នយោបាយ

ប្រព័ន្ធនៃមូលដ្ឋាន យោធាអាមេរិក លើពិភពលោក និងការគិតគូរ ជាយុទ្ធសាស្រ្ត របស់អ្នកកាន់អំណាច ក្នុងសេតវិមាន និងការងើបឡើង របស់ចិន!

         ខ្សែរយៈជាប្រព័ន្ធមូលដ្ឋានយោធា បានគ្របដណ្ដប់មកលើ ពិភពលោកទាំងមូល

សហរដ្ឋអាមេរិក គឺជាប្រទេសមួយ ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេស ដែលមានអនុភាពយោធា ឈានមុខ និងខ្លាំងក្លាជាងគេបំផុត នៅលើពិភពលោក! ដោយអាមេរិក មានប្រព័ន្ធមូលដ្ឋានយោធា នៅក្រៅប្រទេសហាក់បីច្រើនជាងគេ បើប្រៀបធៀបទៅនឹង ប្រទេសដទៃទៀតលើពិភពលោក ទាំងមុន និង ក្រោយសង្រ្គាម លោកលើកទី២ មក!។ ព្រោះបើយោងទៅតាមទស្សនាវដ្ដី Politicoឱ្យដឹងថា សហរដ្ឋអាមេរិក មានមូលដ្ឋានយោធា ជាអចិន្ត្រៃយ៍ប្រហែល៨០០ទីតាំង ដែលមានមុខទាំងយប់ទាំងថ្ងៃ លើពិភពលោក អមទៅដោយមានទាហាន នៅប្រចាំការ ក្នុងទីតាំងទាំងនេះប្រមាណ២៣០ ០០០នាក់ដែលត្រូវបានបំពាក់ ទៅដោយអាវុធគ្រប់ធុនទាំងអស់!។

ដោយឡែក គ្រាន់តែសម្រាប់ តំបន់អាស៊ីប៉ាស៊ីហ្វិក អាមេរិកមានកងទ័ពឈរជើង នៅទីនេះទាំងអស់ ១៥៤ ០០០នាក់ ដែលក្នុងនោះ មានពលទាហានប្រចាំការ ក្នុង១០៩មូលដ្ឋានយោធា នៅជប៉ុនមាន៥ម៉ឺននាក់ នៅកូរ៉េខាងត្បូងមានមូលដ្ឋានយោធា ៨៥ទីតាំង ដោយមានពលទាហាន ឈរជើង ២៨០០០នាក់ បើនៅទ្វីបអឺរ៉ុបវិញ សហរដ្ឋអាមេរិក មានមូលដ្ឋានយោធា ទាំងអស់៣៥០ទីតាំង ដោយមានពលទាហានឈរជើង ប្រចាំការ៦៥ ០០០នាក់ ដែលរួមមានមូលដ្ឋានយោធា នៅអ៊ីតាលី ៥៨ទីតាំង និង១៨០ទីតាំង យោធាទៀត នៅលើទឹកដីអាល្លឺម៉ង់!។

បើនៅលើទំព័រ ទស្សនាវដ្ដី The Nation វិញ បានពិពណ៌នាថា មូលដ្ឋានយោធា របស់អាមេរិក បានលាតសន្ធឹង និងពង្រាយមកលើ៧០ប្រទេសគ្រប់ទ្វីប លើកលែងតែ នៅលើតំបន់ប៉ូល ខាងត្បូង(South Pole) គឺឥតមានទេ! ដោយពួកអ្នកវិភាគ យុទ្ធសាស្រ្តយោធា បានទទួលស្គាល់ថា ប្រព័ន្ធមូលដ្ឋានយោធា របស់អាមេរិក នៅក្រៅប្រទេស មើលទៅមិនខុសអី ទៅនឹងសំណាញ់ពីងពាងមួយ ប្រទាក់ក្រឡាគ្នា ដ៏មហិមា ដែលមានមុខងារ គ្របដណ្ដប់ទាំងស្រុង មកលើពិភពលោកនេះ!។

ឃើញយ៉ាងនេះក៏ដោយ តែក៏នៅមានរបាយការណ៍ជាច្រើនទៀត បញ្ជាក់ឱ្យឃើញថា តួលេខពិតប្រាកដ នៃចំនួនមូលដ្ឋានយោធា របស់អាមេរិក នៅមានច្រើនជាងនេះ ដោយលក្ខណៈពិសេស ទៅតាមតំបន់និងលាក់ការណ៍ សម្ងាត់។ ព្រោះដោយឡែក គ្រាន់តែនៅក្នុង ប្រទេសអ៊ីរ៉ាក់ ក្នុងសម័យកាលមានភ្លើងសង្រ្គាម នាឆ្នាំ២០០៤ អាមេរិកមានមូលដ្ឋានយោធា នៅលើទឹកដីអ៊ីរ៉ាក់នេះ រហូតដល់ទៅជាង៤០០ទីតាំង រួមទាំងបន្ទាយទាហាន និងប៉ុស្តិ៍យាមផងនោះ!។

ក៏ប៉ុន្តែនៅពេលថ្មីៗនេះ ទស្សនាវដ្ដី The Conversation បានបង្កឱ្យមាន ការភ្ញាក់ផ្អើលមួយ ដោយទស្សនាវដ្ដីមួយនេះបានអះអាងថា សហរដ្ឋអាមេរិក បានដាក់ពង្រាយ (Deployment) កងទ័ពជិត១៤០ប្រទេស លើសាកលលោក តែការនិយាយមួយនេះ ពុំមានតួលេខឱ្យ បានលម្អិតឡើយ!

យោងទៅតាម ទស្សនាវដ្ដី Time គឺសហរដ្ឋអាមេរិក ចាប់កសាងមូលដ្ឋានយោធា ដំបូង នៅក្រៅប្រទេសគឺ ក្នុងបណ្ដាឆ្នាំ១៨៨៩ បន្ទាប់ពីអាមេរិកកាន់កាប់ បានឈូងសមុទ្រ Guantanamo ក្នុងសង្រ្គាមវាយដណ្ដើម ដែនដីអាណានិគមជាមួយពួក Spain នោះ។ ដល់ឆ្នាំ១៩០៣ ក្រោយពីរដ្ឋអំណាច របស់គុយបា ត្រូវបានបោះឆ្នោតរៀបចំឡើង ជារដ្ឋាភិបាល អាមេរិក ក៏បានចរចានិងព្រមព្រៀង ជាមួយអាជ្ញាធរគុយបា នាពេលនោះក្នុងការជួល Guantanamo ដែលការជួលដែនដីមួយនេះ ពុំមានថេរវេលា កំណត់នោះ!។

មិនជាយូរប៉ុន្មាន អ្នកកាន់អំណាចរបស់ Washington ចាប់មានគំនិតឈ្លានពាន ដោយបានកសាងមូលដ្ឋាន កងទ័ពជើងទឹកមួយ យ៉ាងរឹងមាំនៅទីនេះ ដោយបានដាក់ឈ្មោះឱ្យតំបន់នេះថា GTMOឬមួយហៅថា Gitmoដោយទីតាំង Guantanamoនេះមានវិសាលភាព១១៦គីឡូម៉ែត្រការ៉េ វែងទៅទិសខាងលិច និងភាគខាងកើត របស់ឈូងសមុទ្រមួយនេះ!។

ហើយទោះបីជា មានការប្រឆាំងជំទាស់ យ៉ាងខ្លាំងក្លាពីរដ្ឋាភិបាល គុយបានាពេលបច្ចុប្បន្ននេះ ក៏ដោយ ក៏តំបន់ Guantanamoនៅតែជាទីកន្លែងដែល សហរដ្ឋអាមេរិក ដាក់ពង្រាយកងទ័ព ព្រមទាំងបង្កើតជាគុកមួយ ដ៏ធំនិងល្បីបំផុត នៅទីនេះ អំពីការចាប់ដាក់គុក ការធ្វើទារុណកម្ម មកលើមុខសញ្ញា ដែលគ្រោះថ្នាក់បំផុត លើពិភពលោក ដែលត្រូវបានយកមកឃុំឃាំង នៅទីនេះ!។

ដល់សម័យកាល នៃសង្រ្គាមលោកលើកទី២ ដោយភាពចាំបាច់ ក្នុងយុទ្ធសាស្រ្តការពារ ប្រទេសជាតិ ពីចម្ងាយ សហរដ្ឋអាមេរិក ក៏ចាប់ផ្ដើមជំរុញដំណើរការ វត្តមាន ជាកម្លាំងយោធារបស់ខ្លួន ឱ្យមានការឈរជើង នៅក្រៅប្រទេស ស្របពេលដែលមហាអំណាច នៃអាណានិគមនិយម ចាស់អង់គ្លេស និងបារាំង ចាប់ផ្ដើមបោះបង់ចោលដែនដី អាណានិគមចាស់ របស់ខ្លួននៅលើពិភពលោក ដកខ្លួនមកការពារដែនដី របស់ប្រទេសខ្លួន ពីការវាយប្រហារ របស់ពួកហ្វាក់ស៊ីស អាល្លឺម៉ង់និងជប៉ុន! ពិសេសគឺនៅក្នុងតំបន់ អាស៊ី បន្ទាប់ពីមានចរន្ត នៃចលនា ក្រោកឈរឡើង ធ្វើការតស៊ូទាមទារឥស្សរភាព ឯករាជ្យភាព ពីប្រជាជន ម្ចាស់ស្រុកនោះ!។

