តាមការវិភាគរបស់ពួកអ្នកយោធានិយម គឺដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសអាមេរិក ទៅកាន់ប្រទេសភូមា ជាលើកដំបូងនោះ ក្រៅអំពីការវាយតម្លៃមកលើ ស្ថានភាពរួមរបស់ភូមា ក៏មានគោលដៅសំខាន់មួយទៀត គឺការរារាំង ទប់ស្កាត់ជាមុននូវមហិច្ឆតារបស់ភូមា ក្នុងផែនការចង់ជំរុញនិងកសាងនូវអាវុធបរមាណូ! ដោយយោងតាមព័ត៌មានសម្ងាត់ សហរដ្ឋអាមេរិកក្ដាប់បានដំណឹងអំពីសកម្មភាពមួយចំនួនដែលធ្វើឲ្យអាមេរិកមានការបារម្ភយ៉ាងជ្រាលជ្រៅនោះ!។ ព្រោះមូលបទចម្បងក្នុងការសម្រេចប្ដូររដ្ឋធានីពី Yangon ទៅកាន់ដែនដីថ្មី Naypyidaw ដែលក្នុងការស្ថាបនាក្រុងថ្មីមួយនេះ គឺមានផែនការទាក់ទងទៅដល់គម្រោងកសាងអាវុធបរមាណូរបស់ភូមានេះឯង!។
ដំណើរទស្សនកិច្ចរបស់លោកស្រី Hillary Clinton ទៅកាន់ប្រទេសភូមាជាលើកដំបូងនាពេលនេះ ទន្ទឹមទៅនឹងការជំរុញឲ្យមានការកែលម្អបន្ថែមទៀតនូវបរិយាកាសនយោបាយ បើកឲ្យកាន់តែទូលាយថែមទៀតនូវលំហរប្រជាធិបតេយ្យ សេរី សិទ្ធិមនុស្ស ភាគីអាមេរិកក៏បានសង្កត់ធ្ងន់ ដោយលើកឡើង នូវទំនាក់ទំនងមួយ មានចរិតមិនប្រក្រតីរវាងក្រុង Yangon និង ក្រុង Pyongyang ជុំវិញព័ត៌មានសម្ងាត់ទាំងឡាយទាក់ទងដល់អ្នកកាន់អំណាចរបស់ភូមា បានទិញសម្ភារឧស្សាហកម្ម មធ្យោបាយ បច្ចេកវិជ្ជា រួមទាំង Know- How សម្រាប់ជាការផលិតនូវកាំជ្រួច និងកម្មវិធីថាមពលបរមាណូសម្រាប់រដ្ឋភូមាកាន់់កាប់ ប្រើប្រាស់ ក្រោមការជួយឧបត្ថម្ភគាំទ្រជាបច្ចេកទេសរបស់ពួកអ្នកជំនាញការរបស់កូរ៉េខាងជើង!។
ផ្ដើមចេញពីកត្តាដ៏រសើប និងគ្រោះថ្នាក់យ៉ាងនេះ ទើបសហរដ្ឋអាមេរិកមានបំណងធ្វើការស្ទាបស្ទង់ ស្វែងយល់អំពីភូមាក្នុងគ្រប់ទិដ្ឋភាព រួមទាំងមានវិធានការជាមុនក្នុងការរារាំង ទប់ស្កាត់នូវរាល់គំនិត ផែនការ រួមមានទាំងមហិច្ឆតាក្នុងការចង់ផលិតនូវអាវុធបរមាណូសម្រាប់ប្រទេសរបស់ភូមាទៀតផង!។
ព័ត៌មានសម្ងាត់ និងសកម្មភាពមួយចំនួនរបស់ភូមា បានធ្វើឲ្យមជ្ឈដ្ឋានចារកម្មសម្ងាត់ និងយោធារបស់អាមេរិក មានការបារម្ភយ៉ាងជ្រាលជ្រៅ បំផុតនោះ គឺនៅខែឧសភា ២០១១ នៅក្នុងតំបន់សមុទ្រខាងកើត(East Sea ) កងទ័ពជើងទឹករបស់អាមេរិកបានស្ទាក់ និងឃាត់នាវាមួយគ្រឿង របស់កូរ៉េខាងជើង ដែលអាមេរិកមានការសង្ស័យថា នាវាមួយនេះបានលួចដឹកអាវុធ សម្ភាសឹក និងមធ្យោបាយឧស្សាហកម្មបច្ចេកវិជ្ជាសម្រាប់ជាការកសាង និងផលិតកាំជ្រួច រួមទាំងកាំជ្រួចបំពាក់ទៅដោយក្បាលគ្រាប់បរមាណូទៅឲ្យប្រទេសភូមា!។
នៅខែ វិច្ឆិកា ២០១០ មានរបាយការណ៍សម្ងាត់មួយរបស់អង្គការសហប្រជាជាតិ UN បញ្ជាក់ថា កូរ៉េខាងជើងនៅតែបន្តនាំចេញនូវបណ្ដាមធ្យោបាយ សម្ភារនុយក្លេអ៊ែរ និងឧបករណ៍ជាកាំជ្រួចដឹកទៅកាន់ភូមា អ៊ីរ៉ង់ និងស៊ីរីដដែល! ហើយម្យ៉ាងវិញទៀត នៅចុងឆ្នាំកន្លងទៅនោះរដ្ឋអំណាចរបស់ក្រុង Yangon ក៏បានបដិសេធមិនទទួលយកសំណើររបស់អង្គការថាមពលបរមាណូអន្តរជាតិ International Atomic Energy Agency (IAEA)ដែលស្ថាប័ននុយក្លេអ៊ែរមួយនេះមានបំណងស្នើចាត់បញ្ជូនជំនាញការមួយក្រុម(Experts)ចុះទៅស៊ើបអង្កេត(Observations) មកលើទីតាំង មូលដ្ឋានមួយចំនួន ដែលអង្គការ IAEAនេះសង្ស័យថា ជាកន្លែងដែលអាជ្ញាធរភូមាបានលាក់ស្តុកទុកនូវបណ្ដាសម្ភារ ដែលជាមធ្យោបាយសម្រាប់ជាការដំណើការកសាងនូវអាវុធប្រល័យលោកនេះ!។
