នយោបាយ

បណ្ដាសារភូមិសាស្រ្ត ភូមានៅក្នុងចន្លោះនៃយក្សទាំង៤ក្នុងតំបន់!(Video)

          កត្តាភូមិសាស្រ្តនិងបញ្ហាជនជាតិ គឺជាបច្ច័យមួយដ៏លំបាកស្មុគស្មាញ បំផុតក្នុងការធ្វើឲ្យប្រទេសភូមាពុំមានសន្តិភាព ស្ថិរភាពរហូតមកដល់ថ្ងៃនេះ!។ ហើយកត្តាយោធាភិបាលនិងបច្ច័យជនជាតិ ជាអាទិភាពទីមួយក្នុងរាល់កិច្ចការ ចម្បងសម្រាប់អ្នកនយោបាយគ្រប់រូប និងគ្រប់រដ្ឋាភិបាលក្រោយពីឡើងកាន់ អំណាច ត្រូវចូលរួមសកម្មដោះស្រាយឲ្យបានរលូន និងសុក្រឹត្យបំផុត ចៀស វាងការជាន់ដានប្រវត្តិសាស្រ្ត ​ដែលប្រទេសភូមា បានស្ថិតនៅក្នុងទីតាំងនៃ បណ្ដាសារ ភូមិសាស្រ្តហើយនោះ!។​

          ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឧត្តមសេនីយ៍  Aung San គឺ កិច្ចព្រមព្រៀងPanLongមួយ ត្រូវបានរៀបចំឡើងដែលខ្លឹមសារនៅក្នុងកិច្ច ព្រមព្រៀង PanLongនេះ គឺជាការធានាសិទ្ធិសេរីភាព និងផលប្រយោជន៍ ដល់គ្រប់ជនជាតិShan, Chin, Karen, Kachin, Kayin, Kayah, Mon, និង Rakhineរួមទាំងការធានាដោយសេរីនូវការជ្រើសរើសរបបនយោបាយរបស់ជនជាតិនីមួយៗផង!។ភាពស្មុគស្មាញដោះមិនចេញនេះអាច កើតមកពីពួកចក្រពត្តិអង់គ្លេស និងពួកហ្វាក់ស៊ីសជប៉ុនក្នុងសម័យកាលសង្រ្គាមលោក លើកទី២ ពេលដែលមហាអំណាចទាំងពីរនេះធ្វើការត្រួតត្រាមកលើភូមា ហើយពួកគេតែងតែប្រើប្រាស់នយោបាយបំបែកបំបាក់ដើម្បីត្រួតត្រាមកលើសង្គមភូមានោះ!។ ភាពអកុសលរបស់ភូមាក្នុងសម័យអាណានិគម គឺប្រទេស​ខ្លួន​ជាដែនដីអាណានិគមរបស់អាណានិគម ដែលពុំមែនជាអាណានិគមរបស់ ចក្រពត្តិ! ដោយភូមាជាដែនដីអាណានិគមរបស់ឥណ្ឌា ក្នុងពេលដែលឥណ្ឌា ក៏កំពុង ស្ថិតនៅក្រោមអំណាចអាណានិគមរបស់អង់គ្លេសនោះ!។

ភូមាមាន១៣៥ជនជាតិនិងមានសាសនាជំនឿផ្សេងគ្នាជាច្រើន ហើយ ដោយមានសាសនាផ្សេងគ្នាយ៉ាងនេះ ដែលជាកត្តាភ្ជាប់ទៅជាមួយ ជនជាតិក្នុងការទាមទារបំបែករដ្ឋ បង្កើតប្រទេសផ្សេងគ្នាដាច់ដោយឡែក មកពីសាសនា និង ពូជសាសន៍ដែលមានរហូតមកដល់ ថ្ងៃនេះ!។ ឈរលើ មូលដ្ឋានមិនចុះសម្រុងនេះ ទើបរដ្ឋធម្មនុញ្ញដំបូងរបស់ភូមា ឆ្នាំ១៩៤៧ បានដាក់ឈ្មោះប្រទេសថា សហព័ន្ធសាធារណរដ្ឋសង្គមនិយមភូមា ដោយមិន ប្រកាន់យកលទ្ធិប្រជាធិបតេយ្យ  សេរី និងការគ្រប់គ្រងប្រទេសផ្អែក មកលើ កម្លាំងប្រដាប់ អាវុធនិងនគរបាល ដោយមិនអនុញ្ញាតឲ្យមានគណបក្ស ប្រឆាំងក្នុងពេលនោះ!។

ការតស៊ូទាមទារឯករាជ្យរបស់ភូមា(១៨៨៦១៩៤១)

Photograph-of-Thakin-Nu-(1898-1974)-the-last-British-Governor-of-Burma-and-Sao-Shwe-Thaik-(1894-1962)-the-first-President-of-the-Union-of-Burma,-during-the-Independence-Day-celebrations-in-Burma.-Dated-20th-Century (Photo by Google)

          ដំណើរការគ្រប់គ្រងរបស់អាណានិគមអង់គ្លេសមកលើភូមា ដោយពួកនេះគឹឆ្លៀតឱកាសមានភាពវឹកវរនៅភូមា ព្រមទាំងខ្លាចមានការជ្រៀតជ្រែក អន្តរាគមន៍ របស់បារាំងចូលមកភូមាធ្វើឲ្យបាត់បង់នូវផលលាភអំពីសម្បត្តិ ធម្មជាតិនោះ ទើប Dufferin អគ្គទេសាភិបាលអង់គ្លេសប្រចាំនៅឥណ្ឌា  បានរកលេស ឧបាយកល បើកការវាយប្រហារចូលមករាជធានី Mandalay  របស់ភូមា!។

បន្ទាប់ពីកាន់កាប់ត្រួតត្រាភូមាបានទាំងស្រុងហើយ ពួកអាណានិគម អង់គ្លេស បាននាំគ្នាឆក់ប្លន់ទ្រព្យសម្បត្តិភូមាតាមតែអំពើចិត្ត ដែល ក្នុងនោះ នយោបាយបំបែកបំបាក់ជាតិសាសន៍ គឺជាអំពើមួយដ៏ថោកទាបបំផុត  ដែលបន្សល់ទុកមកឲ្យភូមានូវផលវិបាកក្នុងសង្គមរហូតមកដល់ថ្ងៃនេះ!។

          ពួកចក្រពត្តិអង់គ្លេសបានលើក Karen ដែលជាដែនដីមួយនៅភាគ ខាងលិចភូមា ឲ្យទទួលសិទ្ធិឯករាជ្យយោងទៅតាមកិច្ចព្រមព្រៀង១៨៧៥ ក្រោម អំណាចអាណាព្យាបាលរបស់អង់គ្លេស!។ ហើយបើពួកមេកន្ទ្រាញរបស់ដែនដី Shan ភាគខាងជើងរបស់ភូមាវិញ ត្រូវបានលើកតម្កើងទទួលមុខងារជាប្រមុខ ដឹកនាំដ៏កំពូលរបស់តំបន់ទាំងនេះ រួមទាំងការទទួលនូវបណ្ដាបុព្វសិទ្ធិអនុគ្រោះ យ៉ាងច្រើនពីអង់គ្លេស!។ បើនៅក្នុងតំបន់ជនជាតិKachin វិញ ពួកមេកន្ទ្រាញ នេះក៏ត្រូវបានប្រគល់ជូននូវអភ័យឯកសិទ្ធិយ៉ាងច្រើនទៀតជាងពួកShan ! តែបើបណ្ដាតំបន់របស់ជនជាតិភាគតិចជាប់ទៅនឹងប្រទេសចិន ដូចជាជនជាតិ Wa, Naga, Chin ល-ល គឺពួកអង់គ្លេសបានត្រួតត្រាមកលើជនជាតិទាំងនេះ តាមបែបផែនរបបគ្រប់គ្រងនាម៉ឺនតំបន់និយម!។

មើលពីក្រៅទៅដូចជាពួកអង់គ្លេសមានមេត្តាធម៌ណាស់ ស្រឡាញ់ គ្រប់ជនជាតិ មានការស្មើភាព លើកកម្ពស់និងយកចិតត្តទុកដាក់ចំពោះភាពក្រីក្រដល់គ្រប់ជាតិសាសន៍! តែការពិត​នេះជាឧក្រិដ្ឋកម្មក្នុងប្រវត្តិសាស្រ្ត ដ៏ខ្មៅងងឹត ដ៏សោកនាដកម្មរបស់អង់គ្លេសបានសាប ព្រោះមកលើប្រជាជាតិ ភូមាសុទ្ធសាធ!។ ក្រោយពីអង់គ្លេសបានចូលមក​កាន់កាប់តំបន់ទាំងនេះ នៅឆ្នាំ១៨២៦មក បានបន្សល់ទុកមកឲ្យប្រជាជាតិភូមា​នៅតែ​ទឹកភ្នែក ការឈឺ ចាប់ពីការបាត់បង់ ទឹកដីរហូតដល់ការបាត់បង់នូវព្រលឹងជាតិ​ទាំងមូល!។​ ទឹកដីទាំងមូលរបស់ភូមា ត្រូវបានកាត់បែងចែកអស់ មានដែនដី​ខ្លះដូចជាតំបន់ Tenasserim, Arakan, Assam, Manipur, រួមទាំងខេត្ត Pegu ល-ល ត្រូវបានធ្លាក់ ទៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឥណ្ឌាខាងកើត ដែល​ជា​ក្រុមហ៊ុនកម្មសិទ្ធិមួយរបស់អង់គ្លេស!ក្រោយមកដែនដីទាំងអស់នេះបានក្លាយទៅជាទឹកដី របស់ ឥណ្ឌាទៅ ដោយការអារកាត់របស់ចក្រពត្តិអង់គ្លេស! ដែលនេះហើយ​ជា​បែប ផែនអាណានិគមនិយមក្នុងការអនុវត្តន៍នយោបាយបែងចែកដើម្បី​គ្រប់គ្រង (Divide and Rule Policy)នោះ!។ ដល់ឆ្នាំ១៩៤០ ពួកហ្វាក់ស៊ីសជប៉ុន​ចាប់ ចូលកាន់កាប់តំបន់អាស៊ីអាគ្នេយ៍ និងប្រទេសភូមា ដើម្បីបើកសមរភូមិ វាយប្រហារមក លើកងទ័ពសម្ព័ន្ធមិត្ត មាន អង់គ្លេសជាដើម។ ពេលនោះ Aung San ជាមួយមិត្តស្លាប់រស់គឺ U Nu រួមគ្នាបង្កើតកងកម្លាំងប្រដាប់អាវុធ​មាន​ឈ្មោះ​ហៅថា “កងទ័ពឥស្សរភូមា” ក្នុងគោលបំណងវាយបណ្ដេញទាំងអង់គ្លេស ទាំងជប៉ុន ចេញពីភូមា!។ ជាយុត្តិធម៌ពីដើមឡើយ  “កងទ័ពឥស្សរភូមា”នេះក៏ ប្រឡាក់ឈាមមានទោស ជាមួយប្រជាជនភូមាយ៉ាងច្រើនដែរ ដោយពួកគេ បានបាញ់សម្លាប់ជនភូមាណាដែលបានដើរតាមនិងគាំទ្រកងទ័ពអង់គ្លេសនាពេលនោះ!។

