“គាំពារគំនិត ឯកភាពរួម របស់ពហុភាគី” “ផ្តោតសំខាន់ទៅលើការ ប្រតិបតិ្តជាក់ស្តែង” “ពន្លឿនការផ្លាស់ប្តូរ រូបមន្តបែបបៃតង” នេះជាសំណើបីចំណុច ពាក់ព័ន្ធនឹងបញ្ហា បម្រែបម្រួល អាកាសធាតុ ដែលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានលើកឡើង ក្នុងសុន្ទរកថា ជាលាយលក្ខណ៍អក្សរ ក្នុងកិច្ចប្រជុំកំពូល ថ្នាក់ដឹកនាំ នៃភាគីហត្ថលេខី នៃ «អនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ»លើកទី២៦ កាលពីថ្ងៃទី១ ខែវិច្ឆិកា ។
ខណៈកិច្ចប្រជុំកំពូលលើកនេះ បានសម្ពោធបើកនៅថ្ងៃដដែល អង្គការឧតុនិយម ពិភពលោក បានប្រកាសរបាយការណ៍ថា អនុលោកមតាមទិន្នន័យ ក្នុងរយៈពេល៩ខែដំបូង ឆ្នាំ២០២១ បានឱ្យដឹងថា ៧ឆ្នាំ ចុងក្រោយនេះនឹង ក្លាយទៅជា៧ឆ្នាំក្តៅបំផុត ចាប់តាំងពីមានកំណត់ត្រាមក ។ ទិន្នន័យបានបង្ហាញ ឱ្យឃើញទៀតថា ភាពខាប់នៃឧស្ម័នពីផ្ទះកញ្ចក់ក្នុងឆ្នាំ២០២០ បានឡើងដល់កម្រិតខ្ពស់បំផុត ប៉ុន្តែនៅឆ្នាំ២០២១ ភាពខាប់នៅតែកើនឡើង ជាបន្តបន្ទាប់ដដែល ។
“ពហុភាគីនិយមជាមធ្យោបាយល្អ” សំណើ របស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានផ្តល់ក្រមមូលដ្ឋាន សម្រាប់ឱ្យពិភពលោកឆ្លើយតប នឹងបម្រែបម្រួល អាកាសធាតុ ។ ដូច្នេះ បណ្តាភាគីនានាគួរ តែគោរព តាម «អនុសញ្ញាសី្តពីបម្រែបម្រួល អាកាសធាតុ ក្នុងក្របខណ្ឌ របស់អង្គការ សហប្រជាជាតិ» និង«កិច្ចព្រមព្រៀងប៉ារីស» ប្រកាន់ខ្ជាប់ “គោលការណ៍ស្តីពីទំនួលខុសត្រូវ រួមតែមានលក្ខណៈផ្សេងគ្នា” ជាពិសេស ប្រទេសរីកលូតលាស់ មិនត្រឹមតែខ្លួនត្រូវធ្វើឱ្យ បានច្រើនប៉ុណ្ណោះទេ ថែមទាំងក៏ត្រូវផ្តល់ការគាំទ្រ កាន់តែល្អដល់ប្រទេសកំពុង អភិវឌ្ឍន៍ទៀតផង នេះគឺជាគន្លឹះក្នុងការធ្វើឱ្យពិភពលោកទាំងមូល ឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុប្រកបដោយប្រសិទ្ធភាព ។
តើការឆ្លើយតបនឹងបម្រែបម្រួល អាកាសធាតុ នឹងប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចឬអត់ ? លោក ស៊ី ជីនភីង បានលើកឡើងថា ត្រូវ “ពន្លឿនការផ្លាស់ប្តូរមន្តបែបបៃតង” ជំរុញការអភិវឌ្ឍបៃតង ខាងសេដ្ឋកិច្ច និងសង្គមតាមរយៈការច្នៃប្រឌិតថ្មី ។ សំណើនេះបានក្តាប់ជាប់ នូវនិន្នាការជាទូទៅ នៃការអភិវឌ្ឍវិទ្យាសាស្ត្រនិង បច្ចេកទេសនាពេលបច្ចុប្បន្ននេះ ហើយ ក៏ជាការបូកសរុប បទពិសោធន៍របស់ចិន ដែលបានអនុវត្តដោយជោគជ័យ នូវទស្សនៈស្តីពី “ភ្នំបៃតងទឹកស្អាត គឺជាភ្នំមាសភ្នំប្រាក់” ។
ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ប្រទេសចិនបានជម្រុះចោលម៉ាស៊ីន ផ្សាយអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានភាពអន់ថយចំណុះ ១២០ លានគីឡូវ៉ាត់ ។ នាពេលថ្មីៗកន្លងទៅនេះ ប្រទេសចិនបានដាក់ចេញគម្រោង ការងារជាច្រើន និងវិធានការ ធានាជាច្រើន ដើម្បីបង្កបង្កើតជាប្រព័ន្ធ គោលនយោបាយសម្រាប់ការ កាត់បន្ថយការបញ្ចេញការបូន បន្ទាប់ពីឡើងដល់ចំណុចកំពូល និងអព្យាក្រឹតភាពកាបូន “1បូកN” ។ ក្រៅពីនេះ ប្រទេសចិនក៏បានសន្យាថា នឹងលែងសាងសង់គម្រោង ស្ថានីយអគ្គិសនីដើរ ដោយធ្យូងថ្មនៅបរទេសទៀត ។
នៅថ្ងៃទី២៨ ខែតុលា ប្រទេសចិន បានប្រគល់ជាផ្លូវការ នូវឯកសារពីរ គឺ《ការអនុវត្តរបស់ចិន ស្តីពីប្រសិទ្ធភាព នៃការរួមចំណែកដោយម្ចាស់ការនិង គោលដៅថ្មីនិងវិធានការថ្មី》 និង 《យុទ្ធសាស្ត្រអភិវឌ្ឍន៍ ស្តីពីការកាត់បន្ថយការ បញ្ចេញឧស្ម័ន ពីផ្ទះកញ្ចក់រយៈពេលយូរ នៃពាក់កណ្តាលសតវត្សរ៍ នេះរបស់ចិន》 ជូនលេខាធិការដ្ឋាននៃ 《អនុសញ្ញាស្តីពីបម្រែបម្រួលអាកាសធាតុ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ》។ លោកស្រី Patricia Espinosa លេខាធិការប្រតិបតិ្តនៃអនុញ្ញាបានលើកឡើងថា លោកស្រីមានការប្រាស្រ័យទាក់ទងយ៉ាងជិត ស្និទ្ធជាមួយប្រទេសG20 “ជាពិសេសគឺប្រទេសចិន ប្រទេសចិនមានឆន្ទៈយ៉ាងខ្លាំងក្លា ដើម្បីធ្វើតាមពាក្យសន្យារបស់ខ្លួន” ។
ការឆ្លើយតប នឹងបម្រែបម្រួល អាកាសធាតុជាការប្រឈមជាសកល ត្រូវពិភពលោក ទាំងមូល ធ្វើប្រតិបតិ្តការជាមួយគ្នា ។ កុំនិយាយតែម៉ាត់ និងគ្រោងផែនការ តែគ្មានការអនុវត្តជាក់ស្តែង មានសកម្មភាពមួយល្អប្រសើរ ជាងមានផែនការតែពុំបានអនុវត្ត ។ ការឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ចំណុចសំខាន់ គឺត្រូវមានប្រតិបតិ្តការជាក់ស្តែង ៕