ជាការពិតប្រព័ន្ធផ្កាយរណបចារកម្មរបស់ 5EYES បានលួចស្ដាប់នូវរាល់ការទំនាក់ទំនង និងរាល់ការធ្វើដំណើរទៅមក សកម្មភាពរបស់មន្រ្តីយោធាជាន់ខ្ពស់របស់ភូមាជាមួយពិភពខាងក្រៅ រួមទាំងរាល់ជើងហោះហើរចេញចូលប្រទេសភូមា ដែលយន្តហោះទាំងនេះពុំមានលេខ Code ក្នុងបញ្ជីជើងហោះហើររបស់ ICAO ដែលបានហោះហើរចូលដែនដីភូមានោះ! ដែលសកម្មភាពលួចស្ដាប់ និងតាមដាននូវបណ្ដាសកម្មភាពមិនប្រក្រតីមួយនេះរបស់ភូមានិយាយដោយឡែក និងសម្រាប់តំបន់នេះនិយាយជារួមមានជាយូរមកហើយ!។
ព្រោះមុននេះ នៅឆ្នាំ ២០០៨ មានទូរលេខសម្ងាត់មួយច្បាប់របស់ស្ថានទូតអាមេរិកប្រចាំនៅYangon ផ្ញើទៅកាន់ក្រុង Washington ដែលក្រោយមកទូរលេខសម្ងាត់មួយនេះ ត្រូវបាន Wikileaks បង្ហោះឲ្យដឹងថា មានពាណិជ្ជករមួយរូបបាននិយាយថា គាត់បានឮអំពីផែនការសាងសង់ចង្រ្កាននុយក្លេអ៊ែរ(Nuclear Reactor)មួយ ដែលការសាងសង់ចង្រ្កាននេះត្រូវបានគ្រោងកសាងរៀបចំឡើងនៅជិត Minbu ក្នុងតំបន់ Magway ដែលទីតាំងនេះស្ថិតនៅតាម បណ្ដោយដងទន្លេ Irrawady របស់ប្រទេសភូមា!។
ក្រៅអំពីព័ត៌មានទាក់ទង ដល់ចង្រ្កាននុយក្លេអ៊ែរ មួយនេះ សហរដ្ឋអាមេរិកក៏មានព័ត៌មានសម្ងាត់មួយទៀត នៅក្នុងដៃផងដែរ គឺមាននាយទាហានភូមាមួយរូបដែលបានរត់ភៀសខ្លួន ទៅកាន់ថៃ ឈ្មោះ Sai Thein Win រួមជាមួយសហការីជាច្រើនទៀតដែលបានរត់គេចនោះ គឺជាក្រុមមនុស្សដែលត្រូវបាន ទទួលនូវបទបញ្ជាដំបូង ទាក់ទងដល់ការសិក្សា ស្រាវជ្រាវ Know-How ក្នុងក្របខណ្ឌនៃកម្មវិធីផលិតអាវុធប្រល័យលោក (Mass Weapon Destruction)នេះ! ស្របពេលនោះផងដែរ លោក U Thaung ដែលជារដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងឧស្សាហកម្ម និងលោកឧត្តមសេនីយ៍ Maung Aye អគ្គមេបញ្ជាការរងនៃកងកម្លាំងប្រដាប់អាវុធភូមា ពេលដែលបានចូលរួម និងថ្លែងការណ៍នាវិទ្យាស្ថានការពារជាតិនៅ Yangon នោះ ដែលមន្រ្តីជាន់ខ្ពស់ទាំងពីររូបនេះ សុទ្ធតែបានលើកឡើងដោយមោទកភាពក្នុងការអះអាងថា ប្រទេសភូមាចាំបាច់ត្រូវការនូវបណ្ដាមធ្យោបាយ ឧស្សាហកម្មបច្ចេកវិជ្ជាយោធា និងការទំនើបកម្មក្នុងវិស័យកងទ័ព ដើម្បីការពារជាតិ មាតុភូមិ ដែលគោលមាគ៌ានយោបាយនេះ ភូមាគួរដើរតាមគំរូកសាងជាតិរបស់ប្រទេសកូរ៉េខាងជើង!។
ក្រៅពីនេះ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្រ្ត និងឧស្សាហកម្មរបស់ភូមា ក៏មានមតិថ្លែងក្នុងឱកាសនេះផងដែរដោយបានលើកឡើងជាទឡ្ហីករណ៍នយោបាយមួយចំនួនពាក់ព័ន្ធដល់បញ្ហាក្នុងតំបន់ ដែលក្នុងនោះមានការចង្អុលទៅកាន់សត្រូវជាប្រវត្តិសាស្រ្តរបស់ខ្លួនថា ថៃជាសម្ព័ន្ធមិត្តរបស់អាមេរិក ដូច្នេះបើសហរដ្ឋអាមេរិកចង់ធ្វើការវាយប្រហារ ឈ្លានពានមកលើប្រទេសភូមា នៅទោះបីពេលណាមួយក៏បានដែរ!។
នៅខែកញ្ញា ១៩៨៨ សហរដ្ឋអាមេរិកធ្លាប់បានចាត់បញ្ជូន នាវាចម្បាំង៥គ្រឿង ដែលក្នុងនោះមានទាំងនាវាផ្ទុកយន្តហោះ Coral Sea ផងដែរ ធ្វើដំណើរមកកៀកទៅនឹងដែនសមុទ្ររបស់ភូមា ដែលព្រឹត្តិការណ៍ចល័តទ័ពមួយនេះ បានកើតឡើង៦ថ្ងៃ មុនពេលដែលមានឧបទ្ទវហេតុនយោបាយ ក្នុងការបង្រ្កាបយ៉ាងចាស់ដៃ បង្ហូរឈាមរបស់កងកម្លាំងយោធាភូមា! មកលើចលនា បះបោរទាមទារ សិទ្ធិ សេរីភាព ប្រជាធិបតេយ្យ នៅក្នុងប្រទេសភូមានាពេលនោះ! ហើយបើតាមការបង្ហើបឲ្យដឹងពី Sai Thein Win គឺចាប់តាំងពីបណ្ដាឆ្នាំ២០០១មក មាននាយទាហានជាច្រើនរបស់ភូមា ត្រូវបានចាត់បញ្ជូនទៅបំពេញការសិក្សា ស្រាវជ្រាវ បណ្ដុះបណ្ដាលនៅរុស្ស៊ី ចិន និងកូរ៉េខាងជើង លើផ្នែកអាវុធទំនើបៗទាំងនេះ។
