នយោបាយ

រឿងក្រៅឆាក៖ មានអ្វីនៅពីក្រោយ ដំណើរទស្សនកិច្ច ត្រីកោណ របស់អាមេរិក នៅអាស៊ីអាគ្នេយ៍?

ភ្នំពេញ៖ ដំណើរទស្សនកិច្ចបីប្រទេស ក្នុងតំបន់អាស៊ាន របស់លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានបង្កប់នូវនយោបាយ បន្សាបឥទ្ធិពលចិន និងហ៊ុំព័ទ្ធចិន ដែលជាកេរតំណែលសល់ ពីរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងលោកស្រី ហ៊ីល ឡារី ស្តីពីតុល្យភាព រវាងអាមេរិកនិងចិន នៅក្នុងតំបន់និងជាពិសេស នៅប្រទេសកម្ពុជា កាលពីមួយទសវត្សរ៍មុន (ឆ្នាំ២០១០)។

ពិតណាស់ស្ថានភាព ភូមិសាស្រ្តនយោបាយ តំបន់បច្ចុប្បន្នមិនដូចគ្នាទាំងស្រុង ទៅនឹងសករាជលោក អូបាម៉ា នោះទេ តែអាមេរិកក៏មិនទាន់ហួសពេល ដើម្បីប្រជែងឥទ្ធិពល របស់ខ្លួនជាមួយចិននោះដែរ។ តាមរយៈការតាមដាន នយោបាយពីក្រៅឆាក ខ្ញុំសាកល្បងធ្វើការកត់សំគាល់ខ្លះៗ អំពីដំណើរទស្សនកិច្ច លើកទីមួយរបស់លោកស្រីមកកាន់ប្រទេសឥណ្ឌូនេស៊ី ថៃ និងកម្ពុជា ដូចតទៅ៖
ក្នុងចំណោមបណ្ដាប្រទេសទាំង១០ នៅអាស៊ីអាគ្នេយ៍ ទោះបីកម្ពុជាតូច តែភូមិសាស្ត្រនយោបាយ មិនអាចឲ្យអាមេរិកមើលរំលងឡើយ ។ ដើម្បីរំលេចពីខ្លឹមសារ និងអ្វីដែលអាមេរិក ចង់បាននៅពេលនេះ សូមតាមដាន ទាំងអស់គ្នាថាអាមេរិក បានលើកនិងពិភាក្សាអ្វីខ្លះ នៅក្នុងប្រទេសទីមួយៗ។

+ឥណ្ឌូនេស៊ី៖ ជាប្រទេសទី១ដែលលោកស្រី Sherman បានឈានជើងចូលមុនគេ ហើយថ្លែងថាប្រទេស មួយនេះបាន “ប្តេជ្ញាចិត្តខិតខំក្នុងគោលបំណងធ្វើឲ្យ ប្រទេសភូមា ត្រឡប់ទៅរកមាគ៌ាឆ្ពោះទៅរក អនាគតប្រជាធិបតេយ្យដឹកនាំ ដោយជនស៊ីវិល”។ លោកស្រីបានបន្តថាគាត់បានចូលរួមក្នុង “កិច្ចពិភាក្សាតុមូលជាមួយ លេខាធិការដ្ឋានអាស៊ាននិងតំណាងអចិន្រ្តៃយ៍ អាស៊ានទាំង១០ ។ ខ្ញុំបានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្ត របស់សហរដ្ឋអាមេរិកចំពោះតួនាទី ស្នូលអាស៊ាន ទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក សណ្តាប់ធ្នាប់អន្តរជាតិ ក៏ដូចជាតម្រូវការបន្ទាន់ដើម្បីដោះស្រាយវិបត្តិនៅភូមា”។ (ភូមា‌!!!)