ការតស៊ូរបស់កងទ័ពឥស្សរភូមាបាននាំមកឲ្យមានកិច្ចព្រមព្រៀង Panlong  ហើយលើមូលដ្ឋានPanlongនេះ ជាបុព្វបទឆ្ពោះទៅកាន់ប្រទេសភូមាមួយ ឯកភាព និងឯករាជ្យ ដែលប្រការនេះនាំឲ្យប្រជាជនភូមាប្រសិទ្ធនាម Aung San ដែលជាបិតាលោកស្រី Aung San  Suu Kyi ថាជាបិតាបង្កើតរដ្ឋភូមានោះ!។ តែជាអកុសល មុនភូមាទទួលបានឯករាជ្យប៉ុន្មានខែសោះ គឺនៅខែកក្កដា ១៩៤៧ ក្នុងពេលប្រជុំជាមួយអនាគតរដ្ឋមន្ត្រីមួយចំនួន ស្រាប់តែមាន សមាសភាពប្រដាប់អាវុធមួយក្រុមចូលមកបាញ់រះសម្លាប់Aung san និងរដ្ឋមន្រ្តីមួយចំនួនទៅ ដែលពេលនោះលោកស្រី Aung San Suu Kyi ទើបមានអាយុ២ឆ្នាំ ។ ពេលនោះដែរ U Saw ជាឥស្សរជនមួយរូបដែលប្រកាន់ យកលទ្ធិជាតិនិយមតឹងរ៉ឹង មិនឯកភាពទទួលយករដ្ឋភូមាមួយ ដែលមានចម្រុះជាតិសាសន៍ Shan, Chin, Kachin, Kasen, ល-ល រួមរស់ជាមួយគ្នាបាន ត្រូវតែបណ្ដេញចេញអស់ពីទឹកដីភូមា ត្រូវបានចោទប្រកាន់ថាជាអ្នកនៅ ពីក្រោយការសម្លាប់ Aung San ហើយត្រូវប្រហារជីវិតទៅ!។

ឥស្សរជនភូមា ដែលលេចធ្លោក្នុងសម័យអាណានិគម!

          បន្ទាប់ពី Aung San និង U Saw ស្លាប់ទៅ ក៏មានវីរជនមួយរូបដែលត្រូវ បានសង្គមភូមាពេលនោះចាត់ទុកជាបុគ្គលដែលមានលក្ខណៈសម្បត្តិនិងនីតិ សម្បទានឈ្លាសវៃដូចAung San គឺលោក Thakin Than Tun ដែលជាបងថ្លៃ របស់Aung San ។ ក្នុងសម័យតស៊ូ Aung Sanជាអ្នកនិយមកណ្ដាល មានគំនិត សាមគ្គីភាពចំពោះគណបក្សទាំងអស់ រួមទាំងការបង្រួបបង្រួមជាតិសាសន៍ ទាំងអស់ក្រោមរដ្ឋភូមាតែមួយ បើ U Saw វិញជាអ្នកនិយមបរទេសចង់បាន ប្រទេសភូមាមួយឯករាជ្យ តែបន្តស្ថិតនៅក្នុងសហភាពCommonwealth របស់អង់គ្លេសដូចជា អូស្រ្តាលី កាណាដា ញ៉ូហ្សេឡែន ល-លតែបើ Thakin Than Tun វិញជាជនកុម្មុយយនីស្តនិយម ទើបបានក្លាយទៅជាមេដឹកនាំរបស់ពួក​       កុម្មុយនីស្តភូមាទៅ!។ ក៏ប៉ុន្តែដោយផលប្រយោជន៍ និងមនោគមន៍វិជ្ជាមិនចុះសម្រុងគ្នា​បក្សកុម្មុយនីស្តភូមាបានបែកទៅជាពីរក្រុម ដែលមួយជា               បក្សកុម្មុយនីស្ត​ទង់ក្រហម និងមួយទៀតជាបក្សកុម្មុយនីស្តទង់ស ដែលទង់សមួយនេះជាកម្មសិទ្ធិរបស់  Than Tun មានទំនាក់ទំនងសហការជាមួយAung San ក្នុងការប្រឆាំងទៅនឹង​អនុភាពខាងក្រៅ!។

          ក៏ប៉ុន្តែក្រោយពីការស្លាប់របស់Aung San ឆ្នាំ១៩៤៧មក បក្សកុម្មុយនីស្ត​ទង់សរបស់ Than Tun បានដកខ្លួនទៅកាន់តំបន់ភាគខាងជើងហើយដោយមានការ​គាំទ្រ​ពីចិន កម្លាំងទង់សនេះបានធ្វើសកម្មភាពបះបោរ អុកឡុករហូតមកដល់​ថ្ងៃនេះ​នៅភូមា!។ នៅឆ្នាំ១៩៦៧ Than Tun បានស្លាប់ នៅលើដីចិន ក្នុងខេត្តគុនមីងទៅ!។

          ក្រោយពីអុកឡុក បះបោរ បំផ្លិចបំផ្លាញអស់រយៈកាលជាង២០ឆ្នាំមក នៅឆ្នាំ ១៩៦៣ បក្សកុម្មុយនីស្តទង់ក្រហមត្រូវបានវាយកម្ទេច ចុះចាញ់​រដ្ឋាភិបាល Rangoon ដោយពេលនោះចិនលែងគាំទ្រ បោះបង់ចោល​កម្លាំង​ទង់ក្រហម ប្ដូរមកគាំទ្រ រដ្ឋាភិបាលRangoon ដឹកនាំដោយ Ne Win វិញ!។

          ចំពោះThan Tunវិញជាបញ្ញវ័ន្តមានការចេះដឹង និងឈ្លាសវៃតែបានសម្រេចដើរខុសដោយពុំបានបម្រើឲ្យផលប្រយោជន៍ជាតិព្រោះបក្សកុម្មុយនីស្តទង់ស របស់Than Tun ក៏បានធ្វើឲ្យប្រទេសភូមាហិនហោច បែកបាក់ គ្មានការរីកចម្រើន អភិឌ្ឍន៍​អស់រយៈកាលជាង២០ឆ្នាំផងដែរ!។

          U Nu ជាឥស្សរជនទី២ ត្រូវបានជ្រើសរើសធ្វើជានាយករដ្ឋមន្រ្តីដំបូង​នៅឆ្នាំ ១៩៤៨ បន្ទាប់ពីAung Sanស្លាប់។ ក្នុងសម័យកាលនោះU Nu បានដឹកនាំប្រទេសភូមាមួយប្រកាន់យករបបសភាធិបតេយ្យជាសហព័ន្ធ សមភាពរវាងប្រជាជាតិទាំងអស់និងស្មើភាពរវាងគណបក្សទាំងអស់!។ U Nu ជាអ្នក​ស្រឡាញ់មាគ៌ាដឹកនាំជាសង្គមនិយម និងគោរពព្រះពុទ្ធសាសនា ដោយ​គួបផ្សំទ្រឹស្តីពីរនេះសង្គមនិយម និងព្រះពុទ្ធសាសនា ជាបន្ទាត់នយោបាយ​ក្នុងការ​ដឹកនាំប្រទេសដោយប្រកាន់យកអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ព្រមទាំងដាច់ខាតមិនចូលរួមក្នុងសង្រ្គាមនៅឥណ្ឌូចិន ជាពិសេសគឺ​នៅ​វៀតណាម!។

          ក៏ប៉ុន្តែបញ្ហាសុខភាពរបស់U Nu បានក្លាយទៅជាប្រធានបទធំក្នុងឧបសគ្គ​ដឹកនាំប្រទេស! គួបផ្សំទៅនឹងបញ្ហាសុខភាពមិនអនុគ្រោះក៏មានកើតឡើងនូវបញ្ហា​ស្មុគស្មាញដោះមិនចេញ បង្កទៅជាភាពចលាចលនៅក្នុងភូមា គឺមានក្រុមទាហាន​បាក់ទ័ពរបស់ជៀង កាយជៀក រាប់ពាន់នាក់រត់គេចខ្លួនពីចិនចូលមកជ្រកកោន​នៅតាមបណ្ដោយព្រំដែនភូមា បង្កើតទៅជាក្រុមចោរព្រៃ ឧទ្ទាមដែលU Nu ពុំអាចដោះស្រាយបាន!។

          នៅឆ្នាំ១៩៥៨ U Nu ឈប់សម្រាកពីការងារបណ្ដោះអាសន្នដោយស្នើឲ្យ​ឧត្តមសេនីយ៍ Ne Win កាន់កាប់ជំនួសជានាយករដ្ឋមន្រ្តី តែ២ឆ្នាំក្រោយមក Ne Win បានរដ្ឋប្រហារU Nu បញ្ចប់យុគសម័យដឹកនាំប្រទេសដោយ​លទ្ធិ​ប្រជាធិបតេយ្យចាប់ពីពេលនោះមក។

U Thant បញ្ញវ័ន្តអាស៊ីត្រូវបានគោរពនិងកោតសសើរក្នុងសម័យកាលសង្រ្គាមត្រជាក់!

