នយោបាយ

វិភាគ ៖ ចិនប្រាប់អាមេរិក ឲ្យងាកមករកមាគ៌ា សន្តិសហវិជ្ជមាន ប្រសើរជាងចាប់ យកគំនិតគាំពារនិយម

បច្ចុប្បន្នភាព

ប្រទេសចិន បានប្រាប់សហរដ្ឋអាមេរិក អោយងាកបែរមករកមាគ៌ា សន្តិសហវិជ្ជមានដោយមនុស្សទាំងអស់ នៅលើពិភពលោក អាចរួមរស់ជាមួយគ្នា ក្នុងសន្តិភាព និងការអភិវឌ្ឍន៍ ដែលប្រសើរជាងការចាប់ យកផ្នត់គំនិតគាំពារនិយម និងអាត្មានិយម ។

នេះជាការលើកឡើងរបស់លោក ស៊ី ជីនពីង ប្រធានាធិបតីរបស់ប្រទេសចិននៅក្នុងវេទិកា សេដ្ឋកិច្ចប្រចាំឆ្នាំជាលើកទី២ តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃចន្ទ ទី១៧ ខែមករានេះ ខណៈដែលស្ថានភាពឆ្លងវីរុសកូវីដ-១៩នៅមិនទាន់ធូរស្រាលនៅឡើយ ។

លោក ស៊ី ជីនពីង បានថ្លែងថា សហរដ្ឋអាមេរិកគួរតែជម្រុះចោលនូវផ្នត់គំនិតសម័យសង្គ្រាមត្រជាក់ ដែលយកអំណាច និងកម្លាំងបាយ ទៅគ្របដណ្តប់លើប្រទេសតូចតាច ដើម្បីបង្ខិតបង្ខំប្រទេសទាំងនោះអោយដើរតាមគន្លងរបស់ខ្លួន ។

ប្រធានាធិបតីចិនរូបនេះ បានបញ្ជាក់ថា នៅពេលបច្ចុប្បន្ននេះ ពិភពលោកហាក់ដូចជានៅឃ្លាតឆ្ងាយនៅឡើយពីភាពស្ងប់សុខ និងសន្តិភាពបរិបូរណ៍ ដោយសារតែប្រទេសមហាអំណាចមួយចំនួន បានប្រើប្រាស់វោហារញុះញង់ និងធ្វើសកម្មភាពបង្ករឿង ដែលនាំអោយមានជម្លោះ និងរុញច្រានប្រទេសតូចតាចអោយធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ។

វោហារញុះញង់ និងធ្វើសកម្មភាពបង្ករឿង បានបំផុសអោយប្រទេសមួយចំនួនស្អប់ខ្ពើមគ្នា និងរើសអើងគ្នា រហូតដល់មានការបែងចែកជាក្រុម ដែលជាកត្តាសំខាន់នាំអោយបាត់បង់សន្តិភាព និងភាពស្ងប់សុខរបស់មនុស្សនៅលើពិភពលោក ។

លោក ស៊ី ជីនពីង ក៏បានលើកឡើងផងដែរ អំពីការប្រកាន់យកគោលនយោបាយ គាំពារនិយម (America First) ដែលត្រូវបានបង្កើតឡើង ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលគោលនយោបាយនេះ មិនអាចជួយគាំពារប្រទេស ផ្សេងបានទេ តែវាជានយោបាយទទួល ផលប្រយោជន៍តែម្នាក់ឯងប៉ុណ្ណោះ ។

គោលនយោបាយគាំពារនិយម (America First) មិនត្រឹមតែមិនអាចជួយ ដល់ប្រទេសផ្សេងបានទេ ដែលកាន់តែធ្ងន់ធ្ងរថែមទៀតនោះ គោលនយោបាយនេះ គឺជាគ្រោះថ្នាក់បំផុត សម្រាប់ពិភពលោកនៅពេលខាងមុខ នៅពេលដែលសហរដ្ឋអាមេរិក យកទៅអនុវត្ត ដើម្បីពង្រីកអនុត្តរភាព របស់ខ្លួននៅលើឆាកអន្តរជាតិ ។

ប្រទេសតូចតាចនានានៅទូទាំងពិភពលោក នឹងទទួលរងការគំរាមកំហែង ពីគោលនយោបាយនេះ ដែលជាសម្ពាធដ៏ធ្ងន់ធ្ងរផ្នែកការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយ ដោយសារតែការដាក់សម្ពាធ ពីសំណាក់សហរដ្ឋអាមេរិក ។