បណ្ដាវិធានការការពារមុន ប្រសើរជាងព្យាបាល៖ ដោយនៅថ្ងៃទី១ ធ្នូ ២០១១ នៅពេលដែលមានជំនួប សវនការទ្វេភាគីរវាងលោក Thein Sein ប្រធានាធិបតីភូមាជាមួយលោកស្រី Hillary Clinton នៅរដ្ឋធានី Naypyidaw គឺភាគីអាមេរិកបានសង្កត់ធ្ងន់ ដោយបានអំពាវនាវ ស្នើសុំរដ្ឋាភិបាលក្រុង Naypyidaw ឲ្យឈប់ជាបន្ទាន់នូវរាល់ទំនាក់ទំនង និងសហប្រតិបត្តិការមិនស្របច្បាប់ណាមួយជាមួយនឹងក្រុងព្យុងយ៉ាង! ហើយទន្ទឹមនេះ លោកស្រី Hillary Clinton ក៏បានអះអាងថា “មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ល្គឹកណាដែលរដ្ឋាភិបាលភូមាប្រតិបត្តិ និងត្រូវគោរពនូវភាពឯកច្ឆ័ន្ទរបស់អន្តរជាតិ ក្នុងការប្រឆាំងទៅនឹងការរីកសាយភាយនូវអាវុធនុយក្លេអ៊ែរនោះ”! ហើយទន្ទឹមនេះក្រុង Washington ក៏មានការរំពឹងថា ភូមាត្រូវគោរពឲ្យបានម៉ឺងមាត់ដល់រាល់សេចក្ដីសម្រេចចិត្តលេខ ១៧១៨ និង ១៨៧៤ របស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ (UNSC) រួមទាំងការកាត់ផ្ដាច់ជាស្ថាពរនូវរាល់ទំនាក់ទំនងណាមួយដែលមានភាពមិនប្រក្រតីជាមួយនឹងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផង!។
លោកស្រី Clinton ក្រោយមកបានឲ្យដឹងថា លោក Thein Sein ប្រធានាធិបតីភូមាពេលនោះក៏បានអះអាងថា ភូមាបានសន្យាធានាក្នុងការគោរព និងប្រតិបត្តិនូវរាល់សេចក្ដីសម្រេចទាំងឡាយរបស់ក្រុមប្រឹក្សាសន្តិសុខសហប្រជាជាតិ ក្នុងការហាមប្រាមមិនឲ្យកូរ៉េខាងជើងនាំចេញនូវរាល់អាវុធយុទ្ធភ័ណ្ឌ ទន្ទឹមនេះភូមាក៏បានសន្យាដោយម៉ឺងមាត់ថា នឹងមិនពង្រីកសាយភាយនូវអាវុធនុយក្លេអ៊ែរឡើយ!។
បញ្ហាគម្រោងកសាង អាវុធបរមាណូរបស់ភូមា មានការពាក់ព័ន្ធ ដ៏ជ្រាលជ្រៅនូវការបង្កើតឡើងនូវអង្គការ The Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ACMECS ដែលយន្តការមួយនេះជាគំនិតផ្ដួចផ្ដើម របស់លោក Thaksin Shinawatra នាយករដ្ឋមន្រ្តីថៃ។ ព្រោះថៃបានទទួលព័ត៌មានសម្ងាត់ជុំវិញការគ្រោងកសាងចង្រ្កាននុយក្លេអ៊ែរនេះមុនគេ ព្រមទាំងថៃដែលជាប្រទេសមានប្រវត្តិអរិយភាពដ៏យូរលូរលង់ជាមួយភូមា និងថៃជាប្រទេសស្ថិតនៅក្នុងជួរមុខនៃការប្រឈមជាប្រចាំជាមួយរដ្ឋភូមានោះផងដែរ ទើបលោក Thaksin យល់ថាមានតែវិធានសេដ្ឋកិច្ចតែមួយគត់ដែលមានលទ្ធភាពក្នុងការជំរុញឲ្យមានដំណើរការសមាហរណកម្មសេដ្ឋកិច្ច (Integration on economy )ឲ្យកាន់តែមានភាពខ្លាំងក្លា ស៊ីជម្រៅ វិបុលភាព និងរួមមានផលប្រយោជន៍!ហើយសុខភាពល្អរបស់សេដ្ឋកិច្ចពេលនោះគឺជាការរួមចំណែកក្នុងការកាត់បន្ថយនូវគោលគំនិតចង់ដោះស្រាយនូវរាល់បញ្ហាវិវាទតាមរយៈវិធានការជាយោធា! ព្រោះកត្តាឱនភាពសេដ្ឋកិច្ច បញ្ហាលំបាកលើផ្នែកសេដ្ឋកិច្ចសង្គម ជាបច្ច័យចម្បងក្នុងការរុញឲ្យប្រទេសទាំងឡាយមានភាពរឹងរូស មានះ មិនសម្បទាន!ហើយភាពសម្បូររុងរឿង មានបាននិងអាចជាដំណោះស្រាយចុងក្រោយក្នុងការធ្វើឲ្យភូមាបោះបង់ចោលនូវមហិច្ឆតាចង់កសាងនូវអាវុធបរមាណូទុកធ្វើជាចំណាប់ខ្មាំងក្នុងដំណោះស្រាយនយោបាយតំបន់នោះ!។
នៅក្នុងបរិបទមួយនេះ ទើបរូបមន្តសហប្រតិបត្តិការសេដ្ឋកិច្ច ក្នុងក្របខណ្ឌ ACMECS របស់ Thaksin នោះ ត្រូវបានស្នើឡើងដោយរួមមាន ភាគីថៃជាអ្នកបោះទុនកសាងបណ្ដាមូលដ្ឋានសេដ្ឋកិច្ច ដូចជាតំបន់សេដ្ឋកិច្ច រោងចក្រ និងជាទីផ្សារ ចំពោះភូមា និងឡាវជាប្រទេសដែលមានមុខងារក្នុងការផ្គត់ផ្គង់សម្ភារ វត្ថុធាតុដើម ហើយដោយឡែកចំពោះកម្ពុជា និងវៀតណាមវិញជាប្រទេសពីរក្នុងការផ្ដល់កម្លាំងពលកម្ម(Man power)សម្រាប់ក្របខណ្ឌ ACMECS មួយនេះ។ តែរដ្ឋប្រហារឆ្នាំ ២០០៦ ក្នុងការទម្លាក់ Thaksin ក៏បាននាំទៅជាមួយនូវគម្រោង ACMECS ស្លាប់ទៅជាមួយលែងមានសកម្មភាពខ្លាំងក្លាដូចមុនទៀត!។
