នយោបាយ

សម្ដេចតេជោ៖ ការធានា អាយុជីវិតពលរដ្ឋ ជាចម្បង ប្រសើរជាងនិយាយពី សិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យ (Video)

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ ពីសំណាក់បណ្ដាប្រទេសមួយចំនួន ក៏ដូចជាក្រុមប្រឆាំង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថាការគិតគូរ ពីសុខុមាលភាពនិងធានា អាយុជីវិតរបស់ ប្រជាពលរដ្ឋ ជា ចម្បង ជាជាងរឿងនិយាយអំពី សិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យ។

ថ្លែងក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទអាស្ត្រាហ្សេនីកា (AstraZeneca) ជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះតម្លៃណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ត្រូវសម្រេចឲ្យបាននូវការចាក់វ៉ាក់សាំងជូនប្រជាជន ដែលដល់អាយុត្រូវចាក់។ សម្ដេចថាពិភពលោកក៏ដូចជាកម្ពុជា នៅតែសង្ឃឹមលើករណីវ៉ាក់សាំងតែប៉ុណ្ណោះ។

សម្ដេចតេជោ មានប្រសាសន៍ថា «មានអ្នកខ្លះធ្វើអត្ថាធិបាយថា ប្រហែលជាមរតកធំបំផុតរបស់ ហ៊ុន សែន គឺវ៉ាក់សាំង។ ក៏ប៉ុន្ដែខ្ញុំសូមបញ្ជាក់ ត្រឡប់ទៅវិញ មរតក ហ៊ុន សែន មិនមែនមានត្រឹមវ៉ាក់សាំងនោះទេ មរតក ហ៊ុន សែន បានយកប្រជា ជនចេញពីការស្លាប់ នៃថ្ងៃ៧ មករា ១៩៧៩។ មរតក ហ៊ុន សែន បានយកប្រជាជនកម្ពុជាចេញផុតពីសង្គ្រាម នាំមកនូវ សន្ដិភាព និងការអភិវឌ្ឍរហូតដល់សព្វថ្ងៃ»។

សម្ដេចតេជោ សង្កត់ធ្ងន់ថា «អ្វីដែលសំខាន់នោះ សុខមាភាពរបស់ប្រជាជន និងជីវិតរ បស់ប្រជាជនត្រូវបានធានា ហើយជីវិតដំបូងបំផុតមិនមែនសិទ្ធិបញ្ចេញមតិ ឬប្រជាធិបតេយ្យទេ គឺសិទ្ធរស់រានមានជីវីត ដែលត្រូវតែទទួលបានមុនគេ»។

សម្ដេចតេជោ បន្ដែមថា ដូច្នេះទោះបីអ្នកណា និយាយពីអី ក៏និយាយចុះទិចទាញច្បាប់កម្ពុជា ក៏ទិចទាញទៅចុះ តែច្បាប់របស់កម្ពុជា ធ្វើដើម្បីការពារជីវិតមនុស្ស អ្នកចង់និយាយពីអ្វី គឺនិយាយតាមអ្នកចិត្តចង់ ក៏ប៉ុន្ដែអ្វីដែលខ្ញុំ បាននិងកំពុងធ្វើ គឺការពារជិវីតប្រជាជនកុំឲ្យស្លាប់។ ទោះបីយើងខិតខំការពារ ក៏ប៉ុន្ដែយើងមិនអាចឃាត់នូវមនុស្សមិនឲ្យស្លាប់បានទេ រាប់ទាំងខ្លួនខ្ញុំផងដែរ៕

To Top