ក្រោយមក ចាប់តាំងពីមានការផ្ទុះឡើង ជាសង្រ្គាមត្រជាក់ រវាងអាមេរិកនិងសូវៀត ហើយអនុភាព របស់ពួកចក្រពត្តិ ត្រូវបានបង្រួមតូចទៅៗ ដោយមានចលារំដោះជាតិ កើតឡើងនៅច្រើនប្រទេស រួមទាំងអំណាចឥទ្ធិពល របស់ចលនាមិនចូល បក្សសម្ព័ន្ធ និងអនុភាព របស់តតីយលោកផង នៅលើក្របខណ្ឌពិភពលោក! បានធ្វើឱ្យUncle SAM មានការបារម្ភមួយ យ៉ាងជ្រាលជ្រៅ ព្រោះបើសភាពការណ៍មួយនេះ ចេះតែវិវត្តន៍រីកចម្រើន ទៅមុខយ៉ាងសន្សឹមៗទៅ ពិភពលោកមួយនេះ នឹងរបូតបាត់ពីបាតដៃ របស់អាមេរិក ជាមិនខាន! ដែលនេះគឺជាការអះអាងមួយ របស់លោក David Vine ដែលបានពិពណ៌ មាននៅក្នុងសៀវភៅ “Island of Shame” ដែលលោកនិយាយអំពី ជោគវាសនា របស់ពិភពលោកនោះ!។

ក៏ប៉ុន្តែជាអកុសល បន្ទាប់ពីប្រព័ន្ធសង្គមនិយម ដែលមានសហភាពសូវៀត ជាបងធំដួលរលំមក ក្រុង Washington មិនត្រឹមតែកាត់បន្ថយ ស្រាប់តែបានជំរុញ និងបង្កើន ដោយពង្រីកវត្តមាន របស់កម្លាំងខ្លួនឆ្ពោះទៅទិសខាង អឺរ៉ុបខាងកើត ដែលតំបន់ទាំងនេះ ពីដើមឡើយ ជាកំពែងដ៏រឹងមាំ និងខ្លាំងក្លា របស់បក្សសម្ព័ន្ធយោធា Varsovie នោះ!។

បន្ទាប់ពីជោគជ័យ ក្នុងការចរចា សម្របសម្រួលជាមួយ Poland ក្នុងការព្រមព្រៀង ដាក់ពង្រាយកងទ័ព កសាងមូលដ្ឋានយោធា និងការដាក់ពង្រាយកាំជ្រួច វាយប្រហារនៅលើទឹកដី អតីតសង្គមនិយមមួយនេះ ក្រុង Washingtonក៏បានបន្តការចរចាជាមួយបណ្ដាប្រទេសដែលជាអតីតជាសមាជិករបស់ប្លុកយោធា Varsovie ដែលក្នុងនោះក៏មានប្រទេស ឈានមុខពីរគឺ Bulgaria និង Rumania ដើម្បីបន្តដាក់ពង្រាយ កងទ័ពជាអចិន្ត្រៃយ៍ នៅទីនេះ ក្រោមហេតុផលការពារ គ្រោះគំរាមកំហែង ដែលកើតចេញមកពីរុស្ស៊ីនោះ!។

ប្រទេសអាមេរិក មានសុវត្ថិភាពដែរឬអត់!

ជារួម មូលដ្ឋានយោធា ទាំងអស់ របស់ សហរដ្ឋអាមេរិក ដែលបោះទីតាំង នៅក្រៅប្រទេស ត្រូវបានបែងចែកទៅជា ប្រភេទ គឺមួយ មានលក្ខណៈជាយូរអង្វែង អចិន្ត្រៃយ៍ ទីពីរបម្រើឱ្យគោលដៅ ប្រយុទ្ធ ដែលមានលក្ខណៈជាមធ្យម និងទីបីសម្រាប់តែ កិច្ចសហការសន្តិសុខ។ មូលដ្ឋានយោធា ដែលមានចរិតយូរអង្វែង អចិន្ត្រៃយ៍ គឺមានជាមូលដ្ឋានសម្រាប់ កងទ័ពជើងទឹក កងទ័ពជើងអាកាស និងបណ្ដា ទីតាំងឈរជើង របស់កងទ័ពធំ ដែលមូលដ្ឋានទាំងនេះ ត្រូវបានកសាងឡើង នៅលើដែនដី របស់បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត។

ចំពោះ មូលដ្ឋានយោធា ដែលមានលក្ខណៈបម្រើឱ្យគោលដៅប្រយុទ្ធ គឺសំដៅមកលើ មូលដ្ឋានយោធា មានលក្ខណៈជាភស្តុភា ឃ្លាំងគ្រាប់ អាវុធ ឬជាមូលដ្ឋានយោធា មានទ្រង់ទ្រាយតូច សម្រាប់ការហ្វឹកហ្វឺន ឬការធ្វើសមយុទ្ធ។

ហើយដោយឡែក ទីតាំងសម្រាប់ សហការសន្តិសុខ គឺជាទីកន្លែង ដែលមាន លក្ខណៈសម្បត្តិ អាចកកើតទៅជាមូលដ្ឋាន យោធា បានក្នុងករណីចាំបាច់ តែទីតាំងទាំងនេះ ច្រើនតែពុំមានកងទ័ព អាមេរិក ឈរជើង ឬប្រចាំការឡើយ!។

សរុបមកវិញ មូលដ្ឋានយោធា ទាំងអស់នេះ មានមុខងារបង្កើត ឱ្យអាមេរិកនូវខ្សែរយៈ ជាប្រព័ន្ធមួយនៃទីតាំង មានលក្ខណៈជាឃ្លាំងភស្តុភា យោធាមួយ នាំមកនូវលទ្ធភាព អាចការពារ បានផងនិងសម្រាប់ ការវាយប្រហារក៏បាន ដែលមានមុខ នៅគ្រប់ទិសទី លើពិភពលោក ដោយមិនចាំបាច់ត្រូវវាយប្រហារ កាន់កាប់ និងធ្វើការត្រួតពិនិត្យ គ្រប់គ្រងលើតំបន់មួយដ៏ធំ ឥតប្រយោជន៍ដូចដែនដី អាណានិគមចាស់ ពីដើមឡើយ!។

ពួកអ្នកយោធានិយមអាមេរិកច្រើនតែ បានកំណត់ដោយអះអាងថា មូលដ្ឋានយោធា ទាំងអស់ ដែលដាក់ពង្រាយនៅក្នុង ទ្វីបអឺរ៉ុប មានមុខងារ គឺដើម្បីផ្ដល់ការការពារ មកលើពួកប្រទេស ដែលជាសម្ព័ន្ធមិត្ត របស់អាមេរិកគេចផុត ពីអំណាចឥទ្ធិពល របស់រុស្ស៊ី! ចំពោះមូលដ្ឋានយោធា ទាំងឡាយ ដែលត្រូវបានដាក់តាំង នៅក្នុងតំបន់ មជ្ឈឹមបូព៌ា មានតួនាទីក្នុងការធានាការពារ ធ្វើឱ្យចរន្តប្រេងមានលំហូរ ទៅដោយសេរីគ្មានឧបសគ្គ រួមទាំងដើម្បីរារាំង ទប់ស្កាត់ពីទោះបី ការវាយប្រហារ ណាមួយ ជាយថាហេតុ ពីអ៊ីរ៉ង់ ឬកម្លាំងភេរវកម្ម អ៊ីស្លាម ជ្រុលនិយមណាមួយ នៅក្នុងតំបន់មួយនេះ! ហើយដោយឡែក មូលដ្ឋានយោធាទាំងអស់ ដែលបានកសាងឡើង នៅក្នុងតំបន់អាស៊ី មួយនេះ គឺមានតួនាទី ក្នុងការរួមចំណែក ផ្ដល់ការការពារ ដល់ពួកប្រទេសទាំងឡាយ ដែលជាបក្សសម្ព័ន្ធយោធា របស់អាមេរិកនៅចំពោះមុខ គ្រោះគំរាមកំហែង បរមាណូ ពីកូរ៉េខាងជើង និងការងើបឡើង ដ៏មហិមារបស់ចិនប្រជាមានិត នោះ!

