នយោបាយ

វិភាគ ៖ អាមេរិក ឈានជើង ចេញយ៉ាងលំបាក ពីសង្គ្រាមជាង ២០ឆ្នាំ នៅអាហ្វហ្កានិស្ថាន

បច្ចុប្បន្នភាព

ប្រតិបត្តិការ​​ដកកងទ័ព របស់សហរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានិស្ថាន ត្រូវបានចាប់ផ្តើម ធ្វើចាប់តាំងពីខែឧសភា ឆ្នាំ២០២១នេះ ដែលតាមគម្រោង អាមេរិកនឹងដកកងទ័ព របស់ខ្លួនអោយអស់ ពីប្រទេសនេះទៅតាមផែនការ នៅត្រឹមដំណាច់ខែសីហានេះ ។

ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន បាននិយាយថា លោកមិន ស្តាយក្រោយទេ ចំពោះការសម្រេចចិត្ត ក្នុងការដកកងទ័ពរបស់ខ្លួន ចេញពីប្រទេស អាហ្វហ្កានិស្ថាន ដោយបន្សល់ទុកកងទ័ពត្រឹមតែពី៥០០ទៅ៦០០នាក់ នៅក្នុងប្រទេសនេះ ។

ការរក្សាទុកកងទ័ពអាមេរិក ពី៥០០ទៅ៦០០នាក់នេះ គឺដើម្បីបង្វឹកកងកម្លាំងរដ្ឋាភិបាល អាហ្វហ្កានិស្ថាន ក្នុងការប្រយុទ្ធប្រឆាំង ជាមួយពួកឧទ្ទាមតាលីបង់ និងបើកប្រតិបត្តិការ វាយប្រហារតាមផ្លូវអាកាស ដែលជាជំនួយដល់កងទ័ពថ្មើរជើង របស់រដ្ឋាភិបាលអាហ្វហ្កានិស្ថាន ។

មិនត្រឹមតែកងទ័ពអាមេរិកទេ ដែលត្រូវដកចេញពីប្រទេស អាហ្វហ្កានិស្ថាន សូម្បីតែកងទ័ពសម្ព័ន្ធមិត្តណាតូ ប្រមាណ៣៦ប្រទេស ដែលបានបញ្ជូនកងទ័ព របស់ខ្លួនទៅជួយសហរដ្ឋអាមេរិក ក្នុងសង្គ្រាមនេះ ក៏ត្រូវបានដកចេញស្របពេល ជាមួយសហរដ្ឋអាមេរិកដែរ ។

ស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអង្គការណាតូ កំពុងដកកងទ័ពរបស់ខ្លួន ចេញពីប្រទេសអាហ្វហ្កានិស្ថាន ពួកឧទ្ទាមតាលីបង់ បានបង្កើនការវាយប្រហារ យ៉ាងខ្លាំងលើគ្រប់មុខព្រួញ នៅទូទាំងប្រទេស និងដណ្តើមបានដែនដី ជាបន្តបន្ទាប់ ។

គិតត្រឹមថ្ងៃសុក្រ ទី១៣ ខែសីហានេះ ពួកឧទ្ទាមតាលីបង់ បានវាយដណ្តើមយកដែនដីប្រមាណ ៦៥% នៅទូទាំងប្រទេស អាហ្វហ្កានិស្ថាន ដែលក្នុង ចំណោមស្រុកទាំង ជាង៤០០ស្រុក គឺពួកឧទ្ទាមតាលីបង់ បានវាយប្រហារដណ្តើម យកគ្រប់គ្រងបានជិត ៣០០ស្រុកហើយ ហើយក្នុងចំណោមខេត្ត សរុបរបស់ប្រទេស អាហ្វហ្កានិស្ថាន ប្រមាណ៣៤ខេត្ត គឺ ពួកឧទ្ទាមតាលីបង់ បានវាយប្រហារ ចូលគ្រប់គ្រងទីក្រុងធំៗ ក្នុងខេត្តចំនួន១២ខេត្តហើយដែរ ។