          មោទកភាពបំផុតរបស់ភូមាក្នុងសតវត្សរ៍ទី២០ គឺមានលោក U Thant ជាអគ្គលេខាធិការរបស់UNដំបូងដែលមានកំណើតពីអាស៊ី។ លោក U Thant ជាមន្រ្តីមួយរូបដែលមានទេព្យកោសលការទូតខ្ពស់ មាននីតិសម្បទាន​នយោបាយក្នុងការដោះស្រាយបញ្ហាពីរដែលស្មុគស្មាញលំបាកបំផុតនាពេលនោះ គឺវិបត្តិ Congo និងវិបត្តិកាំជ្រួចនៅCuba!។ U Thant ចេញមុខទទល់និង​ជួបប្រាស្រ័យ​ផ្ទាល់ជាមួយអាមេរិក និងសូវៀតក្នុងការបញ្ចុះបញ្ចូលឲ្យមានការដកកាំជ្រួច​ទាំងអស់ចេញពីអឺរ៉ុប និងចេញពីCuba !។ចំពោះបញ្ហាCongo លោក U Thant ប្ដេជ្ញាធានាឥស្សរភាពរបស់Congo ដោយបង្ខំឲ្យកងទ័ពបរទេសទាំងអស់រួមមាន​អាមេរិក បែលហ្សិក និងសូវៀតត្រូវដកចេញអស់ពីCongo បន្ទាប់មកលោកមាន​វិធានការក្នុងការបើកដៃឲ្យកងទ័ពរក្សាសន្តិភាពរបស់UNវាយប្រហារមកលើពួកឧទ្ទាមបំបែកខ្លួននៅតំបន់Kantaga ដោយបង្ខំតំបន់អបគមន៍មួយនេះចូលមកCongo វិញ!។ លោក U Thant ជាមិត្តដ៏ស្និទរបស់លោក U Nu លោកប្រឆាំងដាច់ខាត​ចំពោះអំណាចផ្ដាច់ការរបស់លោក Ne win ។ លោក U Thant ជាបរិស័ទ​នយោបាយម្នាក់ប្រកាន់ខ្ជាប់ទៅនឹងគោលគំនិតអព្យាក្រឹត្យ មិនចូលបក្សសម្ព័ន្ធ ការពារផលប្រយោជន៍ដល់ពួកប្រទេសក្រីក្រក្នុងតតីយលោក ប្រឆាំងទៅ​នឹង​អំណាចចក្រពត្តិពេលលោកជាអគ្គលេខាធិការUN។

          Ne Win ឡើងកាន់អំណាចនៅឆ្នាំ១៩៦២ បន្ទាប់ពីការធ្វើរដ្ឋប្រហារទម្លាក់​លោក U Nu ។ Ne Win ដឹកនាំប្រទេសភូមាដោយប្រកាន់នូវរបបយោធាភិបាលផ្ដាច់ការ​ ដើរតាមមាគ៌ាសង្គមនិយម របៀបសហភាពសូវៀត ឥតមានសភា ឥតមានរដ្ឋស្វយ័ត រំលាយគណបក្សនយោបាយទាំងអស់ បង្កើតកសិដ្ឋាន​សមូហភាព ជាតូបនីយកម្មគ្រឹះស្ថានឧស្សាហកម្ម ពាណិជ្ជកម្ម រដ្ឋផ្ដាច់មុខ​ក្នុងការធ្វើសេដ្ឋកិច្ចល-ល។ បង្កើតទំនាក់ទំនងជិតស្និទជាមួយ សាធារណរដ្ឋ​ប្រជាមានិតចិន ព្រមទាំងវាយកម្ចាត់កងទ័ពសេសសល់របស់ ជៀង កាយជៀក ចេញអស់ពីតំបន់ព្រំដែនរបស់ភូមា!។ ការខុសឆ្គងរបស់ Ne Win ក្នុងរយៈពេល​កាន់​អំណាចបាននាំឲ្យភូមាជួបប្រទះទៅនឹងមហន្តរាយសេដ្ឋកិច្ចពីប្រទេស​នាំអង្ករឈរលំដាប់លេខ១ នៅអាស៊ី ក្លាយទៅជាប្រទេសក្រីក្របំផុតនៅ​ក្នុង​តំបន់​ អតិផរណាឡើងដល់កម្រិត៧៥% ដែលលុយភូមាថោកដូច​ក្រដាស​កាសែត​នោះ!។

          នៅចុងខែវិច្ឆិកា ១៩៧៧ Ne Win បានមកទស្សនកិច្ចជាច្រើនថ្ងៃនៅកម្ពុជា ពេលដែលរបបខ្មែរក្រហមកំពុងកាន់កាប់កម្ពុជា។

ភាពខឹង​សម្បារ ទោមស្សរបស់ប្រជាជនភូមាបាននាំឲ្យមានឧបទ្ទវហេតុនយោបាយថ្ងៃទី៨ ខែ សីហា ឆ្នាំ ១៩៨៨ ដែលគេហៅថាចលនា ៨៨៨៨ នាំឲ្យមានការបាញ់សម្លាប់ហ្វូងបាតុករ ដែលព្រឹត្តិការណ៍នយោបាយ​នេះ​បានដើរហួសបន្ទាត់ក្រហម!។

          ឧត្តមសេនីយ៍  Saw Maung ពេលនោះជាអគ្គមេបញ្ជាការ និងជារដ្ឋមន្រ្តី​ការពារជាតិបានធ្វើរដ្ឋប្រហារទម្លាក់ Ne Win រួចបានបង្កើតឡើងនូវ​ក្រុមប្រឹក្សាស្ដារសណ្ដាប់ធ្នាប់និងច្បាប់រដ្ឋ State Law and Order Restoration Council (SLORC) ដោយសន្យាដឹកនាំប្រទេសតាមបែបផែនប្រជាធិបតេយ្យដូចសម័យកាលរបស់លោកU Nu !។ ក៏ប៉ុន្តែក្រោយពីការបោះឆ្នោតឆ្នាំ១៩៩០លទ្ធផលបានបញ្ជាក់ឲ្យឃើញថាគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យNLDរបស់លោកស្រី អ៊ុងសាន ស៊ូជី ដណ្ដើមបានជ័យជំនះ!។នៅចំពោះមុខលទ្ធផលជោគជ័យរបស់គណបក្សNLDនេះ បានធ្វើឲ្យ SLORC ជាពិសេសគឺ Saw Maung បាត់ភាពម្ចាស់ការ​ ក្នុងភាពជាអ្នក​ដឹកនាំប្រទេស!។ ភាពស្ទាក់ស្ទើរមិនហ៊ានអារកាត់សម្រេចអ្វីទាំងអស់នេះ នៅចំពោះមុខជ័យជំនះរបស់NLDបានជំរុញឲ្យឧត្តមសេនីយ៍ Than Shwe  ចេញមុខប្រកាសបដិសេធ​មិនទទួល​ស្គាល់លទ្ធផលការបោះឆ្នោត រួចចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី ឃុំនៅ​ក្នុងផ្ទះទៅ!។ លោក Saw Maung ស្រាប់តែបាត់ពីឆាកនយោបាយ លោក Than Shwe បានក្លាយទៅជាប្រមុខដឹកនាំពិតប្រាកដរបស់SLORCនិងបានគ្រប់គ្រង​ប្រទេសភូមាទាំងមូលទៅ!។

          អស់រយៈកាល១០ឆ្នាំនៃការដឹកនាំប្រទេសភូមារបស់SLORCក្រោមការបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ Than Shwe ភូមាក៏ពុំមានការវិវត្តន៍ប្រែប្រួល​ណាមួយ​ធំដុំ ក្រៅអំពីការទប់ទល់ដោះស្រាយបញ្ហាផ្ទៃក្នុងមិនចេះចប់ ដោយ​សង្រ្គាម​ក្នុងស្រុកប្រឆាំងជាមួយពួកបាក់ទ័ពជៀង កាយជៀក និងបណ្ដាពួកឧទ្ទាម​ក្នុងរដ្ឋShan  Kachin ល-ល។ ស្ថានភាពនេះបានអូសបន្លាយរហូតដល់មានការបោះឆ្នោតខែវិច្ឆិកា ២០១០​ទើបមានការផ្លាស់ប្ដូរក្នុងគោលនយោបាយនិងមានគំនិតផ្ដួចផ្ដើមល្អៗច្រើន!។

          ឧត្តមសេនីយ៍ Thein Sein ឡើងកាន់អំណាចបន្ទាប់ពីលោក Than Shwe ដកខ្លួនចូល​សម្រាកពីឆាកនយោបាយ។ ប្រធានាធិបតីថ្មី Thein Sein ត្រូវបានពួក​លោកខាងលិចមួយចំនួនហៅថា “ Gorbachev របស់ភូមា” ដោយលោកបាន​បើកទូលាយលំហរប្រជាធិបតេយ្យ និងគោរពឆន្ទៈរបស់រាស្រ្តភូមា ដោយលោក​បានជួបប្រាស្រ័យពិភាក្សាផ្ទាល់ជាមួយលោកស្រី អ៊ុងសាន ស៊ូជី ក្នុងឧត្តមប្រយោជន៍ជាតិ​ដោះលែងអ្នកគុកនយោបាយទាំងអស់ ព្រមទាំងបើកទូលាយដល់បណ្ដាញសារព័ត៌មាន​ដោយមិនត្រួតពិនិត្យ!។

អាថ៌កំបាំងតំបន់ត្រីកោណមាស!

          ធាតុពិតពួកអាណានិគមអង់គ្លេសគឺជាអ្នកដែលបាននាំអាភៀនចូលមកដើម្បីបំពុលប្រជាជននៅបណ្ដាឆ្នាំ១៨៥២ ពេលដែលអង់គ្លេសកាន់កាប់ភូមាភាគខាងក្រោម!នៅឆ្នាំ១៨៨៥ ពេលដែលអង់គ្លេសត្រួតត្រាទឹកដីភូមាបានទាំងស្រុងគឺ​ពីពេលនោះមកដើមអាភៀនត្រូវបានដាំដុះពាសពេញក្នុងទឹកដីភូមាពិសេសគឺយកទៅដាំនៅក្នុងតំបន់ត្រីកោណមាសតែម្ដងទៅ!។

          តំបន់ត្រីកោណមាសបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ១លាននាក់ដែលសម្បូរទៅដោយចម្រុះជនជាតិដែលអ្នកទាំងអស់មិនដឹងថាខ្លួនជាសញ្ជាតិអ្វី! និងកំពុងរស់នៅទីណាលើផែនដីនេះ! ហើយគ្មានរបររកស៊ីអ្វីទាំងអស់​ក្រៅអំពី​ការដាំដើមអាភៀន។ដីដែលដាំដើមអាភៀនមានប្រមាណ៦៧០០០ហិកតាដែលក្នុងនោះមាន៦ម៉ឺនហិកតានៅក្នុងដីភូមា ហើយ៧ពាន់ហិកតាទៀតក្នុងដីឡាវ និងដីថៃ។ ចាប់តាំងពីឆ្នាំ១៩៦០ទៅ តំបន់ត្រីកោណមាសត្រូវបាន​គ្រប់គ្រង​ដោយកម្លាំង៣ ដែលមួយជាពួកជនជាតិដែលមានកំណើតកើតជានៅទីនោះ ពីរគឺជាកម្លាំងទាហានបាក់ទ័ពរបស់ជៀង កាយជៀក និងបី ក្រុមរកស៊ី​គ្រឿងញៀនអន្តរជាតិដែលមានបំពាក់អាវុធ!។

កងទ័ពគូមិញតាងរបស់ជៀងកាយជៀក ជាអ្នកបង្កើតតំបន់ត្រីកោណមាសនេះ!