ប៉ុន្តែ ក៏មានពួកអ្នកវិភាគយោធាខ្លះ ធ្លាប់បានធ្វើការវាយតម្លៃ ថា ការបំពងហួសហេតុ នៃប្រសិទ្ធភាព របស់បណ្ដាមូលដ្ឋានយោធាទាំងនេះ មើលទៅដូចជាសំបើមមែន! ព្រោះមានអត្ថបទមួយ បានចុះផ្សាយលើទំព័រ ទស្សនាវដ្ដី TIME កន្លងមក ដោយលោក John Glasser ធ្លាប់បានព្រមានយ៉ាងខ្លាំងថា ទោះបីជាមានមូលដ្ឋានយោធា យ៉ាងច្រើន ដាក់ពង្រាយនៅក្រៅប្រទេស ហើយបំពាក់ ទៅដោយអាវុធទំនើប យ៉ាងនេះ មិនជាក់ថា សហរដ្ឋអាមេរិក អាចគេចផុតពីការវាយប្រហារ មកលើទឹកដី អាមេរិក ដោយផ្ទាល់ពីកម្លាំងអមិត្ត ឡើយនោះទេ!។

ដោយមានលទ្ធភាព ក្នុងអំណាចការពារខ្លួន ដ៏ខ្លាំងក្លា រួមទាំងអាវុធនុយក្លេអ៊ែរ ដ៏ច្រើនសំបូរបែប គួបផ្សំទៅនឹងអំណោយ ធម្មជាតិក្នុងកត្តា ភូមិសាស្រ្តដែល សហរដ្ឋអាមេរិក មានទីតាំងស្ថិត នៅចន្លោះកណ្ដាល នៃមហាសាគរទាំងពីរ ទើបទោះបីជាមានអំណាច ណាមួយ ក៏មានការលំបាក ក្នុងការចង់វាយប្រហារ មកលើ សហរដ្ឋអាមេរិក ទោះក្នុងរូបភាពណាមួយ ក៏ដោយ!។

អំពីគ្រោះគំរាមកំហែង ត្រូវទទួលស្គាល់ការពិតមួយ ថា រហូតមកដល់ពេលនេះ គ្មានប្រទេសណាមួយ មានសមត្ថភាពពិតប្រាកដ ក្នុងការអាចវាយប្រហារ មកលើ សហរដ្ឋអាមេរិក ពីចម្ងាយបានឡើយ ក្រៅពីចិន និងរុស្ស៊ី នាពេលបច្ចុប្បន្ននេះ!។ បើតាមការវិភាគ របស់លោក John Glasser គឺសហរដ្ឋអាមេរិក និងពួកប្រទេសសម្ព័ន្ធមិត្ត តែងតែអះអាងថា ពួកគេចង់បង្កើតវត្តមានជាយោធាឱ្យនៅក្បែរ រុស្ស៊ី ដើម្បីប្រឆាំងទប់ទល់ ទៅនឹងអំពើឈ្លានពាន ជាយោធាណាមួយ ពីអ្នកកាន់អំណាច របស់ក្រុងMoscow ! តែរាល់ជំហានរបស់ក្រុងWashingtonបានធ្វើឱ្យរុស្ស៊ី មានអារម្មណ៍ថា មិនសុវត្ថិភាព ហើយដែលនេះជាបច្ច័យចម្បង ក្នុងការនាំឱ្យរុស្ស៊ី នាំទ័ពចូលធ្វើអន្តរាគមន៍ មកលើ Gruzia Ukrain រួមទាំងតំបន់សមុទ្រខ្មៅ នាពេលថ្មីៗនេះ ក្នុងហេតុផល ការពារមុន ប្រសើរជាងព្យាបាល តែម្ដងទៅ!។

បើលោក David Vine សរសេរលើ Politico វិញបានបង្ហាញឱ្យឃើញថា មូលដ្ឋានយោធាទាំងឡាយ របស់អាមេរិក ដែលបានកសាងឡើង នៅជិតពួកប្រទេស Rogue States នេះហើយដែលជាហេតុបច្ច័យក្នុងការនាំឱ្យមានភាពតានតឹងនោះ! ជាតថភាព មូលដ្ឋានយោធា នៅខាងក្រៅស្រុកទាំងអស់ មាននិន្នាការ ក្នុងការនាំឱ្យមានកំដៅ ធ្វើឱ្យមានការតានតឹងជាយោធា និងជាការរារាំង ទៅដល់រាល់ដំណោះស្រាយ ការទូតទៀតផង! ដោយកត្តាមូលដ្ឋានយោធាមួយនេះ ខ្វះនូវភាពជឿគ្នា ទៅវិញទៅមក(Mutual Confidence) !

ចំពោះ រុស្ស៊ី ចិន និងអ៊ីរ៉ង់ វិញ គឺរាល់មូលដ្ឋានយោធា ដែលបានបង្កើតឡើង ហើយដាក់ពង្រាយ នៅជាប់ព្រំដែន របស់ពួកប្រទេសទាំងនេះ គឺជាគ្រោះគំរាមកំហែង ចំពោះមុខ ហើយមូលដ្ឋានយោធាទាំងអស់នេះ គឺជាបច្ច័យអវិជ្ជមានមួយ ក្នុងការរួមចំណែក ក្នុងការរត់ប្រណាំង សព្វាវុធផង និងក្នុងការនាំឱ្យ មានការបង្កើន ថវិកា យោធាការពារជាតិផង! ក្រៅពីនេះ មូលដ្ឋានយោធា របស់អាមេរិក ដាក់នៅខាងក្រៅស្រុក ក៏ជាកត្តាផុយស្រួយមួយ ក្នុងការងាយឱ្យ មានការ ប្រទូស្តរាយជាកម្លាំងអាវុធផង ហើយក៏ជាមូលហេតុចម្បង ក្នុងការនាំឱ្យ ប្រទេសអាមេរិក មានអារម្មណ៍ថាខ្លួន ពុំមានសុវត្ថិភាពផង!។

ការគិតគូរជាយុទ្ធសាស្រ្ត របស់ពួកអ្នកកាន់អំណាច ក្នុងសេតវិមាន!

ខុសទៅនឹងបណ្ដា ប្រធានាធិបតី អាមេរិក មុនៗ ដោយលោក Barack Obama ជាអ្នកដែលចង់ចាត់ បញ្ជូនកងទ័ព អាមេរិកជាច្រើន មកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងយុទ្ធសាស្រ្តមួយដែលហៅថា Pivot Policyនោះ! តែក្រោយមកចំពោះ Donald Trump វិញ បែរជាចង់កាត់បន្ថយ កងទ័ព អាមេរិក ចេញពីប្រទេសមួយចំនួន ដោយការចំណាយមកលើ វិស័យយោធាមានបរិមាណធំពេក!។

ព្រោះចាប់តាំង ពីការឡើងកាន់អំណាច នាឆ្នាំ២០១៦មក  Donald Trump ជាច្រើនដងបានរំលឹកដល់ ការចំណាយដ៏ហួសហេតុ ធំពេក ដែលសហរដ្ឋអាមេរិក បានចំណាយ ក្នុងការគ្រប់គ្រង ប្រតិបត្តិមកលើបណ្ដាមូលដ្ឋានយោធា នៅខាងក្រៅប្រទេស ដែលទន្ទឹមនេះ Donald Trump បានរំលឹកជំរុញឱ្យ ពួកប្រទេសដែល ជាបក្សសម្ព័ន្ធ របស់អាមេរិក ឱ្យជួយបង់ជាវិភាគទាន ក្នុងការចំណាយ មកលើផ្នែកយោធា ខ្លះផង!។ ជាការជាក់ស្ដែង នូវរាល់កិច្ចប្រជុំកំពូល របស់ប្លុកសម្ព័ន្ធ យោធា NATO គឺ Donald Trump តែងតែអំពាវនាវ ដល់ពួកប្រទេស ដែលជាសមាជិក របស់ NATO សូមឱ្យមានការចំណាយ ឱ្យបានច្រើន ក្នុងវិស័យយោធាថែមទៀត! តែរាល់ការអំពាវនាវមួយនេះ ត្រូវបានពួកប្រទេសទាំងនេះ ពុំសូវបានយកចិត្តទុកដាក់ និងឆ្លើយតបជាវិជ្ជមាន ឡើយ!។

ក្នុងជំហានបន្ទាប់ ដែលនាំឱ្យមានការភ្ញាក់ផ្អើល នោះគឺ Donald Trump បានចេញបទបញ្ជាឱ្យ ដកកងទ័ពអាមេរិក ចំនួន៩៥០០នាក់ ក្នុងចំណោមកងទ័ព ៣៤ ៥០០នាក់ ដែលឈរជើងនៅលើទឹកដី អាល្លឺម៉ង់! ដែលឥរិយាបថ នយោបាយមួយនេះ ត្រូវបានរងការរិះគន់ ពីមជ្ឈដ្ឋានអ្នកកាន់អំណាច របស់អាល្លឺម៉ង់និងអាមេរិក! តែក្នុងកាយវិការមួយនេះ ត្រូវបានសារព័ត៌មាន លោកខាងលិចមួយចំនួន បង្ហើបឱ្យដឹងថា ការប្រកាសដកទ័ពនេះដោយ Donald Trump មិនសប្បាយចិត្ត ទៅនឹងអាកប្បកិរិយា របស់លោកស្រី Angela Merkel ដោយលោកស្រី បានបដិសេធ មិនចូលរួម កិច្ចប្រជុំG7ដែលរៀបចំដោយ Donald Trump នៅអាមេរិកនោះ!។

ក្រោយមក ក៏មានប្រភពព័ត៌មានមួយ លេចចេញពីរដ្ឋាភិបាល អាមេរិក ថា ការប្រកាស កាត់បន្ថយកងទ័ព របស់អាមេរិក ចេញពីអាល្លឺម៉ង់ គឺជាលទ្ធផល នៃការគិតគូរ ពិចារណា របស់ Mark Milley ប្រធានក្រុមប្រឹក្សាសេនាធិការ កងទ័ពចម្រុះរបស់អាមេរិក ដែលមានជាយូរមកហើយ!បើសេតវិមានវិញ បានអះអាងថា ឥរិយាបថនយោបាយ របស់លោក Donald Trump គឺដើម្បីផលប្រយោជន៍ របស់អាមេរិកសុទ្ធសាធ ដែលពុំមែនជារឿងបុគ្គល ទាក់ទងដល់ថ្នាក់ដឹកនាំ របស់ពិភពលោកណាមួយឡើយ!។

