នយោបាយ

SEATO អង្គការយោធាដំបូង នៅអាស៊ីត្រូវបានបង្កើតឡើង ដើម្បីទប់ទល់ទៅនឹង រលកក្រហម!

នៅថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ ១៩៥៥ ក្រុមប្រឹក្សា SEATO ត្រូវបានកោះប្រជុំដំបូងនៅប្រទេសហ្វីលីពីន ដែលនៅក្នុងអង្គប្រជុំនេះ John Foster Dulles បានប្រកាសថា ការបង្កើតឡើងនូវអង្គការSEATOគឺដើម្បីការពារតំបន់មួយនេះឱ្យចៀសផុតពីអំពើឈ្លានពានរបស់កុម្មុយនីស្ត!។ កិច្ចប្រជុំមួយនេះដោយមានអាមេរិកជាបងធំនៅក្នុងប្លុក SEATO បានក្លាយទៅជាមូលដ្ឋានមួយក្នុងការជំរុញ និងលើកទឹកចិត្តដល់ក្រុមប្រទេសទាំងនេះកាន់តែសកម្មចូលរួមក្នុងសង្រ្គាមនៅវៀតណាម!។

A SEATO conference in Manila

SEATO ត្រូវបានបង្កើតឡើង នៅ Manila នៅឆ្នាំ១៩៥៤ នៅក្នុងអង្គប្រជុំមួយ ដែល John Foster Dulles រដ្ឋមន្រ្តីការបរទេសរបស់អាមេរិក បានក្រោកឈរឡើងអំពាវនាវ!។ ក្រោយពីការអំពាវនាវនេះ អង់គ្លេស បារាំង អូស្រ្តាលី ញ៉ូហ្សេឡែន ថៃ ប៉ាគីស្ថាន ហ្វីលីពីន បានរួមគ្នាជាឯកច្ឆ័ន្ទក្លាយទៅជាសមាជិករបស់អង្គការ SEATO ប្រចាំតំបន់អាស៊ីនេះទៅ!។ ការជំរុញនិងបង្ខំបង្កើតឡើង អង្គការ SEATO នេះ ក្នុងគោលដៅសំខាន់ គឺដើម្បីរួមគ្នាមានប្រតិកម្មរហ័ស នៅចំពោះមុខសភាពការណ៍ កាន់តែកំពុងអាក្រក់ទៅៗ ដែលបានកើតនិងកំពុងតែ វិវត្តនៅក្នុង តំបន់អាស៊ីអាគ្នេយ៍នេះ!។ មុននេះនៅឆ្នាំ១៩៥៤ បារាំងបានខិតខំដណ្ដើមការត្រួតត្រា កាន់កាប់មកវិញនូវដែនដីអាណានិគមចាស់របស់ខ្លួនមកវិញចាប់តាំងពីបណ្ដាឆ្នាំ១៩៤៦ តែចុងក្រោយបានសម្រេចដកកងទ័ពខ្លួនចេញអស់ពីឥណ្ឌូចិន កម្ពុជា-ឡាវ ទទួលបានឯករាជ្យដោយកងទ័ពវៀតមិញបានដកអស់ចេញពីកម្ពុជា ចំពោះឡាវវិញនៅមានតំបន់រំដោះនៅម្ដុំ Phong Saly , Sam Nua សម្រាប់ពួក Pathet Lao ដោយឡែកចំពោះវៀតណាមវិញបានសម្រេចបែងចែកទឹកដីទៅជា២ ដោយយកខ្សែស្របទី១៧ ជាព្រំដែននៃប្រទេសវៀតណាមទាំងពីរ ដែលភាគខាងត្បូងប្រកាន់យករបបនយោបាយមូលធននិយម ចំណែកភាគខាងជើងវិញប្រកាន់យករបបនយោបាយសង្គមនិយម! ហើយដោយមានការសម្របសម្រួលក្នុងកិច្ចប្រជុំ Geneva គឺទាំងដែនដីខាងជើង និងខាងត្បូងរបស់វៀតណាម គ្រោងធ្វើការបោះឆ្នោតដើម្បីឯកភាពទឹកដីបន្ទាប់ពី ពីរឆ្នាំក្រោយពីសន្និសីទ Geneva !

