នយោបាយ

មហាជន អ្នកវិភាគនិងឧកញ៉ា បង្ហាញការគាំទ្រ ចំពោះចំណាត់ការ​ អភិបាលខេត្តកំពង់ស្ពឺ បញ្ជាឱ្យ រុះរើស្លាក ផ្សាយពាណិជ្ជកម្មស្រាបៀ (Video)

ភ្នំពេញ៖ ក្រោយពីអភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ដាក់ចេញវិធានការរុះរើ ស្លាកផ្សាយពាណិជ្ជកម្ម ស្រាបៀ នៅក្នុងភូមិសាស្រ្ត ខេត្តកំពង់ស្ពឺនោះ មហាជន អ្នកវិភាគ ឡៅ ម៉ុងហៃ ព្រមទាំងអ្នកឧកញ៉ា ម៉ុង ឬទ្ធី បានបង្ហាញនូវការគាំទ្រ យ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏កម្រមួយនេះ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹង ដោយទុកពេលរយៈពេល ១សប្ដាហ៍ សម្រាប់គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាកស្រាបៀ ក្នុងការរុះរើ ស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ។

រដ្ឋបាលខេត្តបញ្ជាក់ថា «ដើម្បីមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ជាពិសេសលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងរក្សាបានសោភណ្ឌភាព នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ រដ្ឋបាលខេត្ត សូមស្នើឱ្យ ម្ចាស់អាជីវកម្មទាំងអស់ ក្រុមហ៊ុនចែកចាយ ស្រាបៀទាំងអស់ ដែលមានការដាក់តាំងផ្សព្វផ្សាយ ពាណិជ្ជកម្មស្រាបៀ នៅខាងមុខហាង ឬជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយ នៅលើចិញ្ចើមផ្លូវសាធារណៈ ដែលច្បាប់អនុញ្ញាតបានកំណត់ ត្រូវធ្វើការរុះរើ ចេញជាបន្ទាប់ ដោយទុករយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។

ក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើ គ្រប់ម្ចាស់អាជីវកម្ម ក្រុមហ៊ុនចែកចាកស្រាបៀ ដែលពុំទាន់បានធ្វើការរុះរើ រដ្ឋបាលខេត្ត នឹងចាត់នីតិវិធីរដ្ឋបាលធ្វើការរុះរើ ដោយបន្ទុកចំណាយ និងរាល់ការខូចខាតគ្រប់ម្ចាស់ អាជីវកម្មទាំងអស់ ជាអ្នកទទួលខុសត្រូវ។

ជុំវិញករណីនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ ក៏បានបញ្ចេញជាមតិថា «បទបញ្ជារបស់លោកអភិបាល ខេត្តកំពង់ស្ពឺ ឲ្យរុះរើប៉ាណូស្រាបៀរ នឹងទៅជាការចាប់ផ្តើម លើកស្ទួយសីលធម៌ នៅក្នុងសង្គមខ្មែរឡើងវិញ ប្រសិនបើបទបញ្ជាបែបនេះ ត្រូវបានអនុវត្តទូទាំងប្រទេស និងនាំឲ្យមានច្បាប់មួយ ហាមឃាត់មិនឲ្យមានគ្រប់រូបភាព នៃការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹងគ្រប់ប្រភេទ» ។

ភ្លាមៗនោះផងដែរ លោកឧកញ៉ា ម៉ុងឬទ្ធី ក៏បានបង្ហាញនូវសារគាំទ្រ យ៉ាងពេញទំហឹង​ ចំពោះចំណាត់ការនេះផងដែរ។

លោកឧកញ៉ា ម៉ុងឬទ្ធី បានសរសេរនៅលើ បណ្ដាញសង្គមហ្វេសប៊ុកថា « រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំឃើញនៅតាមបណ្តាញសង្គមហ្វេសប៊ុក (Facebook) ចុះផ្សាយព្រោងព្រាត ដោយគាំទ្រចំណាត់ការ ឯកឧត្ដម អភិបាល គណៈអភិបាលខេត្តកំពង់ស្ពឺ ដាក់បញ្ជាឲ្យរុះរើស្លាកសញ្ញា​ ផ្សព្វផ្សាយពាណិជ្ជកម្ម លក់គ្រឿងស្រវឹងគ្រប់ប្រភេទ រូបខ្ញុំផ្ទាល់ក៏គាំទ្រ ចំណាត់ការនេះ ដូចប្រិយមិត្តយើងផងដែរ។ ដោយសារតែខ្ញុំសង្កេតឃើញថា នៅតាមដងផ្លូវជាច្រើន មានដាក់ប៉ាណូផ្សព្វផ្សាយ ពាណិជ្ជកម្មនេះវាស្កេះស្កះខ្លាំងពេក ដូច្នេះហើយបានជាកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កន្លងផុតទៅនេះ ក្នុងពិធីបើកការដ្ឋាន ស្ថាបនាផ្លូវប្រវែង ៥.៩០០ម៉ែត្រ ចាក់ក្រាលកៅស៊ូ DBST ទទឹង៧ម៉ែត្រ តភ្ជាប់ ពីផ្លូវលេខ១៣០​ មកដល់ផ្លូវបំបែកវត្តបឹងខ្នា ភូមិសំរោង ជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ខ្ញុំបានសំណូមពរយ៉ាងទទូច សុំឲ្យប្រជាពលរដ្ឋ រុះរើស្លាកសញ្ញាផ្សព្វផ្សាយ ពាណិជ្ជកម្មគ្រឿងស្រវឹង គ្រប់ប្រភេទចេញពីមុខផ្ទះ របស់ ពួកគាត់ ទើបខ្ញុំយល់ព្រមសាងសង់ផ្លូវនេះ ពួកគាត់ជូនតាមការស្នើសុំ» ៕

To Top