នៅខែធ្នូ ឆ្នាំ១៩៤៩ បន្ទាប់ពីកងទ័ពរំដោះដឹកនាំដោយលោក ប្រធាន ម៉ៅ សេទុង វាយកាន់កាប់បានគុនមីងមក ធ្វើឲ្យទាហានជៀង កាយជៀក រាប់ពាន់នាក់រត់ភៀស​ខ្លួន​ចូលមកជ្រកកោន តាមបណ្ដោយព្រំដែនក្នុងទឹកដីភូមា! ហើយតាមការបញ្ជា​ផ្ទាល់​ពីជៀង កាយជៀក គឺពួកនេះមានបំណងកងសាង តំបន់នេះទៅជាមូលដ្ឋាន​ទ័ពដើម្បីវាយបកនិងរំដោះខេត្តគុនមីងវិញ!

          ដោយរស់នៅព្រៃឆ្ងាយដាច់ស្រយាល ដាច់ខ្សែរយៈទាក់ទងគ្មានជំនួយ ជាតំបន់ឥតច្បាប់ អនាធិបតេយ្យផង បានប្រែក្លាយពួកបាក់ទ័ពជៀង កាយជៀក ទៅជាពួកចោរព្រៃរស់ជាឧទ្ទាមដើរប្លន់សម្លាប់ កើតគំនិតដាំដើមអាភៀន រកលុយចិញ្ចឹមកងទ័ពទៅ!

          ក្រោយមកអាមេរិកបានប្រកាសគាំទ្រតៃវ៉ាន់ដើម្បីប្រឆាំងចិនប្រជាមានិត ផង រួមទាំងប្រើប្រាស់ពួកទាហានបាក់ទ័ពជៀង កាយជៀក ធ្វើជាកំពែងការពារកុំ​ឲ្យ​រលកក្រហមរីករាលដាលចុះមកភាគខាងក្រោមអាស៊ីអាគ្នេយ៍។

          ដើម្បីបម្រើឲ្យយុទ្ធសាស្រ្តយូរអង្វែង អាមេរិកបានជួយកម្លាំងសេសសល់ បាក់ទ័ពរបស់ជៀង កាយជៀក ក្នុងការកសាងវាលយន្តហោះនៅ Mong Hxat ដើម្បីទទួលជំនួយពង្រីងសកម្មភាពទំនាក់ទំនង សហការជាមួយពួកឧទ្ទាម Karen,Shan រួមទាំងការកំណែនទ័ព ចាប់ទាហានរួចបង្កើតជាកងទ័ព​ឯកភាពជាតិ​សេរីការអាស៊ីអាគ្នេយ៍មួយ ដោយមានការចូលរួមយ៉ាងសកម្ម របស់កម្លាំង​គូមិញតាងដែលគោលដៅចម្បងគឺដើម្បីអុកឡុករំខាន ចិនប្រជាមានិតចេញពីទឹកដីភូមា!។

          សកម្មភាពរបស់ពួកចោរព្រៃនេះបានរំខាន បំផ្លិចបំផ្លាញ បង្ករការលំបាក លើគ្រប់វិស័យមកលើសេចក្ដីសុខសានរបស់ប្រទេសភូមា អស់រយៈកាលជាង​៣ទសវត្សរ៍បន្សល់ទុកនូវផលវិបាកដ៏ច្រើនក្នុងសង្គមជាតិភូមា!។

          សង្គ្រាមរ៉ាំរៃក្នុងស្រុក ជំងឺប្រចាំកាយមិនអាចព្យាបាលបានរបស់ភូមា?!

២៦ឆ្នាំនៃការគ្រប់គ្រងអំណាចរដ្ឋាភិបាលរបស់ Ne Win អត់បានធ្វើអ្វីធំដុំក្រៅ​អំពីការទប់ទល់ប្រយុទ្ធប្រឆាំងទៅនិងកម្លាំងបះបោរប្រដាប់អាវុធរបស់ជនជាតិ Kachin ,Shan ,Karen, Mon ដោយពួកនេះរួមដៃជាមួយកម្លាំងសេសសល់​បាក់ទ័ពរបស់គូមិញតាងកកើតទៅជាកម្លាំងចម្រុះមួយប្រឆាំងទៅនិងរដ្ឋអំណាច Rangoon ។នៅខែឧសភា ឆ្នាំ១៩៧៥ ពួកឧទ្ទាមទាំងនេះបានសហការកកើតទៅ​ជារណសិរ្ស​ប្រជាធិបតេយ្យប្រជាជាតិរួមគ្នាប្រឆាំងទៅនិងរដ្ឋាភិបាលភូមា ដោយពួកនេះ​បានទាមទារបង្កើតរដ្ឋដោយឡែកមានខ្សែបន្ទាត់ព្រំដែន រដ្ឋច្បាស់លាស់ត្រឹមត្រូវ និងមានអធិបតេយ្យលើផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កម្លាំងអាវុធ​របស់រណសិរ្សនេះ មានទាំងអស់ ជាង៣ម៉ឺននាក់ ដោយថវិកាសំខាន់ដែលសម្រាប់​ចិញ្ចឹម​កម្លាំង​រណសិរ្សនេះបាន មកពីការ ជួញដូរអាភៀន ហើយលុយដែល​បានមក​ពីអាភៀនេះគឺរក្សាចិញ្ចឹមទ័ពរួមទាំង ការទិញអាវុធផង!។ តែកម្លាំងទាំងនេះចាប់ចុះខ្សោយទៅៗគឺចាប់តាំងពីពេល អាមេរិកនិងចិនភ្ជាប់ទំនាក់ទំនងការទូត នាថ្ងៃទី១ មករា ១៩៧៩ ពេលនោះហើយដែលកម្លាំងតស៊ូក្នុង​រណសិរ្សពិសេសគឺពួកកងទ័ពគូមីងតាង មួយភាគធំបានបោះបង់ការតស៊ូវិល​មករស់នៅជាប្រជាជនសាមញ្ញ នៅក្នុងភូមិស្រុកទៅ!។ជារួមកម្លាំងជនជាតិទាំងនេះបានរំខានភូមាជិត ៣ទសវត្សរ៍ពីបណ្ដា ឆ្នាំ១៩៥០,១៩៦០ រហូតដល់១៩៧០បង្កទៅជាការលំបាក បន្ទុកដ៏ធ្ងន់ធ្ងរមកលើ​ប្រជា​ជាតិភូមាទាំងមូល!។

ភូមា ខាងក្រោយវាំងននសិទ្ធិមនុស្សប្រជាធិបតេយ្យសេរីពហុបក្សស្អីគេនោះ!

          ពីព្រឹត្តិការណ៍មួយទៅកាន់ព្រឹត្តិការណ៍មួយ ត្រូវបានលើកឡើងនាកិច្ចប្រជុំ របស់ UNITED NATIONS SECURITY COUNCIL (UNSC) តែក្រោយពីមានការ ជំទាស់ពីចិន និងរុស្ស៊ីមក ក៏គ្មានឃើញ​ប្រទេសណាមួយកកូរធ្វើឲ្យមានរឿងធំ ទៀត រួមទាំងអាមេរិក! ព្រោះពួកមហា​អំណាច​ទាំងអស់បានដឹងថា សន្លឹកបៀរ អាត់ គឺស្ថិតក្នុងកណ្ដាប់ដៃរបស់ពួកយោធាភូមា បើធ្វើឲ្យពួកនេះខឹង ក្រុមហ៊ុនរកស៊ីទាំងអស់របស់ពួកមហាយក្សទាំងអស់នេះនឹងត្រូវបិទទ្វារើចេញពី ភូមាធ្វើឲ្យខាតបង់រាប់កោដិក្នុងការធ្វើអាជីវកម្មមកលើសម្បត្តិធម្មជាតិនៅភូមា!។

          ព្រោះបើទោះបីជាមានការដាក់ទណ្ឌកម្មពីអាមេរិកមកលើភូមា ក៏ដោយ​ក៏វិធានការនេះគ្រាន់តែជាឆាកល្ខោនមួយឈុតៗ ព្រោះកាន់តែ​ស្រែកកាន់តែ​មានក្រុមហ៊ុនរកស៊ីធំៗ របស់ពួកលោកខាងលិច ជប៉ុន អាស៊ាន -ល-ល។ បាននិងកំពុងដាក់ពាក្យវិនិយោគចូលភូមារកស៊ីកុំឲ្យចាញ់ចិននិងរុស្ស៊ីដែលកំពុង វាតទីរកស៊ីទទួលបានផលលាភនូវទីផ្សារធនធានធម្មជាតិរបស់ភូមានោះ!។

          ក្នុងឧបទ្ទវហេតុនយោបាយជាប្រវត្តិសាស្រ្ត នៅភូមាក្នុងប៉ុន្មានឆ្នាំនេះ​អង់គ្លេសជាប្រទេសដែលប្រឆាំងរបបយោធាភូមាខ្លាំងជាងគេ! តែកុំភ្លេចថា​ចាប់តាំងពីខែឧសភា ១៩៩៤មក មានក្រុមហ៊ុនធំតូច ជាង៥០របស់អង់គ្លេស​ចូលមករស៊ីបណ្ដាក់ទុននៅភូមាដែលក្នុងនោះមានទាំងក្រុមហ៊ុនល្បី ហើយធំ Glaxo, Premier oil និង Rolls Royce ល-ល។