នៅថ្ងៃសុក្រដដែល លោក John Kirby អ្នកនាំពាក្យ មន្ទីរបញ្ចកោណ សហរដ្ឋអាមេរិក បាននិយាយថា អាមេរិកនឹងបញ្ជូនកងទ័ព របស់ខ្លួនប្រមាណ ជាង៣០០០នាក់ទៅកាន់ទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានិស្ថាន ដើម្បី ការពារសន្តិសុខ និងជួយជម្លៀស ប្រជាពលរដ្ឋអាមេរិក ចេញពីប្រទេសអាហ្វហ្កានិស្ថាន អោយបានឆាប់បំផុត ។

លោក John Kirby បានបន្ថែមថា កងទ័ព និងពលរដ្ឋអាមេរិក នៅអាហ្វហ្កានិស្ថាន មិនមានសន្តិសុខ គ្រប់គ្រាន់ទេ នៅពេលបច្ចុប្បន្ននេះ ខណៈដែលពួកឧទ្ទាមតាលីបង់ កំពុងវាយប្រហារដណ្តើមយកទឹកដី អាហ្វហ្កានិស្ថានទៅគ្រប់គ្រង កាន់តែច្រើន ។

ទីភ្នាក់ងារចារកម្ម របស់សហរដ្ឋអាមេរិក បានចេញរបាយការណ៍ ស៊ើបអង្កេតមួយ ដែលបានបង្ហាញថា យ៉ាងយូរបំផុតរយៈពេល៩០ថ្ងៃទៀត ពួកឧទ្ទាមតាលីបង់ នឹងវាយប្រហារដណ្តើមយកប្រទេសអាហ្វហ្កានិស្ថាន ទាំងពីរដ្ឋាភិបាលហើយ ។

របាយការណ៍ចារកម្មអាមេរិកដដែលបានបន្តថា នៅពេលបច្ចុប្បន្ននេះ ពួកឧទ្ទាមតាលីបង់ បានគ្រប់គ្រងទឹកដីភាគច្រើនក្នុងប្រទេសនេះ ហើយខេត្តនានានៅជាប់ព្រំដែន ជាមួយប្រទេស អ៊ីរ៉ង់ តាហ្ស៊ីគិស្ថាន ទួកមែនិស្ថាន និងប្រទេសប៉ាគិស្ថាន ក៏ត្រូវបានពួកឧទ្ទាម តាលីបង់ វាយប្រហារដណ្តើមបាន ពីកងកម្លាំងរដ្ឋាភិបាលដែរ ។

នៅដំណាក់កាលចុងក្រោយនេះ ពួកឧទ្ទាមតាលីបង់កំពុង មានប្រៀបគ្រប់មុខព្រួញ ក្នុងសង្គ្រាមជាមួយកងកម្លាំងរដ្ឋាភិបាល អាហ្វហ្កានិស្ថាន ខណៈដែលកងទ័ពបរទេស មានកងទ័ពរបស់សហរដ្ឋអាមេរិក ជាដើម កំពុងដកចេញពីប្រទេស នេះទៅតាមគម្រោង ។

យ៉ាងយូររយៈពេល៩០ថ្ងៃទៀត ពួកឧទ្ទាមតាលីបង់ នឹងគ្រប់គ្រងប្រទេស អាហ្វហ្កានិស្ថាន ទាំងមូលដោយសារ ការទទួលជម្នះក្នុងសង្គ្រាម ហើយដល់ពេលនោះ សូម្បីតែកងទ័ពអាមេរិក ដែលត្រូវរក្សាទុកក្នុងប្រទេសនេះ ក៏មិនអាចឈរជើងនៅបានដែរ ដោយសង្គ្រាមនៅប្រទេសនេះ បានឆាបឆេះ ចាប់ តាំងពីខែតុលា ឆ្នាំ២០០១កន្លងទៅ ក្រោយពីសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍យោធាចូល ទៅក្នុងប្រទេសនេះ និងបានផ្តួល រំលំរដ្ឋាភិបាល តាលីបង់ ប៉ុន្តែរដ្ឋាភិបាលតាលីបង់ ក៏ក្លាយជាពួកឧទ្ទាមវាយប្រហារ អាមេរិកវិញ រហូតដល់បច្ចុប្បន្ននេះ ។