តែបើយោងតាម ទូរទស្សន៍រុស្ស៊ី RT ឱ្យដឹងថា អតីតឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអាល្លឺម៉ង់ វិញបានធ្វើការបកស្រាយថា ជនជាតិអាមេរិក ដែលជាអ្នកបង់ពន្ធ ភាគច្រើន មិនចង់ចំណាយ លុយច្រើន មកលើការការពារ សន្តិសុខដល់ប្រទេស ដទៃទៀត!។នៅឆ្នាំ២០១៩ ថវិកាចំណាយមកលើវិស័យការពារជាតិ របស់អាល្លឺម៉ង់ឈរលំដាប់លេខ៣ នៅក្នុងប្លុក NATO ដោយបានបង់វិភាគទាន ប្រមាណ ៥៤កោដិដុល្លារអាមេរិក ដែលការចំណាយនេះ ស្មើនឹង១,៣៨% GDP របស់អាល្លឺម៉ង់តែប៉ុណ្ណោះ! ដែលចំនួននេះ មិនស្មើ២% ដែល Donald Trump បានទាមទារឱ្យសម្ព័ន្ធមិត្តមួយនេះ ជួយចេញនោះ!។

តាមការគិតគូរ របស់អ្នកជំនាញការ David Vine គឺដើម្បីរក្សាចំនួន មូលដ្ឋានយោធា នៅក្រៅប្រទេស ដែលមានពលទាហាន រាប់រយពាន់នាក់ ឱ្យមានភាពរលូនយ៉ាងនេះ គឺរដ្ឋាភិបាល អាមេរិក ក្នុងឆ្នាំ២០១៥ ជាមធ្យមត្រូវចំណាយពី ៨៥ទៅ១០០កោដិ ដុល្លារ/ឆ្នាំ ហើយបើរួមមាន ទាំងការបង្កើតមូលដ្ឋាន មានលក្ខណៈ ជាបណ្ដោះអាសន្ ននៅក្នុងបណ្ដាតំបន់ ដែលកំពុងនៅមាន សង្រ្គាមផងនោះ គឺតួលេខចំណាយ ត្រូវកើនឡើងពី ១៦០ទៅ២០០កោដិ ដុល្លារ/ឆ្នាំ!។

ដែលក្នុងពេលនោះ The Conversation បានបរិយាយដោយយោង ទៅតាម របាយការណ៍ ផ្លូវការមួយ របស់ក្រសួងការពារជាតិ អាមេរិក បញ្ជាក់ថា ការចំណាយមកលើ បណ្ដាសកម្មភាព និងប្រតិបត្តិការរបស់មូលដ្ឋានយោធា អាមេរិកទាំងអស់ដែលស្ថិតនៅ ក្រៅប្រទេសមានប្រមាណ ២៤,៤កោដិដុល្លារអាមេរិក សម្រាប់ឆ្នាំសារពើភ័ណ្ឌ២០២០នេះ ! ក៏ប៉ុន្តែ ការចំណាយទាំងអស់នេះ នៅពុំទាន់បានគិតសរុបមកលើ បណ្ដាសកម្មភាពប្រយុទ្ធ សមយុទ្ធ និងការហ្វឹកហ្វឺនផង!។

មួយសប្ដាហ៍ក្រោយមក  បន្ទាប់ពីមានព័ត៌មានថា អាមេរិកនឹងដកទ័ពខ្លះ ចេញពីអាល្លឺម៉ង់មក ក៏មានព័ត៌មាន ជាបន្តបន្ទាប់ថា អាមេរិកនឹងបន្តដកទ័ព របស់ខ្លួនចេញពី ស៊ីរី អាហ្កានីស្ថាន អ៊ីរ៉ាក់ កូរ៉េខាងត្បូង ជប៉ុន និងប្រទេសជាច្រើនទៀត វិលចូលប្រទេសវិញ!។ នៅក្នុងព្រឹត្តិការណ៍ នយោបាយមួយនេះ ខុសទៅនឹងប្រទេស អាហ្កានីស្ថាន ស៊ីរី និងអ៊ីរ៉ាក់ ដោយរដ្ឋាភិបាលទាំង៣នេះ ចង់តែឱ្យកងទ័ពអាមេរិក ចាកចេញ ពីប្រទេសរបស់ខ្លួន ស្រាប់តែ ជប៉ុន និងកូរ៉េខាងត្បូង បែរជាស្វែងរកការចរចា សម្របសម្រួលឈាន ទៅដល់ការព្រមព្រៀងមួយ យូរអង្វែង ជាមួយអាមេរិក ដោយចាត់ទុកវត្តមាន ជាយោធារបស់អាមេរិក ជាវិធានដ៏ប្រសិទ្ធភាព ក្នុងការការពារ បូរណភាពទឹកដី របស់ជប៉ុននិងកូរ៉េខាងត្បូង ផុតពីការគំរាមកំហែង មកពីខាងក្រៅនោះ!។

ក្នុងផលប្រយោជន៍ យុទ្ធសាស្រ្ត យូរអង្វែង ជប៉ុននិងកូរ៉េខាងត្បូង បានជួបចរចា ជាមួយ រដ្ឋការ អាមេរិក អំពីការចែករំលែក នូវខ្ទង់ចំណាយ មកលើវត្តមានរបស់កងទ័ពអាមេរិក ដែលឈរជើងការពារ នៅលើទឹកដី ជប៉ុននិងកូរ៉េខាងត្បូង នោះ! ជារួមនៅក្នុងឆ្នាំ ២០១៩ អាមេរិក និងកូរ៉េខាងត្បូង ឯកភាពលើខ្ទង់ចំណាយ ប្រមាណ៨៩៣លានដុល្លារអាមេរិក ដែលក្រុង Seoul ត្រូវបង់ជាវិភាគទាន ទៅឱ្យអាមេរិក! ចំពោះក្រុង Tokyo វិញ ត្រូវបង់ប្រមាណ១,៧កោដិដុល្លារនោះ។ តែបើយោងទៅតាម ការពិពណ៌នារបស់ The Conversation វិញ ទឹកលុយទាំងនេះ មិនធំទេបើប្រៀបធៀប ទៅនឹងការចំណាយ ទាំងឡាយ របស់មន្ទីរបញ្ចកោណ -Pentagon ដែលបានធ្វើការប៉ាន់ស្មាន មកលើការចំណាយទាំងឡាយ សម្រាប់តែសកម្មភាព នៅក្នុងតំបន់អាស៊ីខាងកើត តែមួយនោះ ដែលសម្រាប់នៅកូរ៉េខាងត្បូង ត្រូវចំណាយ អស់ជាង៤,៥កោដិដុល្លារ ហើយបើនៅជប៉ុនវិញ ត្រូវចំណាយអស់ជាង ៥,៧កោដិដុល្លារនោះ!។

ជាការពិតអ្នកទាំងឡាយ មើលឃើញថា ការរក្សាឱ្យមានវត្តមាន យោធាជាអចិន្ត្រៃយ៍ នៅក្រៅប្រទេស ក៏ជាបច្ច័យមួយក្នុងការរួមចំណែក ការពារផលប្រយោជន៍ និងសន្តិសុខ សម្រាប់អាមេរិក ផ្ទាល់ពីគ្រប់ទិសទី ក្នុងតំបន់លើពិភពលោក ផងដែរ! តែសកម្មភាពទាំងអស់នេះ ពុំអាចវាយតម្លៃបាន ក្នុងគ្រប់ជ្រុងជ្រោយ តែការចំណាយ មានពិតប្រាកដ ជាក់ស្ដែងមែន!។

មានអ្នកវិភាគនយោបាយខ្លះ នៅក្នុងតំបន់បាននិយាយថា ការប្រកាសកាត់បន្ថយ កងទ័ពក្នុងប្រទេសសម្ព័ន្ធមិត្ត ទាំងឡាយ អាចជាល្បែងនយោបាយ របស់អាមេរិក ក្នុងការចាប់បង្ ខំឱ្យបណ្ដាប្រទេសទាំងនេះ ចូរពិចារណា ក្នុងការបង្កើនចំណាយ មកលើវត្តមាន យោធារបស់អាមេរិក ហើយផ្ដើមចេញ ពីហេតុផលទាំងនេះ អាចជួយ អាមេរិក ក្នុងការកាត់បន្ថយភាពតានតឹង ក្នុងភាពប្រឈម នៅលើពិភពលោក ក្នុងមួយកម្រិតណាផងដែរ!។ ប៉ុន្តែក៏មានអ្នកជំនាញការ ខ្លះមើលឃើញថា អ្នកកាន់អំណាច របស់អាមេរិក ហាក់បីមានការហត់នឿយខ្លាំង លែងចង់ធ្វើជា “ប៉ូលិសអន្តរជាតិ” ឈរចាំយាមពិភពលោក ជំនួសឱ្យគេទាំងឡាយនោះ!។

នៅក្នុងសេចក្ដីថ្លែងការណ៍ នាថ្ងៃ ១៣ មិថុនា ២០២០ នៅចំពោះមុខសិក្ខាកាមយោធាអាមេរិក នាបណ្ឌិតសភាយោធា West Point នោះ លោក Donald Trump បានសង្កត់ធ្ងន់ថា កិច្ចការទាំងឡាយរបស់យោធាអាមេរិកពុំមែនដើរកសាងឡើងវិញ ឱ្យពួកប្រទេសក្រៅនោះទេ តែជាការការពារ ការពារឱ្យបាន និងយ៉ាងខ្លាំងក្លា ពីសត្រូវរបស់ខ្លួន! ហើយសហរដ្ឋអាមេរិក ត្រូវតែបញ្ចប់នូវសករាជមួយ របស់សង្រ្គាមដែលពុំមានទីបញ្ចប់! អាមេរិកប្រមូលផ្ ដុំមកលើការការពារផលប្រយោជន៍ មួយដ៏ចាំបាច់ ហើយកងទ័ពអាមេរិក ពុំមានភារកិច្ចត្រូវចូលរួមដោះស្រាយ នូវបណ្ដាការវិវាទយូរយា ដែលពុំមានការបញ្ចប់នោះ! សហរដ្ឋអាមេរិកពុំមែន ជាប៉ូលិសរបស់ ពិភពលោកឡើយ!។

អាចជាអកុសល បញ្ហាភូមារួមទាំងបញ្ហា សមុទ្រចិនខាងត្បូង អាចលែងជារបៀបវារៈ ក្នុងកម្មវិធី នយោបាយ របស់ពួកអ្នកកាន់អំណាចរបស់អាមេរិក ក្នុងប៉ុន្មានឆ្នាំ ខាងមុខទៀត! ព្រោះនេះពុំមែនជាផលប្រយោជន៍ដាច់មុខ (Core Interests) របស់អាមេរិក ក្នុងករណីដែល Free Navigation លើសមុទ្រលែងគ្មាន នរណារារាំង បង្កើតឧបសគ្គនោះ!។

ការកសាងកម្លាំងសម្ងាត់ នៅក្នុងកងទ័ពអាមេរិក ក្រោមការដឹកនាំដោយCIA!