ទន្ទឹមនិងនេះ ពួកអ្នកមានអាមេរិកវិញបានចូលមុនអង់គ្លេសដើម្បី ប្រកួត ប្រជែងរកស៊ី ជាមួយពួកប្រទេសសិង្ហបុរី ជប៉ុន កូរ៉េ ឥណ្ឌា និងម៉ាឡេស៊ី លើបណ្ដា​វិស័យរុករកប្រេង ឈើ រ៉ែ សណ្ឋាគារ និងសេវាផ្សេងៗ។ ក្រៅពីនេះក៏មាន​ក្រុមហ៊ុនប្រេងដូចជា Total របស់បារាំង Chevron របស់អាមេរិក និង​ក្រុមហ៊ុនប្រេងរបស់ថៃ បានចូលមករកស៊ីជាមួយក្រុមយោធាភូមា។ ចំពោះចិនវិញក្រៅពីរកស៊ី ចិនបានយកចិត្តទុកដាក់ជាយុទ្ធសាស្រ្តដោយ​បានកសាងផ្លូវរត់មួយពីគុនមីងឆ្ពោះទៅកាន់សមុទ្រឥណ្ឌា។

          សិទ្ធិមនុស្ស ប្រជាធិបតេយ្យនិងសេរី នៅក្នុងគោលនយោបាយ​ការបរទេសអាមេរិក គ្រាន់តែជាវាំងនន របស់ឆាកល្ខោន ព្រោះឲ្យតែ​មាន​និន្នាការស្និទ្ធអាមេរិកអ្វីក៏ត្រូវទាំងអស់ តែបើដើរផ្ទុយទៅនិងផលប្រយោជន៍ អាមេរិក​គឺខុសទាំងអស់!។ ប្រទេសយេមែន និងបារ៉ែន បានបង្ក្រាបយ៉ាងចាស់ដៃមកលើចលនាទាមទារ​ប្រជាធិបតេយ្យ​តែត្រូវបានអាមេរិកនៅស្ងៀម ប្រទេស អារ៉ាប់ ដែលទិញអាវុធពី​អាមេរិកទាំងអស់គឺគ្មានប្រទេសណាមួយដែលមាន សេរីភាព គោរពសិទ្ធិមនុស្សឡើយតែដោយពួកគេជាមិត្តល្អរបស់ សហរដ្ឋអាមេរិក។ ប្រទេសពីរនៅជាប់កម្ពុជា ពុំដែលមានសិទ្ធិមនុស្ស ពុំដែលបោះឆ្នោត ដោយសេរី ពុំមានគណបក្សប្រឆាំង ការធ្វើដំណើរ​របស់​ប្រជាជន ត្រូវមានច្បាប់ មន្រ្តីរដ្ឋការគ្មានសិទ្ធិស្ដាប់វិទ្យុបរទេសតែពួកនេះ​ល្អជាងកម្ពុជា ដោយពួកនេះកំពុងស្ថិតនៅក្នុងរ៉ាដាឥណ្ឌូប៉ាស៊ីហ្វិក ! ដូច្នោះលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីរបស់អាមេរិក​គឺមានការចាត់តាំង​ជ្រើសរើស ហើយបុព្វសិទ្ធិខ្ពស់ជាងគេបំផុតគឺផលប្រយោជន៍​អាមេរិក​ជាអាទិភាពទី១! ដែលពុំមែនធ្វើទៅតាមមនសិការដូចការវិនាសហិនហោច​នៅស៊ី​រី លីប៊ី អ៊ីរ៉ាក់ អាហ្កានីស្ថាន ដែលពោពេញទៅដោយទឹកភ្នែកក្រោមស្លាកសិទ្ធិមនុស្សស្អីនោះទេ!។

          ជាភូមិសាស្រ្តយុទ្ធសាស្រ្ត ចិនមិនអនុញ្ញាតឲ្យភូមាស្ថិតនៅក្នុងអំណាច ឥទ្ធិពលរបស់លោកខាងលិច!

          បទពិសោធន៍ជាប្រវត្តិសាស្រ្តមួយដ៏ជូរចត់រាប់សិបទសវត្សរ៍ ដែលមាន កម្លាំងអមិត្តចោរព្រៃគូមិញតាង លាក់ខ្លួនធ្វើសកម្មភាពបំផ្លាញចិនចេញពី ទឹកដីភូមានោះ!

          ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់លោកខាងលិចបានប្រែក្លាយភូមាទៅជារដ្ឋឯកោរពិកា ហើយថែមទាំងគ្មានSamaritan ទៀតផង! តែជាឱកាសល្អសម្រាប់ ចិន​លូក​ដៃចូលបំរើឲ្យផលប្រយោជន៍សេដ្ឋកិច្ចថែមទាំងបំពេញឲ្យខ្សែក្រវ៉ាត់​យុទ្ធសាស្រ្តរបស់ខ្លួនផង!

          ជាយូរមកហើយអ្នកយុទ្ធសាស្រ្តរបស់ចិនបានមើលឃើញភូមា ព្រមទាំង​ចាត់ទុកភូមាជាតំបន់ទ្រនាប់មួយដ៏សំខាន់ដែលប្រទេសមួយនេះពោរពេញទៅដោយសក្ដានុពលគ្រប់គ្រាន់ទាំងសម្បត្តិធម្មជាតិ ព្រៃឈើ រ៉ែ ឧស្ម័ន ថាមពល អគ្គិសនី ល-ល។ ចំពោះមុខចិនត្រូវបើកផ្លូវយុទ្ធសាស្រ្តមួយ ដែលរត់ចេញ ពីខេត្តគុនមីង ឆ្លងកាត់ភូមាឆ្ពោះទៅកាន់សមុទ្រឥណ្ឌា!។ បន្ទាប់មកតំបន់ Myithynia និង Lashio ជាចំណុច​ដែល​ត្រូវកសាងផ្លូវរត់ភ្លើងរត់ទៅកាន់តំបន់ ភាគខាងជើង!។ ក្រៅពីនេះទន្លេ Irrawawddy ជាមធ្យោបាយមួយដ៏ សំខាន់ បំផុតក្នុងការដឹកជញ្ជូនទំនិញនាំចេញ​របស់ចិនទៅកាន់សមុទ្រ អន្តរជាតិ!។ដែល ទាំងអស់នេះហើយដែលជាចំណុចសំខាន់ក្នុងយុទ្ធសាស្រ្តរបស់ចិនត្រូវការពីប្រទេសភូមា!។

          នៅបណ្ដាទសវត្សរ៍ទី៦០ ដោយមនោគមន៍វិជ្ជាចិនបានគាំទ្រដល់ បក្សកុម្មុយនីស្តភូមា និង​ពួកទ័ពព្រៃ​មួយចំនួនផ្សេងទៀត ក៏ប៉ុន្តែចាប់តាំងពី    ម៉ៅ សេទុង ស្លាប់ នាឆ្នាំ១៩៧៦ ហើយលោកតេង ស៊ាវភីង ឡើងកាន់អំណាច មក នយោបាយ​ការបរទេសរបស់ចិនបានប្ដូរពីការគាំទ្រដល់បណ្ដា ចលនា បដិវត្តន៍នៅក្នុង​តំបន់មកការខិតខំប្រឹងប្រែងជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្មវិញ!។ កិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនមួយដំបូងរវាងភូមានិងចិន ត្រូវបាន​ចុះហត្ថលេខា​នៅខែសីហា ឆ្នាំ១៩៨៨ បានប៉ុន្មានថ្ងៃនៅមុនពេលដែល​មានការបះបោររបស់ប្រជាជនភូមាប្រឆាំងទៅនិងរដ្ឋអំណាច Rangoon  ដែលឱកាសនេះហើយ ចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មមួយ ដ៏សំខាន់ បន្ទាប់ពីភូមា ត្រូវពិភពលោកថ្កោលទោសនិងហ៊ុំព័ទ្ធសេដ្ឋកិច្ចនោះ!។

          ដំបូងបង្អស់ចិនបានជួយភូមាក្នុងការកែលម្អមកលើបណ្ដាញហេដ្ឋារចនា សម្ព័ន្ធឡើងវិញ ដែលក្នុងនោះក៏រួមមានការលក់អាវុធយុទ្ធភ័ណ្ឌ ឲ្យទៅភូមា រួមទាំងការបំពាក់សម្ភារសឹកឲ្យកងទ័ពជើងទឹករបស់ភូមានៅសមុទ្រឥណ្ឌាផង។

          ជាការឆ្លើយតបក្នុងផលប្រយោជន៍រួម ភូមានិងចិនបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងយ៉ាងច្រើន ដែលក្នុងនោះរួមមានទាំងការកសាងបំពង់នាំប្រេង និង​ឧស្ម័ន​ពីឈូងសមុទ្រ Bengal ទៅកាន់គុនមីង ដែលជាមធ្យោបាយកាត់បន្ថយ​ភាពមិនចាំបាច់ត្រូវដឹកប្រេងពីមជ្ឈិមបូព៌ា ហើយរត់ឆ្លងកាត់ឈូងសមុទ្រ Malaccaទៀតរបស់ចិន!។ក្រៅពីនេះចិនបានផ្ដល់ប្រាក់កម្ចីឥតការប្រាក់៤,២កោដិដុល្លារអាមេរិកសម្រាប់រយៈពេល៣០ឆ្នាំឲ្យភូមា ដើម្បីយកទៅកសាងទំនប់​វារីអគ្គិសនី កសាងផ្លូវស្ពាន ប្រព័ន្ធរថភ្លើងនិងអភិវឌ្ឍន៍ទូរគមនាគមន៍។

          ជាអកុសលនយោបាយរបស់ពួកលោកខាងលិចក៏ដូចជាការដាក់ទណ្ឌកម្ម របស់អាមេរិក ជាមធ្យោបាយមួយដ៏ល្អក្នុងការបង្កលក្ខណៈសម្បត្តិឲ្យចិនមាន លទ្ធភាពអនុវត្តន៍ផែនការយុទ្ធសាស្រ្តរបស់ខ្លួននៅភូមាកាន់តែមានភាពរលូននិងងាយស្រួលទៅវិញ!។

ពីការប្រឈមប្ដូរមកការប្រាស័្រយទាក់ទងចរចារបស់អាមេរិកចំពោះភូមា!