ដើមចមនាំអោយកើតរឿង

លោក Wesley Clark អតីតមេបញ្ជាការ កងទ័ពរបស់អង្គការណាតូ បាននិយាយ តាមទូរទស្សន៍ CNN ថា ដើមចមដែលនាំអោយប្រទេសអាហ្វហ្កានិស្ថាន មានសង្គ្រាម គឺដោយសារអតីតរដ្ឋាភិបាលអាមេរិក បានសម្រេចចិត្តខុស និងវិនិច្ឆ័យទាំងកំហឹង ។

អតីតប្រធានាធិបតី សហរដ្ឋអាមេរិក លោក George W Bush បានមើលស្រាលអតីតរដ្ឋាភិបាល តាលីបង់ នៅប្រទេសអាហ្វហ្កានិស្ថាន និងសម្រេចចិត្តវាយប្រហារ ផ្តួលរំលំរដ្ឋាភិបាលតាលីបង់ ដោយមិនបានគិតល្អិតល្អន់ ពីអនាគត ។

ក្រោយពីសហរដ្ឋអាមេរិក បានទទួលរងការវាយប្រហារភេរវកម្ម ដែលដឹកនាំដោយ មេភេរវករ Osama Bin Laden ដោយបើកយន្តហោះ ចំនួន២គ្រឿងទៅបំបុកអគារពាណិជ្ជកម្ម ពិភពលោក កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ , លោកអតីតប្រធានាធិបតីអាមេរិក George W Bush បានសម្រេចចិត្តទាំងកំហឹង និងយ៉ាងតក់ក្រហល់ ក្នុងការវាយប្រហារផ្តួលរំលំរដ្ឋាភិបាល តាលីបង់ របស់ប្រទេសអាហ្វហ្កានិស្ថាន កាលពីខែតុលា ឆ្នាំ២០០១ ។

ក្រោយពីដួលរលំ ដោយសារស្នាដៃអាមេរិក រដ្ឋាភិបាលតាលីបង់ បានក្លាយខ្លួនជាក្រុមឧទ្ទាម និងចាប់ផ្តើមធ្វើសង្គ្រាម ជាមួយសហរដ្ឋអាមេរិក ចាប់តាំងពីឆ្នាំ២០០១ រហូតដល់ពេលបច្ចុប្បន្ននេះ ដោយចំណាយពេលប្រមាណ ជាង២០ឆ្នាំកន្លងមកហើយ ។

ក្នុងសង្គ្រាមរយៈពេល ជាង២០ឆ្នាំកន្លងមកនេះ កងទ័ពរបស់សហរដ្ឋអាមេរិកប្រមាណ ២៣១២នាក់បានស្លាប់ ២០០៦៦នាក់បានរងរបួស និងជនស៊ីវិលអាមេរិក ប្រមាណពី៣៥០០នាក់ទៅ៤០០០នាក់ បានស្លាប់ក្នុងសង្គ្រាមជាមួយពួកឧទ្ទាមតាលីបង់ ។

ចុងក្រោយនេះ សហរដ្ឋអាមេរិក បានចាញ់សង្គ្រាមក្នុងប្រទេស អាហ្វហ្កានិស្ថាន ដោយប្រកាសដកកងទ័ពរបស់ខ្លួនត្រឡប់ទៅស្រុកវិញ ហើយពួកឧទ្ទាម តាលីបង់ កំពុងវាយ សម្រុកនៅគ្រប់ទិសទីទូទាំង ប្រទេសអាហ្វហ្កានិស្ថាន ដែលអាមេរិកបានដកកងទ័ព របស់ខ្លួនទាំង លំបាកចេញពីប្រទេស អាហ្វហ្កានិស្ថាន ដោយពួកឧទ្ទាមតាមវាយប្រហារយ៉ាង ប្រកៀកប្រកិតពីខាងក្រោយ ៕

ដោយ ៖ អ៊ី ជិន

To Top