នយោបាយ

ស្វែងយល់ខ្សែស្របទី១៣-១៤ ទីដែលអាចឲ្យលោក សម រង្ស៊ី ប្រមូលផ្តុំបង្កើតរដ្ឋាភិបាល រួបរួមជាតិ (Video)

ភ្នំពេញ ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ធ្លាប់បានអំពាវនាវឲ្យកូនខ្មែរចូលរួមការពារតំបន់ខ្សែស្របទី១៣ និង១៤ ឲ្យខានតែបាន ដោយចាប់ពីតំបន់ជួរភ្នំដងរែក រហូតដល់កន្ទុយនាគ ។ តំបន់ខ្សែស្របទី១៣ និង១៤ ត្រូវលោក សយ សុភាពអះអាង ថា ជាតំបន់ដែលអាចឲ្យរដ្ឋាភិបាលនិរទេសរបស់លោកសម រង្ស៊ី យកធ្វើជាមូលដ្ឋានវាយរដ្ឋាភិបាលស្របច្បាប់ ។

ការថ្លែងរបស់លោក សយ សុភាពនេះ ក្រោយលោក សម រង្ស៊ីបានប្រកាសអំពាវនាវឲ្យពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ពលករ និងកងកម្លាំងប្រដាប់អាវុធ ចាប់ផ្តើមគិតគូរបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិនៅកម្ពុជា ដោយយកតាមគំរូប្រទេសភូមា ដើម្បីទាមទារឲ្យសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រគល់អំណាចជូនពលរដ្ឋ ។

ជាថ្មីម្តងទៀត នាថ្ងៃ២៣ កក្កដានេះ លោក សយ សុភាព បានលើកឡើងពីប្រវត្តិសាស្រ្តថា ខ្សែស្របទី១៣ និង១៤នេះគឺ លោក សម សារីដែលជាឪពុករបស់លោក សម រង្ស៊ីបានយកតំបន់ជួរភ្នំដងរែក ប្រឆាំងរាជរដ្ឋាភិបាលសម្តេចព្រះបិតាជាតិផងដែរ ។

ជាបន្តលោក សយ សុភាព រៀបរាប់ពីប្រវត្តិនៃខ្សែស្របទី១៣ និង១៤ ថា សន្និសីទក្រុងហ្សឺណែវនៅប្រទេសស្វីស ឆ្នាំ១៩៥៤ វៀតណាមខាងជើង (សាធារណរដ្ឋប្រជាធិបតេយ្យ) ដឹកនាំដោយតំណាងជាន់ខ្ពស់ លោក ផាម វ៉ាន់ដុង (១៩៥៦ទើបគាត់ក្លាយជានាយករដ្ឋមន្ត្រីដំបូងក្រោមការដឹកនាំរបស់លោក ហូ ជីមិញ) បានទាមទារបែងចែកវៀតណាមខាងជើង និង ត្បូង យកតាមខ្សែស្របទី១៣ ឬ ១៤។

ប្រទេសចិនដឹកនាំដោយលោក ជូ អេនឡាយ មិនយល់ស្របដោយបែងចែកវៀតណាមជា២យកតាមខ្សែស្របទី១៦។ ប្រទេសបារាំង ចង់យកតាមខ្សែស្របទី១៨សម្រាប់ពុះចែកវៀតណាមជា២ ចង់រក្សាទុកដាក់ណាង ។ ទីចុងបំផុត សន្និសីទយកតាមខ្សែស្របទី១៧ ដោយភាគខាងត្បូងបានទៅអាមេរិកសម្រាប់គ្រប់គ្រងបន្តពីបារាំងក្រោយបញ្ចប់អាណានិគមពីឥណ្ឌូចិន។

ចំណែកចិនមិនចង់ឲ្យអាមេរិកដល់ក្រុង ហាណូយ ដែលគៀកចិន។ រីឯទាក់ទងជាមួយខ្មែរវិញ ប្រទេសចិនបានមើលឃើញវៀតណាម ចង់យកទឹកដីខ្មែរតំបន់ត្រីកោណដែលចិនមិនអនុញ្ញាតជាដាច់ខាត ការពារដីខ្មែរ មិនឲ្យវៀតណាមកុម្មុយនិស្តយកបន្តទៀត។ ម៉្យាងជាភូមិសាស្ត្រ នយោបាយដែលយើងឃើញ នៅពេលនេះ។

តំបន់ត្រីកោណ ៖ ដើមឡើយមានតែខេត្តស្ទឹងត្រែងទេ។ ក្រោយសន្និសីទក្រុងហ្សឺណែវរួច នៅឆ្នាំ១៩៥៨ ព្រះអង្គបំបែកខេត្តរតនគិរី ឆ្នាំ១៩៥៨ និងមណ្ឌលគិរី ឆ្នាំ១៩៦១។ តាមន័យនេះ និងដោយព្រះរាជតំរិះដ៏ភ្លឺស្វាង ខេត្តស្ទឹងត្រែងបានបំបែកទៅជាបី ងាយស្រួលគ្រប់គ្រងផ្នែរដ្ឋបាល និងការពារទឹកដីឲ្យគង់វង្ស។ ដូច្នេះតំបន់ខាងលើក្លាយជាតំបន់ត្រីកោណ។

