត្តិនយោបាយ នៅក្នុងប្រទេសនេះ អាចនឹងអូសបន្លាយ រយៈពេលយូរ ប្រសិនបើមេដឹកនាំខាងយោធា និងស៊ីល មិនបានជួបពិភាក្សាគ្នាក្នុងការស្វែងរកដំណោះស្រាយ ដោយសារតែ កងកម្លាំងយោធាបានប្រកាស ដាក់ប្រទេសនេះ ក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ ទើបបើកអោយមានការ បោះឆ្នោតឡើងវិញ ។
វិបត្តិសន្តិសុខក៏ដូចគ្នាដែរ ប្រសិនបើក្រុមប្រជា បាតុករនៅតែបន្តចេញទៅ ធ្វើបាតុកម្មប្រឆាំង នឹងរដ្ឋប្រហាររបស់កងកម្លាំងយោធាហើយកងកម្លាំងយោធា នៅតែបន្តបង្ក្រាបលើក្រុមបាតុករ ដូចនៅពេលបច្ចុប្បន្ននេះ វិបត្តិសន្តិសុខនឹងអាចកើតឡើង ដោយចៀសមិនរួច ដោយសារតែកំហឹងទាំងខាងជនស៊ីវិល និងយោធា ។
វិបត្តិសេដ្ឋកិច្ច ក៏ចាប់ផ្តើមកើតមានដែរ នៅពេលខាងមុខ ដោយសារប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈនេះថា រដ្ឋបាលរបស់លោក បានសម្រេចដាក់ទណ្ឌកម្ម សេដ្ឋកិច្ចទៅលើ របបយោធាមីយ៉ានម៉ា និងបន្តដាក់ទណ្ឌកម្មបន្ថែមទៀតនៅពេលខាងមុខ ។
ចំណែកវិបត្តិសុខភាព ដែលកើតចេញពីការ ឆ្លងរាលដាលវីរុសCovid-19 ក៏នឹងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរ សម្រាប់ប្រទេសនេះដែរនៅពេលខាងមុខ ខណៈដែលនៅពេល បច្ចុប្បន្ននេះ សហភាពមីយ៉ានម៉ា មានការឆ្លងរាលដាលវីរុសCovid-19 សរុបប្រមាណជាង១៤ម៉ឺនករណី និងអ្នកស្លាប់សរុបដោយសារវីរុសនេះ ប្រមាណជាង៣ពាន់នាក់ ។
អ្នកជំនាញផ្នែកជំងឺឆ្លង របស់អង្គការសុខភាព ពិភពលោក (WHO) បានប៉ាន់ប្រមាណថា យ៉ាងតិចរយៈពេល២សប្តាហ៍ខាងមុខបរិមាណនៃការឆ្លងរាលដាលវីរុសCovid-19 នៅសហភាពមីយ៉ានម៉ា អាចនឹងមានកំណើនទ្វេដង បើប្រៀបធៀប នឹងពេលបច្ចុប្បន្ននេះ ។
ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ ប្រមុខដឹកនាំយោធា របស់សហភាពមីយ៉ានម៉ាព្រមាន គឺដោយ សារស្ថានភាពបាតុកម្ម របស់ក្រុមប្រជាបាតុករ នៅពេលបច្ចុប្បន្ននេះ បានរីករាលដាលកាន់តែធំឡើងជាលំដាប់ ហើយប្រសិនបើ មិនចាត់វិធានការបង្ក្រាបទេ រដ្ឋាភិបាលយោធា អាចនឹងដួលរំលំ ដោយសារស្នាដៃ របស់ក្រុមបាតុករ ជាក់ជាមិនខាន ។
រហូតមកដល់ពេលនេះ កងកម្លាំងយោធា បានចាប់ខ្លួនមនុស្សប្រមាណ ជាង២០០នាក់ ហើយ ដែលជាមេក្លោងដឹកនាំក្រុមបាតុករធ្វើបាតុកម្ម ហើយកងកម្លាំងយោធាក៏បានចាប់ផ្តើមបង្ក្រាប លើក្រុមបាតុករដែរ ប៉ុន្តែការបង្ក្រាបក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករពីសំណាក់កងកម្លាំងយោធា ហាក់ដូចជា នៅស្រាលដៃនៅឡើយ ។
ដើម្បីទប់ស្កាត់ កុំអោយក្រុមបាតុករ ប្រមូលគ្នាបានច្រើន ក្នុងការចេញទៅធ្វើបាតុកម្ម ប្រឆាំងរបបសឹក កងកម្លាំងយោធា បានកាត់ផ្តាច់ប្រព័ន្ធ បណ្តាញសង្គមមួយចំនួនមានប្រព័ន្ធ Facebook ជាដើមចាប់តាំងពី ថ្ងៃអង្គារដើមសប្តាហ៍មុន ។
ប៉ុន្តែចំណាត់ការទប់ស្កាត់ របស់របបសឹក មិនអាន់ទប់ស្កាត់កំណើនក្រុមបាតុករ ដែលបានចេញទៅ ធ្វើបាតុកម្មនោះទេ ដែលចាំបាច់កងកម្លាំងយោធា ត្រូវតែបង្ក្រាប បើពុំនោះទេ របបសឹកនឹងអាចដួលរលំ ឬពិបាកក្នុងការរក្សាអំណាច ៕
អ៊ី ជិន Written by Chin Sarim Page 3