          នៅដើមឆ្នាំ២០០០ សហរដ្ឋអាមេរិកទទួលបានព័ត៌មានសំងាត់ថា ភូមា​និងកូរ៉េខាងជើង បានរួមគ្នាបង្កើតទៅជាដៃគូយុទ្ធសាស្រ្ត! ដោយកូរ៉េជួយភូមា​នូវបច្ចេកទេសជីករូងភ្នំ ជួយអាវុធទំនើប រួមមានទាំងរ៉ាដានិងប្រព័ន្ធ​ការ​ពារអាកាសដែលក្នុងនោះមានទាំងបច្ចេកវិទ្យាកាំជ្រូចនិងKnow how បរមាណូ ទៀតផង!។

          ការបោះឆ្នោត២០១០នៅភូមា ដែលទោះបីជាមានភាពមិនប្រក្រតីនិងការមិនយុត្តិធម៌ទាំងអស់ក៏ដោយ ក៏អាចទទួលយកបានដោយវ៉ាស៊ីនតោន យល់ថាពេលនោះ​ជាឱកាស​ល្អសម្រាប់បើកយុទ្ធនាការ Détente អូសភូមាឆ្ងាយពីចិន កូរ៉េខាងជើងនិងដាក់​តម្រង់ទិសភូមាចូលក្នុងតារាវិថី ប្រជាធិបតេយ្យទៅវិញ!។ដូច្នោះទស្សនកិច្ចរបស់លោកស្រីគ្លីន តុន នៅឆ្នាំ២០១១ និងអូប៉ាម៉ា នៅឆ្នាំ២០១២នៅភូមា សុទ្ធតែពុំមែន​ជាភាព​ចៃដន្យដោយអាមេរិកចង់ប្រើសន្លឹក បៀរកូរ៉េខាងត្បូងជាតុល្យភាពកម្លាំង ក្នុងការជួយភូមាដើរឆ្ងាយពីចិននិងកូរ៉េខាងជើងក្នុងកម្រិតណាមួយនោះ!។

          ព្រោះពេលដែល James Webb ទៅភូមាដើម្បីជួយសម្រួល​និងដោះលែង​លោក Yettaw ចេញពីគុកនាខែសីហា ឆ្នាំ២០០៩ ស្រាប់តែលោក Than Shwe ស្នើជួបពិភាក្សាជាមួយលោក Webb ដែលជាចៃដន្យអ្នកទោស John Yettaw (ទាហានអាមេរិកក្នុងសម័យសង្គ្រាមនៅវៀតណាម) បានក្លាយទៅជា​កូនអុក​នៅលើក្ដាអុកកាទូតរវាងភូមានិងអាមេរិកទៅវិញ!។

          ក្នុងជំនួបរវាង Than Shwe  និង Jime Webb លោកប្រធានThan Shwe ស្រាប់តែបើកសន្លឹកបៀរដោយនិយាយថា ភូមាចង់មានទំនាក់ទំនងផ្ទាល់ ជាមួយ វ៉ាស៊ីនតោន ! ដោយលោកបានតែងតាំងលោក U Thaung ដែលជារដ្ឋមន្រ្តី​វិទ្យាសាស្រ្តបច្ចេកទេសនិងជាឯកអគ្គរដ្ឋទូតភូមា ប្រចាំនៅអាមេរិក ធ្វើជាប្រេសិតពិសេសទៅអាមេរិក!ហើយមួយខែក្រោយមក លោក U Thaung បានធ្វើដំណើរទៅវ៉ាស៊ីនតោន នាខែកញ្ញា ឆ្នាំ២០០៩ បានជួបធើ្វការ​ជាមួយលោក Kurt Campbell! បន្ទាប់មកលោក Nyan Win រដ្ឋមន្រ្តីការបរទេសភូមាក៏បានធ្វើដំណើរទៅកាន់វ៉ាស៊ីនតោន។ អាមេរិកចាត់ទុក ភូមាជាចំណុចប្រសពមួយសំខាន់បំផុតនៅក្នុងតំបន់! តែការរីកធំធាត់របស់ ភូមាគឺជាការ​ព្រួយបារម្ភបំផុតរបស់ពួកអ្នកកាន់អំណាចថៃទៅវិញទេដោយកត្តា ភូមិសាស្រ្តយុទ្ធសាស្រ្តរបស់ប្រទេសទាំងពីរនេះ!។

          ការជួបគ្នាដោយមិនផ្សព្វផ្សាយរវាងមន្រ្តីជាន់ខ្ពស់របស់ភូមាជាមួយ អាមេរិកបាននាំដល់ការបើកផ្លូវឲ្យលោក Than Shwe ចាកចេញពីតំណែងរួចជូន លោក Thein Sein ជាប់ឆ្នោតជាប្រធានាធិបតីភូមានៅឆ្នាំ២០១១ទៅ!។ មានការងារជាច្រើនដែលលោក Thein Sein បានធ្វើ តែមានបញ្ហាបីដែល លេចធ្លោរក្រោយពីលោកកាន់អំណាចបាន៦ខែ គឺការជួបពិភាក្សាផ្ទាល់ជាមួយលោកស្រី អ៊ុង សានស៊ូជី ដោះលែងអ្នកទោសនយោបាយ ទាំងអស់ ព្រមទាំងផ្អាកការកសាងទំនប់វារីអគ្គិសនី Myitsone ស្ថិតនៅលើដងទន្លេ Irrawaddy ដែលវ៉ាស៊ីនតោន​មើលឃើញ​ថាជាជំហានវិជ្ជមានស្របតាម Roadmap របស់អាមេរិកជាជំហានៗ!។

          ភូមា នៅក្នុងចក្ខុយុទ្ធសាស្រ្តរបស់អ្នកកាន់អំណាចចិន!

          ភូមាជាប្រទេសមួយធំនៅអាស៊ី ហើយដែលមានទីតាំងភូមិសាស្រ្ត ឆ្នេរសមុទ្ររត់បណ្ដោយទៅតាមឈូងសមុទ្រ Bengal និងសមុទ្រ Andaman ធ្វើឲ្យភូមាក្លាយទៅជាទីតាំងផ្លូវបែកជា៤ មានចរិតយុទ្ធសាស្រ្តទាំងគោក និងសមុទ្រហើយក៏ជាកន្លែងតភ្ជាប់រវាងសមុទ្រប៉ាស៊ីហ្វិកទៅនឹងសមុទ្រឥណ្ឌា!កាន់កាប់បានភូមា គឺក្ដាប់បានឧត្តមភាពលើភូមិសាស្រ្តនយោបាយមួយដ៏សំខាន់ នៅក្នុងតំបន់!។

          កត្តាភូមិសាស្រ្ត មិនអនុញ្ញាតឲ្យចិនធ្វេសប្រហែសចំពោះការវិវត្តន៍របស់ ភូមាឡើយ! ដោយចិនបានគ្រប់ដណ្ដប់ជាប្រយោលមកលើភូមាតាំងពីបណ្ដាឆ្នាំ ៥០, ៦០,៧០,រហូតដល់៨០ ដែលក្នុងនោះរួមានទាំងការចាត់បញ្ជូនក្រុមទីប្រឹក្សា យោធាទៅជួយភូមាផង!។ ពីឥទ្ធិពលមកលើនយោបាយ ក៏ចាប់ផ្ដើមរីករាល ដាលចូលមកឥទ្ធិពលលើសេដ្ឋកិច្ច! ដែលគោលដៅធំគឺប្រែក្លាយភូមាទៅ ជាផ្កាយ រណប ជាតំបន់ទ្រនាប់មួយក្នុងការ ជួយអភិវឌ្ឍន៍ដល់បណ្ដាខេត្ត ខាងលិចនិងខាងត្បូងរបស់ចិនផង!ការរីកធំធាត់របស់ភូមា ក៏ជានយោបាយ មួយក្នុងការរារាំងឥទ្ធិពល របស់ឥណ្ឌានៅក្នុងតំបន់នេះផងដែរ!។ នៅលើបុព្វបទនេះ ទើបលោក តេង ​ស៊ាវភីង សម្រេចឈប់ផ្ដល់ការគាំទ្រដល់ ចលនាបក្សកុម្មុយនីស្តភូមា ចាប់យក រដ្ឋាភិបាល Rangoon តាមរយៈការជាដៃគូ អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលនាំដល់ការ ជោគជ័យរហូតដល់ថ្ងៃនេះរបស់ចិន។ ត្រូវទទួលស្គាល់ការពិតមួយថា ទាំងរដ្ឋាភិបាលយោធា ទាំងរដ្ឋាភិបាលស៊ីវិល របស់ភូមាសុទ្ធតែបានប្រកាសគាំ ទ្រគោលនយោបាយBRI របស់ចិនទាំងអស់ ដោយឡែកចិនក៏បានប្រកាសគាំទ្រ ទាំងស្រុងនូវបណ្ដាវិធានការក្នុងរបៀបដោះស្រាយលើបញ្ហា រ៉ូហ៊ីងយ៉ារបស់ភូមា!។

អ៊ុងសាន ស៊ូជី អ្នកនយោបាយដែលពុំមានជំហរដាច់ខាត!

          នៅក្នុងខែសីហា ១៩៨៨ មានព្រឹត្តិការណ៍នយោបាយជាច្រើនបានកើត ឡើងជាបន្តបន្ទាប់នៅភូមា ដែលក្នុងនោះមានគណបក្សនយោបាយច្រើនចាប់ មានកំណើត! ព្រោះនៅថ្ងៃទី២៨ ខែសីហា ១៩៨៨ សម្ព័ន្ធនិស្សិតភូមាទូទាំង ប្រទេសចាប់មានកំណើត ដល់ថ្ងៃ ២៩ សីហា ១៩៨៨ អតីតនាយករដ្ឋមន្រ្តី U Nu ក៏បានបង្កើតសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និងសន្តិភាពមួយផងដែរ!។

          នៅខែមេសា​ ឆ្នាំ១៩៨៨ លោកស្រី អ៊ុងសាន ស៊ូជី ពេលនោះទើបមាន អាយុ ៤៣ឆ្នាំ ដែលជាកូនពៅរបស់អតីតនាយករដ្ឋមន្រ្តី Aung San ចេញមកពី ក្រុង London មកសួរសុខទុក្ខម្ដាយឈឺនៅភូមា។ ពេលស្នាក់នៅ Rangoon លោកស្រី បានឃើញដោយផ្ទាល់ភ្នែកនូវអ្វីដែលជាការវិវត្តន៍របស់ព្រឹត្តិការណ៍ ៨៨៨៨ ហើយពេលនោះលោកស្រីបានសម្រេចរស់នៅភូមា មិនវិលទៅ អង់គ្លេស វិញ ដោយរួមរស់ជាមួយប្រជាជនភូមាក្នុងការតស៊ូប្រឆាំងទៅនឹង របបយោធាភិបាល របស់ភូមាទៅ!។ នៅថ្ងៃទី២៧ សីហា ១៩៨៨ លោកស្រីបានចូលរួមបង្កើត សម្ព័ន្ធជាតិតស៊ូដើម្បីប្រជាធិបតេយ្យ ដឹកនាំដោយលោក Aung Gyi (ដែលជា ឧត្តមសេនីយ៍ក្រោមសម័យកាលរបស់ U Nu ) ជាប្រធាន និងលោក Tin U (អតីតរដ្ឋមន្រ្តីការពារជាតិក្រោមសម័យU Nu) ធ្វើជាអនុប្រធាន ចំពោះ លោកស្រី ស៊ូជី វិញ ជាអគ្គលេខាធិការ។​ ការបង្កើតសម្ព័ន្ធនេះឡើង គឺដើម្បីជាការចូលរួម សន្ទនាផ្ទាល់ជាមួយរដ្ឋ អំណាច យោធាភូមាក្នុងការទាមទារឲ្យមានការបោះឆ្នោតដោយសេរី ដើម្បីបង្កើតឡើង នូវរដ្ឋអំណាចស៊ីវិលមួយល-ល ដោយការទាមទារ ទាំងនេះពុំត្រូវបានឆ្លើយតប រួមទាំងត្រូវបានបង្រ្កាបនិងចាប់ឃុំលោកស្រីនៅក្នុងផ្ទះអស់រយៈកាលជាង ១៥ឆ្នាំទៀតផង!។