យោងតាមអ្វីដែលវៀតណាមចង់បាននៅក្នុងសន្និសីទហ្សឺណែវ គឺវៀតណាមមិនដែលបោះបង់ចោលគំនិតនេះទេ បើទោះបីវៀតណាមបរាជ័យ មិនអាចសម្រេចក្តីស្រមៃ បង្កើតសហព័ន្ធឥណ្ឌូចិនដែលយកកម្ពុជា និងឡាវ ជារដ្ឋចំណុះបាន ។ ដូច្នេះតំបន់ត្រីកោណមាន៣ខេត្តគឺ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី។ ដូច្នេះប្រសិនបើអតីតមេបក្សប្រឆាំងបង្កើតរដ្ឋាភិបាលបំផ្លាញជាតិពិតមែន គឺត្រូវតែកម្ទេចចោលភ្លាមតែម្តង ដោយតំលៃណាក៏ដោយ។

លើសពីនេះទៅទៀត ឪពុករបស់មេបក្សចង្រៃ(សម រង្ស៊ី)រូបនេះបានយកតំបន់ជួរភ្នំដងរែក ប្រឆាំងរាជរដ្ឋាភិបាលសម្តេចព្រះបិតាជាតិផងដែរ។ ជិត២០ឆ្នាំកន្លងទៅនេះ ប្រទេសមហាអំណាចខាងប្រជាធិបតេយ្យធ្លាប់បានស្នើសុំកម្ពុជា យកស្រុកឆែបជាប់ប្រទេសឡាវ និងជាប់ជួរភ្នំដងរែក និងជាប់ព្រំដែនថៃផងដែរ សម្រាប់ជួលឲ្យចលនាឡាវសេរីដែលគេបង្កើតប្រឆាំងរដ្ឋាភិបាលឡាវ។ តែឲ្យជ្រៅជាងនេះទៅទៀត ប្រឆាំងការចុះមកឡាវ និងកម្ពុជា ពីប្រទេសចិនដែលពេលនេះ យើងឃើញនយោបាយប្រ៊ី កសាងផ្លូវ រថភ្លើងល្បឿនលឿន ចុះមកឡាវ និង ការកសាង ផ្លូវថ្នល់ដល់កម្ពុជា។

ទស្សនវិទ្យាដ៏ភ្លឺស្វាងរបស់រដ្ឋបុរស សន្តិភាពសម្តេចតេជោ បន្តនយោបាយពីសម្តេចព្រះបិតាជាតិ និង បង្កើតបាន«មិត្តដែកដែបជាមួយចិន» កសាងប្រទេសគ្រប់វិស័យក្នុងពេលតែមួយ។ ការពារតំបន់ត្រីកោណ(រដ្ឋធម្មនុញ្ញ)មិនអនុញ្ញត្តឲ្យបំបែករដ្ឋក្នុងរដ្ឋ ធ្វើឲ្យប្រទេសក្បែរខាងគោរព និងបន្សាបអសិរពិសដែលធ្លាប់មានឥទ្ធិពលលើខ្មែររាប់រយឆ្នាំកន្លងមក។ រដ្ឋាភិបាលអភិវឌ្ឍន៍តំបន់ត្រីកោណដោយកម្ចី និងជំនួយពីមហាមិត្តចិនកសាងផ្លូវ ព្រលានយន្តហោះ សម្រាប់តភ្ជាប់វិស័យទេសចរណ៍។ អនាគតមិនយូរ នឹងស្ថាបនាផ្លូវទៅតំបន់កន្ទុយនាគ។ ស្ថាបនាផ្លូវទៅទៅស្រុកឆែប ទន្លេល្ពៅ ខេត្តព្រះវិហារ។

មកដល់ពេលយើងឃើញច្បាស់ចំពោះទស្សនវិជ្ជាដ៏ត្រឹមត្រូវវែងឆ្ងាយ របស់មេដឹកនាំរដ្ឋបុរសសន្តិភាព សម្តេចតេជោ ហ៊ុន សែន យើងបានដឹងហើយថា សម្តេចបានបង្កើតកងនាវីឈរជើងរួចជាស្រេច នៅតំបន់នោះ ដោយមានអាវុធ ធន់ធ្ងន់ គាំទ្ររួចជាស្រេច។

សរុបមក នេះហើយភូមិសាស្ត្រនយោបាយរបស់មហាអំណាចដែលយើងបានត្រៀមរួចជាស្រេចសម្រាប់ការពារ និងផលប្រយោជន៍។ ដូច្នេះសូមកូនខ្មែរ រៀនប្រវត្តិសាស្ត្រ និងស្វែងយល់ព័ត៌មានឲ្យបានច្រើនថែមទៀតសម្រាប់យើងទាំងអស់គ្នា៕

To Top