នយោបាយ

វិភាគ ៖ ចិន និងអាមេរិក ព្រះលះគ្នាយ៉ាងចាស់ដៃ ក្នុងមហាសន្និបាត អង្គការប្រជាជាតិ

បច្ចុប្បន្នភាព

ប្រធានាធិបតី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីនពីង បានវាយប្រហារគ្នាយ៉ាងចាស់ដៃ ទៅវិញទៅមដោយពាក្យសម្តី ទៅមកនៅក្នុងមហាសន្តិបាត ប្រចាំឆ្នាំលើកទី៧៦ របស់អង្គការសហប្រជាជាតិ ។

ការវាយប្រហារគ្នាដោយពាក្យសម្តី រវាងមេដឹកនាំ របស់ប្រទេស មហាអំណាចទាំងពីរនេះ ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាត អង្គការសហប្រជាជាតិ ដូចគ្នា ដោយលោក ចូ បៃដិន បានថ្លែងសុន្ទរកថាដោយផ្ទាល់ តែលោក ស៊ី ជីនពីង បានថ្លែងតាមវីដេអូថតទុក ។

មេដឹកនាំនៃប្រទេសនៅជុំវិញពិភពលោក ទាំងមេដឹកនាំដែលបានចូលរួម ក្នុងមហាសន្និបាតដោយផ្ទាល់ និងមេដឹកនាំដែលចូលរួម តាមប្រព័ន្ធអនឡាញ បានទន្ទឹងរង់ចាំយ៉ាងខ្លាំង ចំពោះការថ្លែងសុន្ទរកថា របស់មេដឹកនាំប្រទេស មហាអំណាចទាំងពីរ ។

ចំណុចដែលមេដឹកនាំ នៃប្រទេសនៅជុំវិញពិភពលោកចង់ដឹងខ្លាំង ជាងគេនោះ គឺជំហររបស់សហរដ្ឋអាមេរិក និងប្រទេសចិននៅពេលអនាគត ជាពិសេសគឺប្រធានបទទាក់ទង នឹងសង្គ្រាមត្រជាក់ រវាងមហាអំណាចទាំងពីរ ដែលលេចចេញ ជារូបរាងហើយនោះ ។

នៅចំពោះមុខអង្គម ហាសន្និបាត កាលពីថ្ងៃពុធ ទី២២ ខែកញ្ញានេះ លោក ចូ បៃដិន បានឡើងថ្លែងថា សហរដ្ឋអាមេរិក មិនចង់អោយមានសង្គ្រាម ត្រជាក់បែបថ្មីណាមួយនោះទេ ទោះបីជាសង្គ្រាមត្រជាក់ ក្នុងទម្រង់បែបណាក៏ដោយ ។

លោក ចូ បៃដិន បានបន្តថា អាមេរិកក៏មិនចង់ឃើញពិភពលោកបែងចែកគ្នា ប្រកាន់បក្សពួក មិនចុះសម្រុងគ្នា និងមើលមុខគ្នាមិនចំដែរ ហើយអាមេរិក នឹងខិតខំប្រឹងប្រែងចៀស វាងភាពតានតឹងណាមួយ ដែលអាចឈានទៅកសង្គ្រាមត្រជាក់ ដោយអាមេរិក នឹងចូលរួមប្រកួតប្រជែងដោយប្រុងប្រយ័ត្ន និងម៉ត់ចត់បំផុត ដើម្បីការពារផលប្រយោជន៍សេដ្ឋកិច្ច ក៏ដូចជាមនសិការនយោបាយ ដែលផ្អែកលើសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ។

លោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិក នឹងនៅពីក្រោយប្រទេស ជាសម្ព័ន្ធមិត្តនានា នៅទូទាំងពិភពលោក ដើម្បីជួយជ្រោមជ្រែងមិន អោយប្រទេសទាំងនោះរងគ្រោះដោយការឈ្លានពាន ឬដោយឥទ្ធិពលពីប្រទេសណាមួយទេ ។

សម្តីរបស់លោក ចូ បៃដិន មិនបានលើកចំឈ្មោះថាប្រទេសចិននោះទេ ប៉ុន្តែគេអាចយល់បានថា ប្រធានាធិបតី អាមេរិករូបនេះ ទំនងជាសំដៅលើ ប្រទេសចិន ដែលប្រើឥទ្ធិពលផ្នែកនយោបាយ ពាណិជ្ជកម្ម និងការទូត ដើម្បីដាក់សម្ពាធលើប្រទេសដទៃ ។
ចំណែកប្រធានាធិបតី របស់ប្រទេសចិន លោក ស៊ី ជីនពីង វិញ ទោះបីជាថ្លែងសន្ទរកថាតាមវីដេអូថតទុកក៏ដោយ ក៏បានវាយបកទៅលើសម្តីរបស់លោក ចូ បៃដិន វិញដែរ ដែលជាការវាយបកដោយប្រយោល តាមខ្សែអាត់វីដេអូ ។