          ដោយមានភាពទុំជោររបស់សភាពការណ៍ពិភពលោក និងតំបន់ គួបផ្សំទៅ នឹងភាពប៉ិនប្រសព្វក្នុងនយោបាយការទូតរបស់លោក Thaksin ក្នុងគោល នយោបាយACMECS ផង បានធ្វើឲ្យរបបយោធាមើលឃើញផលប្រយោជន៍ ជាតិធំជាងផលប្រយោជន៍ក្រុម ទើបនាំឲ្យមានការបោះឆ្នោតឆ្នាំ២០១៥ ក្រុម NLDឈ្នះ តែត្រូវទុកកៅអី២៥% និងក្រសួង៣សំខាន់សម្រាប់យោធាគ្រប់គ្រងគឺការពារជាតិ មហាផ្ទៃ និងសន្តិសុខព្រំដែនដាច់មុខសម្រាប់យោធា!។ លោក អូប៉ាម៉ា និងលោកស្រី គ្លីនតុន មានការរួមចំណែកធំក្នុងការរៀបចំជា​ Roadmap ក្នុងការ នាំឲ្យ NLD បានជ័យជំនះ!។ ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយ នេះ ភាពហួសហេតុ របស់យោធា និងបញ្ហាពូជសាសន៍រ៉ូហ៊ីងយ៉ា បានធ្វើឲ្យមុខមាត់របស់ស៊ូជី ប្រឡាក់ទៅដោយទឹកខ្មៅ ដែលមិនអាចលុបលាង បាន!។ ការអស់សង្ឃឹមនិងភាពអាក្រក់របស់ ពួកលោកខាងលិច គឺការមិន អាចលេងសន្លឹកបៀរ រ៉ូហ៊ីងយ៉ាដើម្បីគួបផ្សំថ្កោលទោសការបង្រ្កាបជនជាតិ អ៊ុយហ្គ័រ នៅស្រុកចិនទៅវិញ!។

          ជាការពិត គឺពួកយោធានៅតែមានអំណាច ឥទ្ធិពលខ្លាំងមកលើនយោបាយ និងសេដ្ឋកិច្ច។ ជារួមរាល់អាជីវកម្មមកលើរ៉ែទាំងអស់ ដែលទោះបី ជាលោកស្រីស៊ូជី បានមានសម្បទានយ៉ាងច្រើនក៏ដោយ ក៏ពួក យោធាទាំងនេះ នៅចង់បានអំណាចខាងនយោបាយថែមទៀត!។ ភាពរឹងរូសរបស់ពួកយោធាមិនអាចធ្វើឲ្យលោកស្រី ស៊ូជី មានលទ្ធភាពកែទម្រង់ ប្រទេសទៅតាមRoadmap ដែលNLDបានសន្យាជាមួយប្រជាជនពេល បោះឆ្នោត ពិសេសគឺពុំអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបាន! ប្រទេសមួយ ដែលបែកបាក់ ខ្វះឯកភាពជាតិ គឺប្រទេសស្ថិតនៅក្រោមអំណាចយោធាហើយ ជាអកុសលគឺយោធាទាំងនោះបានយកប្រទេសធ្វើជាកម្មសិទ្ធិដាច់មុខរបស់ពួកគេផងដែរនោះ!។

Min Aung Hlaing ឧត្តមសេនីយ៍ពុំមានឈ្មោះបោះសំឡេងតែមានអំណាចនៅខាងក្រោយវាំងនន!

Hlaing ត្រូវបានលោក Than Shwe ពេញចិត្តពេលដែល Hlaing មាន​ជោគជ័យក្នុងការបង្រ្កាបមកលើពួកឧទ្ទាមនៅក្នុងរដ្ឋShan ជិតទៅនឹងព្រំដែន​របស់ចិន ហើយនៅឆ្នាំ២០១១ Hlaing ត្រូវបានជ្រើសតាំងធ្វើជាអគ្គសេនាធិការ​ដែល​ជា​មុខងារ​យុទ្ធសាស្រ្តមួយក្នុងការជួបចរចាអំពីការបើកទ្វារ ការបើកលំហរ​ប្រជាធិបតេយ្យ សេរី ការធ្វើសេដ្ឋកិច្ចជាមួយលោកស្រី អ៊ុងសាន ស៊ូជី ផ្ទាល់​ដែល​ជំនួបទាំងនេះត្រូវបានមជ្ឈដ្ឋានលោកខាងលិចស្វាគមន៍ ហើយផ្ដើមចេញ​ពីជំហានវិជ្ជមានទាំងនេះ ឆ្ពោះទៅរកការលើកលែងដាក់ទណ្ឌកម្ម​មកលើ​ភូមាពីលោកខាងលិខទៅ!។ នៅខាងក្រៅឆាកមើលទៅដូចជា Hlaing និង ស៊ូជី ត្រូវរ៉ូវគ្នា តែធាតុពិតនៅខាងក្រោយឆាកគឺជាការតស៊ូមួយយ៉ាងតឹងតែងបំផុត!។ ប៉ុន្តែ ក្នុងឧត្តមប្រយោជន៍ជាតិលោកស្រី ស៊ូជី បានឈរនៅចំពោះមុខតុលាការ​អន្តរជាតិការពារពួកយោធា ហើយបដិសេធនូវអំពើប្រល័យពូជសាសន៍ ក្នុងគោលបំណងតែមួយគត់ ចាប់យកប្រជាជនភូមា៥០លាននាក់ និងពលីកម្ម​នូវកិត្យានុភាពលើឆាកអន្តរជាតិរបស់ខ្លួន តែក៏សំដៅបម្រើឲ្យនយោបាយ​យូរអង្វែងផងដែរ!។

ទោះបីមិនពេញចិត្តក៏ពេញមុខដែរ តែឧបទ្ទវហេតុបោះឆ្នោតខែ វិច្ឆិកា ឆ្នាំ ២០២០ជាសុបិន្តអាក្រក់ក្នុងការដើរហួសខ្សែបន្ទាត់ក្រហម ដែលពួកយោធាទទួលបានតែ៣៣កៅអី ក្នុងចំណោម៤៧៦អាសនៈក្នុងសភា ជាហេតុនាំឲ្យយោធាបាត់​អំណាចផលប្រយោជន៍ទាំងស្រុង ហើយលោកស្រី ស៊ូជី អាចឡើងជាប្រធានាធិបតី​ពេញសិទ្ធិ​ក្នុងអាណត្តិមួយនេះ និងអាចជាដំណាក់កាលចុងក្រោយក្នុងអាជីពនយោបាយ​របស់លោកស្រីផង!។ តែការមិនអាចធ្វើខ្លួនដូច Vaclav Havel ឬ Nelson Mandela ទើបនាំឲ្យលោកស្រី ស៊ូជី ក្លាយទៅជាអ្នកគុកនយោបាយម្ដងទៀត!។

អ៊ុងសាន ស៊ូជី និង Min Aung Hlaing នរណាដើរតាមអាមេរិក នរណាដើរតាមចិន !

ប្រជាធិបតេយ្យ សេរី និងសិទ្ធិមនុស្សក្នុង Roadmap របស់ អូប៉ាម៉ា – ហ៊ីលឡារី  ជាសន្សឹមៗ បានសាបរលាបទៅបន្ទាប់ពីអូប៉ាម៉ា បានចាកចេញ​ពីសេតវិមាន! បន្ទាប់មក ដោយមានការចោទប្រកាន់របស់ UN រួមជាមួយ​ពួកNGOsអន្តរជាតិក្នុងការចោទប្រកាន់មកលើភូមាអំពីការប្រល័យពូជសាសន៍ក្រោមសម័យកាលដឹកនាំ របស់ អ៊ុងសាន ស៊ូជី ។ ពួកលោកខាងលិចបាននាំគ្នាថ្កោលទោស​ ចំពោះចិនគាំទ្រគោលនយោបាយជាតិភូមា។ ក្នុងទស្សនទាននយោបាយរបស់​ចិន រដ្ឋាភិបាលស៊ីវិលក៏ដោយ យោធាក៏ដោយ ឲ្យតែរដ្ឋាភិបាលនោះបម្រើឲ្យ​ផលប្រយោជន៍ទៅវិញទៅមក!ចិនដាច់ខាតមិនស្ថិតនៅពីក្រោយរដ្ឋប្រហារមួយនេះ តែបើរឿងហេតុបានកើតឡើងហើយ គឺចិនទេដែលជាអ្នកទទួល​បាន​ផលលាភច្រើនជាងគេ ពេលដែល​របបប្រជាធិបតេយ្យភូមាដួលស្លាប់នោះ!។ ទាំង Min Aung Hlaing ទាំង អ៊ុងសាន ស៊ូជី សុទ្ធតែជាមិត្តល្អរបស់ប្រជាជន​ចិនទាំងអស់!។ ក្នុងប៉ុន្មានឆ្នាំនេះ អ្នកកាន់អំណាចចិនពេញចិត្តចំពោះការដឹកនាំ​របស់​​លោកស្រី ស៊ូជី ដែលកិច្ច​សហការល្អនេះបានឆ្លុះបញ្ចាំងតាមរយៈការចុះហត្ថលេខាលើ៣៣​កិច្ច​ព្រមព្រៀងរវាងលោកប្រធាន ស៊ីជិនភីង និងលោកស្រី អ៊ុងសាន ស៊ូជី ក្នុងឆ្នាំ២០២០នៅណៃពិដោ​កន្លងមក!។

បញ្ហាពិតពុំមែនត្រង់កន្លែងបុគ្គល Hlaing ឬ ស៊ូជី ជាអ្នកដើរតាមចិនឬ​អាមេរិក ​ស្អីគេ​នោះទេ! តែផលប្រយោជន៍ជាតិបានរំកិលភូមាបន្តិចម្ដងៗងាកទៅ​រកចិន​នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះតែម្ដងទៅ ពិសេសគឺនៅពេលដែល​ភូមាទទួលរងការដាក់ទណ្ឌកម្មនិងឯកោពីសហគមន៍អន្តរជាតិនោះ!។ ដែលក្នុងពេលលំបាកនោះ ភូមាស្រាប់តែទទួលយកនូវសមានចិត្តពីចិនទៅវិញ!ហើយភាពកក់ក្ដៅនេះចាប់មានជាតថភាពប្រាកដនិយម គឺនៅពេលដែលលោក ស៊ី ជិនភីង បំពេញទស្សនកិច្ចនៅភូមាក្នុងឱកាសទិវាប្រារព្ធខួប៧០ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនង​ការទូតភូមា-ចិនទៅ! នាំដល់មាន៣៣កិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខា​ដែលក្នុងនោះមានការទាក់ទងដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម និងកសាងបណ្ដាតំបន់ SEZនៅភូមា!។

ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ជាអន្ទាក់របស់លោកខាងលិចដាក់មកលើភូមា!