ក្នុងរាល់ដំណើរការអភិវឌ្ឍន៍រួម របស់ប្រទេសមួយ នៅលើពិភពលោក ជាពិសេសគឺសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ត្រូវតែគោរពនូវគោលការណ៍រួមមួយគឺ “ត្រីជនាភិបាលមកលើ៣តំបន់” ដែលជាទ្រឹស្ដីអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់លោក Colin Clarke ដែលក្នុងនោះរួមមានតំបន់កសិកម្ម តំបន់ឧស្សាហកម្ម និងតំបន់សេវាកម្ម។ ផ្ដើមចេញពីគតិនេះ ទើបដំណើរការអភិវឌ្ឍន៍អាស្រ័យទៅដោយដំណាក់កាលនីមួយៗ ហើយទិន្នផលនៃកំណើនអភិវឌ្ឍន៍របស់រដ្ឋមួយត្រូវបាន គណនាទៅតាមអត្រាកំណើនរីកចម្រើនរបស់តំបន់នីមួយៗនោះ!។ សមិទ្ធផលសេដ្ឋកិច្ច គឺជារង្វាស់ក្នុងការដឹកនាំនយោបាយឆ្ពោះទៅការដឹកនាំប្រទេស ពុំមែនការដឹកនាំប្រទេសជាត្រីវិស័យក្នុងការដឹកនាំសេដ្ឋកិច្ចនោះទេ(Sic)!។
មានសមាជិកមួយរូប ដែលស្ថិតក្នុងគណៈប្រតិភូអាមេរិក ដែលបានធ្វើដំណើរទៅកាន់ភូមាជាមួយលោកស្រី Clinton បានបង្ហើបឲ្យ AFP ដឹងថា ភាគីភូមាបានជួបពិភាក្សាការងារយ៉ាងយកចិត្តទុកដាក់ ជាមួយនឹងគណៈប្រតិភូរបស់អាមេរិក ជុំវិញវិធានការទាំងឡាយដែល ទាក់ទងទៅដល់អង្គការថាមពលបរមាណូអន្តរជាតិ IAEA ក៏ដូចជាActions ផ្សេងជាច្រើនទៀត ដែលភាគីភូមាគ្រោងនឹងអនុវត្តន៍ពាក់ព័ន្ធដល់កូរ៉េខាងជើងនោះ!។ ហើយបើតាមការអះអាងរបស់មន្រ្តីរូបនេះទៀត គឺសហរដ្ឋអាមេរិក នឹងខិតខំធ្វើឲ្យអស់នូវលទ្ធភាព ក្នុងការអូសទាញ បញ្ចុះបញ្ចូលភូមាឲ្យមានការស្រុះស្រួល និងចូលរួមក្នុងការចុះហត្ថលេខាលើ “ពិធីសារបំពេញបន្ថែម” របស់សន្ធិសញ្ញាមិនរីកសាយភាយនូវអាវុធនុយក្លេអ៊ែរឲ្យបានទៀតផង!។
តើភូមា មានឆន្ទានុសិទ្ធិពិតប្រាកដក្នុងការបើកទ្វារកែទម្រង់មែន ឬអត់នោះ!
រហូតមកដល់ពេលនេះ គ្មាននរណាម្នាក់ហ៊ានអះអាងលើចំណុចមួយនេះ ដោយគ្រាន់តែបានដឹងថា ភូមាត្រូវបានយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងពេលនោះ ហើយដំណើរទស្សនកិច្ចរបស់ប្រមុខការទូតអាមេរិក បន្ទាប់មកគឺទស្សនកិច្ចរបស់ប្រធានាធិបតី Barack Obama នៅភូមានាឆ្នាំ២០១២ សុទ្ធតែជាជំហានសាកល្បងមួយដ៏ធំអស់រយៈកាលជាង៥៥ឆ្នាំ ពុំដែលមានមន្រ្តីជាន់ខ្ពស់របស់អាមេរិកណាម្នាក់ ធ្វើដំណើរមកកាន់ប្រទេសភូមាឡើយ! បន្ទាប់ពីមុននេះ មានលោក Foster Dulles រដ្ឋមន្រ្តីការបរទេសអាមេរិក ដែលធ្លាប់បានមក Yangon នាឆ្នាំ១៩៥៧នោះ ក្រោយពីតំបន់អាស៊ីនេះមានអង្គការបក្សសម្ព័ន្ធយោធា SEATO មួយត្រូវបានបង្កើតឡើងក្រោមឆត្រការពាររបស់អាមេរិក ដើម្បីប្រឆាំង ទប់ទល់ទៅនឹងរលកក្រហមដែលមានសហភាពសូវៀត និងចិនប្រជាមានិតជាប្រមុខនោះ!។
ក្នុងប៉ុន្មានខែចុងក្រោយនាឆ្នាំ ២០១២ ក្នុងអំណាចដឹកនាំប្រទេសរបស់ “Gorbachev អាស៊ី” គឺលោកប្រធានាធិបតី Thein Sein នោះ ប្រទេសភូមាបានធ្វើយ៉ាងច្រើនទាំងនយោបាយក្នុងស្រុកដល់នយោបាយក្រៅស្រុក ក្នុងគោលបំណងដើម្បីឈានទៅដល់ការបំបាត់ភាពមន្ទិលសង្ស័យរបស់សហគមន៍អន្តរជាតិ ក្នុងការបើកទូលាយនូវលំហនយោបាយ និងធ្វើឲ្យមានតម្លាភាពក្នុងរាល់សកម្មភាព ជីវភាពនយោបាយ ដល់គ្រប់សមាសភាពនយោបាយនៅក្នុងសង្គមភូមានាពេលនោះ!។ ជោគជ័យធំពីររបស់ភូមាក្នុងបណ្ដាឆ្នាំនោះ គឺភូមាត្រូវបានអង្គប្រជុំទាំងមូលឯកភាពប្រគល់អាសនៈជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០១៤ និងដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកទៅកាន់ប្រទេសភូមា ដែលក្រុង Yangon រំពឹងថា ទណ្ឌកម្មសេដ្ឋកិច្ច និងត្រូវបានពិនិត្យឡើងវិញព្រមទាំងនិងមានការលើកលែងនេះ!។
ផលប្រយោជន៍របស់អាមេរិក និងភូមា មានភាពប្រហាក់ប្រហែលដូចគ្នា!