ពួកយោធានិយម របស់អាមេរិកជឿជាក់ថា វៀតណាមខាងជើងគឺជា “ សន្លឹកបៀ Domino” ដំបូងដែលធ្លាក់ទៅក្នុងដៃរបស់របបកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍! ដូច្នេះមុននិងក្រោយនឹងមានប្រទេសអាស៊ីខ្លះនៅក្នុងតំបន់នេះ និងបន្តបន្ទាប់ធ្លាក់ទៅក្នុងការឈ្លានពានត្រួតត្រាទៅដោយកម្លាំងកុម្មុយនីស្តមិនខានឡើយ!។ នៅក្នុងឧបាយកលយុទ្ធសាស្រ្ត Foster Dulles បានអះអាងដោយជឿជាក់ថា ប្រទេសចិនគឺជាមុខសញ្ជាផ្ទាល់ក្នុងការគំរាមកំហែងមកលើសន្តិភាព និងសន្តិសុខក្នុងតំបន់នេះ! បើចិនវិញ បានប្រតិកម្មដោយប្រកាសថា SEATO គឺជាចំណែកមួយក្នុងនយោបាយឈ្លានពានមកលើពួកប្រទេសអាស៊ីមួយចំនួនរបស់អ្នកកាន់អំណាចអាមេរិក!។

មុខងារយុទ្ធសាស្រ្ត របស់អង្គការ SEATO កាន់តែមានសារសំខាន់ចំពោះពួក Policy Makers របស់សេតវិមាន នៅពេលដែលអាមេរិកសម្រេចចុងក្រោយថា ត្រូវបង្ខំយកទ័ពរបស់អាមេរិកទៅពង្រាយនៅវៀតណាមខាងត្បូងនៅឆ្នាំ១៩៦៥មក!។ តែជាភាពមិនអំណោយផលខាងយុទ្ធសាស្រ្តចំពោះអាមេរិក ដោយមានសមាជិករបស់SEATO ខ្លះដែលបានគាំទ្រចូលរួមក្នុងផែនការយោធានេះ រួមមានប្រទេស ញ៉ូហ្សេឡែន អូស្រ្តាលី ថៃ និងហ្វីលីពីនដែរ បានបញ្ជូនទ័ពទៅកាន់វៀតណាមខាងត្បូងរួមជាមួយទ័ពអាមេរិក ដោយឡែកចំពោះអង់គ្លេស បារាំង និងប៉ាគីស្ថាន បានបដិសេធមិនចូលរួមក្នុងផែនការយោធានេះឡើយ!។ ចុងក្រោយដោយផលប្រយោជន៍យុទ្ធសាស្រ្ត បារាំង ប៉ាគីស្ថាន និងអូស្រ្តាលី បានសម្រេចដកខ្លួនចេញពីអង្គការSEATOនេះទៅ!។អង្គការ SEATO មួយថ្ងៃកាន់តែអស់ប្រសិទ្ធភាពនិងប្រសិទ្ធផលទៅក្នុងគោលនយោបាយរបស់អាមេរិកនៅអាស៊ីចាប់តាំងពីបណ្ដាឆ្នាំ ១៩៧០ ដល់ឆ្នាំ១៩៧៦ អង្គការSEATOប្រកាសជាផ្លូវការនូវការផ្អាកសកម្មភាពទាំងស្រុង!។

SEATO ប្រកាសរំសាយនៅថ្ងៃទី២០ កុម្ភៈ ១៩៧៦!
អស់រយៈពេល២២ឆ្នាំ នៃដំណើរការសកម្មភាព អង្គការ SEATO បានបញ្ចប់សកម្មភាពយោធាយ៉ាងស្ងាត់ស្ងៀមបំផុត នៅថ្ងៃទី២០ កុម្ភៈ ១៩៧៦ !។ SEATOគឺជាកំពែងយុទ្ធសាស្រ្ត មួយនៃគោលនយោបាយ យោធាក្នុងសង្រ្គាមត្រជាក់ របស់អាមេរិក នៅអាស៊ី។ ក៏ប៉ុន្តែសង្រ្គាមនៅវៀតណាម និយាយដោយឡែក និងសង្រ្គាមនៅឥណ្ឌូចិន និយាយជារួមបានធ្វើឱ្យភាពផ្សារភ្ជាប់របស់អង្គការមួយនេះ មានការប្រេះឆាបែកបាក់ នាំទៅដល់អង្គការនេះបាត់ចរិតប្រសិទ្ធភាព ប្រសិទ្ធផល ក្នុងគោលការណ៍យុទ្ធសាស្រ្តរបស់វា!។

