នយោបាយ

បទវិភាគ៖ សម័្ពន្ធដែលច្រានចោល ប្រទេសដទៃ រហូតដល់សំដៅ ចំពោះភាគីទីបី មិនមែនជា ពហុភាគីនិយម ពិតប្រាកដនោះទេ

យប់ថ្ងៃទី២៦ ខែតុលា កិច្ចប្រជុំអ្នកជំនាញតាមប្រព័ន្ធវីដេអូរ នៃវេទិកា Xiangshan ក្រុងប៉េកាំង ឆ្នាំ២០២១ បានបិទបញ្ចប់នៅក្រុងប៉េកាំង ។ បញ្ញវន្ត ចំនួនជាង ៥០រូប ដែលមកពីប្រទេស ជាង២០ បានសម្គាល់ឃើញជាទូទៅថា គួរតែប្រកាន់ខ្ជាប់ពហុភាគីនិយម កិច្ចសហប្រតិបតិ្តការ និងឈ្នះ-ឈ្នះ ដើម្បីរួមគ្នាគាំពារសន្តិភាព និងស្ថិរភាព នៅលើពិភពលោក ។

វេទិកាលើកនេះបានប្រារព្ធធ្វើឡើង ក្រោមបរិបទដែលការប្រឈមផ្នែកសន្តិសុខ លើពិភពលោកទាំងមូល មានភាពកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ ។ មួយផ្នែកជំងឺកូវីដ១៩ បានរីករាលដាល ជិត២ឆ្នាំហើយ ដែលបាននាំមកនូវ ការគំរាមកំហែងយ៉ាងខ្លាំង ដល់សុវត្ថិភាព អាយុជីវិតរបស់មនុស្សជាតិ មួយផ្នែកទៀត អាមេរិកបានប្រកាន់ខ្ជាប់ គំនិតសង្គ្រាមត្រជាក់ ប្រកាសវិធានការណ៍ពហុភាគីនិយម តាមតែមាត់តែតាមពិតទៅ បានអនុវត្តសកម្មភាពឯកតោភាគី ហើយបានញុះញង់ ឱ្យមានការបដិបក្ខគ្នា នៅតំបន់អាស៊ីប៉ាស៊ីហ្វិក និងបំផ្លិចបំផ្លាញ ដល់ទំនុកចិត្តរវាងប្រទេសធំៗ បណ្តាលឱ្យប្រទេស នៅតំបន់អាស៊ីប៉ាស៊ីហ្វិក មានការព្រួយបារម្ភ ។

ទំនាក់ទំនងភាពជាដៃគូ សន្តិសុខត្រីភាគី រវាងអាមេរិក អង់គ្លេស និងអូស្ត្រាលី (AUKUS) និងកិច្ចសហប្រតិបតិ្តការ ផ្នែកនាវាមុជទឹកនុយគ្លេអ៊ែរ បាននាំមកនូវការប្រកួតប្រជែង ខាងសព្វាវុធ និងហានិភ័យរីកសាយភាយ អាវុធនុយគ្លេអ៊ែរ ។ បន្ទាប់ពីអាមេរិក និង អង្គការណាតូ ដកទ័ពយ៉ាងប្រញាប់ប្រញាល់ ចេញពីអាហ្វហ្កានីស្ថាន អាហ្វហ្កានីស្ថាន ប្រឈមនឹងការសាកល្បង ដូចជាវិបតិ្តមនុស្សធម៌ ការងើបឡើង នៃភេរវនិយម និងការរីករាលដាល នៃជំងឺកូវីដ១៩ជាដើម ដែលបានបង្កជាហានិភ័យថ្មី ដល់សន្តិសុខ ក្នុងតំបន់ ។

