នយោបាយ

វិភាគ: អាមេរិក ប្រើយុទ្ធសាស្ត្ររុញប្រទេសនៅអាស៊ីអាគ្នេយ៍ ឲ្យប្រឈមមុខជាមួយចិន

​នៅយុគ្គសម័យថ្មីនេះ សហរដ្ឋអាមេរិក នៅតែប្រើប្រាស់យុទ្ធសាស្ត្រ ចាស់ដដែលក្នុងការជាន់ពន្លិចប្រទេសដែលជាគូប្រជែង ឥទ្ធិពលរបស់ខ្លួន ដោយរុញច្រានប្រទេស ក្នុងតំបន់គូប្រជែងអោយប្រឈមមុខជំនួសសហរដ្ឋអាមេរិក និងយុទ្ធសាស្ត្របំបែកម្លាំង ។

ចាប់តាំងពីរដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ រហូតមកដល់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានចាត់ទុកប្រទេសចិនជាគូប្រជែងដ៏គ្រោះថ្នាក់ និងមានរយៈពេលយូរ សម្រាប់សហរដ្ឋអាមេរិក ។

ជាគូប្រជែងដ៏គ្រោះថ្នាក់ និងមានរយៈពេលយូរ សម្រាប់សហរដ្ឋអាមេរិក គឺដោយសារប្រទេសចិន បានបង្កើនឥទ្ធិយ៉ាងខ្លាំងក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាំងឥទ្ធិពលខាងការទូ ខាងយោធាសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទាំងឥទ្ធិពលខាងយោធា ។

ជាយុទ្ធសាស្ត្រជាន់ពន្លិចឥទ្ធិពល ទាំងអស់ខាងលើរបស់ប្រទេសចិន សហរដ្ឋអាមេរិកកំពុងបញ្ចុះបញ្ចូលប្រទេសក្នុងតំបន់អាស៊ី ដែលជាតំបន់ជាមួយប្រទេសចិន អោយងើបឈរឡើងប្រឆាំងជាមួយចិន លើសកម្មភាពអវិជ្ជមាន មួយចំនួនរបស់ចិន ។

លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេស របស់សហរដ្ឋអាមេរិក បាននិយាយថា លោក Antony Blinken រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ នឹងធ្វើដំណើរទស្សនកិច្ចនៅជុំវិញពិភពលោកចាប់ពីថ្ងៃសុក្រ ទី១០ ខែធ្នូ ចុងឆ្នាំ២០២១នេះ ។

លោក Ned Price បានបន្ថែមថា លោក Antony Blinken នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Liverpool ចក្រភពអង់គ្លេស ចាប់តាំងពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំកំពូលបណ្តាប្រទេស មានឧស្សាហកម្មលូតលាស់ទាំង៧ (G7) ដែលត្រូវបានរៀបចំឡើងដោយអង់គ្លេស និងមានការចួលរួមពីប្រទេស ជាសមាជិកផ្សេងទៀត រួមទាំងស្ថាប័ន និងអង្គការដៃគូជាច្រើនទៀត ។

បន្ទាប់ពីកិច្ចប្រជុំ G7 នៅចក្រភពអង់គ្លេស លោក Antony Blinken នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសមួយចំនួន នៅតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន (ASEAN) ក្នុងគោលបំណងជាច្រើនពាក់ព័ន្ធនឹង បញ្ហាក្នុងតំបន់ជាមួយ សហរដ្ឋអាមេរិក ។

ប្រទេសសមាជិកអាស៊ាន ដែលជាគោលដៅនៃ ដំណើរទស្សនកិច្ចរបស់លោក Antony Blinken គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ ដោយរដ្ឋមន្ត្រីការបរទេសរូបនេះ នឹងពិភាក្សាជាមួយមេដឹកនាំរបស់ប្រទេសទាំង៣ អំពីបញ្ហាសន្តិសុខ និងពាណិជ្ជកម្ម ។

ការពង្រីកឥទ្ធិពលយោធា និងការអះអាងយកកម្មសិទ្ធិ កាន់កាប់ដែនទឹកភាគច្រើន នៅសមុទ្រចិនខាងត្បូងរបស់ប្រទេសចិន គឺជាកម្មវត្ថុចាំបាច់ក្នុង ដំណើរស្សនកិច្ចរបស់លោក Antony Blinken មកកាន់តំបន់អាស៊ីអាគ្នេយ៍ ជាពិសេស គឺប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ ដែលជាប្រទេសគោលដៅ នៃដំណើរទស្សនកិច្ចនេះ ។

សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន ពីបទបំភិតបំភ័យ និងដាក់សម្ពាធលើបណ្តាប្រទេសក្នុងតំបន់ ជាពិសេសលើប្រទេសដែល មានជម្លោះជាមួយចិនអំពី បញ្ហានៅសមុទ្រចិនខាងត្បូង មានប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ព្រុយណេ និងប្រទេសវៀតណាម រួមទាំងកោះតៃវ៉ាន់ផងដែរ ។