ព្រឹត្តិការណ៍នយោបាយដែលនាំឲ្យលោកស្រី Hillary Clinton ទៅធ្វើទស្សនកិច្ចនៅភូមា និងសេចក្ដីថ្លែងការណ៍ របស់ភាគីទាំងពីរអាមេរិក -ភូមា ក្នុងការអះអាងអំពីគោលបំណង និងការលើកកម្ពស់នូវទំនាក់ទំនង សហប្រតិបត្តិការមួយនេះ ត្រូវបានចាត់ទុកថា ជាសមិទ្ធផលនយោបាយមួយ ដែលភាគីទាំងពីរ បានខិតខំប្រឹងប្រែងជាយូរមកហើយដូចគ្នា!។ ក្នុងបរិបទតំបន់មួយនេះទើបសហរដ្ឋអាមេរិក បានខិតខំជំរុញយុទ្ធសាស្រ្ត អាស៊ី-ប៉ាស៊ីហ្វិក Pivot រុលទៅមុខឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាព ដែលក្នុងពេលនោះ ភូមាក៏បានឆ្លៀតឱកាសមួយដ៏ល្អផងដែរ ក្នុងការដំណើរការកែទម្រង់ ដើម្បីរំដោះខ្លួនឲ្យចេញផុតជាសន្សឹមៗ ពីតារាវិថីនៃសិទ្ធិអំណាច ឥទ្ធិពលទាំងនយោបាយ សេដ្ឋកិច្ច ដល់យោធារបស់ចិននាពេលនោះផងដែរ!។
រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកនៅតែអះអាង និងបន្តជំរុញឲ្យរដ្ឋាភិបាលក្រុង Naypyidaw ពេលនោះ ឲ្យបន្តដោះលែងពួកអ្នកគុកនយោបាយប្រមាណជាង១៦០០នាក់ទៀត ក៏ដូចជាចូលរួមដោះស្រាយនូវរាល់បញ្ហាវិវាទទាំងឡាយជាមួយក្រុមអំបូរជនជាតិភាគតិច តាមគ្រប់មធ្យោបាយសន្តិវិធី ដែលសកម្មភាពខាងលើទាំងអស់នេះ គឺជាការសាកល្បងនូវជំហរ ការសន្យា សុឆន្ទៈនយោបាយពិតប្រាកដរបស់អ្នកកាន់អំណាចភូមា នៅចំពោះមុខមតិសាធារណៈអន្តរជាតិនោះ!។
ប្រតិកម្មរបស់ចិនប្រជាមានិត ចំពោះឥរិយាបថនយោបាយថ្ មីរបស់អ្នកកាន់អំណាច Naypyidaw !
សារព័ត៌មានផ្លូវការរបស់ចិន The Global Times បានបញ្ជាក់ថា ក្រុងប៉េកាំងពុំបានឃើញនូវទោះបីឧបសគ្គណាមួយ ក្នុងការដែលភូមាស្វែងរកការកែលម្អនូវទំនាក់ទំនង សហប្រតិបត្តិការជាមួយពួកលោកខាងលិចសោះឡើយ! នៅពេលដែលសិទ្ធិប្រយោជន៍របស់ចិនពុំត្រូវបានបំពារបំពាន ជាន់ឈ្លី នោះ!។
ភូមាក្នុងគោលដៅអូសទាញរបស់អាមេរិក! ក្នុងភូមិសាស្រ្ត យុទ្ធសាស្រ្តរបស់ចិន និងក្នុងនយោបាយលួងលោមរបស់ឥណ្ឌា!
ភូមាក្នុងរង្វង់ឥទ្ធិពល របស់ចិនប្រជាមានិតៈ ដំណើរវិវត្តន៍រីកចម្រើនដោយពុំស៊ីចង្វាក់គ្នារវាងតំបន់ភាគខាងកើតនិងតំបន់ភាគខាងលិច! ដែលការមិនចុះសម្រុងនេះ បានធ្វើឲ្យមានអស្ថិរភាពក្នុងតំបន់មួយចំនួនក្នុងប្រទេសចិន! ហើយដែលហេតុផលមួយនេះជាកត្តានយោបាយ សន្តិសុខមួយក្នុងការនាំអ្នកកាន់អំណាចរបស់ចិនបានសម្រេច ត្រូវដាក់ចេញនូវយុទ្ធសាស្រ្ត “មហាដំណើររុករកផ្លូវឆ្ពោះទៅទិសខាងលិច”ឲ្យបាន។ ហើយក្រោមបាវចនារបស់យុទ្ធសាស្រ្តមួយនេះ ពួកអ្នកយោធានិយមរបស់ចិនបានស្វែងរកច្រកមួយចេញ(gateway) ទៅកាន់សមុទ្រឥណ្ឌា ដើម្បីនាំនូវរាល់សមិទ្ធផលទាំងឡាយដែលបានកសាង ផលិតនៅក្នុងបណ្ដាតំបន់ដាច់ស្រយាលនាភាគខាងលិចរបស់ចិននោះ បានទៅកាន់ទីផ្សារលើពិភពលោកនោះផងដែរ!។
ដោយមានទីតាំងភូមិសាស្រ្តមួយ ដ៏ល្អយ៉ាងដូច្នោះ ទើបភូមាបានក្លាយទៅជា “សន្លឹកបៀរអាត់”មួយដ៏សំខាន់ក្នុងក្នុងក្ដារអុកយុទ្ធសាស្រ្តខាងលើរបស់ចិនក្នុងសតវត្សរ៍ទី២១!។ ទស្សនាវដ្ដី The World of Diplomats របស់អាមេរិក ធ្លាប់បានធ្វើការប្រៀបធៀបភូមាដូចជាដែនដី “California” របស់ចិន ដោយពួក Policy-Makers របស់ចិនបានចង្អុលបង្ហាញព្រមទាំងបានអះអាងអំពីគោលនយោបាយមហាសាគរពីរ ដែលម្ខាងជាសមុទ្រប៉ាស៊ីហ្វិក និងម្ខាងទៀតជាសមុទ្រឥណ្ឌា! ហើយដែលភូមា គឺជាស្ពានចម្លងតភ្ជាប់មួយយ៉ាងសំខាន់ ក្នុងការសម្រួលចិនក្នុងការធ្វើដំណើរទៅកាន់ឈូងសមុទ្រ Bengal ក៏ដូចជាតំបន់ផ្សេងៗទៀតនោះ!។
ក្រៅអំពីសន្តិសុខថាមពល ក៏នៅមានមូលហេតុយុទ្ធសាស្រ្តផ្សេងៗទៀតដែលនាំឲ្យចិន ត្រូវតែផ្សារភ្ជាប់ទំនាក់ទំនងដ៏ជិតស្និទជាមួយភូមានោះ! គឺព្រោះបើយោងទៅតាមតួលេខឲ្យដឹងថា ៨០%នៃប្រភពប្រេង វត្ថុធាតុដើម ដែលបាននាំចូលទៅបម្រើឲ្យកំណើតសេដ្ឋកិច្ចរបស់ចិននោះ គឺត្រូវបានដឹកជញ្ជូន ឆ្លងកាត់ឈូងសមុទ្រ Malacca ទាំងអស់!។
ដោយមើលឃើញក្នុងចក្ខុយូរអង្វែងថា ឈូងសមុទ្រ Malacca ជាចំណុចយុទ្ធសាស្រ្តមួយដ៏ Sensitive និង Risky បំផុត! ជាពិសេសគឺក្នុងករណីដែលមានឧបទ្ទវហេតុនយោបាយណាមួយកើតឡើងនៅទីនេះ គឺនឹងមានភាព Impact ទាំងមូលយ៉ាងខ្លាំងមកលើខ្សែចង្វាក់ដឹកជញ្ជូន Transportation chains ក្នុងការត្រូវផ្គត់ផ្គង់វត្ថុធាតុដើមឲ្យចិននោះ!។ ដូច្នោះ ការសម្រេចសម្លឹងមកលើផ្លូវដឹកជញ្ជូនឆ្លងតាមរយៈភូមា ដែលត្រូវបានចិនចាត់ទុកថា ជាអាទិភាពខ្ពស់បំផុតក្នុងដំណោះស្រាយ នៃចំណោទសន្តិសុខថាមពលនោះ!។
ដោយមើលឃើញចំណុចសំខាន់ ជាយុទ្ធសាស្រ្ត យ៉ាងដូច្នោះ ទើបចិនបានស្វែងរកនូវគ្រប់វិធានការដើម្បីបង្កើនឥទ្ធិពល របស់ខ្លួននៅភូមា ពីសេដ្ឋកិច្ចរហូតដល់ នយោបាយ យោធា និងការទូតក្នុងការគ្រប់គ្រងភូមាឲ្យបាន!។
ក្នុងបរិបទតំបន់ ឥណ្ឌាបានវិលមករក បង្កើនភាពជិតស្និទជា មួយភូមាវិញ!