+ដោយឡែក នៅប្រទេសថៃ លោកស្រីបានថ្លែងថា “ថៃជាសម្ព័ន្ធមិត្តនិងជាដៃគូ ដ៏យូរលង់របស់អាមេរិក។ យើងបានពិភាក្សាពីសារៈសំខាន់ នៃការធ្វើការជាមួយគ្នា ដើម្បីជំរុញភាពរុងរឿងសន្តិសុខ និងគុណតំលៃរួមគ្នា របស់យើង នៅទូទាំងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ យើងក៏បាននិយាយអំពីបញ្ហា ដែលត្រូវបានចែករំលែករួមទាំង សម្ព័ន្ធមិត្តអាមេរិក-ថៃ ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសន្តិសុខ និងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស”។ (បញ្ឆិតបញ្ឆៀងឲ្យថៃ ក៏ដូចជាភូមា‌ដែលជាប្រទេសជាប់របងជាមួយថៃ!)

+ចុះនៅកម្ពុជាវិញ លោកស្រីបានលើកអ្វីខ្លះ?

នៅថ្ងៃបញ្ចប់ នៃដំណើរទស្សនកិច្ចបីប្រទេស លោកស្រីបានថ្លែងថា “នៅប្រទេសកម្ពុជា ខ្ញុំមានការសន្ទនាដោយត្រង់ ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីទិសដៅ ដែលប្រទេសកំពុងដឹកនាំ រួមមានវត្តមានរបស់ចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ក៏ដូចជាសិទ្ធិមនុស្សនិងកំណត់ត្រា ប្រឆាំងប្រជាធិបតេយ្យនៅកម្ពុជា។ ខ្ញុំបានទទូចឲ្យរដ្ឋាភិបាល បើកឡើងវិញ នូវលំហនយោបាយ និងលំហសម្រាប់ពលរដ្ឋ ធ្វើសកម្មភាពនៅមុនការបោះឆ្នោត ឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣”។

លោកស្រី ក៏បានអះអាងថា សហរដ្ឋអាមេរិក មានបំណង ធ្វើការជាមួយប្រទេសកម្ពុជា នៅក្នុងតួនាទីរបស់ខ្លួន ជាប្រធាននៃសមាគមអាស៊ាន នៅឆ្នាំ២០២២ ហើយជួយធានាឲ្យកម្ពុជា អាចដើរតួនាទីប្រកបដោយ ន័យស្ថាបនា នៅក្នុងការដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខ និងនយោបាយសំខាន់ៗ នៅក្នុងតំបន់ដូចជា បញ្ហាប្រទេសកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាតំបន់ទន្លេមេគង្គ។ លោកស្រីបានអំពាវនាវ ឲ្យកម្ពុជា ក្នុងនាមជាសមាជិកនៃសមាគមអាស៊ាន កំណត់ឲ្យរបបយោធា ភូមាមានការទទួលខុសត្រូវចំពោះ ការឯកភាពគ្នាជាឯកឆន្ទលើ៥ចំណុច របស់អាស៊ានដែលមានបំណងដោះស្រាយវិបត្តិ ដែលកំពុងកើតមាននៅប្រទេសភូមា។ (វិលចូលភូមាទៀត!)

ពិតណាស់មានរឿងរ៉ាវ ជាច្រើនទៀត ដែលលោកស្រី បានពិភាក្សាក្នុងជំនួប រយៈពេលពីរម៉ោង ជាមួយនាយករដ្ឋមន្រ្តី ហ៊ុន សែន ។ ក្នុងចំណោមបញ្ហាទាំងនោះ ការមន្ទិលសង្ស័យ របស់អាមេរិកពីវត្តមាន យោធាចិននៅរាម (ខេត្តព្រះសីហនុ) គឺជាប្រធានបទដ៏ក្តៅគគុក ដែលអាមរិកបន្តលើករហូតធ្វើឲ្យ មន្រ្តីកម្ពុជានិយាយថា “ធុញ ហើយជ្រេញ” ។

លោកស្រីក៏បានស្នើឱ្យ មានទស្សនកិច្ចអនុព័ន្ធយោធាអាមេរិក ទៅកាន់រាមដែលនាយករដ្ឋមន្រ្តីកម្ពុជា បានស្វាគមន៍និងអនុញ្ញាត ឲ្យទៅមើល។ ត្រង់ចំណុចនេះធ្វើឲ្យគេគិតថា បើសិនជាគ្មានភស្តុតាងថា មានចិននៅរាមមែន ពេលនោះក៏ជាឱកាសសម្រាប់កម្ពុជា ដើម្បីលាងនូវក្តីមន្ទិលសង្ស័យ ដែលអូសបន្លាយ រាប់ឆ្នាំមកហើយ ប៉ុន្តែក៏មានការចោទជាសំណួរថា តើអាមេរិកនឹងបញ្ឃប់ ការចោទប្រកាន់ ឬក៏នឹងលេចចេញអ្វីថ្មីទៀត?

