ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ការបើកឲ្យមានការជួបជុំ និងដើរកម្សាន្ដ នាឱកាសបុណ្យភ្ជុំបិណ្ឌ ជាមួយនឹងការអនុវត្តវិធានការសុខាភិបាលលើកនេះ ជាការសាកល្បងដ៏ធំ រវាងមហន្តរាយ និងសុវត្ថិភាព ដើម្បីឈានទៅបើកប្រទេសឡើងវិញ ផងដែរ។
តាមរយៈសារសំឡេង នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ បានថ្លៃឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ នាពេលនេះ មានប្រជាពលរដ្ឋចល័ត ពីតំបន់មួយ ទៅតំបន់មួយ តាមតំបន់ទេសចរណ៍នានា ។ សម្តេច អំពាវនាវឲ្យអាជ្ញាធរគ្រប់ទីកន្លែងទាំងអស់ យកចិត្តទុកដាក់ពិនិត្យមើល ភាពកកកុញទាំងឡាយ ដើម្បីរក្សាគម្លាតពីក្រុមគ្រួសារមួយ ទៅកាន់ក្រុមគ្រួសារមួយទៀត ពីមនុស្សដែលមិនស្គាល់គ្នា ទៅកៀកគ្នា ជាដើម។
សម្ដេចតេជោ មានប្រសាសន៍ថា «នេះជាការសាកល្បងធំណាស់ សម្រាប់ប្រទេសរបស់យើង នៅក្នុងសភាពការណ៍ថ្មី បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ និងមានដូសជំរុញថែមទៀត យើងនឹងតាមដានពិនិត្យអំពីបញ្ហានេះ ដែលចេញពីការសាកល្បងរបស់យើង ដែលមិនមែនជាការសាកល្បងដ៏ប្រថុយប្រថានទេ ប៉ុន្តែក៏មិនមែនជាការច្បាស់លាស់១០០ភាគរយថា គ្មានបញ្ហានោះដែរ យើងបានត្រៀមខ្លួន ដើម្បីទទួលយកនូវស្ថានការណ៍ ដ៏អាក្រក់ដែលអាចនឹងកើតមានឡើង ដូចជា ករណីឥណ្ឌា»។
សម្ដេចតេជោបន្ដថា «ចំណុចនេះជាចំណុចសាកល្បងថា តើបន្ទាប់ពីភ្ជុំបិណ្ឌហើយនោះ យើងមានជំងឺឆ្លងធ្ងន់ធ្ងរឬទេ? ប្រសិនបើមានជំងឺឆ្លងធ្ងន់ធ្ងរ គម្រោងដើម្បីបើកប្រទេសលើគ្រប់វិស័យឡើងវិញ នឹងមិនអាចធ្វើទៅបានទេ ប៉ុន្តែប្រសិនបើបងប្អូនអាចការពារខ្លួនបាន ហើយចំនួនអ្នកឆ្លង ឬអ្នកស្លាប់ ពុំមានអ្វីធ្ងន់ធ្ងរទេនោះ ប្រជាពលរដ្ឋរបស់យើងនឹងទទួលបានរួមគ្នា ទៅលើការបើកសេដ្ឋកិច្ច សង្គមឡើងវិញ ជាពិសេស ករណីសាលារៀន ក៏ដូចជា ទេសចរណ៍ផ្ទៃក្នុង ដែលជាផ្នែកមួយនៃសេវាកម្មសម្រាប់សេដ្ឋកិច្ចប្រទេសជាតិ»។
សម្ដេចតេជោ បានបន្ថែមថា សេដ្ឋកិច្ចកម្ពុជាកំពុងដើរដោយរលូន ជាពិសេស វិស័យកសិកម្ម និងវិស័យឧស្សាហកម្ម ហើយវិស័ទាំងពីរនេះ ក៏បានដំណើរដ៏ល្អ ប៉ុន្ដែទោះបីយ៉ាងក៏ដោយ វិស័យទេសចរណ៍ បានទទួលរងប៉ះពាល់ដោយបញ្ហាជំងឺកូវីដ-១៩។ សម្ដេច ថា ប្រសិនបើនៅចុងឆ្នាំនេះ កម្ពុជាអាចបើកសេដ្ឋកិច្ចបាន ជាពិសេសទៅលើសេវាទេសចរណ៍ផ្ទៃក្នុងបឋម កំណើនសេដ្ឋកិច្ចរបស់យើងអាច លើសពី២.២ភាគរយ តាមការវាយតម្លៃ ក្នុងខែ៩ ឆ្នាំ២០២១។
សម្ដេចតេជោ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរក្សានូវឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីធានាយ៉ាងណានៅក្រោយការធ្វើបុណ្យ នឹងមិនឲ្យនរណាធ្វើបុណ្យឲ្យវិញ។ សម្តេចថា ផ្ទុយទៅវិញបើប្រជាពលរដ្ឋអនុវត្តបានល្អ មិនមានការឆ្លងរីករាលដាននោះ ប្រជាពលរដ្ឋកម្ពុជា នឹងបានសប្បាយរីករាយច្រើនជាងមុន នៅក្នុងពិធីបុណ្យផ្សេងៗទៀត ដូចជាពិធីបុណ្យអុំទូកឆ្នាំនេះ ផងដែរ។
សម្ដេចតេជោ បានបញ្ជាក់ទៀតថា «សង្ឃឹមថា ការសាកល្បងលើកនេះ គឺជាការសាកល្បងដ៏ធំរវាងមហន្តរាយ និងសុវត្ថិភាព ប្រសិនបើយើងធ្វើបានត្រឹមត្រូវ មហន្តរាយវានឹងមិនមានទេ ហើយវាមិននាំទៅដល់ការ មិនបានបើកប្រទេសឡើងវិញ»។
សូមរំលឹកថា នាពេលថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ចាប់ពីបិណ្ឌ៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល អនុញ្ញាតឲ្យប្រជាពលរដ្ឋយកចង្ហានទៅប្រគេនព្រះសង្ឃនៅខាងក្រៅវត្ត ហើយអនុញ្ញតឲ្យប្រជាពលរដ្ឋឈប់សម្រាករយៈពេល៣ថ្ងៃ ដើម្បីដើរកម្សាន្ត និងជួបជុំគ្រួសារ ហើយត្រូវអនុវត្តវិធានការសុខាភិបាលឲ្យជាប់ជានិច្ច៕