នយោបាយ

មនុស្សចាស់ គ្មានទីពឹង ក្នុងរដូវរងារ គឺជាគោលដៅសំខាន់ របស់សម្ដេចតេជោ

ភ្នំពេញ ៖ មនុស្សចាស់ដែលគ្មានទីពឹង នៅក្នុងរដូវរងារដែលនឹងឈានចូល មកដល់ឆាប់ៗនេះ គឺជាគោលដៅសំខាន់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ។ សម្តេចបានអំពាវនាវដល់សមាជិកគ្រួសារ និងអាជ្ញាធរ ត្រូវយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹង ក្នុងរដូវរងារ ព្រោះរដូវនេះ តែងតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនេះ វាងាយនាំទៅដល់ការឆ្លងជំងឺកូវីដ-១៩ ។

ការយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ឬមនុស្សគ្មានទីពឹង នៅពេលរដូវរងារ ត្រូវឲ្យពួកគាត់មានភាពកក់ក្ដៅ តាមរយៈផ្ដល់ មុង ភួយ ជាដើម ។ នេះជាប្រសាសន៍របស់សម្តេចតេជោ។

តាមរយៈសារសំឡេង នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ បានមានប្រសាសន៍ថា រដូវភ្លៀងនៅកម្ពុជាជិតបញ្ចប់ ជំនួសដោយរដូវត្រជាក់ ឬរដូវរងារ ដូច្នេះប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាពឲ្យបានល្អ ក្នុងកាលៈទេសៈ កម្ពុជាមិនទាន់បញ្ចប់ជំងឺកូវីដ-១៩ ព្រោះនៅពេលរដូវរងារ ជំងឺឆ្លងផ្សេងៗ តែងតែមានកើតឡើង ។

សម្ដេចតេជោបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវ ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមមេត្តាយកចិត្តទុកដាក់ ចំពោះមនុស្សចាស់ដែលពុំមានទីពឹង ។ មានន័យថា មនុស្សចាស់ដែលពុំមានកូនចៅនៅជិត ត្រូវផ្តល់នូវសម្ភារៈចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានភាពកក់ក្តៅ នៅក្នុងកាលៈទេសៈ ដែលត្រូវឆ្លងកាត់ក្នុងដំណាក់កាលនៃរដូវរងារនេះ។ សូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សប្បុរសជន ក៏ជាកាកបាទក្រហមគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់ទៅលើ អ្នកដែលពុំមានទីពឹង ដែលពួកគាត់ងាយនឹងរងគ្រោះដោយសារជំងឺផ្សេងៗ ជាពិសេសកូវីដ-១៩ តែម្ដង»។

លើសពីនេះទៀត សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់ចៅអធិការវត្ត ត្រូវយកចិត្តទុកដាក់ ចំពោះយាយជីតាជី ដែលបានទៅសុំសីល៍ នៅតាមទីវត្តអារាមនានា ធ្វើយ៉ាងណាផ្តល់ភាពកក់ក្តៅឲ្យពួកគាត់ តាមរយៈនៃការផ្តល់ជាភួយ ជាមុង សូម្បីព្រះសង្ឃមានវ័យចាស់ជរា ក៏ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពពួកគាត់ដែរ ។

សម្ដេចតេជោបញ្ជាក់ទៀតថា «រដូវរងារតែងតែនាំមកនូវជំងឺផ្សេងៗ ជាពិសេសផ្តាសាយ ហើយផ្តាសាយនេះ នៅក្នុងពេលកំពុងកើតមាន ជំងឺកូវីដ១៩នេះ វាងាយនាំទៅដល់ការឆ្លង នៃជំងឺកូវីដ១៩ ពិតប្រាកដ»។

សម្ដេចតេជោ បន្ថែមថា «ដូច្នេះជារួមសារមួយនេះ ខ្ញុំសំដោអំពាវនាវជូន ចំពោះប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ការពារសុខភាព ក្នុងរយៈពេលនៃរដូវរងារ រដូវរំហើយនេះ ដែលធម្មតាតែងតែមានជំងឺឆ្លង នៅក្នុងដំណាក់កាលនៃប្រទេស របស់យើងពុំទាន់បញ្ចប់កូវីដ-១៩ ។ ហានិភ័យនៅមានខ្ពស់នៅឡើយ ប៉ុន្តែប្រសិនបើយើងទាំងអស់គ្នា មានការយកចិត្តទុកដាក់ថែទាំសុខភាព គឺយើងអាចនឹងឆ្លងកាត់បាននៅក្នុងដំណាក់កាល ដែលនឹងមកដល់ពេលខ្លីខាងមុខនេះ»៕

To Top