នយោបាយ

វិភាគ ៖ អ៊ីរ៉ាក់ ធ្លាក់ចូលក្នុងភ្លើង អសន្តិសុខ ដោយសារការលូកដៃ ពីអាមេរិក និងអ៊ីរ៉ង់

បច្ចុប្បន្នភាព

មេដឹកនាំ របស់សហរដ្ឋអាមេរិក និងប្រទេស អ៊ីរ៉ង់ បានចេញសេចក្តី ថ្លែងការណ៍ ថ្កោលទោស ចំពោះការវាយប្រហារ ដោយយានដ្រូន ទៅលើលំនៅឋាន របស់នាយករដ្ឋមន្ត្រី ប្រទេស អ៊ីរ៉ាក់ លោក Mustafa al-Kadhimi ក្នុងការប៉ុនប៉ង ធ្វើឃាតនាយករដ្ឋមន្ត្រីរូបនេះ ។

មេដឹកនាំនៃប្រទេសទាំងពីរ គឺសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានចាត់ទុកការប៉ុនប៉ង ធ្វើឃាតលោកនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ជាអំពើភេរវកម្មដ៏អាក្រក់មួយ ទោះបីជាលោក Mustafa al-Kadhimi បានរួចផុតពីការបាត់បង់ជីវិត នៅក្នុងអំពើភេរវកម្មនោះក៏ដោយ ។

សូមរំលឹកជូនថា កាលពីព្រឹកថ្ងៃអាទិត្យ ទី៧ ខែវិច្ឆិកានេះ យានដ្រូនចំនួន៣គ្រឿង ដែលផ្ទុកដោយគ្រឿង ផ្ទុះដ៏មានឥទ្ធិពល (3 Drones laden with explosives) ត្រូវបានបញ្ជាអោយហោះហើរ ទៅវាយប្រហារលើលំនៅឋានផ្ទាល់របស់ លោក Mustafa al-Kadhimi នៅតំបន់បៃតង (Green area) ក្នុងទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់ ខណៈដែលលោកនាយករដ្ឋមន្ត្រីរូបនេះ កំពុងនៅក្នុងគេហដ្ឋាន ។

សូមបញ្ជាក់ជូនថា តំបន់បៃតងក្នុងទីក្រុង បាកដាដ គឺជាជាទីតាំងរស់នៅរបស់មន្ត្រីសំខាន់ៗ ក្នុងរដ្ឋាភិបាលអ៊ីរ៉ាក់ រួមទាំងជាទីតាំងនៃស្ថានទូត ក្រុមហ៊ុន ធនាគារ និងអង្គការធំៗនៅលើពិភពលោក ដែលមានការយាមកាមយ៉ាងតឹងតែង ក្នុងរយៈពេល២៤ម៉ោងលើ២៤ម៉ោង ។

កងកម្លាំង សន្តិសុខ បាននិយាយថា សន្តិសុខបានបាញ់ទម្លាក់ យានដ្រូន២គ្រឿង ក្នុងចំណោមយានដ្រូន ទាំង៣គ្រឿងនោះ ដោយមាន តែយានដ្រូន១គ្រឿងប៉ុណ្ណោះ ដែលបានវាយប្រហារចំគោលដៅ គឺចំគេហដ្ឋាន របស់លោកនាយករដ្ឋ ។

កងកម្លាំងសន្តិសុខជិត១០នាក់ បានរងរបួសក្នុងការវាយប្រហារ ដោយយានដ្រូន ទៅលើគេហដ្ឋានរបស់ លោក Mustafa al-Kadhimi និងបានបំផ្លាញបំផ្លាញ ទ្រព្យសម្បត្តិមួយចំនួន នៅក្នុងទីធ្លាគេហដ្ឋាននោះ ប៉ុន្តែមិនមានមនុស្សណាម្នាក់ បាត់បង់ជីវិតនោះទេ ។