លោក ស៊ី ជីនពីង បានថ្លែងថា លទ្ធិប្រជាធិបតេយ្យ មិនមែនជាគោលការណ៍ ឬជាកម្មសិទ្ធិផ្តាច់មុខ របស់ប្រទេសណាមួយនោះទេ ហើយប្រជាធិបតេយ្យ ក៏ជាកម្មសិទ្ធិរបស់ពលរដ្ឋ នៅលើពិភពលោកដែរ ដោយប្រទេសណាមួយ មិនអាចអះអាងថាជារបស់ខ្លួនបានទេ ។

ប្រធានាធិបតីចិន ចង់សំដៅថា និយមន័យ ឬខ្លឹមសារនៃលទ្ធិប្រជាធិបេតេយ្យ មិនមែនសហរដ្ឋអាមេរិក តែម្នាក់ឯង ដែលជាអ្នកកំណត់ថាត្រូវធ្វើបែបនេះ ឬធ្វើបែបនោះ ទើបហៅថា លទ្ធិប្រជាធិបតេយ្យនោះទេ គឺជាឆ្លើយតបទៅតាមលក្ខណៈ តាមបែបបទរស់នៅ និងតាមស្ថានភាព របស់ប្រទេសនីមួយៗនៅទូទាំងពិភពលោក ។

ក្នុងវីដេអូថតទុក លោក ស៊ី ជីនពីង បានបញ្ជាក់ថា ពិភពលោកបានមើលឃើញ ពីអន្តរាគមន៍យោធារបស់យោធា របស់សហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេសផ្សេង មានប្រទេសអាហ្វហ្កានិស្ថាន អ៊ីរ៉ាក់ និងប្រទេសលីប៊ីជាដើម ដែលជាកំហុសឆ្គងយ៉ាងធ្ងន់ធ្ងរ ។
អន្តរាគមន៍យោធា របស់សហរដ្ឋអាមេរិកចូលទៅក្នុងប្រទេសផ្សេង មិនមែនជាដំណោះស្រាយនោះទេ តែផ្ទុយទៅវិញ អន្តរាគមន៍យោធានោះ វាធ្វើអោយស្ថានការណ៍ កាន់តែដុនដាប និងជាការប្រមាថមើលងាយយ៉ាងខ្លាំង ដល់សាមីប្រទេស ដែលចិនមិនធ្លាប់ធ្វើសោះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រទេសមហា អំណាចទាំងពីរព្រលះគ្នា ដោយពាក្យសម្តីនៅក្នុងមហាសន្និបាតអង្គការ សហប្រជាជាតិ ប្រចាំឆ្នាំលើកទី៧៦នេះ គឺដោយសារការប្រជែងផ្នែកអនុត្តរភាព ជាប្រទេសមហាអំណាច នៅលើពិភពលោក ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ចង់បង្ហាញពិភពលោក អំពីសុចរិតភាព និងការគោសិទ្ធិរបស់ប្រទេសដទៃ តាមគោលនយោបាយរបស់ខ្លួន ដោយប្រកាន់យកការ គោរពសិទ្ធិសេរីភាព ការផ្តល់អំណាចអោយប្រទេសដទៃ និងការប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ។
ចំណែកប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏ចង់បង្ហាញ ពិភពលោកអោយដឹងដែរថា ប្រទេសចិន មិនដែលធ្វើអន្តរាគមន៍ យោធាចូលទៅក្នុងប្រទេស ណាមួយនោះទេ ដោយសារចិនគោរពសិទ្ធិរបស់ប្រទេសនោះ ក្នុងការសម្រេចចិត្តសម្រាប់ ប្រទេសរបស់ខ្លួន ។

សហរដ្ឋអាមេរិក បានយកលេស នៃការគោរពសិទ្ធិសេរីភាព និងលទ្ធិប្រជាធិបតេយ្យ ទៅធ្វើអន្តរាគមន៍យោធា ចូលប្រទេសដទៃ ដែលមានសិទ្ធិសម្រេចសម្រាប់ ប្រទេសរបស់ខ្លួន ដូចជាសហរដ្ឋអាមេរិកដែរ ដែលផ្ទុយពីការនិយាយ របស់អាមេរិក ។

អ្នកជំនាញផ្នែកនយោបាយអន្តរជាតិ បាននិយាយថា ខ្លឹមសារនៃសុន្ទរកថា របស់លោក ចូ បៃដិន គឺផ្ទុយស្រឡះទៅនឹងសកម្មភាពរបស់ខ្លួន ដែលយកអំណាចយោធា និងសេដ្ឋកិច្ចទៅគ្រប់ដណ្តប់លើប្រទេស ផ្សេងជាច្រើននៅទូទាំងពិភពលោក ៕
ដោយ ៖ អ៊ី ជិន

To Top