ដោយមើលឃើញនូវបណ្ដាសកម្មភាព engagement របស់ចិនចូលមកដែនដីភូមាមួយថ្ងៃកាន់តែកើន មួយថ្ងៃកាន់តែខ្លាំងក្លាឡើងៗនោះ បានធ្វើឲ្យមជ្ឈដ្ឋានPolicy-makers របស់ឥណ្ឌាមិនអាច នៅស្ងៀមស្ងប់ចិត្តបានឡើយ! ដោយភូមានេះ ក៏មានទីតាំងភូមិសាស្រ្តនយោបាយមួយយ៉ាងសំខាន់ លើផ្នែកសេដ្ឋកិច្ច និងយុទ្ធសាស្រ្តចំពោះឥណ្ឌាផងដែរ ជាពិសេស គឺភូមាក៏ជាច្រកចេញចូលរបស់ឥណ្ឌាក្នុងការទម្លុះរបងឆ្ពោះទៅកាន់តំបន់អាស៊ីអាគ្នេយ៍នេះផងដែរ!។
ក្នុងអតីតកាល ទោះបីជាឥណ្ឌានិងភូមានៅមានប្រវត្តិពុំសូវរលូន ដោយអំណាចអគតិរបស់ចក្រពត្តិ អាណានិគមបន្សល់ទុកមកនោះ តែជាតថភាពឥណ្ឌានិងភូមាមានខ្សែបន្ទាត់ព្រំដែនគោកនិងសមុទ្ររួមគ្នា ទាំងបណ្ដោយសមុទ្រ Andaman ផងនោះជាង១៦០០គីឡូម៉ែត្រ។ ក្រៅពីនេះ ក៏មានរដ្ឋ(States) ៤ទៀតដែរដែលមានព្រំដែនរួមជាប់គ្នាទៅនឹងភូមា ដែលរដ្ឋទាំង៤នេះស្ថិតនៅក្នុងតំបន់ឦសានរបស់ឥណ្ឌា ហើយដែលរដ្ឋទាំង៤នេះនៅមានស្ថានភាពនយោបាយ សន្តិសុខសង្គម នៅមានភាពរសើបបំផុត! ព្រោះដោយរដ្ឋទាំង៤នេះរបស់ឥណ្ឌា មាននយោបាយមិនចំណុះទៅនឹងក្រុង New Delhi ហើយថែមទាំងមានគំនិតចង់បំបែកខ្លួនចេញពីឥណ្ឌាដូចករណីបង់ក្លាដែសទៀតផង!។
ដើម្បីបំពេញភាពតុល្យការទៅនឹងឥទ្ធិពលដែលមួយថ្ងៃកាន់តែកើនឡើងមិនចេះឈប់របស់ចិននៅភូមានោះ បានធ្វើឲ្យឥណ្ឌា សម្រេចបត់បែន ផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនដោយចាប់ផ្ដើម Committed ជាមួយនឹងរដ្ឋអំណាចយោធារបស់ភូមា ចាប់តាំងពីបណ្ដាឆ្នាំមុន២០១០មកម្ល៉េះ!។
ឥណ្ឌាបានក្លាយទៅជាដៃគូពាណិជ្ជកម្មទី៤ដ៏ធំរបស់ភូមា បន្ទាប់ពីថៃ សិង្ហបុរី និងចិន!។ ជញ្ជីងពាណិជ្ជកម្មទ្វេភាគីឥណ្ឌា-ភូមាក្នុងប៉ុន្មានឆ្នាំមុន មានជាង១កោដិដុល្លារអាមេរិក ដែលមុខទំនិញសំខាន់ៗរបស់ភូមា ដែលបាននាំទៅកាន់ឥណ្ឌានោះ គឺរួមមានកសិផលនិងរុក្ខផល ចំពោះមុខទំនិញសំខាន់ៗរបស់ឥណ្ឌាដែលហូរចូលទីផ្សាររបស់ភូមាវិញ រួមមានថ្នាំពេទ្យ និងបណ្ដាគ្រឿងចក្រកសិកម្ម បម្រើឲ្យកសិដ្ឋានល-ល…។
ជាយថាភាព ភូមាបានក្លាយទៅជាមុខទំនិញ មានតម្លៃក្នុងយុទ្ធសាស្រ្ត របស់ចិន និងឥណ្ឌា!
មជ្ឈដ្ឋានពួកអ្នកវិភាគនយោបាយអន្តរជាតិបានធ្វើសេចក្ដីសន្និដ្ឋានថា ប្រការដែលចិន និងឥណ្ឌា ជាបន្តបន្ទាប់មានឥរិយាបថ ក្នុងការជំរុញយ៉ាងខ្លាំងនូវយុទ្ធសាស្រ្ត Engagement ឲ្យខ្លាំងចូលមកភូមា ដោយភ្ជាប់មកជាមួយនូវបណ្ដាលក្ខខណ្ឌអនុគ្រោះយ៉ាងច្រើននោះ បានធ្វើឲ្យភូមាមានអារម្មណ៍ថា ប្រទេសរបស់ខ្លួនកាន់តែមានតម្លៃថ្លៃក្នុងល្បែងនយោបាយតំបន់មួយនេះ ដែលធ្វើឲ្យភូមាមានឱកាសបន្តស្វែងរកលាភសក្ការថែមទៀតនោះ!។ តែទន្ទឹមនេះ ក៏មានមតិជាច្រើននៅក្នុងប្រទេសភូមាបានសម្ដែងភាពទោមនស្សជុំវិញការអនុញ្ញាតឲ្យបរទេសធ្វើអាជីវកម្មហួសហេតុពេកមកលើប្រភពរ៉ែធម្មជាតិនៅភូមា ដោយការុករកទាំងនេះបានបន្សល់ទុកមកនូវផលវិបាកយ៉ាងច្រើនចំពោះប្រជាពលរដ្ឋ ភូមិករ ដែលរស់នៅជុំវិញក្នុងតំបន់រ៉ែទាំងនេះនៅភូមា!។
ការសម្រេចវិលមក ស្វែងរកឥទ្ធិពល របស់អាមេរិក សារជាថ្មីនៅអាស៊ី!
