នយោបាយ

វិភាគ ៖ ចិន ព្រមានប្រឆាំង សង្គ្រាមត្រជាក់ សម័យថ្មី នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក

បច្ចុប្បន្នភាព

ប្រធានាធិបតី របស់ប្រទេសចិន លោក Xi Jinping បានចេញនូវការព្រមានមួយ នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ប្រឆាំងនឹងសង្គ្រាមត្រជាក់ ក្នុងយុគសម័យថ្មី នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលនាំអោយមានភាព តានតឹងក្នុងតំបន់ ។

ស្របពេលជាមួយគ្នានោះដែរ លោក Xi Jinping ក៏បានជំរុញសហគមន៍អន្តរជាតិ អោយបង្កើន កិច្ចសហប្រតិបត្តិការ ជាលក្ខណៈសកល ក្នុងការធ្វើអោយប្រសើរឡើងវិញ នូវការឆ្លងរាលដាលវីរុសCovid-19 និងកិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំង នឹងបម្រែបម្រួល អាកាសធាតុសកល ។
ការព្រមានរបស់ប្រធានាធិបតីចិន ត្រូវបានធ្វើឡើង ខណៈដែលមានភាពតានតឹងកាន់តែខ្លាំង ជាមួយកោះតៃវ៉ាន់ បន្ទាប់ពីសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានបញ្ជូនមន្ត្រីរបស់ខ្លួន ទៅកាន់កោះតៃវ៉ាន់ ដែលចិនបានចាត់ទុកថា ជាសកម្មភាពបង្ករឿង ។

សូមរំលឹកជូនថា កាលពីថ្ងៃទី៤ ខែវិច្ឆិកានេះ គណៈប្រតិភូផ្លូវការ របស់សហភាពអឺរ៉ុប បានធ្វើដំណើរទស្សនកិច្ច ជាលើកដំបូងទៅកាន់កោះតៃវ៉ាន់ ហើយគណៈប្រតិភូអឺរ៉ុប បានថ្លែងថា កោះតៃវ៉ាន់ នឹងមិននៅម្នាក់ ឯកោនោះទេ ។
ដំណើរទស្សនកិច្ច របស់គណៈប្រតិភូអឺរ៉ុបទៅកាន់កោះតៃវ៉ាន់ បានធ្វើអោយប្រមុខដឹកនាំ របស់ប្រទេសចិនច្រឡោតខឹងយ៉ាងខ្លាំង និងបានចោទប្រកាន់ សហភាពអឺរ៉ុប ពីបទជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន ។

កាលពីថ្ងៃអង្គារ ខែឆ្នាំដដែលនេះ សហរដ្ឋអាមេរិក ក៏បានបញ្ជូនគណៈប្រតិភូសមាជិកសភារបស់ខ្លួនទៅបំពេញទស្សនកិច្ច នៅកោះតៃវ៉ាន់ផងដែរ ដែលធ្វើអោយប្រទេសចិន ច្រឡោតខឹងកាន់តែខ្លាំង និងបានហោះហើរយន្តហោះចម្បាំង ចំនួន៦គ្រឿង ចួលទៅក្នុងដែនអាកាសរបស់កោះតៃវ៉ាន់ ស្របពេលនៃដំណើរទស្សនកិច្ច របស់សមាជិកសភាអាមេរិក ។

ខណៈដែលគណៈប្រតិភូ ផ្លូវការរបស់សហភាពអឺរ៉ុប និងគណៈប្រតិភូសមាជិកសភា របស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ក្រសួងការពារជាតិ របស់ប្រទេសចិន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយចោទប្រកាន់ដំណើរ ទស្សនកិច្ចរបស់មន្ត្រីអឺរ៉ុប និងអាមេរិក ពីបទជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងពីបទធ្វើសកម្មភាពបង្ករឿង ជាមួយប្រទេសចិន និងប្រទេសក្នុងតំបន់ ។

សូមបញ្ជាក់ជូនថា ចាប់តាំងពីដើមឆ្នាំ២០២១នេះ ភាពតានតឹងរវាងប្រទេសចិន និងកោះតៃវ៉ាន់ បានកើនឡើងកាន់តែខ្លាំង ក្រោយពីកោះតៃវ៉ាន់ បានទទួលគ្រឿងសព្វាវុធកាន់តែច្រើន ពីសហរដ្ឋអាមេរិក ទៅតាមកិច្ចសន្យាទិញលក់អាវុធ ។
គ្រឿងសព្វាវុធ ដែលកោះតៃវ៉ាន់ ទទួលបានពីសហរដ្ឋអាមេរិក គឺមានយន្តហោះចម្បាំង នាវាចម្បាំង រថគ្រោះ កាំភ្លើង និងគ្រឿង យុទ្ធោបករណ៍ ជាច្រើនប្រភេទទៀត ដែលកោះតៃវ៉ាន់បានអះអាងថា គឺជាគ្រឿងយុទ្ធោបករណ៍ សម្រាប់ការពារ សន្តិសុខជាតិ ។

