ភ្នំពេញ ៖ លោក សយ សុភាព បានថ្លែងដោយអះអាងតាមភូមិសាស្រ្តនយោបាយថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី វីនឌី ស៊ើមែន អនុរដ្ឋមន្ត្រីការបរទេសអាមេរិកនៅកម្ពុជា បង្ហាញឲ្យឃើញកាន់តែច្បាស់ ១០០ភាគរយថា លោក សម រង្ស៊ីនិងលោក កឹម សុខា ពិតជាបានដើរដល់ផ្លូវបំបែកពិតប្រាកដហើយ ពោលគ្មានទេ ឈ្មោះគណបក្សសង្រ្គោះជាតិ ។
លោក សយ សុភាពបន្តថា ព្រោះសហរដ្ឋអាមេរិកត្រូវការលួងចិត្តអ្នកកាន់អំណាចក្រុងភ្នំពេញ ដើម្បីកុំឲ្យចិនមានឥទ្ធិពលខ្លាំងក្នុងតំបន់។
បើតាមអ្នកវិភាគសភាពការណ៍នយោបាយ អាចធូរស្រាលច្រើនលើផ្នែកនយោបាយរហូតដល់បញ្ហាផ្សេងៗ ។
លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិក វីនឌី ស៊ើមែន មានគម្រោងបំពេញទស្សនកិច្ចនៅកម្ពុជា នាដើមខែមិថុនានេះ ។ មុនដំណើរទស្សនកិច្ចរបស់លោកស្រី តំណាងរាស្រ្ត២រូបក្នុងវិមានរដ្ឋសភានៃសហរដ្ឋអាមេរិក គឺលោក Steve Chabot ពីគណបក្សសាធារណរដ្ឋ និងលោក Alan Lowenthal ពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតរួមគ្នាមួយច្បាប់នៅថ្ងៃទី៣០ ឧសភា ដោយស្នើសុំឲ្យលោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកមានជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដើម្បីនិយាយពីការទម្លាក់បទចោទប្រកាន់ទៅលើលោកកឹម សុខា។
លិខិតរបស់អ្នកតំណាងរាស្រ្តទាំង២រូបនេះក៏ចង់ឲ្យលោកស្រីអនុរដ្ឋមន្ត្រីក្រសួងការបរទេសជួបជាមួយ លោក កឹម សុខាផងដែរ។
ជាមួយគ្នានេះ បើតាមលិខិតរបស់អ្នកតំណាងរាស្រ្តអាមេរិកទាំង២រូប សង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden តាមរយៈការពិភាក្សាគ្នារវាង លោកស្រីអនុរដ្ឋមន្រ្តីការបរទេស ជាមួយសម្តេចតេជោក្នុងពេលដំណើរទស្សនកិច្ចនោះ ប្រទេសទាំង២នឹងបង្កើតនូវទំនាក់ ទំនងការទូតល្អប្រសើរឡើងវិញ ជាជាងការចោទប្រកាន់នាពេលកន្លងមកថា អាមេរិក មានបំណងណាមួយនៅពីក្រោយ ការធ្វើបដិវត្តន៍ផ្តួលរលំរាជរដ្ឋាភិបាលកម្ពុជានោះ ។ លោក Steve Chabot និងលោក Alan Lowenthal ក៏ចង់ឃើញកម្ពុជា-អាមេរិក បង្កលក្ខណៈឲ្យមាន ការិយាល័យវិទ្យាស្ថានជាតិប្រជាធិបតេយ្យ NDI មានវត្តមានឡើងវិញនៅកម្ពុជា បំណងពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយធ្វើកិច្ចការងារ និងរួមសហការគ្នាជាមួយបក្សកាន់អំណាច អង្គការសង្គមស៊ីវិល និងបក្សនានា ដែលមិនប្រកាន់និន្នាការនយោបាយ ដោយគោរពទៅតាមរដ្ឋធម្មនុញ្ញកម្ពុជា ។
អ្នកតំណាងរាស្រ្តទាំងរូបខាងលើនេះ ក៏ចង់ឃើញផងដែរ ពីទំនាក់ទំនងក្នុងវិស័យយោធានៃប្រទេសទាំង២ ក្នុងការរឹតចំណងវិស័យកងទ័ព តាមរយៈការហ្វឹកហ្វឺន និងសមយុទ្ធយោធាឡើងវិញ ព្រោះកន្លងមកកម្ពុជាបានបដិសេធបញ្ចប់កម្មវិធីនេះ៕