SEATO ត្រូវបានបង្កើតឡើង នៅឆ្នាំ១៩៥៤ នៅManila ក្រោមអធិបតីភាពរបស់រដ្ឋមន្រ្តីការបរទេសអាមេរិក John Foster Dulles ដោយមានប្រទេស៨បានចូលរួមនៅក្នុងប្លុកនយោបាយយោធាមួយនេះ រួមមាន អាមេរិក បារាំង អង់គ្លេស អូស្រ្តាលី ញ៉ូហ្សេឡែន ហ្វីលីពីន ថៃ និងប៉ាគីស្ថាន ក្រោមបាវចនារារាំង ទប់ស្កាត់ ទៅនឹងរលកក្រហម កុម្មុយនីស្ត នៅក្នុងទ្វីបអាស៊ី!។

SEATOជាប្លុកយោធាមួយដំបូង ដែលត្រូវបានបង្កើតឡើង នៅក្នុងតំបន់អាស៊ី ចំពេលដែលកម្លាំងកុម្មុយនីស្ត បាននិងកំពុងមានការរីករាលដាល និងមានភាពគ្រោះថ្នាក់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ! ព្រោះពួកយោធានិយមជឿជាក់ថា វៀតណាមខាងជើង គឺជាកូនអុក នៅលើក្ដារអុកនយោបាយអន្តរជាតិ ដែលបម្រើឱ្យលទ្ធិកុម្មុយនីស្តអន្តរជាតិ! ទើបអាមេរិកសម្រេចបង្កើត ប្លុកយោធា SEATO ជាឆត្រដើម្បីការពារវៀតណាមខាងត្បូង និងប្រទេសដទៃទៀត នៅអាស៊ី!។

Hovering U.S. Army helicopters pour machine gun fire into a tree line to cover the advance of South Vietnamese ground troops in an attack on a Viet-Cong camp 18 miles north of Tay Ninh, near the Cambodian border, March 1965. (AP Photo/Horst Faas)

នៅពេល ដែលអាមេរិកចូលរួមស៊ុប នៅក្នុងសង្រ្គាមនៅវៀតណាម ទាំងស្រុងនៅឆ្នាំ១៩៦៥ អាមេរិកបានអំពាវនាវឱ្យមានការជួយឧបត្ថម្ភគាំទ្រពីសម្ព័ន្ធមិត្តនៅក្នុងប្លុកយោធា SEATO! ពេលនោះមានតែអូស្រ្តាលី ញ៉ូហ្សេឡែន ហ្វីលីពីន និងថៃទេដែលបានផ្ញើកងទ័ព និងសម្ភារសឹកចូលរួមក្នុងផែនការយោធានេះជាមួយកងទ័ពអាមេរិក! ប្រការនេះបញ្ជាក់ឱ្យឃើញថា ចលករសំខាន់នៅពីក្រោយ SEATO គឺក្រុមយោធានិយមរបស់សេតវិមានតែមួយគត់!។ ដោយមើលឃើញនេះជាឧបាយកលមួយក្រោមលេស្តប្រឆាំងទៅនឹងកុម្មុយនីស្តនិយមប៉ុណ្ណោះទើបអង់គ្លេស និងបារាំងគ្មានបំណងចង់ចូលរួមក្នុងសង្រ្គាមផ្សេងមួយទៀតនៅអាស៊ីបើចំពោះប៉ាគីស្ថានវិញ ចូលSEATO គឺដើម្បីបានទទួលជំនួយជាយោធា ពេលខ្លួនជាសមាជិកពេញសិទ្ធិរបស់ប្លុកយោធានេះតែប៉ុណ្ណោះ!។

NATO អាស៊ីថ្មីមួយត្រូវបាន បង្កើតឡើង ដើម្បីទប់ទល់ទៅ នឹងឥទ្ធិពលរបស់ចិន!