គេនិយាយយ៉ាងច្រើន បំពងយ៉ាងច្រើន តែធាតុពិតពួកគេពុំដែលគិតគូរ​ដល់ជោគវាសនារបស់ប្រជាជាតិភូមាក្រៅអំពីការនាំគ្នាហែកហួរ ចង់បាន និងដណ្ដើមទ្រព្យសម្បត្តិធម្មជាតិរបស់ប្រជាជាតិភូមារាប់រយឆ្នាំមកហើយ! ពិសេសគឺពួកគេពុំដែលយកចិត្តទុកដាក់មកលើលក្ខណៈពិសេសរបស់ទឹកដីភូមាដែលជាប្រទេសពហុជនជាតិ ភាសា និងសាសនា នោះឡើយ!។ ហើយផលវិបាកទាំងអស់នេះគឺជាស្នាដៃរបស់ចក្រពត្តិអង់គ្លេស និងពួកហ្វាក់ស៊ី ជប៉ុនបន្សល់ទុកមកជាមរតកខ្លោចផ្សារសម្រាប់ភូមារហូតដល់ថ្ងៃនេះ!។

ក្នុងទស្សនកិច្ចរបស់ Blinken  នៅភូមានាឆ្នាំ២០១៥ អាមេរិកនៅតែសង្កត់ធ្ងន់ថា ភូមាត្រូវតែបន្តការកែទម្រង់នយោបាយ សេដ្ឋកិច្ច និងសង្គម សំដៅធានា​ឲ្យមាន​ការផ្លាស់ប្ដូរប្រែប្រួលប្រជាធិបតេយ្យឲ្យកាន់តែរឹងមាំនិងចីរភាពនៅភូមា! ទន្ទឹមនេះក៏បានជំរុញឲ្យភូមាត្រូវកែលម្អនូវស្ថានភាពវិបត្តិមនុស្សធម៌នៅក្នុង   រដ្ឋរ៉ាក់ឃីនឲ្យមានភាពល្អប្រសើរ!ព្រមទាំងបានអំពាវនាវឲ្យមានការចូលរួមឲ្យកាន់តែសកម្មពីបណ្ដាសង្គមស៊ីវិលទៅក្នុងសកម្មភាពរបស់រដ្ឋាភិបាលភូមា! តែជាអកុសល​ក្នុងរយៈពេល៤ឆ្នាំនៃការកាន់អំណាចរបស់ ត្រាំ សំណុំរឿងភូមាត្រូវបាន​ទុកចោល​លើតុ ភូមាហាក់បីជាចំណុចតិចតួចបំផុតក្នុងការត្រូវយកចិត្តទុកដាក់ ក្នុងគោលនយោបាយការបរទេសរបស់អាមេរិក ធ្វើឲ្យពួកអ្នក​ប្រជាធិបតេយ្យ​ភូមាគេងក្នុងសុបិន្តភ័យខ្លាច!។ហើយភាពចន្លោះប្រហោងនេះត្រូវបានចិនចូលមកបំពេញជំនួសក្លាយទៅជាការប្រឈមមុខដាក់គ្នាជាយុទ្ធសាស្រ្តរវាងចិន និងអាមេរិក លើទឹកដីរាប់ពាន់ចេតិយមួយនេះទៅ!។

ព្រឹត្តិការណ៍នៅភូមា មកពីគណបក្សប្រជាធិបតេយ្យអាមេរិក  ហើយអាមេរិកនឹងពឹងចិន ជួយដោះសភាពការណ៍នៅភូមា?

រហូតមកដល់ដំណាក់កាលនេះ នៅពុំមានព័ត៌មានពិតប្រាកដណាមួយ​អះអាង​អ្វីដែលនៅពីក្រោយការធ្វើរដ្ឋប្រហារមួយនេះ! ដែលព័ត៌មានក្នុងប៉ុន្មាន​ថ្ងៃនេះ សុទ្ធតែជាសម្មតិកម្មទាំងអស់នោះ!ព្រោះទំនាក់ទំនងរវាង Min Aung Hlaing និង អ៊ុងសាន ស៊ូជី ហាក់បីដូចជាពុំមានសញ្ញាតានតឹងណាមួយក្នុងការ​នាំឲ្យ​សោកនាដកម្មនេះឡើយ! ឬមួយមកពីការឡើងកាន់អំណាចរបស់ Ekip Biden ដែលតែងតែបំផុសឲ្យមានសិទ្ធិសេរីភាព សិទ្ធិមនុស្ស ប្រជាធិបតេយ្យ ត្រូវតែ​ចាក់គ្រឹះនៅប្រទេសអាស៊ីមួយចំនួន ដែលជាហេតុបច្ច័យនាំឲ្យពួកទាហានចាត់ការមុនកុំឲ្យទឹកដល់ច្រមុះបាត់ភាពម្ចាស់ការនោះ!។

ឧទ្ទវហេតុនយោបាយនៅភូមា អាចជាការសាកល្បងមួយរវាង​អាមេរិក​និងចិន បន្ទាប់ពី Biden ឡើងកាន់អំណាចមក!ក្នុងករណីដែលលោកខាងលិច​មិនអាចជោគជ័យក្នុងការកៀរគរដាក់សម្ពាធមកលើរបបយោធាភូមាបាន បញ្ជាក់ឲ្យឃើញថានយោបាយឥណ្ឌូប៉ាស៊ីហ្វិក ពុំមានការឯកភាព ដូច្នោះ​អាមេរិកក៏មិនហ៊ានធ្វើអ្វីធំដុំមកលើតំបន់សមុទ្រចិនខាងត្បួង និងប្រតិកម្មខ្លាំង​មកលើតៃវ៉ាន់ក្រៅពីការឈរក្រៅសង្វៀនស្រែកហ៊ោប៉ុណ្ណោះ! ព្រោះនយោបាយរបស់អាមេរិកគឺដាច់ខាតមិនផ្ដល់ការការពារដល់អធិបតេយ្យភាព បូរណភាព ចំពោះប្រទេសណាមួយបើផលប្រយោជន៍ជាតិរបស់អាមេរិកពុំ​មានការប៉ះពាល់ខាតបង់នោះ!។

ទាំងអាមេរិក ទាំងចិន បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់នូវ​អ្វីដែល​កំពុងតែវិវត្តន៍ខាងក្នុងប្រទេសភូមា! ហើយក្នុងករណីទាល់ច្រក និងដើម្បីរួមមានកិត្តិយសដូចគ្នាអាមេរិកប្រហែលនឹងពឹងចិនឲ្យជួយដោះស្រាយ​ដូច      អាមេរិកធ្លាប់បានពឹងចិនក្នុងករណីវៀតណាមនោះ!។

ត្រូវទទួលស្គាល់ការពិតមួយថា ចិននៅមានសមានចិត្តជាមួយលោកស្រី  អ៊ុងសាន ស៊ូជីច្រើន តែយោធានៅមានសិទ្ធិអំណាចក្នុងការសម្រេចជាង​ព្រោះទឹកដីនេះពួកយោធាបានកាន់កាប់ជាង៥ទសវត្សរ៍មកហើយ     តែមហាជនភូមាផ្ដល់ការគាំទ្ររដ្ឋអំណាចស៊ីវិលច្រើនជាង!។

រឿងភូមាធ្វើឲ្យអាមេរិកទាល់ច្រក ព្រោះវិធានការរបស់អាមេរិកគ្មាន​អ្វីក្រៅ​ពីការដាក់ទណ្ឌកម្ម តែឥឡូវនេះភូមាមានចិនជាដៃគូយុទ្ធសាស្រ្ត ភូមាលែងខ្វល់​ដូច​បណ្ដាឆ្នាំមុនៗទៀតហើយ! នេះអាចជាព្រឹត្តិការណ៍ដំបូងដែលទ្រឹស្ដីនយោបាយធំពីរ BRIនិង ឥណ្ឌូប៉ាស៊ីហ្វិក ជួបប្រាស្រ័យគ្នានៅលើទឹកដីភូមា ហើយ​ដំណោះស្រាយ​ដែលទាំងBRI និងឥណ្ឌូប៉ាស៊ីហ្វិក អាចទទួលយកបាន គឺចិន​នឹងជួយនិយាយឲ្យក្រុមយោធាដោះលែង លោកស្រី ស៊ូជី រួមគ្នាបង្កើតរដ្ឋាភិបាល​ចម្រុះដោយមានសមាសភាព៥០/៥០ស្មើគ្នា Min Aung Hlaing ធ្វើជាប្រធានាធិបតីហើយលោកស្រី Aung San Suu Kyi ជាទីប្រឹក្សាដដែល ដោយពីរនាក់នេះបន្តដឹកនាំប្រទេសរហូតដល់២០២៥​ ដែលពេលនោះសភាពការណ៍មានភាពធូរស្រាល ព្រោះពេលនោះBRI ក៏ឈរជើងរឹងមាំនៅក្នុងតំបន់នេះផងដែរ!៕

                                                                    សំយោគដោយ ហើស សិរីធន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top