នៅឆ្នាំ ១៩៨៧ អាមេរិក បានបង្កើតមេបញ្ជាការដ្ឋាន សម្រាប់ដឹកនាំប្រតិបត្តិការ ពិសេស (SOCOM ) ដែលយន្តការមួយនេះ មានភារកិច្ចសម្របសម្រួល រៀបចំ នូវបណ្ដាសកម្មភាព រវាងកងកម្លាំងប្រយុទ្ធពិសេស របស់អាមេរិកទាំងអស់!។ SOCOM នេះរួមមានកងកម្លាំង ប្រដាប់អាវុធចម្រុះ ដែលកម្លាំងមួយនេះ មានមុខងារដំណើរការ ក្នុងប្រតិបត្តិការប្រយុទ្ ធក្រោមគ្រប់រូបភាពផ្សេងពីគ្នា ដែលក្នុងនោះសកម្មភាព ដែលលេចធ្លោជាងគេបំផុតនោះ រួមមាន ការលួចធ្វើឃាត លួចជ្រៀតចូល ស៊ើបយកការណ៍ ការវិភាគព័ត៌មានចារកម្ម ហ្វឹកហ្វឺនកងកម្លាំងបរទេស ក្នុងការប្រយុទ្ធប្រឆាំងទៅនឹង ការរីកសាយភាយអាវុធ មានទ្រង់ទ្រាយ ប្រល័យលោក!។

នៅក្នុងរចនាសម្ព័ន្ ធរបស់ SOCOM -United States Special Operation Command នៅមានអង្គភាពមួយ ដែលត្រូវបានយកចិត្តទុកដាក់ ជាងគេគឺ បញ្ជាការដឹកនាំយុទ្ធនាការ ចម្រុះពិសេស JSOCJoin Special Operation Command ដែលអង្គភាពមួយនេះ មានភារកិច្ចដ៏សំខាន់ ក្នុងការរុករក និងកម្ទេចពួកភេរវកម្ មលើពិភពលោកទាំងមូល! ហើយយុទ្ធនាការ ដ៏ជោគជ័យរបស់ JSOC កន្លងមក គឺប្រតិបត្តិការរុករក និងកម្ទេចមុខសញ្ញា ភេរវកម្មកម្រិត អន្តរជាតិ Osama Bin laden របស់ Al Qaida នៅឆ្នាំ២០១១ លើទឹកដី ប៉ាគីស្ថាន នោះ!។

SOCOM មានថវិកាសម្រាប់ធ្វើ សកម្មភាពប្រចាំឆ្នាំចំនួន ១០កោដិដុល្លារ ហើយនៅក្នុង បណ្ដាឆ្នាំ ១៩៩០តួលេខទាហានដែលស្ថិតនៅក្រោម ការគ្រប់គ្រងផ្ទាល់របស់ SOCOM មានទាំងអស់៣៧ ០០០នាក់ តែបច្ចុប្បន្ននេះឡើង រហូតដល់ទៅ២០០ ០០០នាក់!។ នៅក្នុងសម័យកាល ដឹកនាំរបស់ប្រធានាធិបតី George W. Bush  SOCOM នេះមានមុខងារធ្វើសកម្មភាពក្នុងចំណោម៦០ប្រទេសនៅលើពិភពលោក ដល់ឆ្នាំ២០១០ ឡើងដល់៧៥ប្រទេស តែរហូតមកដល់ បច្ចុប្បន្ននេះ មានរហូតដល់ទៅជិត១០០ប្រទេស ដែលមាន SOCOM តាំងនៅនិងមាន សកម្មភាព រួមមានទាំងដែនដី ដែនកោះខ្លះស្ថិតនៅឆ្ងាយពីទឹកដី អាមេរិក ក៏មានពួក SOCOM នេះមានប្រតិបត្តិការ ធ្វើសកម្មភាពនេះផងដែរ!។

ក៏ប៉ុន្តែ ចំពោះក្រុង Washington វិញនៅមើលឃើញបណ្ដាសកម្មភាព ឬប្រតិបត្តិការទាំងអស់នេះរបស់កងកម្លាំង JSOC នៅពុំទាន់មានភាពគ្រប់ជ្រុងជ្រោយ ឥតទាន់មានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតប ទៅនឹងប្រទេសអាមេរិក មួយដ៏ទំនើប និងឈានមុខយ៉ាងនេះ ព្រោះបច្ចុប្បន្នសហរដ្ឋអាមេរិក ជាប្រទេសមួយ ដែលនៅមានសត្រូវ ច្រើនជាងគេបំផុត ព្រមទាំងមានការគំរាមកំហែង មកលើសន្តិសុខ របស់អាមេរិកជាប្រចាំនោះ!។ នៅឆ្នាំ២០១១ ប្រធានចារកម្មជាតិអាមេរិក-DNT មានរបាយការណ៍មួយ ដោយបានធ្វើសេចក្ដីសន្និដ្ឋានថា បណ្ដាសកម្មភាព ស៊ើបយកការណ៍សម្ងាត់ របស់កងទ័ពអាមេរិក គួរប្រមូលផ្ដុំច្រើនជាងមកលើ គោលដៅសំខាន់ៗទាំងឡាយផ្សេងទៀត ក្រៅពីភូមិសាស្រ្ត អ៊ីរ៉ាក់ អាហ្កានីស្ថាន ស៊ីរី អ៊ីរ៉ង់ មជ្ឈឹមបូព៌ា តំបន់អាស៊ីខាងកើត មានន័យថានេះជា “បេសកកម្មចារកិច្ចជាតិ” ត្រូវតែប្រមូលផ្ដុំ មកលើការស៊ើបតាមដាន ការវិភាគរាល់ព័ត៌មានសម្ងាត់ ដែលមានការពាក់ព័ន្ធ ទៅដល់ពិភពលោក ដែលក្នុងនោះក៏រួមមានទាំងការចែករំលែក នូវបណ្ដាព័ត៌មាន សម្ងាត់ទាំងនេះ ដល់បណ្ដាប្រទេស ដែលជាបក្សសម្ព័ន្ ធរបស់ខ្លួនផង!។

ផ្ដើមចេញពីសេចក្ដីសន្និដ្ឋាននេះ លើមូលដ្ឋាននៃការសិក្សា វិភាគ ក្រោមការដឹកនាំរបស់ Michel. G. Vickers អនុរដ្ឋមន្រ្តីក្រសួងការពារជាតិ អាមេរិក John D. Bennell នាយកអង្គភាពស៊ើបការណ៍សម្ងាត់ជាតិ និងបណ្ដាតំណាង មកពីគណៈកម្មការ របស់រដ្ឋសភាអាមេរិក បានរួមគ្នាដំណើរការប្រជុំមក។ ដោយនៅខែមេសា ២០១២ រដ្ឋាភិបាលអាមេរិក បានសម្រេចអនុម័ត មកលើផែនការបង្កើត អង្គភាព ស៊ើបការណ៍សម្ងាត់ ក្នុងក្រសួងការពារជាតិមួយ សំដៅលើកកម្ពស់ សមត្ថភាពកិច្ចការចារកម្ មនៅក្រៅប្រទេស សម្រាប់តែទាហានអាមេរិក!។ អាចនិយាយបានថា នេះគឺជាកម្លាំងស្នូល ក្នុងសកម្មភាពចារកម្មមនុស្ស និងសកម្មភាព បូកជាមួយគ្នាទៅជា “ការប្រយុទ្ធសម្ងាត់ របស់ក្រសួងការពារជាតិ អាមេរិក នៅក្រៅប្រទេសដែលអង្គភាព DCS មួយនេះ ក៏ត្រូវបានចាត់ទុកថា ជាអង្គភាពសម្ងាត់មួយ របស់CIA ប្រចាំនៅក្រៅប្រទេសផងដែរ!។

រចនាសម្ព័ន្ធ អង្គការចាត់តាំង និងភារកិច្ច!

