នយោបាយ

វិភាគ ៖ ចិនយកបច្ចេកវិទ្យា ទៅប្រកួតប្រជែង ភូមិសាស្ត្រ នយោបាយ ជាមួយអាមេរិក

បច្ចុប្បន្នភាព

លោក Marcel Fafchamps សាស្ត្រាចារ្យ នៅសកលវិទ្យាល័យ Stanford University បាននិយាយថា នៅពេលបច្ចុប្បន្ននេះ ប្រទេស មហាអំណាច ពិភពលោក កំពុងប្រកួតប្រជែងគ្នា យ៉ាងស្ងៀមស្ងាត់ ក្នុងការដណ្តើមយកឥទ្ធិពល ជាលក្ខណៈសកល ។

លោក Marcel Fafchamps បានបន្ថែមថា ប្រទេសមហាអំណាច ចង់គ្រប់គ្រងពិភពលោក តាមរយៈការប្រើប្រាស់ឥទ្ធិពល ដែលខ្លួនមាន ក្នុងគោលដៅក្តោបយកអំណាច ត្រួតត្រាគ្រប់យ៉ាងជាកល ទាំងការទូត នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

ការផ្ទុះឡើងនៃវីរុស Covid-19 ហាក់ដូចជាកំពុងបង្វែរការ ប្រកួតប្រជែងដណ្តើមឥទ្ធិពល របស់ប្រទេសមហាអំណាច ពិភពលោក មានសហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសផ្សេងទៀត អោយប្រើយុទ្ធសាស្ត្រផ្សេង ពីយុទ្ធសាស្ត្រភូមិសាស្ត្រ នយោបាយ ។

ប្រទេសមហាអំណាច នៅលើពិភពលោក បានប្រើប្រាស់យុទ្ធសាស្ត្រ ភូមិសាស្ត្រនយោបាយ ក្នុងការប្រកួតប្រជែង យកឥទ្ធិពលអស់ រយៈពេលជិត១០០ឆ្នាំ កន្លងមកហើយ រហូតដល់មានប្រទេសរាប់សិបប្រទេស បានធ្លាក់ចូលក្នុងភ្នក់ភ្លើង សង្គ្រាមដ៏ក្តៅគគុក ។
ការប្រជែងឥទ្ធិពល របស់ប្រទេសមហាអំណាច ក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ គឺការដណ្តើមយកប្រទេសនានា នៅលើពិភពលោក ទៅដាក់ក្រោមឥទ្ធិពលរបស់ខ្លួន ទាំងខាងការទូត នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ។

ក្រោយពីសង្គ្រាមលោកលើកទី២ បានបញ្ចប់ទៅ កាលពីឆ្នាំ១៩៤៥ យុទ្ធសាស្ត្រភូមិសាស្ត្រ នយោបាយ គឺការប្រកួតប្រជែងដណ្តើម ឥទ្ធិពលនៅលើពិភពលោក រវាងសហរដ្ឋអាមរិក និងអតីតសហភាពសូវៀត បានរុញច្រានពិភពលោក អោយធ្លាក់ចូលក្នុងភ្លើង សង្គ្រាមត្រជាក់ ដោយប្រទេសខ្លះ បានកើតចេញជាសង្គ្រាមប្រដាប់អាវុធ និងប្រទេសខ្លះទៀត បានបែកបាក់ទៅជាច្រើន បំណែករហូតដល់ ពេលបច្ចុប្បន្ននេះ ។

សង្គ្រាមត្រជាក់នៅលើពិភពលោក បានផុតរលត់ទៅក្រោយ ពីអតីតសហភាពសូវៀត បានដួលរលំ កាលពីឆ្នាំ១៩៩០ ដែលធ្វើអោយសហភាពមួយនេះ ទន់ខ្សោយគ្រប់ផ្នែក ទាំងការទូត នយោបាយ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ហើយសហរដ្ឋអាមេរិក ជាអ្នកទទួលជ័យជម្នះ ។

សង្គ្រាមត្រជាក់ ឬការដណ្តើមឥទ្ធិពល ក្នុងយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ នៅតែមិនផុតរលត់ទាំងស្រុងទេ ដោយប្រទេសរុស្ស៊ី ដែលជាអតីត សហភាពសូវៀត ក៏នៅតែមានឥទ្ធិពល នៅលើពិភពលោកដដែល ប៉ុន្តែគ្រាន់តែថយឥទ្ធិពល ។

សូមបញ្ជាក់ជូនថា ក្នុងរយៈពេលជាងមួយទសវត្សរ៍ ចុងក្រោយនេះ ពោកគឺក្រោយ ពីឆ្នាំ២០១០ ប្រទេសចិនចាប់ផ្តើមស្ទុះងើបឡើង ក្នុងល្បឿនយ៉ាងលឿន ផ្នែកនយោបាយ និងសេដ្ឋកិច្ច និងមានឥទ្ធិពលកាន់តែខ្លាំងនៅលើពិភពលោក ។

ប្រទេសចិន បានដណ្តើមយកតំណែង ជាប្រទេសមហាអំណាចលំដាប់លេខ២ នៅលើពិភពលោកពីប្រទេសជប៉ុន កាលពីឆ្នាំ២០១០កន្លងទៅ និងកំពុងប្រកួតប្រជែង យកមហាអំណាចសេដ្ឋកិច្ចលេខ១ នៅលើពិភពលោក ពីសហរដ្ឋអាមេរិកទៀត ។

