នយោបាយ

វិភាគ ៖ ប្រធានាធិបតីថ្មីអ៊ីរ៉ង់ ព្រមានមិនជួបចរចា ជាមួយអាមេរិក​​ លើសំណុំរឿង កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ទេ

បច្ចុប្បន្នភាព

ប្រធានាធិបតីថ្មី​ របស់ប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានចេញនូវ ការព្រមានមួយ កាលពីថ្ងៃចន្ទ ទី២១ ខែមិថុនានេះ ពាក់ព័ន្ធនឹង កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាច ៥+១ ជាមួយអ៊ីរ៉ង់ កាលពីឆ្នាំ២០១៥កន្លងទៅ ។

លោក Ebrahim Raisi បានព្រមានថា លោកនឹងមិនជួបចរចា ជាមួយលោក Joe Biden ប្រធានាធិបតី របស់សហរដ្ឋអាមេរិកនោះទេ ប្រសិនបើអាមេរិក នៅតែមានជំហរដាក់សម្ពាធលើអ៊ីរ៉ង់ ដូចដែលអតីតប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់ធ្វើ ។

នៅក្នុងសន្និសីទកាសែត លើដំបូងក្នុងនាមជាប្រធានាធិបតី ទើបជាប់ឆ្នោត របស់ប្រទេសអ៊ីរ៉ង់ លោក Ebrahim Raisi បានព្រមានបន្ថែមថា អ៊ីរ៉ង់ មិនមែនចរចា ដោយគ្រាន់តែចរចា អោយល្អមើលនោះទេ គឺភាគីពាក់ព័ន្ធត្រូវតែមានឆន្ទៈពិតប្រាកដ ក្នុងការស្វែងរកដំណោះស្រាយ ក្នុងវិបត្តិ ដែលកំពុងកើតឡើង រវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ។

រាល់ការចរចាទាំងអស់ ត្រូវតែផ្តល់លទ្ធផលជាក់ស្តែង និងជាប្រយោជន៍ សម្រាប់ជាតិអ៊ីរ៉ង់ ទោះបីជាការចរចានោះផ្តោត លើកម្មវិធីនុយក្លេអ៊ែរ បច្ចេកវិទ្យាមីស៊ីល បញ្ហាពាណិជ្ជកម្ម និងសំណុំរឿងផ្សេង នៅតំបន់មជ្ឈិមបូព៌ា ក៏ដូចជានៅក្រៅតំបន់ ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៥កន្លងទៅ សហរដ្ឋអាមេរិក គឺជាភាគីហត្ថលេខី១ ក្នុងចំណោមភាគីហត្ថលេខី៥ ផ្សេងទៀត ដែលបានចុះហត្ថលេខា លើកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលជាប្រទេសមហាអំណាច ៥+១នៅលើពិភពលោកនោះ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងប្រទេសអាល្លឺម៉ង់ ។

ក្នុងចំណោមប្រទេស មហាអំណាច ៥+១ ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ គឺមានតែសហរដ្ឋអាមេរិកទេ ដែលបានសម្រេចចិត្តដកខ្លួន ចេញពីកិច្ច ព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨កន្លងទៅ និងដាក់ទណ្ឌកម្មគ្រប់បែបយ៉ាង លើអ៊ីរ៉ង់ឡើងវិញ ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទ លោក Ebrahim Raisi បានបញ្ជាក់ថា លោក នឹងមិនជួបចរចា ជាមួយលោក Joe Biden ក្រោមសម្ពាធ ទណ្ឌកម្មបែបនេះទេ ដោយសារតែការចរចានោះនឹងប្រព្រឹត្ត ដោយគ្មានតម្លាភាព និងគ្មានភាពយុត្តិធម៌ ។

លោក Ebrahim Raisi គឺជាបេក្ខជនប្រធានាធិបតី មកពីក្រុមជំនិតរបស់ប្រមុខ ដឹកនាំកំពូល អ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងជាបេក្ខជនមកពីក្រុមអភិរក្សនិយម ដែលមានគោលជំហរតឹងតែង និងម៉ឺងម៉ាត់ក្នុងនយោបាយ ។

ទោះបីជាលោក Ebrahim Raisi បានព្រមានមិនជួបចរចា ជាមួយលោក Joe Biden ក៏ដោយ ក៏ក្រុមទទួលបន្ទុកកិច្ចចរចា នុយក្លេអ៊ែរអ៊ីរ៉ង របស់ប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានជួបចរចាក្នុងជុំទី៦រួចហើយ ដើម្បីស្តារអោយកិច្ចព្រមព្រៀង នេះរស់ឡើងវិញ ។

កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសមហាអំណាច ៥+១ កាលពីឆ្នាំ២០១៥កន្លងទៅ ចាប់ផ្តើមមានសុខភាពទន់ខ្សោយ និងមិនរឹងមាំ ក្រោយពីសហរដ្ឋអាមេរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨ ។
សុខភាពទន់ខ្សោយ និងមិនរឹងមាំរបស់កិច្ចព្រមព្រៀងនេះ គឺដោយសារអ៊ីរ៉ង់ មិនគោរពតាមកិច្ចព្រមព្រៀងលើចំណុចខ្លះ ដែលជាចំណុចសំខាន់ ដែលជាការឆ្លើយតបទៅការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ទាំងស្រុងឡើងវិញ ពីសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ។
ចំណែកប្រទេស មហាអំណាច៥ផ្សេងទៀត មានប្រទេសរុស្ស៊ី ចិន បារាំង អង់គ្លេស និងអាល្លឺម៉ង់ ដែលជាប្រទេសហត្ថលេខី គឺនៅតែគាំទ្រកិច្ចព្រមព្រៀងនេះ និងមិនបានដកខ្លួនចេញទៅ តាមការសម្រេចចិត្ត របស់សហរដ្ឋអាមេរិកទេ ។
ក្រោយពីដកខ្លួនចេញពី កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ សហរដ្ឋអាមរិកបានក្លាយ ទៅជាប្រទេសឯកោ ក្នុងសំណុំរឿងនេះ និងចង់ចូលខ្លួនក្នុង កិច្ចព្រមព្រៀងនេះវិញ តាមរយៈការចរចាជាមួយអ៊ីរ៉ង់ ដើម្បីស្វែងរកកិច្ចព្រមព្រៀង ថ្មីមួយ ប៉ុន្តែខណៈដែលអាមេរិកមិនដកទណ្ឌកម្មចេញពីប្រទេសអ៊ីរ៉ង់ ប្រទេសនេះបានចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូមលើបរិមាណកំណត់ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក មិនអាចដើរតាមផ្លូវជាមួយគ្នា ក្នុងកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ គឺដោយសារអាមេរិកយល់ថា កិច្ចព្រមព្រៀងនេះ មានត្រូវបានចែងមិនគ្រប់ជ្រុងជ្រោយទេ ដែលអាមេរិកត្រូវការកិច្ចព្រមព្រៀងថ្មី ។

អតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បានលើកឡើងថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ មិនបានចែងហាមឃាតអ៊ីរ៉ង់ អំពីការពង្រីកឥទ្ធិពលក្នុងតំបន់ អំពីការផលិតមីស៊ីលបាលីស្ទិក និងមហិច្ឆិតាច្រើនទៀតរបស់អ៊ីរ៉ង់ ។

លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក ដែលបានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ កាលពីឆ្នាំ២០១៨កន្លងទៅ គឺចង់បានកិច្ចព្រមព្រៀងថ្មី ដែលនឹងមានចែកគ្រប់ជ្រុងជ្រោយ អំពីមហិច្ឆិតារបស់អ៊ីរ៉ង់ តាមរយៈការចរចាជាមួយអ៊ីរ៉ង់ ។

ក្រោយពីដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មគ្រប់បែប យ៉ាងលើប្រទេសអ៊ីរ៉ង់ ក្នុងគោលបំណងបង្ខំអ៊ីរ៉ង់ អោយចូលតុចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងថ្មីទៅតាមការចង់បានរបស់ខ្លួន ។

ប៉ុន្តែបំណងរបស់សហរដ្ឋអាមេរិកនេះ ទំនងជាមិនបានជោគជ័យទេ ដោយសារអ៊ីរ៉ង់ មិនព្រមចូលតុចរចា ដោយស៊ូទ្រាំនឹងទណ្ឌកម្មរបស់អាមេរិក រួមទាំងប្រឹងប្រែងចម្រើន សារធាតុអ៊ុយរ៉ានីញ៉ូមលើស ការកំណត់ក្នុងកិច្ចព្រមព្រៀងឆ្នាំ២០១៥ ។

សរុបមក បើអាមេរិកមិនចូល ក្នុង កិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់វិញ អ៊ីរ៉ង់នឹងបង្កើនការផលិត សារធាតុអ៊ុយរ៉ានីញ៉ូម ក្នុងគោលដៅ បម្រើផ្នែកយោធា រហូតអាមេរិក ចូលក្នុងខ្លួនមកវិញ ប៉ុន្តែបើអាមេរិកចូល ក្នុងកិច្ចព្រមព្រៀងនេះ អាមេរិកនឹងមិនបានកិច្ចព្រមព្រៀងថ្មី ទៅតាមការចង់បានរបស់ខ្លួននោះទេ ៕
ដោយ ៖ អ៊ី ជិន

To Top