ជារួម DCS នេះមានបុគ្គលិកបម្រើការ ទាំងអស់១៧ពាន់នាក់ ដែលអ្នកទាំងនេះ មកពីគ្រប់អង្គភាព ផ្សេងគ្នា ដូចជាមកពីកងទ័ពជើងគោក ជើងទឹក ជើងអាកាស ហើយក៏រួមមានមកពីកងទ័ពប្រយុទ្ធ Marines ផង! នៅក្នុងនេះ មានប្រហែល ៥០០នាក់ជាភ្នាក់ងារសម្ងាត់ (ទាហាន៣៥%និងស៊ីវិល៦៥%) ដែលក្នុងជួរបុគ្គលិកទាំងអស់នេះ រួមមានបុគ្គលិកការិយាល័យ អ្នកព័ត៌មានវិភាគ ជំនាញការលើផ្នែកវិភាគ IT តាំងពីវិស័យនយោបាយ សេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកទេស បរិស្ថាន ពួកអ្នកជំនាញ ខាងភាសា ក្រុមអ្នកជំនាញខាងសួរចម្លើយ ក្រុមអ្នកជំនាញប្រើប្រាស់អាវុធទំនើប គ្រប់ធុន ដែលអ្នកទាំងអស់ មានភារកិច្ចប្រយុទ្ ធពេលមានបទបញ្ជា មកដល់ ដោយមិនគិតអំពីពេលវេលា កាលៈទេសៈ និងទីកន្លែងឡើយ!។

អង្គភាព DCS នេះ ត្រូវបានផ្ដល់ថវិកាចាំបាច់ សម្រាប់ចំណាយមកលើ បណ្ដាសកម្មភាពនៅខាងក្រៅប្រទេស ដែលថវិកានេះអាចយក បានពីខ្ទង់ចំណាយ របស់ក្រសួងការពារជាតិ ឬពីអង្គភាពចារកម្មការពារជាតិ-DIA ដែលថវិកាទាំងនេះ ក្នុងមួយឆ្នាំមានទាំងអស់ ប្រមាណ ៤,៥កោដិដុល្លារ

មានព័ត៌មាន លម្អិតតិចតួចណាស់ ស្ដីពីភារកិច្ចជាក់ស្ដែង របស់DCS មួយនេះ តែបើយោងទៅតាម ពួកអ្នកជំនាញ អង្គភាពមួយនេះ អាចដំណើរការ នូវសកម្មភាពច្រើន សំដៅបង្កើន ប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំង ទៅនឹងអំពើភេរវកម្ម និងការរីកសាយភាយ នូវអាវុធនុយក្លេអ៊ែរ ទាំងឡាយ។ ក្រៅពីនេះ DCS ក៏មានមុខងារមួយផ្សេងទៀត ក្នុងការជួយដល់ រដ្ឋាភិបាលអាមេរិក ក្នុងបញ្ហាធានាការពារសន្តិសុខ នៅអាស៊ីប៉ាស៊ីហ្វិក រួមទាំងការដាក់ចេញនូវ បណ្ដាគោនយោបាយ ចំពោះរដ្ឋដែល សហរដ្ឋអាមេរិក ចាត់ទុកពួកប្រទេសនោះថា Rogue States ដូចជា ចិន អ៊ីរ៉ង់ និង កូរ៉េខាងជើងនោះ!។

ក្រៅអំពីការរាយការណ៍ជូន DIA មក DCS ក៏បានសម្របសម្រួល សហការសកម្មភាព ជាមួយនឹងប្រព័ន្ធឬខ្សែរយៈ នៃអនុព័ន្ធយោធា ទាំងឡាយ(DAS)ដែលប្រចាំការនៅតាម ស្ថានទូតក្នុងការស៊ើបយកការណ៍ ឬក្នុងការវិភាគ ព័ត៌មានចារកម្មទាំងឡាយ! ដែលប្រព័ន្ធមួយនេះ ត្រូវបានបង្កើតឡើង នាខែធ្នូ ១៩៦៤ ដោយមានមុខងារស៊ើបការណ៍ យកព័ត៌មានសម្ងាត់ តាមរយៈមនុស្ស របស់ក្រសួងការពារជាតិ អាមេរិក! ធ្វើសកម្មភាពស៊ើបការណ៍សម្ងាត់ លើពិភពលោកសំដៅ ឆ្លើយតបទៅនឹងគោលដៅ ការពារជាតិទាំងឡាយ ក្នុងកម្រិតប្រទេស! បម្រើឱ្យបានប្រសិទ្ធភាពដល់ពួក Policy Makers ទាំងផ្នែកស៊ីវិល ទាំងពួកយោធាអាមេរិក ក្នុងការពិនិត្យ និងចូលរួមដាក់ចេញនូវ គោលនយោបាយ ឆ្លើយតបឬទប់ទល់ ដល់ភាគីម្ខាងទៀត!។

ទន្ទឹមនេះ DCS ក៏មានភារកិច្ចក្នុងការបង្កើន កិច្ចសហការឱ្យកាន់តែ ជិតស្និទជាមួយនឹង CIA ក្នុងការឃ្លាំមើល តាមដានមកលើមុខសញ្ញាគ្រោះថ្នាក់ទាំងឡាយ ពិសេស គឺពួកមេក្លោង ភេរវកម្មឬពួកសកម្មប្រយុទ្ធ អ៊ីស្លាម ដែលជ្រុលនិយមបំផុតនោះ!។ DCSមានសិទ្ធិប្រើប្រាស់ ចាត់តាំងមន្រ្តីចារកម្មតែលាក់ខ្លួនក្រោមផ្លាកជា អ្នកកាសែត មន្រ្តីការទូត អ្នកជំនាញការ បច្ចេកទេសពាណិជ្ជករ សាស្រ្តាចារ្យ ល.ល… ឱ្យទៅកាន់គោលដៅ ក្នុងតំបន់ឬរដ្ឋ នៅអាស៊ី មជ្ឈឹមបូព៌ា ក្នុងទ្វីបអាហ្វ្រិក នៅទីកន្លែងដែលត្រូវ បានចាត់ទុកថា ជាតំបន់ដែលបានគំរាមកំហែង មកលើផលប្រយោជន៍ របស់សហរដ្ឋអាមេរិកនោះ!។ ហើយនៅក្នុងសកម្មភាព ស៊ើបការណ៍សម្ងាត់មួយ នេះ គឺមន្រ្តីDCS មានភារកិច្ចរាយការណ៍ផ្ទាល់ ជូនតំណាងចារកិច្ ចដែលមានតួនាទីខ្ពស់បំផុត នៅក្នុងតំបន់ដែលខ្លួន ត្រូវបានចាត់ឱ្យចុះ មកធ្វើសកម្មភាពនោះ! ច្រើនតែទទួលខុសត្រូវ ដោយCIA ស្ថិតនៅក្រោមផ្លាក ជាមន្រ្តីការទូត នៅតាមបណ្ដា ស្ថានទូតនោះ!។

ដូច្នោះ DCS ក៏ដូចជាCIA ដោយអង្គភាពមួយនេះ ក៏មានមុខងារក្នុងការបង្កើនតួនាទី របស់មនុស្សក្នុងការចូលរួម ស៊ើបយកការណ៍ សម្ងាត់ និងការវិភាគព័ត៌មាន សម្ងាត់ ត្រូវបានកំណត់ និងជាទិសដៅអាទិភាពចម្បង ក្នុងបណ្ដាសកម្មភាព របស់ DCS នោះ!។ មជ្ឈដ្ឋានចារកម្ម របស់ អាមេរិក រំពឹងថា មុខងាររបស់DCS និងរួមចំណែកមួយ ភាគណា ក្នុងការជួយកាត់បន្ថយ នូវភាពខាតបង់ ដល់កម្លាំងមនុស្សរួមទាំង ពេលវេលានិងថវិកា ក្នុងការជួយឱ្យភ្នាក់ងារសម្ងាត់បានសម្រេចជោគជ័យ និងមានប្រសិទ្ធភាពក្នុងបេសកកម្ម ស៊ើបការណ៍សម្ងាត់របស់ខ្លួន នៅតាមប្រទេស ដែលមានស្ថានឯកអគ្គរដ្ឋទូត ធ្វើជាទីតាំងលាក់ខ្លួន បំបាំងនូវសកម្មភាព ខុសច្បាប់ ទាំងនេះ!។

ការប្រែប្រួល ក្នុងទំនាក់ទំនង និងសណ្ដាប់ធ្នាប់អន្តរជាតិ លែងអនុញ្ញាតឱ្យអាមេរិក និងពួកលោកខាងលិច ធ្វើតាមអំពើចិត្តទៀត!