នៅក្នុងជំនួបដដែល គេអត្ថាធិប្យាយ ថាលោកស្រី Sherman មាឌមិនធំទេតែសម្តី “ថ្លោស” ហើយតែងយកឈ្មោះប្រធានាធិបតី ចូ បៃឌិន មកពាំង ដើម្បីឲ្យមានទំងន់ ពាក្យដែលគាត់និយាយ។

សង្ខេបឲ្យខ្លី អ្វីដែលអាមេរិកចង់បាន គឺទប់ស្កាត់ចិន និងហ៊ុំព័ទ្ធចិន។ សម្រាប់ពលរដ្ឋសាមញ្ញ គេប្រដូចចិននាពេលនេះ ទៅនឹងស្តេចប្រដាល់ អាស៊ីមួយរូបគឺ ម៉ានី ប៉ាកគីអាវ (Manny Pacquaio) ដែលបានផ្តួលកំពូល អ្នកប្រដាល់អាមេរិក ម្តងមួយៗ ស្ទើរចង់អស់ទៅហើយ។ ក្នុងបរិបទស្រដៀងគ្នានេះ ឥទ្ធិពលចិនក៏កំពុងលាតសន្ធឹងធំៗ ទៅស្ទើរគ្រប់ទ្វីបទាំងអស់ ដែលធ្វើឲ្យអាមេរិកព្រួយបារម្ភ។

កម្ពុជាទទួលបាន សន្លឹកបៀថ្មី៖
ប្រធានាធិបតីអាមេរិក ចូ បៃឌិន បានផ្ញើរលិខិតមួយសន្លឹកជូននាយករដ្ឋមន្រ្តី ហ៊ុន សែន។ គេនាំគ្នាសន្និដ្ឋានថា នេះជាសន្លឹកបៀថ្មីមួយសម្រាប់កម្ពុជា ហើយខ្លឹមសារ លិខិត ដែលត្រូវឆ្លើយតបទៅវិញ អាចជារបត់នយោបាយ ការបរទេសថ្មី របស់កម្ពុជា ចំពោះអាមេរិក។ សន្លឹកបៀថ្មីនេះ អាចបង្កប់នូវសារនយោបាយមួយ ផ្ញើទៅចិនផងដែរ ដើម្បីឲ្យពិចារណាថា តើត្រូវជួយកម្ពុជា ទាំងដងសន្ទូច ឬត្រឹមអ្វីដែលកំពុងផ្តល់ឲ្យ?

អំពីគណបក្សនយោបាយ៖
ជំនួបរបស់លោកស្រី Sherman ជាមួយសម្តេចតេជោ ហ៊ុន សែន ដោយភ្ជាប់មកជាមួយ នូវលិខិត របស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ធ្វើឲ្យមតិមួយចំនួន ប៉ាន់ស្មានថាជាទស្សនកិច្ច ដាក់សម្ពាធមកលើរដ្ឋា
ភិបាលកម្ពុជា ជាពិសេស “ទំនាក់ទំនងដែកថែបកម្ពុជា-ចិន” ។ ក្រោយពីជួបជាមួយសម្តេច ហ៊ុន សែន អស់រយៈពេល២ម៉ោង ភ្លាមៗនោះលោកស្រី Sherman ក៏បានបង្វែងដានទៅជួបលោក កឹម សុខា ស្ងាត់ៗបាន២០នាទីទៀត ដោយគ្មានប្រាប់ម្ចាស់ផ្ទះមួយម៉ាត់ឡើយ។

តើគាត់ជួបលោក កឹម សុខា នៅឯណានិងនិយាយពីអ្វី?