ការសម្រេចវិលមកអាស៊ី ដែលក្នុងនោះក៏មានកត្តាភូមាមួយ ដ៏សំខាន់ផងនោះ គួបផ្សំទៅនឹងការ “ភ្ញាក់រលឹក”របស់ឥណ្ឌាអំពីតួនាទីយុទ្ធសាស្រ្តរបស់ក្រុង Naypyidaw បានធ្វើឲ្យភូមាមានការ “ត្រជាក់ស្ងប់ចិត្ត” ដោយប្រទេសរបស់ខ្លួនបានឈរនៅចំកណ្ដាលនៃភូមិសាស្រ្តរបស់ផ្លូវបំបែកជាបីនោះ!។
តាមការវិភាគរបស់ពួកអ្នក សង្កេតការណ៍អន្តរជាតិ គឺមានសញ្ញាជាច្រើនបញ្ជាក់ឲ្យឃើញថា ភូមាបាននិងកំពុងរំកិលខ្លួនជាសន្សឹមៗចេញឆ្ងាយពីតារាវិថីរបស់ចិន ហើយខិតជិតមករកលោកខាងលិចនិងឥណ្ឌាវិញ!។ ព្រោះមុននេះ មានហេតុការណ៍នយោបាយមួយដ៏ចម្លែក គឺលោក Thein Sein ប្រធានាធិបតីភូមា បានសម្រេចផ្អាកគម្រោងការសាងសង់ទំនប់វារីអគ្គិសនី Myitsone ដែលម្ចាស់របស់គម្រោងវិនិយោគទុននេះ ជារបស់ចិននោះ!។
ក្នុងដំណើរទស្សនកិច្ច ផ្លូវរដ្ឋបីថ្ងៃ នៅប្រទេសឥណ្ឌានាពេលនោះ ក្រៅអំពីការសម្រេចផ្អាកដំណើរការសាងសង់ទំនប់វារីអគ្គិសនី Myitsone មក ក៏លោកប្រធានាធិបតី Thein Sein បានបញ្ជាឲ្យដោះលែងពិរុទ្ធជន ជាង២០០០ពាន់ ដែលក្នុងនោះមានអ្នកទោសនយោបាយ២០០នាក់ផងដែរ។ សកម្មភាពនិងឥរិយាបថនយោបាយទាំងនេះ គឺមានគោលដៅពិតប្រាកដដោយភូមាចង់ឲ្យអាមេរិកក៏ដូចជាEUមើលឃើញជាក់ស្ដែង ដើម្បីលើកការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មកលើប្រទេសរបស់ខ្លួន!។ លោក Harsh Vardhan Shringla ដែលជាមន្រ្តីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការភូមា របស់ក្រសួងការបរទេសឥណ្ឌាបានឲ្យដឹងថា រដ្ឋាភិបាលភូមាបានលើកជាសំណើរបង្ហាញជូនវិនិយោគិនឥណ្ឌាអំពីប្រភពរ៉ែប្រេង មួយចំនួននៅលើដីគោកដល់បណ្ដាក្រុមហ៊ុនរបស់ឥណ្ឌាណាដែលមានចំណាប់អារម្មណ៍ ចង់ចូលរួមរកស៊ីផងដែរនោះ ភាគីភូមាសូមស្វាគមន៍!។
មានការគាំទ្រ លើកទឹកចិត្តមិនចេញមុខ ពីសហរដ្ឋអាមេរិក!
ការរីកធំធាត់ មិនឈប់ឈររបស់ចិន បានធ្វើឲ្យអាមេរិក“ដេកមិនលក់ បាយមិនឆ្ងាញ់” ដោយអំណាចរបស់ចិនបានគំរាមកំហែងមកលើអានុភាព និងផលប្រយោជន៍យុទ្ធសាស្រ្តដោយផ្ទាល់របស់សហរដ្ឋអាមេរិក និងបក្សសម្ព័ន្ធរបស់ពួកខ្លួននៅក្នុងតំបន់!។ បើឥណ្ឌាវិញ នៅក្នុងប៉ុន្មានឆ្នាំនេះ សក្ដានុពលសេដ្ឋកិច្ច យោធានិយាយដោយឡែក និងកម្លាំងពិតរបស់ជាតិសរុបនិយាយជារួម ក៏មានការប្រែប្រួលគួរឲ្យកត់សម្គាល់ក្នុងទំនាក់ទំនង សហប្រតិបត្តិការជាមួយភូមាផងដែរ!។
ចិននិងឥណ្ឌាជា Arch-enemy ដែលពិបាករស់ក្រោមមេឃ ជាមួយគ្នាបាន!