ក្រោយសង្រ្គាមលោកលើកទី២ ជាប្រទេសឈ្នះសង្រ្គាម អាមេរិកបានរៀបចំ សហគមន៍អន្តរជាតិ ទៅតាមបែបផែនមូលធននិយម របៀបអាមេរិក ក្រោយសង្រ្គាមលោកលើកទី២!។

ហើយនៅពេល ដែលពួកលោកខាងលិច នៅខ្លាំង រាល់បែបបទដ្ឋាន រួមទាំងផែនការ សណ្ដាប់ធ្នាប់អន្តរជាតិ ពេលនោះ ត្រូវបានតាក់តែង ក្រោមទស្សនទាន របស់ប្រព័ន្ធមូលធន លោកខាងលិចទាំងអស់ ដើម្បីធ្វើយ៉ាងណាត្រួតត្រា គ្រប់គ្រងពិភពលោក ឱ្យបាន!។ តែក្រោយមក អស់រយៈកាល ជាងកន្លះសតវត្សរ៍មក របៀបរបប សណ្ដាប់ធ្នាប់ ពិភពលោក(World Order) ត្រូវជួបប្រទះទៅនឹង ភាពប្រឈមដ៏ច្រើន ដោយមានពួកប្រទេស កំពុងអភិវឌ្ឍន៍ធំដ៏ច្រើន ចាប់ងើបឡើង មានឥទ្ធិពលទាំងក្នុងតំបន់ និងពិភពលោកមក!។

អាចនិយាយបានថា ក្នុងទំនាក់ទំនង ពិភពលោក និងសណ្ដាប់ធ្នាប់ អន្តរជាតិ ចាប់មានដំណើរការវិវត្តន៍ ប្រែប្រួលធំដែលមិនអនុញ្ញាតឱ្ យអាមេរិកក៏ដូចជា ពួកលោកខាងលិច ជិះសេះលែងដៃដូចមុនទៀតដោយបច្ច័យទីមួយ៖ សហរដ្ឋអាមេរិក កាន់តែធ្លាក់ដៃ អសមត្ថភាពក្នុងការបន្តដឹកនាំពិភពលោក បច្ច័យទីពីរ៖ លទ្ធភាពនិងសមត្ថភាព របស់ពួកលោកខាងលិច ក្នុងការដឹកនាំពិភពលោក បាននិងកំពុងធ្លាក់ចុះខ្សោយទៅៗ បច្ច័យទីបី៖តុល្យភាពនៃអំណាច របស់ពិភពលោកចាប់ មានការផ្លាស់ប្ដូរ ប្រែប្រួលធំដោយមានការងើបឡើង រីកធំធាត់របស់បណ្ដាប្រទេសធំ ដែលមិនមែនក្រុមប្រទេសអឺរ៉ុប!។

បច្ច័យទីមួយ៖ សេចក្ដីប៉ងប្រាថ្នា របស់សហរដ្ឋអាមេរិក ក្នុងការចង់ដឹកនាំ មកលើរបៀបរបប សណ្ដាប់ធ្នាប់ពិភពលោក ចាប់មានការថយចុះ ដោយកម្លាំងសរុប របស់អាមេរិក ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ មានការធ្លាក់ចុះជាបង្គួរ គួបផ្សំទៅនឹងការបែកបាក់ មិនចុះសម្រុងគ្នា ក្នុងផ្ទៃក្នុង!។ ព្រោះពេលឡើងកាន់ អំណាចភ្លាម គេឃើញ Donald Trump បានលើកកម្ពស់អត្ថិភាពអាមេរិក First America ជាអាទិភាព ដោយបោះបង់ចោល ការទទួលខុសត្រូវ អន្តរជាតិ!។ ក្នុងសម័យ Trump ដឹកនាំ សហរដ្ឋអាមេរិក បានប្រកាសដកខ្លួនចេញ ពីអង្គការនិងយន្តការអន្តរជាតិ ជាច្រើន មានដូចជាកិច្ចព្រមព្រៀង TPP និងកិច្ចព្រមព្រៀង Paris ស្ដីពីការប្រយុទ្ធប្រឆាំងទៅនឹង Climate Change រួមទាំងការដកខ្លួនចេញពីអង្គការ UNESCO ផង!។ ដោយមុខងារ តួនាទីនិងស្ថានភាព ឥទ្ធិពលរបស់អាមេរិក នៅលើឆាកអន្តរជាតិ ទើបរបៀបចាត់ចែង ការងាររបស់ Trump មិនត្រឹមតែបានជះឥទ្ធិពល យ៉ាងធ្ងន់ធ្ងរមកលើ World Order តែថែមទាំងបានធ្វើឱ្យ របៀបរបបសេរី ក្នុងសណ្ដាប់ធ្នាប់ ពិភពលោក Free World Order ក្នុងចក្ខុយុទ្ធសាស្រ្ត របស់លោកខាងលិច មានការចុះខ្សោយ មិនឯកច្ឆ័ន្ទ ដែលជាភាពប្រឈមមួយ ដ៏ធំមួយ ក្នុងកិច្ចសហប្រតិបត្តិការ រវាងពួកប្រទេស ក្នុងប្លុកលោកខាងលិច ដូចគ្នានោះ!។ បន្ទាប់ពី Biden ឡើងកាន់អំណាច សហរដ្ឋអាមេរិក បានអះអាងឡើងវិញ នូវទស្សនទានអំពី World Order ស្របទៅតាមលទ្ធិសេរីនិយម ពង្រីកកិច្ចសហប្រតិបត្តិការ និងផលប្រយោជន៍ របស់ពួកលោកខាងលិច ឡើងវិញ ក្នុងបរិបទ មានពហុប៉ូល! តែលទ្ធផលយ៉ាងណា ពេលវេលាគឺជាចម្លើយនោះ!។

បច្ច័យទីពីរ៖​ លទ្ធភាពនិងសមត្ថភាព របស់ពួកលោកខាងលិច ក្នុងការដឹកនាំ សណ្ដាប់ធ្នាប់ អន្តរជាតិមានការថយចុះ!។ ក្រោយពីសង្រ្គាមត្រជាក់ចប់ របៀបរបប សណ្ដាប់ធ្នាប់អន្តរជាតិ ចាប់ផ្ដើមមានសញ្ញា លេចធ្លោឡើងនៃនិន្នាការ “ខាងកើតងើបឡើង ខាងលិចធ្លាក់ចុះ” ។ អំពីសេដ្ឋកិច្ចតាមការសិក្សាឱ្យដឹងថា GDP របស់ពួកប្រទេស G7 ក្នុង GDP របស់ពិភពលោកពី៦៨%ក្នុងឆ្នាំ១៩៩២ បានធ្លាក់ចុះមកត្រឹម៣១,៥% ក្នុងឆ្នាំ២០១៨ ហើយបើយោងតាមការព្យាករណ៍នោះ គឺនៅក្នុងបណ្ដាឆ្នាំ២០២៣ តួលេខនេះ អាចធ្លាក់ចុះ មកត្រឹម២៧,២៦% ដែលជាតួលេខមួយធ្លាក់ចុះយ៉ាងពិតប្រាកដ! អំពីយោធាវិញ ថវិកាចំណាយ របស់អង្គការ NATOធ្លាក់មានចំនួនស្មើ២/៣ នៃចំណាយ ក្នុងយោធាសរុប របស់ពិភពលោក ក៏ប៉ុន្តែនៅឆ្នាំ២០១៧ ការចំណាយនេះ ធ្លាក់មកត្រឹម ១/២ តែប៉ុណ្ណោះ!។ ដោយមានគោលនយោបាយ First America ជាអាទិភាពដែល លោកTrump បានជ្រោងខ្ពស់ដើរតាម បានធ្វើឱ្យលោកខាងលិច បែកបាក់មិនឯកភាព និងចុះខ្សោយ ដែលជាហេតុបច្ច័យ ក្នុងការកាន់តែធ្វើឱ្យលោកខាងលិច លែងមានលទ្ធភាព ក្នុងការដឹកនាំសណ្ដាប់ធ្នាប់ ពិភពលោកទៀត!។

បច្ច័យទីបី៖ ការងើបឡើងរីកធំធាត់ របស់បណ្ដាប្រទេសធំ ដែលពុំមែនជាពួកប្រទេស លោកខាងលិច រួមទាំងការកើននូវកម្លាំង ថាមពលខ្លាំងក្លា ជាបង្គួររបស់ពួកប្រទេស មិនមែនលោកខាងលិច បានរួមចំណែកក្នុងការធ្វើឱ្យ ជញ្ជីងតុល្យភាពកម្លាំង លើពិភពលោក ចាប់មានការផ្លាស់ប្ដូរធំ! ហើយទស្សនទាននយោបាយ របស់ពួកប្រទេស ទាំងនេះ អំពីរបៀបរបប សណ្ដាប់ធ្នាប់ពិភពលោក របស់ពិភពលោក ក្រោយសង្រ្គាម (Post War)ក៏មានការខុសគ្នាទៅនឹងពួកលោកខាងលិចផងដែរ! ដោយពួកប្រទេសទាំងនេះ បានសង្កត់ធ្ងន់ ច្រើនមកលើការការពារ អធិបតេយ្យជាតិនិងសន្តិសុខ សុវត្ថិភាព ដែនដី បូរណភាពច្រើនជាង ព្រមទាំងប្រឆាំងដាច់ខាត ការប្រើប្រាស់ រូបភាពប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បីធ្វើការជ្រៀតជ្រែក លូកដៃចូលក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសមួយ ផ្សេងទៀត!។ ការងើបឡើង របស់ពួកប្រទេសទាំងនេះ បានក្លាយទៅជាភាពប្រឈមមួយដ៏ធំ ក្នុងការបដិបក្ខ ទៅនឹងទស្សនទាននយោបាយ របស់ពួកលោកខាងលិច អំពីរបៀបរបបសណ្ដាប់ធ្នាប់ ពិភពលោក ទៅតាមបែបផែនសេរីនិយម!