ក្រោយពីលោកស្រី Sherman ប្រកាសថាបានជួបលោក កឹម សុខា ភ្លាម ធ្វើឲ្យគេឆ្ងល់ថាជំនួបនោះ ធ្វើនៅស្ថានទូតអាមេរិក ឬក៏នៅគេហដ្ឋានរបស់លោក កឹម សុខា? ក្រោយមកទើបដឹងថា ធ្វើនៅនិវេសនដ្ឋាន របស់ឯកអគ្គរដ្ឋទូតអាមេរិក នៅក្បែរវិមានឯករាជ្យ ឯណោះទៅវិញទេ។ តាមបែបពិធីការការទូត គេវិភាគថាការជួប នៅនិវេសនដ្ឋាន របស់ទូត ជាកម្រិតមួយទាបជាង ធ្វើនៅស្ថានទូត ឬនៅគេហដ្ឋាន របស់លោក កឹម សុខា នោះក៏ប្រហែលដោយសារតែលោក កឹម សុខា មិនមានសិទ្ធិធ្វើនយោបាយនោះឯង។ នៅក្នុងជំនួប លោកស្រីបាន ពិភាក្សាពីសារ:សំខាន់រួមគ្នាមួយចំនួន រួមទាំងការធានានូវ អនាគតមួយប្រកបដោយ សន្តិភាព វិបុលភាព អធិបតេយ្យភាព និងប្រជាធិបតេយ្យសម្រាប់កម្ពុជា។

ការជួបលោក កឹម សុខា ជះឥទ្ធិពលដល់គណបក្សកាន់អំណាច ដែរឬទេ?

ទន្ទឹមនឹងការវាយតម្លៃនានា តាមការយល់ឃើញ បែបប្រជាធិបតេយ្យ ក៏មានមតិមួយចំនួន បានវិភាគឃើញថា ការជួបសង្គមស៊ីវិល និងលោក កឹម សុខា ជាការប្រថាប់ត្រា នៃការទូតប្រជាធិបតេយ្យ របស់អាមេរិក ផ្ទុយទៅវិញ លិខិតរបស់ប្រធានាធិបតី ចូ បៃឌិន ទៅវិញទេដែលជាវិញ្ញាសារធំ សម្រាប់ថ្នាក់ដឹកនាំប្រទេសកម្ពុជា ព្រោះពេលនេះអាមេរិក ត្រូវការនិយាយជាមួយកម្ពុជា ទទួលស្គាល់តួនាទីសំខាន់ របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះពីរជុំគឺ៖ កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ នៅចុងឆ្នាំនេះ ដែលមានមេដឹកនាំធំៗ រហូតដល់៥៣រូបចូលរួម និងកិច្ចប្រជុំអាស៊ានមួយឆ្នាំ ពេញ២០២២ ខាងមុខនេះ ។

ឥរិយាបទលោកស្រី Wendy Sherman ពេលជួបជាមួយសម្តេច ហ៊ុន សែន និងជាមួយនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា សូមមើលពីសម្លៀកបំពាក់ និងរបៀបសំពះ…

ចូលដល់ខ្លឹមសារ ក្រោយវាំងនន នៃជំនួប៖

ក្នុងជំនួប ជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកស្រី Sherman បានប្រើពាក្យមួយចំនួន ជុំវិញបញ្ហាតំបន់ ដែលកម្ពុជាចាត់ទុកថាជា “ការគំរាមកំហែង” មួយ រហូតធ្វើឲ្យមន្រ្តីជាន់ខ្ពស់មួយរូប របស់កម្ពុជាប្រតិកម្មថា ការថ្លែងបែបនេះសឹង ធ្វើឲ្យ កម្ពុជាគិតដល់ “ជាពេលវេលា ជិតឈានដល់ជំហរមួយ ដែលយើងចង់ចៀស វាងបំផុត គឺត្រូវជ្រើសរើសខាងណា” ។ ការថ្លែងប្រតិកម្មបែបនេះ ក៏ដោយសារ នៅក្នុងជំនួបលោកស្រី Sherman បានបន្តនិទានរឿង “រាំបទសារ៉ាវ៉ាន់” ដោយសម្តែងក្តីព្រួយបារម្ភ អំពីវត្តមានយោធារបស់ចិន និងការសាងសង់អគារ នៅឯមូលដ្ឋានទ័ព ជើងទឹករាម។