អ្នកជំនាញខ្លះបានលើកឡើងថា ការប៉ះទង្គិចនៅលើពិភពលោកទាំងធំ និងតូច ភាគច្រើនសុទ្ធតែបង្កឡើង ដោយប្រព័ន្ធសម័្ពន្ធមិត្តរបស់អាមេរិក អ្នកផងទាំងពួងគួរតែប្រុងប្រយ័ត្ន ឯកតោភាគីនិយម ដែលបិទស្លាកជាពហុភាគីនិយម មកបំផ្លាញដល់សន្តិភាព ក្នុងតំបន់ ។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅពីនេះឧបទ្ទវហេតុបុកគ្នា របស់នាវាមុជទឹកនុយគ្លេអ៊ែរ Connecticut នៃកងទ័ពជើងទឹកអាមេរិក ក៏ទទួលបានការចាប់អារម្មណ៍ ពីសំណាក់បញ្ញវន្ត ដែលមានវត្តមានក្នុងកិច្ចប្រជុំលើកនេះផងដែរ ។ លោកស្រី Jiang Xinfeng អ្នកសិក្សាស្រាវជ្រាវ នៃ បណ្ឌិត្យសភាវិទ្យាសាស្ត្រយោធា របស់កងទ័ពរំដោះប្រជាជនចិន បានសម្គាល់ឃើញថា បន្ទាប់ពីកើតមានឧបទ្ទវហេតុបុកគ្នា របស់នាវាមុជទឹកនុយគ្លេអ៊ែរអាមេរិក មិនបានពន្យល់ឱ្យបានច្បាស់ ហើយប៉ុនប៉ងបិទបាំងការពិត ប្រការនេះបណ្តាល ឱ្យសហគមន៍អន្តរជាតិ ពោពេញទៅដោយកង្វល់ ចំពោះការពិតនៃឧបទ្ទវហេតុលើកនេះ និងគោលបំណងរបស់ភាគីអាមេរិក ដែលបានបង្ហាញម្តងទៀតថា អាមេរិកទើបជាអ្នកលូកដៃចូល និងអ្នកបំផ្លិចបំផ្លាញធំបំផុត ចំពោះសន្តិភាព និងស្ថិរភាព នៅតំបន់សមុទ្រចិនខាងត្បូង ។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺខណៈពេលអ្នកជំនាញ នៃពិភពលោកទាំងមូល បាននិងកំពុងស្វែងរកវិធីដោះស្រាយ ការប្រឈមខាងសន្តិសុខ នៅវេទិកា Xiangshan នៅថ្ងៃទី២៥ ខែតុលា ក្បួននាវាផ្ទុកយន្តហោះចម្បាំង របស់អាមេរិក បានធ្វើការសមយុទ្ធជាមួយ នាវា ប្រដេញ នៃកងស្វ័យការពារលើសមុទ្ររបស់ជប៉ុន ។ មនុស្សជាតិមានជោគវាសនាតែមួយ ទង្វើរបស់អាមេរិកបែបនេះ នឹងធ្វើឱ្យស្ថានការណ៍ តំបន់មានភាពកាន់តែតានតឹងឡើង វាច្បាស់ណាស់ថាទង្វើបែបនេះ ជាទង្វើផ្ទុយនឹងនិន្នាការណ៍ទូទៅ ។

បច្ចុប្បន្ននេះភាពបម្រែបម្រួល​​ មិនធ្លាប់មានក្នុងរយៈពេល១រយឆ្នាំកន្លងមក ដែលពិភពលោកបាន និងកំពុងឆ្លងកាត់បានពន្លឿនដំណើរការណ៍មនុស្សជាតិ ប្រឈមនឹងការសាកល្បង ខាងសន្តិសុខជាសកលជាច្រើន ។ មានតែបង្កើតជាអភិបាលកិច្ចសកល ដែលកាន់ តែមានភាពបរិយាប័ន្ន យន្តការពហុភាគី ដែលកាន់តែមានប្រសិទ្ធភាព និងកិច្ចសហប្រតិបតិ្តការ ក្នុងតំបន់កាន់តែសកម្មទើបអាចទប់ទល់ការប្រឈមទាំងនេះ ប្រកបដោយប្រសិទ្ធភាព ។ វេទិកា Xiangshan បានបញ្ចេញសំឡេង ស្តីពីការប្រកាន់ខ្ជាប់ពហុភាគីនិយម កិច្ចសហប្រតិបត្តិការ និងឈ្នះ-ឈ្នះនេះ គឺជាតម្រូវការរបស់យុគសម័យ អាមេរិក គួរតែស្តាប់ដោយយកចិត្តទុកដាក់៕

To Top