ក្រោយពីតៃវ៉ាន់ បានទទួលគ្រឿងយុទ្ធោបករណ៍ ពីសហរដ្ឋអាមេរិក ប្រទេសចិន ក៏បានចាប់ផ្តើមសម្ពាធខាងយោធា កាន់តែខ្លាំងលើកោះតៃវ៉ាន់ផងដែរ ដោយយន្តហោះចម្បាំងរបស់ប្រទេសចិនប្រមាណ ១៤៩គ្រឿង បានហោះហើរចូលទៅក្នុងដែនអាកាស របស់កោះតៃវ៉ាន់ ក្នុងរយៈពេលត្រឹមតែ ៤ថ្ងៃ កាលពីខែតុលា ។

មន្ត្រីការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយថា ប្រទេសចិន នៅតែដាក់សម្ពាធខាងយោធា លើកោះនេះចាប់តាំងពីខែតុលា រហូតដល់ពេលបច្ចុប្បន្ននេះ តាមរយការបញ្ជូនយន្តហោះចម្បាំង អោយហោះហើរចូលក្នុងដែនអាកាស របស់តៃវ៉ាន់ និងបញ្ជូននាវាចម្បាំងជាច្រើនគ្រឿង អោយធ្វើដំណើរឆ្លងកាត់ ចក្រសមុទ្រ Taiwan Strait របស់កោះតៃវ៉ាន់ ។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសចិន មិនត្រឹមតែដាក់ សម្ពាធ ខាងយោធាលើកោះតៃវ៉ាន់ប៉ុណ្ណោះទេ ចិនថែមទាំងដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើកោះតៃវ៉ាន់ ដោយបិទការ នាំចូលផលិតផល ផ្លែឈើជាច្រើនប្រភេទពីកោះតៃវ៉ាន់ រួមទាំងដាក់ទណ្ឌកម្ម លើនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងរដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់ មិនអោយធ្វើដំណើរទៅជាន់ដីចិន ដីគោកផងដែរ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំ អោយប្រធានាធិបតី របស់ប្រទេសចិន លោក Xi Jinping បានព្រមានប្រឆាំង នឹងសង្គ្រាមត្រជាក់ ក្នុងយុគសម័យថ្មី នៅតំបន់ អាស៊ី-ប៉ាស៊ីហ្វិក គឺដោយសារមេដឹកនាំ របស់សហរដ្ឋអាមេរិក បានប្រកាស ជាចំហច្រើន លើកច្រើនសាថា ចិន គឺជាប្រទេសតែមួយគត់ នៅលើពិភពលោក ដែលជាគូប្រជែង ដ៏គ្រោះថ្នាក់សម្រាប់ សហរដ្ឋអាមេរិក ។

លោក Peter Jennings នាយកប្រតិបត្តិវិទ្យាស្ថាននយោបាយយុទ្ធសាស្ត្រ របស់ប្រទេសអូស្ត្រាលី (Australian Strategic Policy Institute) បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើសកម្មភាពជាច្រើន នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រឆាំងនឹងឥទ្ធិពល នយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងឥទ្ធិពលយោធារបស់ប្រទេសចិនក្នុងតំបន់ ។

លោក Peter Jennings បានបន្ថែមថា មេដឹកនាំរបស់ប្រទេសចិន និង សហរដ្ឋអាមេរិក បានប្រកាសច្រានចោលជាញឹកញាប់ នូវការលើកឡើងពាក់ព័ន្ធ នឹងការបង្កអោយមានសង្គ្រាម ត្រជាក់ រវាងប្រទេសទាំងពីរ នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ប៉ុន្តែប្រទេសទាំងពីរ មិនបានបន្ធូរបន្ថយសកម្មភាព សង្គ្រាមត្រជាក់ជាមួយគ្នានោះទេ ។

សហរដ្ឋអាមេរិក កំពុងរុញ ច្រានប្រទេស និងដែនដីមួយចំនួន នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកមាន កោះតៃវ៉ាន់ ប្រទេសអូស្រ្តាលី ហ្វីលីពីន និងប្រទេសមួយចំនួនទៀត អោយប្រឈមមុខខាងយោធា ជាមួយប្រទេសចិន តាមរយៈការលក់អាវុធ និងផ្តល់ផលប្រយោជន៍ ពាណិជ្ជកម្មអោយទៅប្រទេស និងដែនដីទាំងនោះ ។

ចំណែកប្រទេសចិន ក៏បានធ្វើសកម្មភាព ទប់ទល់នឹងយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនេះដែរ ដោយចិន បានពង្រឹងឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់ តាមរយៈការធ្វើសមយុទ្ធ និង ការបាញ់សាកល្បងមីស៊ីលអ៊ីពែសូនិក ដែលមានល្បឿនលឿន ជាងសម្លេង៥ដង រួមទាំងផ្តល់ផលប្រយោជន៍ សេដ្ឋកិច្ចដល់ប្រទេសក្នុងតំបន់ផងដែរ ។

សរុបសេចក្តីមក ទាំងអាមេរិក និងទាំងចិន កំពុងធ្វើសង្គ្រាម ត្រជាក់ជាមួយគ្នានៅលើទីតាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក តាមរយៈការដណ្តើមយក ប្រទេសក្នុងតំបន់អោយចូលរួម ជាមួយខ្លួនលើគ្រប់វិស័យ ក្នុងយុទ្ធពង្រីកឥទ្ធិពលសង្គ្រាមត្រជាថ្មីបែបថ្មី ៕
ដោយ ៖ អ៊ី ជិន

To Top
×