ចំណុចសំខាន់ខាងលើនេះហើយ ដែលជាក្តីបារម្ភសម្រាប់ សហរដ្ឋអាមេរិក ដោយសារតែប្រទេសចិន អាចនឹងដណ្តើមយកកៅអី មហាអំណាចសេដ្ឋកិច្ចលេខ១ និងដណ្តើមយកឥទ្ធិពលជាប្រទេស មហាអំណាចនៅលើពិភពលោក ថែមទៀត ។

ប្រទេសចិន កំពុងដណ្តើមយកឥទ្ធិពល ជាមហាអំណាចពិភពលោក ពីសហរដ្ឋអាមេរិក តាមរយៈការបង្កើនឥទ្ធិពលពាណិជ្ជកម្ម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ខណៈដែលប្រទេសមួយចំនួន នៅលើពិភពលោក ហាក់មិនសូវយកចិត្តទុកដាក់ពីយុទ្ធសាស្ត្រភូមិសាស្ត្រនយោបាយ ។

អ្នកជំនាញផ្នែកកិច្ចការអន្តរជាតិ ជាច្រើនបានលើកឡើងថា ការប្រកួតប្រជែងរបស់ប្រទេសចិន ជាមួយសហរដ្ឋអាមេរិក គឺខុសពីអតីតសហភាពសូវៀត ប្រកួតប្រជែង ជាមួយសហរដ្ឋអាមេរិក ក្នុងការដណ្តើម យកឥទ្ធិពលនៅលើពិភពលោក គឺចិនមិនប្រើយុទ្ធសាស្ត្រ ភូមិសាស្ត្រ នយោបាយនោះទេ គឺប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ក្នុងការប្រកួតប្រជែង ។

ដើមចមនាំអោយកើតរឿង

ក្រុមប្រឹក្សាកម្មវិធីសិក្សា ទំនាក់ទំនងអន្តរជាតិ David Rockefeller Studies បានលើកឡើងថា ដើមចមដែលនាំអោយប្រទេស មហាអំណាចយកប្រព័ន្ធបច្ចេកវិទ្យា ទៅប្រកួតប្រជែងដណ្តើមឥទ្ធិពល នៅលើពិភពលោក គឺដោយសារពិភពលោក ស្ថិតក្នុងបរិបទថ្មី ។
ប្រភពដដែលបានបន្តថា នៅពេលបច្ចុប្បន្ននេះ យុទ្ធសាស្ត្រភូមិសាស្ត្រ នយោបាយ លែងមានឥទ្ធិពលទៀតហើយ ដោយពិភពលោក ងាកទៅរកកិច្ចសហប្រតិបត្តិការ ជាលក្ខណៈអន្តរជាតិ តាមរយៈការប្រើប្រាសស់ ឥទ្ធិពលបច្ចេកវិទ្យាវិទ្យាវិញ ។

ការប្រកួតប្រជែងថ្មីនេះ គឺសំដៅលើការគ្រប់គ្រង ប្រទេសនានានៅលើភពផែនដី ដោយក្តាប់យកទិន្នន័យ នៃលំហូរមនុស្ស លំហូរទំនិញ លំហូរសាច់ប្រាក់ និងលំហូរបច្ចេកវិទ្យាផ្សេងៗ ជាលក្ខណៈសកល និងយកទៅផ្តួលដៃគូរប្រកួត យ៉ាងស្ងៀមស្ងាត់ ។

អ្នកជំនាញនៅDavid Rockefeller Studies បាននិយាយថា ប្រទេសមហាអំណាចណាមួយ ដែលមានសមត្ថភាព អាចគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាបានច្រើនជាងគេ គឺប្រទេសនោះ នឹងក្លាយជាប្រទេសមហាអំណាច ដោយស្វ័យប្រវត្តិ ។

នៅពេលបច្ចុប្បន្ននេះ ប្រទេសចិន កំពុងឈានមុខគេនៅលើពិភពលោក ខាងផ្នែកប្រព័ន្ធបច្ចេកវិទ្យា ដោយប្រទេសនេះបានចេញ ប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (Drive Fifth Generation Technology) ដែលហៅកាត់ថា 5G ។

សហរដ្ឋអាមេរិក មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ចំនួន៥ គឺក្រុមហ៊ុន Amazon, Apple, Facebook, Google និងក្រុមហ៊ុន Microsoft ដែលជាក្រុមហ៊ុន បច្ចេកវិទ្យាយក្ស និងកំពុងប្រកួតប្រជែង ជាមួយក្រុមហ៊ុនរបស់ប្រទេសចិន ។

ចំណែកប្រទេសចិន ក៏មានក្រុមហ៊ុនបច្ចេកវិទ្យាធំៗ មួយចំនួនដែរ ដូចជាក្រុមហ៊ុន Tencent, Alibaba, Baidu និងក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនយក្ស ដូចអាមេរិកដែរ និងមានប្រព័ន្ធបច្ចេកវិទ្យា ជំនាន់ទី៥ លើសសហរដ្ឋអាមេរិក ៕
ដោយ ៖ អ៊ី ជិន

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top