កងកម្លាំងនគរបាលជំនាញ បានយកបំណែកយានដ្រូន២គ្រឿងដែលត្រូវបានបាញ់ទម្លាក់ ទៅពិនិត្យមើលថា តើជារបស់នរណា និងមានប្រភពចេញ ពីប្រទេសណា ប៉ុន្តែរហូតដល់ពេលនេះ នៅមិនទាន់មានការបំភ្លឺនៅឡើយ ទាំងក្រុមដៃដល់ក៏មិនទាន់ដឹងនៅឡើយដែរ ។

នេះជាលើដំបូងហើយក្នុង រយៈពេលជិត២០ឆ្នាំសម្រាប់ប្រទេសអ៊ីរ៉ាក់ ដែលមានយានដ្រូន ដល់ទៅ៣គ្រឿង ត្រូវបានបង្ហោះអោយ ទៅវាយប្រហារលើគេហដ្ឋាន របស់នាយករដ្ឋមន្ត្រី ក្រោយពីសហរដ្ឋអាមេរិក បានធ្វើអន្តរាគមន៍ យោធាចូលក្នុងប្រទេសនេះ ។

កាលពីឆ្នាំ២០០៣ សហរដ្ឋអាមេរិក បានវាយប្រហារផ្តួលរំលំរបបដឹកនាំ របស់អតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein ដោយចោទប្រកាន់មេដឹកនាំ របស់ប្រទេសនេះពីបទលបលួច ផលិតអាវុធនុយក្លេអ៊ែរ ប៉ុន្តែក្រោយពីបានផ្តួលរំលំរដ្ឋាភិបាល Saddam Hussein សហរដ្ឋអាមេរិករកមិនឃើញអាវុធនុយក្លេអ៊ែរនោះទេ ។

ចាប់តាំងពីឆ្នាំ ២០០៣ ក្រោយពីអាមេរិក បានធ្វើអន្តរាគមន៍យោធា ចូលក្នុងប្រទេសអ៊ីរ៉ាក់ ប្រទេសនេះ មិនមានសន្តិភាពទេ ដោយមានការ វាយប្រហារភេរវកម្ម ការប៉ះទង្គិចគ្នាដោយអាវុធ និងមានអំពើបះបោរនានា នៅក្នុងប្រទេសនេះ រហូតដល់មានទាំងក្រុមរដ្ឋអ៊ីស្លាម IS ដែលជាក្រុមភេរវករជ្រុលនិយម ។

ប្រជាពលរដ្ឋរបស់ប្រទេសអ៊ីរ៉ាក់ បានរស់នៅក្នុងភាព ភ័យខ្លាចអស់រយៈពេលជិត២០ឆ្នាំ ខណៈដែលសហរដ្ឋអាមេរិក បានព្យាយាមប្រែត្រឡប់ប្រទេសអ៊ីរ៉ាក់ អោយក្លាយជាប្រទេស មានលទ្ធិប្រជាធិបតេយ្យ និង គាំទ្រអាមេរិក ប៉ុន្តែអ៊ីរ៉ាក់មិនទាន់ក្លាយ ជាប្រទេសប្រជាធិបតេយ្យ ទៅតាមការចង់បាន របស់សហរដ្ឋអាមេរិកនោះទេ ។

សហរដ្ឋអាមេរិក បានដាក់ពង្រាយកងកម្លាំងយោធា របស់ខ្លួន រួមទាំងកងកម្លាំង របស់ប្រទេសជាសម្ព័ន្ធមិត្ត ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋអ៊ីរ៉ាក់ ប៉ុន្តែផ្ទុយទៅវិញ ប្រទេសនេះបានក្លាយជាទីតាំង ដ៏រឹងមាំរបស់ក្រុមជ្រុលនិយមនានា មានក្រុមភេរវកម្ម អាល់កៃដា និងក្រុមរដ្ឋអ៊ីស្លាម IS ឬ ISIS ដែលមិនត្រឹមតែវាយប្រហារភេរវកម្មនៅប្រទេសអ៊ីរ៉ាក់ទេ ថែមទាំងវាយប្រហារ នៅពាសពេញពិភពលោក ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់លូកដៃ ចូលក្នុងប្រទេសអ៊ីរ៉ាក់ គឺដោយសារប្រទេសទាំងពីរនេះ មានគោលដៅពង្រឹក ឥទ្ធិពលយោធានៅក្នុងតំបន់មជ្ឈិមបូព៌ាដូចគ្នា ដោយអ៊ីរ៉ង់ និងអ៊ីរ៉ាក់ មានព្រំដែនជាប់គ្នា ។