មេរៀនចាស់ត្រូវបានសារឡើងវិញជាថ្មីបន្ទាប់ពីអស់រយៈកាលជិត៦០ឆ្នាំកន្លងទៅ!។ការគំរាមកំហែងដោយរបបកុម្មុយនីស្ត លែងមានសារសំខាន់ទៀត នៅសល់តែមានការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងសេដ្ឋកិច្ច ពាណិជ្ជកម្ម បច្ចេកវិទ្យា និងយោធា។ មុននេះក្នុងសម័យកាលរបស់សង្រ្គាមត្រជាក់ គឺការប្រកួតប្រជែងខាងអាមេរិកនិងសហភាពសូវៀត គឺការប្រមូលផ្ដុំមកលើមនោគមន៍វិជ្ជា អាវុធនុយក្លេអ៊ែរ !តែឥឡូវនេះការប្រកួតប្រជែងរវាងក្រុងវ៉ាស៊ីនតោន ជាមួយ ប៊ៀកឡាំង គឺជុំវិញវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលបច្ចុប្បន្ននេះចិនបាននាំមុខលើអាមេរិកក្នុងវិស័យជាច្រើន!។

Bretton Woods System and 1944 Agreement

ក្រោយសង្រ្គាមលោកលើកទី២ សហរដ្ឋអាមេរិក បានងើបឡើង ជាមហាអំណាចដោយខ្លួនជាឈ្មួញសង្រ្គាម។ បន្ទាប់មកកិច្ចព្រមព្រៀង Bretton Woods នៅឆ្នាំ១៩៤៤ បានធ្វើឱ្យលុយដុល្លារអាមេរិកដើរតួនាទីជាអធិរាជនៅលើទីផ្សាររូបិយវត្ថុអន្តរជាតិ ដោយបង្ខំឱ្យរូបិយវត្ថុផ្សេងទៀតត្រូវយកតម្លៃលុយដុល្លារអាមេរិកធ្វើជាស្ដង់ដារក្នុងការទូទាត់!។ ក្រោយមក IMF WB និង UN ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៤៥ ដែលស្ថាប័នទាំងអស់សុទ្ធតែស្ថិតនៅក្រោមស្រមោលរបស់ Uncle SAM ទាំងអស់។ ផ្ដើមចេញពីឧត្តមភាពមួយនេះសហរដ្ឋអាមេរិកបានដាក់ចេញនូវផែនការ Marshall ឆ្នាំ១៩៤៨ ដែលផែនការនេះមានតួនាទីជួយស្ដារសេដ្ឋកិច្ចប្រទេសអឺរ៉ុបទាំងអស់ឡើងវិញដោយការហិនហោចមកពីសង្រ្គាមលោកលើកទី២។

ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីចិនងើបឡើង ជាមហាអំណាចលើ គ្រប់វិស័យជាពិសេសគឺបន្ទាប់ពីចិន ប្រកាសផែនការយុទ្ធសាស្រ្ត “ផ្លូវមួយខ្សែក្រវាត់មួយ” នៅឆ្នាំ២០១៣ ដែលមានវិសាលភាព គ្រប់ដណ្ដប់មកលើ៦៥ប្រទេស លើពិភពលោកមក បានធ្វើឱ្យពួកអ្នកយុទ្ធសាស្រ្ត របស់ អាមេរិក អូស្រ្តាលី ជប៉ុន និងឥណ្ឌា រួមគ្នាចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងក្របខណ្ឌ Indo pacific បង្កើតទៅជាក្រុមចតុភាគីពេជ្រ នៅខែវិច្ឆិកា ២០១៧ ដើម្បីទប់ទល់ទៅនឹងអំណាចឥទ្ធិពលរបស់នាគក្រហមចិន!។

Boris Johnson

អង់គ្លេសមានបំណង ចង់ចូលរួមក្នុងក្រុម ចតុភាគីពេជ្រ ឬ NATO អាស៊ីនេះ ដែលគ្រោងនឹងជួបពិភាក្សាក្នុងឱកាសដែលលោក Boris Johnson នាយករដ្ឋមន្រ្តីអង់គ្លេសធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌានោះ!។ តាមគម្រោង គឺ លោក Boris Johnson និងជាភ្ញៀវកិត្តិយសក្នុងការអញ្ជើញចូលពិធី ព្យុះហយាត្រា ក្នុងទិវា Republic day របស់ឥណ្ឌា ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ មករា ២០២១ តែដោយការវិវត្តន៍របស់ជំងឺកូវីដ១៩ថ្មីនេះបានធ្វើឱ្យមានការលុបដំណើរទស្សនកិច្ចនេះទៅ!។