ដោយអ្នកទាំងពីរនេះ មានទំនាស់ដ៏ជ្រាលជ្រៅជាប្រវត្តិសាស្រ្ត ពាក់ព័ន្ធដល់អធិបតេយ្យភាព និងបូរណភាពដែនដីនឹងគ្នា! ផ្ដើមចេញពីមូលបទនេះ ទើប ឥណ្ឌាជាសន្លឹកបៀរអាត់លើក្ដារអុកនយោបាយរបស់តំបន់ ដែលក្រុង Washington បានជ្រើសរើសយកធ្វើជារបាំង ក្នុងការកំហិតនូវឥទ្ធិពលរបស់យក្សចិននៅក្នុងតំបន់!។ ហើយបើភូមាវិញ គឺជាស្ពានតភ្ជាប់មួយយ៉ាងសំខាន់ក្នុងបរិបទនៃយុទ្ធសាស្រ្តឆ្ពោះទៅទិសខាងកើត “ Look East policy” របស់ឥណ្ឌា គឺជាឈ្នាន់មួយសម្រាប់ឥណ្ឌាធ្វើដំណើរចុះមកតំបន់អាស៊ីអាគ្នេយ៍ផងដែរ!។
លើមូលដ្ឋាននៃការប្រទាក់ក្រឡាយុទ្ធសាស្រ្តទាំងនេះ ទើបគេឃើញមានផែនការមួយស្នើកសាងផ្លូវល្បឿនលឿន(Expressway) មួយរត់ចេញពីទីក្រុងDanang ដែលជាដែនដីភាគកណ្ដាលវៀតណាម ដែលទីនេះគ្រោងត្រូវបានកសាងឲ្យទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ(International Financial Center)ក្នុងតំបន់របស់វៀតណាម ដណ្ដើមតួនាទីលើផ្នែកហិរញ្ញវត្ថុពី Singapore និង Hong Kong! ដោយExpressway មួយនេះ រត់ចេញពីវៀតណាមឆ្លងកាត់ប្រទេសឡាវ ចូលថៃភ្ជាប់ទៅឥណ្ឌា រួចរត់ទៅតភ្ជាប់ដីប្រទេសភូមាត្រង់ចំណុច Mawlamyine ក្នុងរដ្ឋMon ។ Expressway មួយនេះមានប្រវែងប្រមាណ ១៧០០ គីឡូម៉ែត្រ ដែលសំណើរសាងសង់នេះស្របទៅតាមគោលនយោបាយLook East របស់ឥណ្ឌាផងដែរ ក្នុងការគ្រោងចង់កសាងផ្លូវរថភ្លើងមួយ និងHigh Way មួយភ្ជាប់ឥណ្ឌាមកភូមាចូលឡាវ មកដល់វៀតណាមផងដែរនោះ!។ ពុំដឹងថានេះជាចៃដន្យ ឬជាចេតនានយោបាយ គឺសម្ព័ន្ធយោធាលើផ្នែកទូរគមនាគមន៍ Viettel របស់វៀតណាម បានធ្វើការត្រួសត្រាយផ្លូវជាមុនដោយបានបណ្ដាក់ទុនរកស៊ីចូលភូមា មានទឹកប្រាក់ជាង ២,២កោដិដុល្លារអាមេរិក! បន្ទាប់ពីឥណ្ឌា គឺភូមានិងវៀតណាម ក៏បានស្ថិតនៅក្នុងផ្កាយរណបនៃការអូសទាញជាដៃគូ ចូលទៅក្នុងវិវាទនៃភូមិសាស្រ្ត យុទ្ធសាស្រ្ត ក្នុងបរិបទនៃការរារាំង ទប់ស្កាត់ ទៅនឹងនយោបាយ BRIរបស់ចិននៅក្នុងតំបន់នោះ!។
ផ្ដើមចេញពីបណ្ដាផលប្រយោជន៍យុទ្ធសាស្រ្តទាំងនេះ ទើបករណីដែលឥណ្ឌាឬ វៀតណាម បង្កើនសកម្មភាពEngagement ចូលមកភូមាពុំបានធ្វើឲ្យមានឧបសគ្គឬការគំរាមកំហែងណាមួយ មកលើអត្ថប្រយោជន៍របស់អាមេរិកនៅទីនេះឡើយ! ដែលផ្ទុយទៅវិញបណ្ដាសកម្មភាពខាងលើនេះរបស់ឥណ្ឌាឬវៀតណាម ត្រូវបានមានការឯកភាព គាំទ្រដោយមិនចេញមុខ(Tacit agreement )ពីក្រុង Washington ទៀងផង!។
លោក Ben Rhodes ទីប្រឹក្សាទទួលបន្ទុកសន្តិសុខរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ប្រធានាធិបតី Barack Obama បានសម្ដែងការសាទរនូវយុទ្ធសាស្រ្តឆ្ពោះទៅទិសខាងកើត (Look East Policy)របស់ឥណ្ឌា ព្រមទាំងមានបំណងចង់ឲ្យក្រុង New Delhi បំពេញនូវតួនាទីមួយនេះឲ្យកាន់តែសកម្មពេញលេញជាងនេះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះ ព្រមទាំងបានសាទរសូមឲ្យប្រែក្លាយគោលនយោបាយ Look East Policyនេះ ឲ្យទៅជា Look East Actions ទៅវិញ!។
ដោយភូមាមានភូមិសាស្រ្តនយោបាយមួយយ៉ាងសំខាន់ដូច្នោះ ទើបឥណ្ឌាកាន់តែជំរុញភាពCommitted របស់ខ្លួនឲ្យចូលជ្រៅទៅក្នុងប្រទេសមួយនេះ ដោយទីមួយៈ ដើម្បីរារាំង កំហិត នូវឥទ្ធិពលរបស់ចិន ទីពីរៈ បើកផ្លូវចុះទៅកាន់និងតភ្ជាប់ជាមួយអាស៊ាន និងទីបីៈស្រូបយកនូវប្រភពផ្គត់ផ្គង់ថាមពលសំដៅឆ្លើយតបនូវសំណូមពរនៃសេចក្ដីត្រូវការបម្រើឲ្យកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌាផង!។
ក្រោយពីមានរដ្ឋប្រហារជាយោធានៅភូមាមក កាន់តែធ្វើឲ្យមតិសាធារណៈពិភពលោកយកចិត្តទុកដាក់ភូមាជាងនេះ ជាពិសេសគឺនៅពេលដែលក្រុងប៉េកាំងចេញមុខការពារនិងដណ្ដើមឥទ្ធិពលដោយមិនទុកឲ្យភូមាធ្លាក់ទៅក្នុងអំណាចគ្រប់គ្រងរបស់លោកខាងលិចនោះ! ព្រោះភូមាក្លាយទៅជាកន្លែងជួបគ្នារវាងអាស៊ីខាងត្បូង អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ជួបប្រសព្វគ្នា!។
ក្រោយរដ្ឋប្រហារ ចិននៅតែមានផែនការបន្តគោលនយោបាយការទូត រក្សាលំនឹងក្នុងផលប្រយោជន៍របស់ភាគីពាក់ព័ន្ធទាំងអស់ ដោយដើរតួជាអាជ្ញាកណ្ដាលក្នុងដំណោះស្រាយបញ្ហាភូមា!។ ភូមាអាចជាសមរភូមិថ្មី ក្នុងការប្រឈមមុខដាក់គ្នារវាងអាមេរិកនិងចិន បើដំណោះស្រាយបញ្ហានៅភូមានៅតែជាប់គាំងមិនរុលទៅមុខនោះ!។
ក្រៅអំពីបញ្ហាសមុទ្រចិនខាងត្បូង និងមានបញ្ហាទន្លេមេគង្គមួយទៀត ដែលអាមរិកនិងក្រុមប្រទេសបក្សសម្ព័ន្ធរបស់អាមេរិករួមគ្នាប្រឆាំងចិនបន្ទាប់ពីបញ្ហារដ្ឋប្រហារភូមា នេះបើតាមការសន្និដ្ឋានរបស់ពួកអ្នកវិភាគនយោបាយនៅក្នុងតំបន់នោះ!៕
ដោយ ហើស សិរីធន