ក្នុងដំណើរទស្សនកិច្ចមកកាន់ប្រទេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ លោក Antony Blinken នឹងពិភាក្សាជាមួយប្រទេស ដៃគូអំពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខក្នុងតំបន់ ដើម្បីឆ្លើយតបទៅនឹងការវាទីអំណាច ការបំភិតបំភ័យ និងការគំរាមកំហែងពីប្រទេសចិនលើប្រទេសក្នុងតំបន់ នៅសមុទ្រចិនខាងត្បូង ។

វិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា ក៏ជាវត្ថុបំណងផងដែរ ក្នុងដំណើរទស្សនកិច្ចរបស់លោក Antony Blinken ដោយរដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិករូបនេះ នឹងជួបពិភាក្សាជាមួយដែគូសំខាន់ៗក្នុងតំបន់ ជាពិសេសជាមួយអាស៊ាន ដើម្បីទម្លុះទម្លាយភាពជាប់គាំងក្នុងវិបត្តិនយោបាយនៅសហភាពមីយ៉ានម៉ា ដែលបានអូសបន្លាយ អស់រយៈពេលជាង១០ខែ និងធ្លាក់កាន់តែជ្រៅមិនអាចដោះស្រាយបាន ។    ​

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយសហរដ្ឋអាមេរិក ប្រើប្រាស់យុទ្ធសាស្ត្រជាន់ពន្លិច ឥទ្ធិពលរបស់ប្រទេសចិន ដោយរុញច្រានបណ្តាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ អោយប្រឈមមុខជាមួយប្រទេសចិន គឺដោយសារនេះជាយុទ្ធសាស្ត្រ ដែលអាមេរិកធ្លាប់បាន ទទួលជោគជ័យ ។

ការប្រជែងដណ្តើមឥទ្ធិពល គ្នារបស់ប្រទេសមហាអំណាច គឺជាសង្គ្រាមត្រជាក់ដែលនាំអោយមានគ្រោះថ្នាក់ដល់ប្រទេសជាច្រើន នៅលើពិភពលោក ហើយសង្គ្រាមត្រជាក់នេះ ធ្លាប់កើនឡើងម្តងហើយរវាងសហរដ្ឋអាមេរិក និងអតីតសហភាពសូវៀត ។

មហាអំណាចទាំងពីរ បានប្រើយុទ្ធសាស្ត្រគ្រប់បែបយ៉ាង ដើម្បីទាញយកប្រទេសនានានៅជុំវិញពិភពលោកអោយ នៅខាងក្រុមរបស់ខ្លួន ដោយអាមេរិកក៏ព្យាយាមអូសទាញ និងអតីតសហភាពសូវៀតក៏ព្យាយាមអូសទាញដូចគ្នា រហូតដល់ប្រទេសមួយចំនួន បានបែកបាក់ជាពីរ ឬច្រើនផ្នែក ឬក៏ធ្លាក់ចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម ។

ដោយសារតែសង្គ្រាមត្រជាក់នោះ ប្រទេសវៀតណាមស្ទើរ តែបែកជាពីរចំណែក គឺវៀតណាមខាងត្បូង និងខាងជើង ហើយកូរ៉េខាងជើង និងខាងត្បូង ក៏បានបែកគ្នាជាពីរផ្នែករហូតដល់បច្ចុប្បន្ននេះ ក៏ដោយសារសង្គ្រាម ត្រជាក់រវាងអាមេរិក និងសូវៀតដែរ ។

សង្គ្រាមត្រជាក់រវាងអាមេរិក និងអតីតសហភាពសូវៀត បានផុតរលត់ទៅកាលពីឆ្នាំ១៩៩០ ក្រោយពីសូវៀតបានដួលរលំ ដោយសារអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ដែលហៅកាត់ថា ណាតូ (North Atlantic Treaty Organization) (NATO) ដែលត្រូវបានបង្កើតឡើងដោយសហរដ្ឋអាមេរិក ក្នុងគោលដៅផ្តួលរំលំ អតីតសហភាពសូវៀត ។

នៅពេលបច្ចុប្បន្ននេះ សង្គ្រាមត្រជាក់រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ហាក់ដូចជាលេចចេញរូបរាងកាន់តែច្បាស់ ដែលនាំអោយមានក្តីបារម្ភ នៅទូទាំងពិភពលោក ហើយសហរដ្ឋអាមេរិកកំពុងប្រើប្រាស់យុទ្ធសាស្ត្រដដែល គឺប្រមូលប្រទេសក្នុងតំបន់អោយ ប្រឈមមុខជាមួយចិន មានដូចជាកោះតៃវ៉ាន់ ប្រទេសអូស្ត្រាលី និងប្រទេសផ្សេងទៀត ៕ ដោយ៖ អ៊ី ជិន

To Top