ក្នុងវេទិកាសេដ្ឋកិច្ចប្រចាំឆ្នាំនោះ លោក ស៊ី ជីនពីង ក៏បានថ្លែងការពារ គោលការណ៍ពហុភាគីនិយម និងបានជំរុញប្រទេសនានា នៅទូទាំង ពិភពលោកអោយសហការគ្នា ជាធ្នុងមួយ ដើម្បីដោះស្រាយ បញ្ហាប្រឈម ជាលក្ខណៈសកល ដែលជាបញ្ហារួមសម្រាប់ពិភពលោក ។
លោក ស៊ី ជីនពីង បានជំរុញ អោយពិភពលោកចៀសវាង អោយបាននូវការបង្កើតបក្សពួក ការគំរាមកំហែង និងការបំភិតបំភ័យ ដែលនាំអោយមានគ្រោះថ្នាក់ ដល់ប្រទេសតូចតាច និងទន់ខ្សោយ ដោយសារតែការពង្រីក អនុត្តរភាពរបស់ប្រទេសមហាអំណាច ។

ការសាងទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការល្អ គឺជាមធ្យោបាយដ៏ត្រឹមត្រូវតែមួយគត់ ក្នុងការដោះស្រាយបញ្ហាសកល ដូចជាការទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ជាដើម រួមទាំងបញ្ហាសកលផ្សេងទៀតទាំងនៅពេលបច្ចុប្បន្ន និងពេលអនាគត ។
មេដឹកនាំចិនរូបនេះ ក៏បានព្រមានមិនចំឈ្មោះប្រទេសណាមួយ ប្រឆាំងនឹងសកម្មភាពនិយមជ្រុលផ្នែកមនោគមន៍វិទ្យា បញ្ហាសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលការនិយមជ្រុលនេះ នឹងមិននាំផលប្រយោជន៍សម្រាប់ពិភពលោកនោះទេ ។

ប្រវត្តិសាស្ត្រ បានបង្ហាញអោយពិភពលោកឃើញ ច្បាស់ហើយថា ការប្រឈមមុខដាក់គ្នា រវាងប្រទេសមហាអំណាច នឹងមិនមានផលប្រយោជន៍អ្វីនោះទេ ក្រៅតែពីធ្វើអោយប្រទេស ជាច្រើននៅលើពិភពលោកហិនហោច ខ្ទេចខ្ទីដោយសារសង្គ្រាម ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយប្រមុខ ដឹកនាំកំពូលរបស់ប្រទេសចិន លោក ស៊ី ជីនពីង ព្រមានធ្ងន់ៗ ចំពោះការពង្រីកអនុត្តរភាព របស់សហរដ្ឋអាមេរិកបែបនេះ គឺដោយសារទំនាក់ទំនងរវាងប្រទេស មហាអំណាចទាំងពីរ បានធ្លាក់ចុះកាន់តែទាប ។

ទំនាក់ទំនងរវាងប្រទេសចិន និងសហរដ្ឋអាមេរិក បានធ្លាក់ចុះកាន់តែខ្លាំងចាប់តាំងពីឆ្នាំ២០១៨កន្លងមក បន្ទាប់ពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងជាប្រធានាធិបតី របស់សហរដ្ឋអាមេរិក ដោយអតីតប្រធានាធិបតី អាមេរិករូបនោះ បានបង្ហាញនូវការមិនពេញចិត្ត ចំពោះទំនាក់ទំនងស្ទើរគ្រប់វិស័យជាមួយប្រទេសចិន ។

ភាពតានតឹងរវាងប្រទេសមហាអំណាចទាំងពីរ បានឡើងកម្តៅកាន់តែខ្លាំង ពាក់ព័ន្ធនឹងអធិបតេយ្យភាពរបស់កោះតៃវ៉ាន់ កម្មសិទ្ធបញ្ហា ពាណិជ្ជកម្ម និងបញ្ហាសិទ្ធិមនុស្សជាដើម ដែលប្រទេសទាំងពីរបានចង្អុលមុខគ្នាទៅវិញទៅមកមិនទាន់ឈប់ ។

ជុំវិញសំណុំរឿងខាងលើនេះ ប្រទេសចិន បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទលេងនយោបាយបង្ខិតបង្ខំ និងគំរាមកំហែងផ្នែកសេដ្ឋកិច្ច និងបច្ចេកវិទ្យា ដោយបានដំឡើងពន្ធនាំចូល និងបានដាក់ទណ្ឌកម្មលើក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសចិន ។

ចំណែកសហរដ្ឋអាមេរិក ក៏បានចោទប្រកាន់ប្រទេសចិនវិញដែរ ពីបទសំឡុត និងបំភិតបំភ័យ ប្រទេសក្នុងតំបន់ ជាពិសេសគឺប្រទេស ដែលមានជម្លោះជាមួយចិន ពាក់ព័ន្ធនឹងការដណ្តើមកម្មសិទ្ធិ កាន់កាប់នៅសមុទ្រចិនខាងត្បូង ៕
ដោយ ៖ អ៊ី ជិន

To Top