សហរដ្ឋអាមេរិក ចង់យកប្រទេសអ៊ីរ៉ាក់ជាទីតាំងដាក់ពង្រាយកងទ័ពរបស់ខ្លួន ដើម្បីដាក់សម្ពាធខាងយោធា លើប្រទេសអ៊ីរ៉ង់ ដែលនេះ គឺជាមូលហេតុនាំអោយសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍យោធាផ្តួលរំលំរដ្ឋាភិបាល របស់អតីតប្រធានាធិបតីអ៊ីរ៉ាក់ លោក Saddam Hussein កាលពីឆ្នាំ២០០៣កន្លងទៅ ។

សហរដ្ឋអាមេរិក បានចំណាយគ្រប់បែបយ៉ាង ទាំងលុយកាក់ ទាំងកងកម្លាំង យោធា និងទាំងគ្រឿងយុទ្ធោបករណ៍ ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ពេលបច្ចុប្បន្ន ដើម្បីបង្វែរអ៊ីរ៉ាក់អោយក្លាយ ជាប្រទេសប្រជាធិបតេយ្យរឹងមាំ និងអាចទប់ទល់ជាមួយប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសជិតខាងរបស់ខ្លួនបាន ។

ប៉ុន្តែផ្ទុយទៅវិញ ក្នុងរយៈពេលជិត២០ឆ្នាំកន្លងមកនេះ ប្រទេសអ៊ីរ៉ាក់ មិនបានក្លាយខ្លួនជាប្រទេសប្រជាធិបតេយ្យ និងរឹងមាំទៅតាមការចង់ បានរបស់សហរដ្ឋអាមេរិកនោះទេ ដោយប្រទេសនេះ បានធ្លាក់ចូលទៅក្នុងដៃប្រទេសអ៊ីរ៉ង់កាន់តែខ្លាំង ។

ចំណែកប្រទេសអ៊ីរ៉ង់ បានពង្រឹកឥទ្ធិពល របស់ខ្លួនកាន់តែខ្លាំងនៅក្នុងប្រទេសអ៊ីរ៉ាក់ តាមរយៈការគាំទ្រដល់អ្នកនយោបាយ និងក្រុមសកម្មប្រយុទ្ធប្រមាណ ៨ក្រុមនៅក្នុងប្រទេសអ៊ីរ៉ាក់ និងញុះញង់អោយប្រជាពលរដ្ឋអ៊ីរ៉ាក់ ស្អប់ខ្ពើមអាមេរិកកាន់តែខ្លាំង ។

ការលូកដៃចូលក្នុងប្រទេសអ៊ីរ៉ាក់ ពីសហរដ្ឋអាមេរិក និងប្រទេសអ៊ីរ៉ង់ នេះហើយ ដែលជាកត្តាដ៏សំខាន់ ក្នុងការរុញទម្លាក់ប្រទេសអ៊ីរ៉ាក់ អោយធ្លាក់ក្នុងភ្លើងអសន្តិសុខ រហូតដល់ពេលបច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋ អ៊ីរ៉ាក់ គឺជាអ្នកទទួលផល វេទនាខ្លោចផ្សារ ពីការដណ្តើមឥទ្ធិពល នៃប្រទេសទាំងពីរ ៕
ដោយ ៖ អ៊ី ជិន

To Top