លោកស្រីបានស្នើសុំ ការបំភ្លឺអំពីការវាយកម្ទេចអគារ ដែលឧបត្ថម្ភថវិកា ដោយអាមេរិកចំនួនពីរ នៅរាមដែលលោកស្រីថា គ្មានការជូនដំណឹង ឬការពន្យល់ឡើយ ហើយបន្ថែមទៀតថា ឥរិយាបទបបែបនេះ របស់កម្ពុជា នឹងធ្វើឱ្យអន្តរាយ ដល់អធិបតេយ្យភាពរបស់ខ្លួន គំរាមកំហែងដល់ សន្តិសុខក្នុងតំបន់ និងប៉ះពាល់អវិជ្ជមាន ដល់ទំនាក់ទំនងអាមេរិក-កម្ពុជា។

តើកម្ពុជាឆ្លើយយ៉ាងដូចម្តេច?
កម្ពុជាបានឆ្លើយបញ្ជាក់ថា កម្ពុជាបានជូនដំណឹងដល់ អនុព័ន្ធយោធារបស់អាមេរិក នៅខែកក្កដាឆ្នាំ២០១៩ អំពីការផ្លាស់ប្តូរទីតាំង គណៈកម្មាធិការជាតិសន្តិសុខ លំហរសមុទ្រដើម្បីអនុញ្ញាតឲ្យមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងការពង្រឹង សន្តិសុខនៅទីនោះ។ ហេតុផលគឺទីតាំងនោះមានទំហំតូច គ្មានកន្លែងចូលចត ពុំអាចពង្រីកបន្ថែមបាន និងការលំបាកសម្រាប់ បុគ្គលិកធ្វើការចេញចូល នៅក្នុងតំបន់ដែលត្រូវបានហាមឃាត់។

តើកម្ពុជាត្រៀមខ្លួនធ្វើឲ្យទំនាក់ទំនងល្អប្រសើរជាងមុនដែរទេ?
កម្ពុជាបានបញ្ជាក់ថា តែងតែចង់មានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក ឧទាហរណ៍ជាច្រើនដែលត្រូវបានលើកមកអះអាងដូចជា៖ ការផ្តល់ដីដ៏ល្អសម្រាប់ ស្ថានទូតអាមេរិកនៅកណ្តាលទីក្រុងភ្នំពេញ សហប្រតិបត្តិការដ៏ល្ អផ្នែកមនុស្សធម៌ស្តីពីទាហានអាមេរិកបាត់ខ្លួន ។ ល។ និង ។ល។ ជុំវិញសំណួរអំពីទំពក់ទំនាក់ទំនង ពិសេសរវាងកម្ពុជានិងអាមេរិក មន្រ្តីជាន់ខ្ពស់ខាងលើបានថ្លែងថា ស្ថានភាពនៃទំនាក់ទំនងរវាងប្រទេសពីរ ជាធម្មតាពឹងផ្អែកលើភាគីទាំងពីរ។ “វាត្រូវការពីរនាក់ដើម្បីអាចរាំបទតុងហ្គោបាន (tango)”។

ប៉ុន្តែស្ថានភាពនៃទំនាក់ទំនង រវាងប្រទេសធំមួយ និងប្រទេសតូចមួយ គឺពឹងផ្អែកខ្លាំងទៅលើប្រទេសដែលខ្លាំងជាងនិងធំជាង ជាក់ស្តែងក្នុងបរិបទ អាមេរិក-កម្ពុជា គឺស្ថិតនៅលើ “អ្នកខ្លាំងនិងអ្នកដែលធំជាង មានន័យថា បើយើងបោះដៃទៅគេមិនទទួលក៏ទៅមិនរួចដែរ”។

