ភ្នំពេញ ៖ ជាមនុស្សស្មោះស្ម័គ្រម្នាក់ក្នុងចំណោមអ្នកស្មោះស្ម័គ្រផ្សេងទៀតលោក មុត ចន្ថា ដែលគេដឹងថា ជាអ្នកនៅគៀកលោក កឹម សុខា នោះបានសរសេរអត្ថបទវែងគួរសមបង្ហាញពីអត្តចរឹករបស់លោក កឹម សុខា និងលោក សម រង្ស៊ី ដែលកាលប៉ុន្មានឆ្នាំមុននោះ លោកទាំង២អះអាងរួមគ្នាថា ជាមនុស្សតែមួយនោះ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក មុត ចន្ថាបានថ្លែងថា ទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយគួរឲ្យខ្ពើមរអើមណាស់។
ទោះបីជាក្នុងអត្ថបទសំណេររបស់លោក មុត ចន្ថា មិនបានបញ្ជាក់ចំឈ្មោះលោក កឹម សុខា និងលោក សម រង្ស៊ីក្តីក៏ដឹងថា លោកសំដៅដល់លោក សម រង្ស៊ីដែរ ព្រោះជារឿយៗក្រោយពីលោក កឹម សុខាជាប់ពន្ធនាគារដោយសារការចោទប្រកាន់ក្បត់ជាតិ លោក សម រង្ស៊ីដែលគេចខ្លួននៅក្រៅប្រទេសតែងតែនិយាយថា “កឹម សុខា-សម រង្ស៊ីជាមួយតែមួយ”។ ប៉ុន្តែរាល់សំដីលោក សម រង្ស៊ីអះអាងថា ជាមនុស្សតែមួយនោះ គឺផ្ទុយស្រឡះ ព្រោះលោក សម រង្ស៊ីជាញឹកញយបានធ្វើបទល្មើសច្បាប់ដើម្បីទាញទំលាក់លោក កឹម សុខា ចូលជាមួយក្នុងគោលបំណងមិនឲ្យមានសេរីភាពមានសិទ្ធិធ្វើនយោបាយ។
ក្នុងអត្ថបទសំណេរដោយភ្ជាប់រូបភាពលោក សម រង្ស៊ីក្នុងហ្វេសប៊ុកលោក មុត ចន្ថារៀបរាប់ថា មនុស្សពីរនាក់មិនអាចក្លាយជាមនុស្សតែមួយបានទេ ដោយសារកត្តាធម្មជាតិ។ មនុស្សពីរនាក់ ឬច្រើននាក់អាចយល់ព្រមលើគោលការណ៍រួម ប៉ុន្តែបើសិនជាមនុស្សម្នាក់មិនគោរពគោលការណ៍រួម គឺគេបានដើរចេញពីក្រុមរួចទៅហើយ។
លោកលើកជាឧទាហរណ៍ថា មនុស្សពីរនាក់ប្រកាសដាក់ខ្លួននៅក្រោមច្បាប់ ដោយមិនគិតថាច្បាប់ល្អ ឬអាក្រក់ ឬមានចេតនាបែបណាឡើយ ប៉ុន្តែក្រោយមកមនុស្សម្នាក់បានរំលោភច្បាប់ និងបានក្លាយជាជនល្មើសច្បាប់ ដូច្នេះមនុស្សទាំងពីរបានចែកខ័ណ្ឌគ្នាដាច់ស្រឡះ គឺម្នាក់ជាជនរគោរពច្បាប់ និងម្នាក់ទៀតជាជនល្មើសច្បាប់។ មិនអាចជាមនុស្សតែមួយ ឬមនុស្សមានគោលការណ៍រួមតែមួយទៀតឡើយ។
លោកថា មនុស្សម្នាក់ដើរចេញពីគោលការណ៍រួម ក្លាយខ្លួនជនល្មើសច្បាប់ ប៉ុន្តែនៅតែអះអាងជាដៃគូស្មោះត្រង់ ឬជាមនុស្សតែមួយ គឺគេមានចេតនាបំផ្លាញមនុស្សម្នាក់ទៀត (ដៃគូខ្លួន) តាមរយៈការអូសទាញឲ្យមកគាំទ្រនិងការពារអំពើល្មើសច្បាប់របស់គេ និងមានទោសជាមួយគេ ក្នុងឋានៈជាសហចារីក្នុងបទល្មើស។ មនុស្សបែបនេះត្រូវបានគេចាត់ទុកថា ប្រភេទមនុស្សទុច្ចរិត ឬមនុស្សបេះដូងខ្មៅ ឬដៃគូទុយ៌ស គោលការណ៍និត្យានុកូលភាព គឺអ្នកណាបំពានច្បាប់ អ្នកនោះទទួលខុសត្រូវចំពោះមុខច្បាប់។
លោក មុត ចន្ថា បានសង្កត់ធ្ងន់ថា “ដូច្នេះ ទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយ គឺជាចេតនាទុច្ចរិតរបស់អ្នកចង់អូសទាញមនុស្សម្នាក់ទៀតឲ្យមកគាំទ្រនិងការពារសកម្មភាពល្មើសច្បាប់របស់អ្នក ដើម្បីឲ្យក្លាយជាសហចារីក្នុងបទល្មើសដែលអ្នកបានប្រព្រឹត្ត។ អ្នកមានចេតនាទុច្ចរិត គឺ នំអញមិនបានស៊ី អញជាន់ចោល ឬអញមិនបានចូលស្រុកធ្វើនយោបាយបាន អញបំផ្លាញឯងមិនឲ្យធ្វើដែរ ឬអញដេកផ្ទះ ឯងក៏ត្រូវដេកផ្ទះដូចអញដែរ ។ ដូច្នេះទ្រឹស្តីមនុស្សពីរនាក់ជាមនុស្សតែមួយ គួរឲ្យខ្ពើមរអើម ដោយសារតែអ្នកជាមនុស្សទុយ៌សដែលមានចិត្តជាទេវទត្ត”៕