របៀបរបបសណ្ដាប់ធ្នាប់ ពិភពលោក ក្រោយសម័យសង្រ្គាម ក្រោមការដឹកនាំ របស់លោកខាងលិច បានបន្សល់ទុកមកនូវ ផលវិបាកធ្ងន់ធ្ងរយ៉ាងច្រើន! ដែលដំបូងបង្អស់ គ្មានការត្រួតពិនិត្យ ដ៏មានប្រសិទ្ធភាព មកលើសិទ្ធិអំណាច របស់ពួកប្រទេសធំ! សហរដ្ឋអាមេរិក បន្តផ្ចាញ់ផ្ទាល ទៅនឹងកិត្យានុភាព របស់អ.ស.ប និងបំពារបំពានលើច្បាប់ អន្តរជាតិ! រួមទាំងអំណាចក្នុងការបំផុស ឱ្យមានសង្រ្គាម តាមអំពើចិត្តឯង! ដូចជាការចូលរួមធ្វើសង្រ្គាមនៅវៀតណាមនិងសង្រ្គាមនៅឈូងសមុទ្រ Persique លើកទីចូលចិត្ត យកពួកលោកខាងលិច ធ្វើជាគំរូក្នុងការដឹកនាំ គ្រប់គ្រងប្រទេស! ដោយពុំបានគិតអំពីការខុសផ្សេងគ្នា អំពីលក្ខណៈសម្បត្ តិរបស់ប្រទេសនេះ និងប្រទេសនោះ! បង្កើតឱ្យមានទៅជាទំនាស់ផ្ទៃក្នុង និងទំនាស់របស់ប្រទេសមួយនេះ ទៅនឹងភាពខាងក្រៅ!។

ពួកប្រទេសតូច នៅក្នុងចន្លោះ នៃការដណ្ដើមឧត្តមភាព រវាងពួកប្រទេសធំ!

គ្មានតំបន់ណាមួយ នៅលើពិភពលោក បច្ចុប្បន្ននេះ ដែលទទួលរងហានិភ័យខ្ពស់ ពីការប្រកួតប្រជែង សេដ្ឋកិច្ច ដណ្ដើមឧត្តមភាពលើយុទ្ធសាស្រ្ត និងការត់ប្រណាំងគ្នា លើផ្នែកយោធា រវាងអាមេរិកនិងចិន ច្រើនដូចបណ្ដាប្រទេស នៅក្នុងតំបន់អាស៊ីមួយនេះ! ហើយការប្រកួតប្រជែង ដណ្ដើមឧត្តមភាពនេះកាន់តែ មានភាពស្រួចស្រាវបំផុតនោះ គឺនៅក្នុងបណ្ដាឆ្នាំ២០២២ ខាងមុខនេះឯង!។

ជាតថភាព ចិនជាប្រទេសមួយ ដែលមានទីតាំងភូមិសាស្រ្ត ស្ថិតនៅជាប់អាស៊ី និងជាប្រទេសមួយ ដ៏ធំនិងខ្លាំង ដែលគ្មានប្រទេសណាមួយ នៅក្នុងតំបន់មានលទ្ធភាព ប្រឈមតទល់ បានឡើយ!។ក្រៅពីនេះ ចិនក៏ជាដៃគូពាណិជ្ជកម្មមួយ ដ៏ធំបំផុត របស់បណ្ដាប្រទេស អាស៊ីអាគ្នេយ៍ ទាំងការរកស៊ី ទាំងការបណ្ដាក់ទុន ឈរលំដាប់លេខពីរ បន្ទាប់ពីជប៉ុនប៉ុណ្ណោះ! ហើយការរីកចម្រើន គួបផ្សំវិបុលភាព របស់ពួកប្រទេសអាស៊ាន ទាំងអស់ ហាក់បីផ្សារភ្ជាប់ ទៅនឹងប្រទេសចិន ដែលចំពោះមុខ គ្មានប្រទេសណាមួយ ក្រៅពីចិនដែលបានផ្គត់ផ្គង់ ទំនិញច្រើនជាងគេបំផុត សម្រាប់តំបន់មួយនេះ!។ អាចនិយាយបានថា អាស៊ីអាគ្នេយ៍ជាចំណងមួយ ដ៏សំខាន់ក្នុងការធ្វើឱ្យ កំណើននិងស្ថិរភាព របស់ចិនមានលំនឹងរីកចម្រើន ក្នុងរាប់សិបឆ្នាំមកនេះ! ហើយជាសច្ចៈភាព ឱ្យតែពេលណាប្រទេសចិន មានភាពវឹកវរ អស្ថិរភាព ច្រើនតែការ ចលាចលមួយនេះ រីករាលដាលហូរចុះ មកភាគខាងត្បូង ដោយយថាភាព ដែលនេះជាកត្តសត្យានុម័តមួយ នៅក្នុងប្រវតិ្តសាស្រ្តនោះ!។

ការលំបាក របស់ពួកប្រទេសតូច ក្នុងការរក្សាលំនឹងក្នុងអំណាច ឥទ្ធិពលរបស់ពួកប្រទេសធំ!

ទោះបីជាប្រទេសតូច ហើយមានខឿនសេដ្ឋកិច្ចធំ រីកចម្រើនក៏ដោយ ក៏មិនអាចទប់ខ្លួន បានទៅនឹងអំណាចឥទ្ធិពល របស់ពួកប្រទេសធំ កុំថាឡើយប្រទេសតូច ហើយក្រនោះ! ហើយបញ្ហាទាំងអស់នេះ ធ្លាប់មានជាបទពិសោធន៍ ជាមេរៀនជាក់ស្ដែង ក្នុងសម័យកាល របស់សង្រ្គាមលោកលើកទី១និងទី២ និងក្នុងសម័យកាល របស់សង្រ្គាមត្រជាក់ និងសន្តិភាពក្ដៅទៀតនោះ! ព្រោះនៅពេលដែល មហាអំណាចពិតប្រាកដ ប្រឈមមុខដាក់គ្នា ឡើងកំដៅ គឺជាហេតុបច្ច័យមួយ ដ៏លំបាកបំផុត សម្រាប់ពួកប្រទេសតូចៗ ក្នុងការធ្វើការជ្រើសរើស ដើរតាមនរណា? ឈរក្នុងជួរណា? ហើយត្រូវមានឥរិយាបថ នយោបាយដូចម្ដេច ពេលដែល ពួកប្រទេសធំ មានការប្រទូស្តរាយជាកម្លាំងបាយ នាបរិបទរបស់សម័យ កាលមួយនេះ !។

នៅក្នុងស្ថានភាពមួយ ដ៏លំបាកនៃអាយតនភាព មួយនេះ មានពួក អ្នកភូមិសាស្រ្តនយោបាយ បានលើកឡើង ជាអនុសាសន៍ថា ៖ នៅចំពោះសម្ពាធមួយដ៏ធំ ពីអំណាចព្យុះសង្ឃរាម កពីមហាយក្សទាំងនេះ ទាមទារឱ្យប្រទេសតូច ក្ដាប់ឱ្យបានភាពជាក់ស្ដែង ក្នុងការប្រាកដនិយម នៃសភាវៈរបស់ពិភពលោក ដោយត្រូវចេះបត់បែន ទន់ភ្លន់ និងរស់រវើក ក៏ប៉ុន្តែដាច់ខាតប្ដេជ្ញាការពារ អត្ថប្រយោជន៍ ដ៏ត្រឹមត្រូវនិងយូរអង្វែង របស់ជាតិឱ្យបាន!

ក្នុងករណីបើមិនអាចផ្លាស់ប្ដូរ ប្រទេសយើងបាន ក៏មិនអាចផ្លាស់ប្ដូរអ្នកជុំវិញយើងបាន! បើពុំមានកម្លាំងពិត និងចក្ខុវិស័យ វែងឆ្ងាយ គឺពុំអាចមានឥស្សរភាព លើទស្សនទាន ក្នុងគោលនយោបាយ ការបរទេស! មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃ! មិនចូលរួមក្នុងល្បែង នៃការប្រកួតប្រជែង ដណ្ដើមឧត្តមភាព របស់ពួកប្រទេសយក្ស! ប៉ុន្តែសកម្មភាពចូលរួមក្នុងការរួមវិភាគទាន កសាងរបៀបរបប សណ្ដាប់ធ្នាប់ទាំងក្នុងតំបន់ និងសាកលលោកតាមរយៈ បណ្ដាយន្តការអន្តរជាតិ!។

ដោយមើលឃើញតំបន់ អាស៊ីអាគ្នេយ៍ នៅបន្តរស់នៅក្រោមស្រមោល នៃអនុភាពរបស់ចិន ក្នុងរាប់ទសវត្សរ៍ខាងមុខទៀត! ហើយពួកប្រទេសអាស៊ាន យ៉ាងណាក៏ត្រូវចេះរស់ ក្នុងការសម្របសម្រួលខ្លួន ទៅនឹងអំណាចវត្តមាន ដែលមិនអាចប្រកែក បានរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់មួយនេះ ក្រោយសង្រ្គាមលោកលើកទី២នោះ ទើបមានអ្នកនយោបាយ ដ៏ល្បីរបស់សិង្ហបុរី មានយោបល់ថា ត្រូវមានចក្ខុវិស័យ វែងឆ្ងាយ ដើម្បីរស់បានសុខក្នុងចរន្តភ្នំភ្លើង នៃយក្សទាំងនេះ ពួកប្រទេសតូចត្រូវចេះ ដើរលើខ្សែពួរ ប្រមូលផ្ដុំកម្លាំង បំពេញតុល្យភាពទៅនឹងគ្រោះគំរាមកំហែង និងសម្របខ្លួន ទៅតាមជំនោរខ្យល់ របស់និន្នាការនយោបាយ របស់ពិភពលោក ឱ្យបានទាន់ពេលវេលាបំផុត hedge  , balance and bandwagonនោះ !៕

                                                            ដោយ ហើស សិរិធន់

To Top