ភ្នំពេញៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ផ្ញើសារអបអរមេដឹកនាំចិន ក្នុងឱកាសយានអាវកាស ស៊ូរ៉ុង ចុះចតភពព្រះអង្គារ ដោយជោគជ័យ ។
ក្នុងលិខិត សម្តេចតេជោ បានលើកឡើងថា តាងនាម រាជរដ្ឋាភិបាល និង ប្រជាជនកម្ពុជា ខ្ញុំសូមសម្តែង នូវអំណរសាទរ យ៉ាងស្មោះស្ម័គ្រ ជូនចំពោះ លោកប្រធានាធិបតី រដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសដែល យានអាវកាស “ស៊ូរ៉ុង” បានចុះចត ដោយ ជោគជ័យ លើ ភព ព្រះ អង្គារ ក្នុងបេសកកម្ម “ធានវិន-១ ” កាលពីថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២១។ នេះ គឺជាសមិទ្ធផលដ៏ធំធេងមួយទៀត ដែល ឆ្លុះបញ្ចាំង ពីការរីកចម្រើន ជាបន្តបន្ទាប់ ក្នុងកម្មវិធី អាវកាសនិងការរុករកក្នុង លំហអាកាស របស់ចិន ។
សម្តេចតេជោ បានបន្តថា “ខ្ញុំជឿជាក់យ៉ាង មុតមាំថា សមិទ្ធផលដ៏ធំធេងនេះ នឹងចូលរួមចំណែកដ៏ធំធេង ដល់ការស្រាវជ្រាវ វិទ្យាសាស្ត្រ នៃបេសកកម្ម ក្នុងលំហអាកាស របស់ ចិន ដែលនឹងផ្តល់ ប្រយោជន៍ ដល់ការ អភិវឌ្ឍនិងការរុករកវិទ្យាសាស្ត្រ របស់មនុស្សជាតិ ទាំងមូល” ។
សម្តេចតេជោ លើលឡើងបន្តថា “សូមឯកឧត្តមទទួលនូវការរាប់អាន ដ៏ស្មោះស្ម័គ្រ ពីខ្ញុំ និងសូមជូនពរឯកឧត្តម មានសុខភាពល្អ សុភមង្គល និងបន្តទទួលបានជោគជ័យ ក្នុង ការដឹកនាំប្រទេស អោយបានកាន់តែរុងរឿង ថែមទៀត” ៕