ត្រឡប់មករឿងមូលដ្ឋានទ័ពជើងទឹកនៅរាមវិញ!
កម្ពុជាបានបង្ហាញរួចទៅហើយ ដោយផ្តល់នូវការធ្វើទស្សនកិច្ច នៅក្នុងបរិវេណយោធា ដែលគ្មានប្រទេសអធិបតេយ្យណាមួយអនុញ្ញាតឲ្យធ្វើដូចនេះទេ ព្រោះវាជា បញ្ហាសន្តិសុខជាតិ ។ យោងតាមមន្រ្តីជាន់ខ្ពស់ខាងលើ ក្នុងពេលជួបជាមួយ Wendy Sherman លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានច្រានចោល ការចោទប្រកាន់ស្តីពី “កិច្ចព្រមព្រៀងសម្ងាត់” រវាងកម្ពុជានិងចិនទាក់ទងនឹងមូលដ្ឋានកងទ័ពជើងទឹកនៅរាម ដែលពេលនោះសម្តេច ហ៊ុន សែន បានស្នើផ្ទុញឲ្យភាគីអាមេរិក បង្ហាញនូវកិច្ចព្រមព្រៀង សម្ងាត់នោះ តែលោកស្រី Sherman ឆ្លើយថា“យើងមិនមានទេ ប៉ុន្តែយើងបានឃើញ!” ។

កម្ពុជា ជាមួយមហាអំណាចទាំងពីរ៖
អាមេរិកចាត់ទុកកម្ពុជាថាជាកូនជឹងរបស់ចិន ចំពេលដែលប្រទេសចិន អះអាងថាទំនាក់ទំនង និងមិត្តភាពរបស់ចិនជាមួយកម្ពុជាមានភាពរឹងមាំដូច “ដែកថែប”។ មិត្តភាព “ដែកថែប” ជាភាសាមួយដែលចាប់ផ្តើម ពេញនិយម នៅប៉ុន្មានឆ្នាំចុងក្រោយ រួមទាំងអាមេរិកក៏បានប្រកាសដូចគ្នា ថាកិច្ចសហប្រតិបត្តិការយោធារបស់ខ្លួនជាមួយអ៊ីស្រាអែលគឺរឹងមាំដូច “ដែកថែប” ។ អំពីសេដ្ឋកិច្ចវិញ ការនាំចេញរបស់កម្ពុជាទៅកាន់អាមេរិកក្នុងឆ្នាំ២០២០ មានចំនួនទឹកប្រាក់ ៦,៦ ពាន់លានដុល្លារ ចំណែកទៅកាន់ប្រទេសចិនមានត្រឹម ១,០៨ ពាន់លានដុល្លារប៉ុណ្ណោះ។ រីឯជំនួយវិញ អាមេរិកបានជួយកម្ពុជា ១១លានដុល្លារប៉ុណ្ណោះ ក្នុងឆ្នាំ២០២០ សម្រាប់ប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ខណៈប្រទេសចិនបានជួយរហូតដល់៥០០លានដុល្លារ ។

អាមេរិកចង់បានអ្វីនៅពេលនេះ?៖
មន្រ្តីជាន់ខ្ពស់ខាងលើយល់ថា អាមេរិកចង់ដាក់ទណ្ឌកម្ម លើប្រទេសមួយ ដោយគ្រាន់តែ ផ្អែកលើមូលដ្ឋាននៃការចោទប្រកាន់របស់គេ ទោះជា “ពិតឬមិនពិត” ក៏ដោយ ។ “អាមេរិកបានកុហកពិភពលោកទាំងមូល អំពីអាវុធបំផ្លាញលោក នៅអ៊ីរ៉ាក់ដើម្បីកម្ចាត់សាដាម ហ៊ូសេន។ ពួកគេអាចកុហកម្តងទៀត ដើម្បីដាក់ទណ្ឌកម្មកម្ពុជា ដោយគ្រាន់តែកម្ពុជាមានភាពជិតស្និទ្ធជាមួយនឹងចិន”។

ដោយ៖ ពុយ គា
អត្ថបទរឿងរ៉ាវក្រៅឆាកនេះ មិនមែនជាការបញ្ចេញមតិឬការវិភាគរបស់អ្នកនិពន្ធឡើយ តែជាការដកស្រង់នូវខ្លឹមសារពីកិច្ចពិភាក្សា និងការដកស្រង់សំដីដើមនៃប្រភពព័ត៌មាន រួចចងក្រងជាវគ្គខ្លីៗដើម្បីឲ្យអ្នកអានងាយយល់ ហើយពិចារណាដោយខ្លួនឯង ព្រោះអ្នកនិពន្ធពុំបានធ្វើសំយោគសេចក្តីឬខ្លឹមសារអ្វីឡើយ ៕

To Top