មជ្ឈដ្ឋានអ្នកសង្កេតការណ៍ នយោបាយបានអះអាងថា រដ្ឋាភិបាលអង់គ្លេស មានបំណងចង់ចូលរួមក្នុងប្លុកសម្ព័ន្ធភាព៤ភាគី នេះណាស់ ដើម្បីជាការរួមចំណែកក្នុងការទប់ស្កាត់ការងើបឡើងយ៉ាងខ្លាំងក្លារបស់ចិនលើគ្រប់វេទិកាអន្តរជាតិ!។

Prime Minister Narendra Modi during a meeting with UK Foreign Secretary Dominic Raab in New Delhi on 16 December

រដ្ឋមន្រ្តីការបរទេស អង់គ្លេស លោក Dominic Raab បានទទួលស្គាល់ថា ក្នុងដំណើរទៅកាន់ប្រទេសឥណ្ឌា នាខែធ្នូ ២០២០ អង់គ្លេសបានពិភាក្សាពីការចង់ចូល រួមក្នុងប្លុកសម្ព័ន្ធភាពមួយនេះពិតប្រាកដមែន!។

Kanwal Sibal

មុននេះ អតីតរដ្ឋមន្រ្តីការបរទេសឥណ្ឌា Kanwal Sibal បានឱ្យដឹងថាក្រុមចតុភាគីពេជ្រ នៅតែបន្តកិច្ចសហការក្នុងវិស័យជើងទឹក ក្នុងតំបន់សមុទ្រឥណ្ឌា និងសមុទ្រប៉ាស៊ីហ្វិក ដែលជាកម្លាំងសម្ពាធមកលើចិនក្នុងការអុងអាត់វាតទីនៅលើសមុទ្រអន្តរជាតិទាំងនេះ!។

Indian Foreign Minister Subrahmanyam Jaishankar, Japan’s Foreign Minister Toshimitsu Motegi, Australia’s Foreign Minister Marise Payne and U.S. Secretary of State Mike Pompeo pose for a picture prior the Quad ministerial meeting in Tokyo, Japan, 6 October 2020.

នៅក្នុងកិច្ចប្រជុំរបស់ក្រុម NATO អាស៊ី នៅខែតុលា ២០២០ Tokyo កន្លងមកដោយអង្គប្រជុំបាន សង្កត់ធ្ងន់មកលើអំណាចឥទ្ធិពល របស់ចិនមួយថ្ងៃ កាន់តែខ្លាំងក្ លានៅក្នុងតំបន់ ដែលចាំបាច់ត្រូវមានវិធានការ រារាំងទប់ស្កាត់!។

ត្រូវមើលឃើញការពិតមួយថា អាមេរិក និងក្រុមសម្ព័ន្ធមិត្ត របស់ខ្លួនបាននិងកំពុងមានទំនាស់តានតឹង ជាមួយចិន លើបញ្ហារសើបជាច្រើន ដែលនៅពុំមាន ដំណោះស្រាយដូចជាអូស្រ្តាលីមានបញ្ហា វិវាទជាមួយចិនអំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាមានការពាក់ព័ន្ធទៅដល់កូវីដ១៩ បើឥណ្ឌាបាននិងកំពុងប្រឈមមុខជាយោធាជាមួយចិិន នៅតាមបណ្ដោយព្រំដែន ចំពោះជប៉ុន នៅមានបញ្ហាវិវាទប្រទូស្តរាយ លើបញ្ហាប្រជុំកោះក្នុងសមុទ្រលឿង ។

ទិដ្ឋភាពសេដ្ឋកិច្ច និងនយោបាយរបស់ពិភពលោកបានផ្លាស់ប្ដូរ ប្រែប្រួលបន្ទាប់ពី៧០ឆ្នាំ។ ទាំងអាមេរិក និងចិនត្រូវបានចងទៅ ដោយមនោគមន៍វិជ្ជា ទស្សនៈនយោបាយ និងប្រព័ន្ធដឹកនាំ។ ការប្រឈមមុខដាក់គ្នា ការប្រកួតប្រជែងឥទ្ធិពល និងការដណ្ដើមឧត្តមភាពអាចនឹងរុញឱ្យប្រទេសទាំងពីរនេះធ្លាក់ទៅក្នុងអន្ទាក់Thucydides មិនខាន!បើប្រទេសពីរនេះ ខ្វះភាពភ្លឺស្វាង ក្នុងការតម្កល់ ផលប្រយោជន៏សន្តិភាពរបស់ មនុស្សលោកជាធំនោះ ! ៕

ដោយ ហើស សិរីធន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×